ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាណាដា នឹង​បញ្ជូន​អាវុធ និង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​៥០០​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន


នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សភា​ក្នុង​ទីក្រុងអូតាវ៉ា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សភា​ក្នុង​ទីក្រុងអូតាវ៉ា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេស​កាណាដា នឹង​បញ្ជូន​អាវុធ​យុទ្ធភ័ណ្ឌ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​និងផ្តល់​ប្រាក់​កម្ចី​ប្រ មាណ៥០០លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​នេះ​ ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ការប្រឈម​នៃ​ការឈ្លានពានពី​ប្រទេស​រុស្ស៊ី។ នេះ​បើតាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃ​ចន្ទ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP។

លោក​នាយករដ្ឋមន្ត្រី Trudeau បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ថា «ក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​មុខ​ដ៏​ធ្ងន់ធ្ងរ​ និងបន្ទាប់ពី​ការសន្ទនា​ជាមួយ​ដៃគូ​អ៊ុយក្រែន​រួច​មក ខ្ញុំ បាន​យល់​ព្រមផ្តល់​គ្រាប់​រំសេវ​និង​ឧបករណ៍​យោធា​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ៧លាន ៨សែន​ដុល្លារ​កាណាដា​ទៅ​ឲ្យ​អ៊ុយក្រែន»។

លោក បាន​បន្ថែម​ទៀត​ថា «នេះ​ ជា​ការឆ្លើយតប​ទៅនឹង​ការស្នើសុំជាក់ស្តែង​របស់​អ៊ុយក្រែន​ និង​ជា​ការបន្ថែម​ទៅ​នឹង​ជំនួយដែល​មិន​មែន​ជា​ឧបករណ៍​យោធា​ដែល​យើងបាន​ផ្តល់ឲ្យ​ក្នុង​ពេល​កន្លង​ទៅ។ គោលបំណង​នៃ​ការផ្តល់ជំនួយ​យោធា​របស់កាណាដា​ និង​ដៃគូ​ដទៃ​ផ្សេងទៀត​ដើម្បី​កំញើញដល់​ភាពគឃ្លើន​កាន់​តែ​ខ្លាំង​ឡើងដែល​រុស្ស៊ីកំពុង​បន្ត​ធ្វើ​ទៅ​លើ​អ៊ុយក្រែន»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​កាណាដា​រូបនេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​កាណាដា​ នឹង​ផ្តល់ប្រាក់កម្ចី​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ ​ដែល​មាន​ចំនួន​សរុប​ប្រមាណ៤៩០លាន​ដុល្លារ​អាមេរិក​ ចាប់​តាំង​ពីដើម​ឆ្នាំ​២០២២​មក។

​សម្ព័ន្ធមិត្ត​លោក​ខាង​លិច បានត្រៀម​រៀប​ចំ​នូវ​អ្វី​ដែល​ជា​ការព្រមាន​មួយស្តី​ពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​កញ្ចប់​លើ​រុស្ស៊ីដើម្បី​ឆ្លើយតប​ទៅនឹងការវាយ​ប្រហារ​ណា​មួយ​របស់​រុស្ស៊ីទៅ​លើ​អ៊ុយក្រែន។ រុស្ស៊ីបាន​បដិសេធជា​ច្រើន​ដងថា ខ្លួន​គ្មាន​គម្រោងផែនការ​ធ្វើ​ដូច​នោះឡើយ។

ការធ្វើ​សមយុទ្ធ​យោធា​នា​ពេល​ថ្មី​ៗ​នេះ​របស់​រុស្ស៊ី​ដែល​រួម​ជា​មួយ​ប្រទេស​បេឡារុស​ផងដែរ​នោះ​ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​និយាយ​ថា រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ប្រមាន​៣ម៉ឺននាក់​នៅ​ក្នុង​សមយុទ្ធ​យោធា​ជាង​មួយ​សប្តាហ៍​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការបារម្ភ​កាន់​តែ​ខ្លាំង​ឡើង។

កាណាដា​ដែល​មាន​សហគមន៍ជនជាតិ​អ៊ុយក្រែន​រស់​នៅ​ច្រើនផង​ដែរ​នៅ​ទី​នោះ បាន​បញ្ជា​ឲ្យ​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​យោធា​របស់​ខ្លួន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ និង​បិទ​ស្ថានទូត​របស់​ខ្លួនជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​រដ្ឋធានី​កៀវ។

កងទ័ព​កាណាដា​ប្រមាណ២០០នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក​ ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​អង្គការ UNIFIER ដែល​មាន​គោល​បំណង​ជួយ​បណ្តុះ​បណ្តាល​ដល់​កងទ័ព​របស់​អ៊ុយក្រែន៕

XS
SM
MD
LG