ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាណាដា បិទ​ដែន​អាកាស​របស់​ខ្លួន​ចំពោះ​យន្តហោះរុស្ស៊ី​ទាំងអស់


រូបឯកសារ៖ យន្តហោះក្រុមហ៊ុន​អាកាសចរណ៍ Aeroflot របស់រុស្ស៊ី ហោះ​ចេញពី​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ឥឡូវនេះ កាណាដា បានបិទ​ដែន​អាកាស​របស់ខ្លួន​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ទាំងអស់ ដើម្បី​តវ៉ា​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
រូបឯកសារ៖ យន្តហោះក្រុមហ៊ុន​អាកាសចរណ៍ Aeroflot របស់រុស្ស៊ី ហោះ​ចេញពី​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ឥឡូវនេះ កាណាដា បានបិទ​ដែន​អាកាស​របស់ខ្លួន​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ទាំងអស់ ដើម្បី​តវ៉ា​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ប្រទេស​កាណាដា បាន​បិទ​ដែន​អាកាសរបស់​ខ្លួនចំពោះយន្តហោះរុស្ស៊ី​ទាំង​អស់​ដើម្បីជា​ការប្រឆាំង​តវ៉ា​មួយដល់​ការឈ្លានពានរបស់រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន។ នេះ​ បើតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាណាដាកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​ហើយ​ត្រូវបានរាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

តាម​មន្ត្រីកាណាដា​បានឲ្យ​ដឹង​ថា បម្រាមរបស់ខ្លួន​ត្រូវ​ទទួល​បាន​ការ​សាកល្បង​ភ្លាមៗ ដោយ​មាន​យន្តហោះមួយ​គ្រឿងនៃ​ក្រុម​ហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បាន​ហោះ​ពី​លើ​ប្រទេស​កាណាដា។

យន្តហោះ Aeroflot រុស្សី​ជើង​ហោះហើរ​លេខ១១១ បាន​ហោះ​ចេញ​ពីទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​ក្នុងដំណើរទៅកាន់​ទីក្រុង​មូស្គូ​ ប្រទេសរុស្ស៊ី​ ដោយ​ឆ្លងកាត់​ប្រទេស​កាណាដា។ ការប្រកាស​វិធានការ​នេះ ​កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​កាណាដា ​លោក Omar Alghabra បាន​និយាយ​ថា «យើង នឹងធ្វើឲ្យរុស្ស៊ី​ទទួល​ខុសត្រូវលើការវាយ​ប្រហារ​ដោយ​គ្មាន​ហេតុផលលើ​ប្រទេស​អ៊ុយក្រែន»។

វិធានការ​បិទ​ដែន​អាកាសរបស់​កាណាដាចំពោះយន្តហោះរុស្ស៊ី​ទាំង​អស់ បាន​ចូល​ជាធរមាន​ភ្លាម​ៗ ​និង​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​ប្រទេស​ជា​ច្រើន​នៅ​ក្នុងទ្វីបអឺរ៉ុប​ផង​ដែរ។

ខណៈពេល​ដែលគ្មាន​ជើង​ហោះហើរ​ដោយ​ផ្ទាល់​រវាង​កាណាដា​ទៅកាន់​ព្រលាន​យន្តហោះ​នានា​នៅ​ក្នុង​ប្រទេសរុស្ស៊ី​នោះ បម្រាម​ដែន​អាកាស​របស់​កាណាដា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ជា​ខ្លាំង​ទៅ​លើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី​ ដែល​ហោះ​ទៅមក​រវាង​អាមេរិកនិងរុស្ស៊ី​ ដោយ​ឆ្លងកាត់​កាណាដា​ និង​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត​នៅភាគ​ខាង​ត្បូង​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ដឹកជញ្ជូន​កាណាដា​លោកស្រី Valerie Glazer បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP តាម​សារ​អេឡិចត្រូនិច​ថា រាល់​ជើង​ហោះ​ហើរ​ទាំង​អស់ដែល​ប្រតិបត្តិការ ​ឬ​ប្រើប្រាស់សម្រាប់​ផលប្រយោជន៍​របស់រុស្ស៊ី​ដែល​រួមមាន​យន្តហោះ​ឯកជន​ផង​ដែរ​ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ដែន​អាកាស​របស់​កាណាដា​ឡើយ។

ទោះ​បីជា​យ៉ាង​នេះ​ក្តី ក៏យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot បាន​បំពាន​លើបម្រាម​នេះ​រួច​ទៅ​ហើយ។ នេះ​ បើតាមសារ​បង្ហោះ​នៅ​លើ Twitter ដោយទី​ភ្នាក់ងារដឹក​ជញ្ជូន​រដ្ឋាភិបាល​កាណាដា។

ទីភ្នាក់ងារដឹក​ជញ្ជូន​រដ្ឋាភិបាល​កាណាដា បាន​បញ្ជាក់​ថា «យើង​កំពុង​ត្រួតពិនិត្យ​មើលលក្ខខណ្ឌ​ហោះហើររបស់​ក្រុមហ៊ុន Aeroflot និងក្រុមហ៊ុនផ្តល់​សេវា​ហោះហើរ​ឯករាជ្យ​តាម​ផ្លូវ​អាកាស NAVCAN ជុំវិញ​ការរំលោភ​បំពាន​នេះ។ ទីភ្នាក់ងារ​នេះ ​បន្ត​ទៀត​ថា «យើង​នឹង​មិន​ស្ទាក់ស្ទើរនោះ​ឡើយ​ក្នុង​ការអនុវត្ត​សកម្មភាព​សម​ស្រប​ណា​មួយ​ ក៏ដូចជា​វិធានការ​មួយ​ចំនួន​ផ្សេងទៀត​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​រំលោភក្នុង​ពេលខាង​មុខ​ទៀត​ឡើយ»។

ប្រទេស​ជា​ច្រើននៅ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​រួម​មាន​ប្រទេស​អាល្លឺម៉ង់ បារាំង អេស្ប៉ាញ អ៊ីតាលី បែលហ្សិក អូទ្រីស ហូឡង់​ និង​ប្រទេស​ស៊ុយអែត​ផង​ដែរ បាន​បិទ​ដែន​អាកាស​របស់​ខ្លួន​ចំពោះ​យន្តហោះរបស់រុស្ស៊ីទាំង​អស់​ដែល​ជាការឆ្លើយតប​នូវ​ការប្រឆាំង​របស់ខ្លួន​ចំពោះ​ការឈ្លានពាន​របស់រុស្ស៊ី​លើអ៊ុយក្រែន។ ចក្រភព​អង់គ្លេស បានដាក់​បម្រាម​លើ​ក្រុមហ៊ុន​អាកាសចរណ៍រុស្ស៊ី Aeroflot មិន​ឲ្យ​ហោះ​ចូល​ប្រទេស​អង់គ្លេស​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ហាក់ដូច​ជា​ពុំ​មាន​ជើង​ហោះហើរ​ពីប្រទេសរុស្ស៊ី​ណា​មួយ​ បាន​ចុះ​ចត​នៅ​ក្នុង​ព្រលាន​យន្តហោះ​សំខាន់ៗរបស់អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ទីក្រុង​បាល់ទីម័រ ញូយ៉ក​ និង​ទីក្រុង Los Angeles និង​ទីក្រុង Chicago នោះ​ឡើយ។

ប៉ុន្តែ​ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក នៅ​មិន​ទាន់ប្រកាសពី​ការសម្រេច​ណា​មួយ​នៅឡើយ​ ក្នុង​ការហាមប្រាម​ដល់ជើង​យន្តហោះ​របស់​រុស្ស៊ីចូលក្នុង​ទឹកដី​អាមេរិក​នោះ៕

XS
SM
MD
LG