អ្នកវិទ្យាសាស្ត្រគិតថាឃានវិញ្ញាណរបស់សុនខគឺខ្លាំងជាងឃានវិញ្ញាណរបស់មនុស្សពីមួយម៉ឺនទៅមួយសែនដងឯណោះ។ សម្រាប់ពូជសុនខប្រមាញ់ និងពូជសុនខតាមរកតម្រុយ ដូចជា សុនខ Bloodhounds សុនខ Beagles និងសុនខ Golden Retrievers ជាដើម គឺសុទ្ធតែមានជំនាញហិតក្លិនបានល្អឥតខ្ចោះ។
សុនខពូជ Shepherds របស់អាល្លឺម៉ង់ត្រូវបានគេប្រើជាទូទៅដើម្បីស្វែករកទីតាំងគ្រឿងផ្ទុះ និងថ្នាំញៀនខុសច្បាប់។ នៅក្នុងមន្ទីរពិសោធន៍ សុនខជាច្រើនប្រភេទត្រូវប្រើឲ្យហិតក្លិនទឹកនោម និងសំណាកទឹកមាត់ ដែលមានផ្ទុកជំងឺ ដូចជាគ្រុនចាញ់ មហារីក និងញ័រសរសៃសាច់ដុំជាដើម។
នៅមជ្ឈមណ្ឌល PADs for Parkinson's នៅរដ្ឋ Washington សុនខត្រូវបានបង្វឹកឲ្យហិតក្លិនដែលពាក់ព័ន្ធនឹងជំងឺប្រព័ន្ធសរសៃប្រសាទ។ ឥឡូវនេះមិនមានការធ្វើតេស្តវេជ្ជសាស្ត្រណាមួយដើម្បីរកឲ្យឃើញនូវជំងឺសរសៃប្រសាទនេះទេ។
អ្នកស្រី Lisa Holt ប្រធានកម្មវិធីនៃមជ្ឈមណ្ឌល PADs for Parkinson's បានបញ្ជាក់ថា៖ «គេត្រូវការពេលបង្វឹកជាច្រើនសប្ដាហ៍ និងយ៉ាងហោចណាស់ហិតក្លិនរបស់ជំងឺញ័រសរសៃសាច់ដុំចំនួន ៤០០ ដង មុនពេលសុនខអាចចាប់ផ្ដើមស្គាល់វា»។
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលប៉ុន្មានឆ្នាំមក ឥឡូវនេះ ក្រុមនេះកំពុងប្រើ «ការវាយតម្លៃរបស់សុនខ» ដើម្បីជួយមនុស្សមួយចំនួនឲ្យធ្វើការកំណត់ថាតើពួកគេមានជំងឺញ័រសរសៃសាច់ដុំដំណាក់កាលដំបូងឬក៏អត់។ ពួកគេពាក់អាវយឺតមួយជាច្រើនថ្ងៃ ដែលស្រូបយកជាតិខ្លាញ់ចេញពីស្បែក។ បន្ទាប់មកអាវនោះនឹងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពិសោធន៍ ដើម្បីឲ្យសុនខហិតក្លិនរកជំងឺនេះ»។
ការស្រាវជ្រាវរកជំងឺមហារីកត្រូវបានធ្វើឡើងនៅឯអង្គការ In Situ Foundation នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី Dina Zaphiris ដែលជាស្ថាបនិកអង្គការនេះ បានប្រើសំណាកដែលសុនខបានហិត ដើម្បីរកដំណាក់កាលដំបូងៗនៃជំងឺ ដូចជាជំងឺមហារីកសួត និងមហារីកសុដន់ជាដើម។
អ្នកស្រីបានបញ្ជាក់ថា ការស្រាវជ្រាវបានបង្ហាញថា «ជាទូទៅ សុនខអាចរកឃើញជំងឺមហារីកបានត្រឹមត្រូវជាងវិធីឆ្លុះរកជំងឺដែលកំពុងប្រើក្នុងពេលបច្ចុប្បន្ននេះទៅទៀត»។
ឥឡូវនេះ មានកិច្ចប្រឹងប្រែងចំនួនពីរកំពុងដំណើរការនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីបង្រៀនសុនខឲ្យហិតរកក្លិននៃវីរ៉ុសកូរ៉ូណា។
នៅមជ្ឈមណ្ឌល Working Dog ប្រចាំមហាវិទ្យាល័យបសុពេទ្យនៃសាកលវិទ្យាល័យ University of Pennsylvania គេបានដាក់សុនខពូជ Labrador Retrievers ចំនួន ៨ ក្បាល ឲ្យហិតសំណាករបស់មនុស្សដែលមាន និងគ្មានវីរ៉ុសកូរ៉ូណា ដើម្បីឲ្យដឹងថាតើសត្វសុនខទាំងនេះអាចស្គាល់ជំងឺនេះឬក៏អត់។
អ្នកស្រី Cynthia Otto ដែលជានាយកមជ្ឈមណ្ឌលនេះ បានប្រាប់ VOA ថា ដោយសារតែ «សុនខមិនធ្លាប់ហិតក្លិនរកវីរ៉ុសកូរ៉ូណា វាពិបាកក្នុងសន្និដ្ឋានណាស់ថា តើវានឹងពិបាកខ្លាំង ឬមិនសូវពិបាក។ ដំបូង យើងត្រូវបញ្ជាក់ថាពិតជាមានក្លិនដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលយើងអាចរកវាឃើញនៅក្នុងសំណាក»។
ការស្រាវជ្រាវស្រដៀងគ្នានេះកំពុងធ្វើឡើងនៅមហាវិទ្យាល័យផ្នែកអនាម័យ និងឱសថសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
លោក James Logan ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងជំងឺឆ្លង កំពុងធ្វើការជាមួយអង្គការមនុស្សធម៌របស់អង់គ្លេសមួយដែលមានឈ្មោះថា Medical Detection Dogs ដើម្បីបង្វឹកសុនខ ៦ ក្បាល ឲ្យហិតក្លិនរកវីរុសកូរ៉ូណា។
លោក Logan ពន្យល់ថា៖ «យើងដឹងថា ជំងឺផ្លូវដង្ហើមដូចជាជំងឺកូវីដ១៩ នេះជាដើម គឺធ្វើឲ្យក្លិនរាងកាយយើងប្រែប្រួល ដូច្នេះមានឱកាសច្រើនដែលសុនខអាចហិតក្លិនរកជំងឺនេះបាន។ វិធីថ្មីក្នុងការរកវីរុសកូរ៉ូណានេះ អាចជួយដល់ការឆ្លើយតបរបស់យើងចំពោះជំងឺកូវីដ១៩ ក្នុងរយៈពេលខ្លី ជាពិសេសនៅប៉ុន្មានខែខាងមុខនេះ គឺវាអាចមានឥទ្ធិពល [វិជ្ជមាន] ខ្លាំង»។
អ្នកស្រី Claire Guest សហស្ថាបនិកនៃអង្គការ Medical Detection Dogs បាននិយាយថា៖ «តាមគោលការណ៍ យើងប្រាកដថា សុនខអាចហិតក្លិនរកវីរុសកូរ៉ូណាបាន។ ឥឡូវនេះ យើងកំពុងស្វែងរកវិធីដែលយើងអាចចាប់ក្លិនរបស់វីរុសនេះពីអ្នកជំងឺដោយសុវត្ថិភាព និងយកក្លិននោះឲ្យសុនខហិត។
អ្នកស្រី Otto នៃមជ្ឈមណ្ឌល Working Dog បាននិយាយថា ប្រសិនបើការស្រាវជ្រាវរបស់អ្នកស្រីទទួលបានជោគជ័យ នោះអ្នកស្រី «នឹងកំណត់ថាតើសុនខអាច [ហិត] មនុស្ស ដើម្បីរកវីរុសកូរ៉ូណានេះបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពដែរឬក៏យ៉ាងណានោះ»។
អ្នកស្រី Guest បានពន្យល់ថា៖ «គោលដៅគឺថា សុនខអាចហិតមនុស្សទូទៅដើម្បីរកវីរុសនេះ ដែលក្នុងនោះរួមមានទាំងអ្នកផ្ទុកវីរុសដែលមិនមានរោគសញ្ញាផងដែរ។ វិធីនេះគឺលឿន មានប្រសិទ្ធភាព និងមិនមានការប៉ះពាល់ដល់រាងកាយមនុស្ស។
ទន្ទឹមនឹងការធ្វើតេស្ត និងការស្រាវជ្រាវរកវ៉ាក់សាំង ច្រមុះដែលពូកែខាងហិតក្លិនរបស់សុនខ អាចជាវិធីសាស្ត្រនាំមុខនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ។ សុនខអាចនឹងត្រូវប្រើដើម្បីរកអ្នកកើតជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យ អាកាសយានដ្ឋាន និងកន្លែងអាជីវកម្មនានា៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា