ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​ឃោសនា​កំពុង​ធ្វើ​ឡើង​នៅ​លីបេរីយ៉ា​ ខណៈ​ដែល​ប្រធានាធិបតី​ស្រី​ដំបូង​គេ​នៅ​អាហ្វ្រិក ត្រៀម​ចុះ​ចេញ​ពី​តំណែង


លោក​ស្រី​ប្រធានាធិបតី Ellen Johnson Sirleaf បាន​ដឹកនាំ​ប្រទេស​ចាប់​​តាំង​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០០៥ មក​ បន្ទាប់​ពី​មាន​សង្រ្គាម​ស៊ីវិល​​ជា​លើក​ទីពីរ​។
លោក​ស្រី​ប្រធានាធិបតី Ellen Johnson Sirleaf បាន​ដឹកនាំ​ប្រទេស​ចាប់​​តាំង​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០០៥ មក​ បន្ទាប់​ពី​មាន​សង្រ្គាម​ស៊ីវិល​​ជា​លើក​ទីពីរ​។

នៅ​សល់​ប្រហែល​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ​ប្រទេស​លីបេរីយ៉ា​នឹង​ឆ្លង​កាត់​អ្វី ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​សង្ឃឹម​ថា នឹង​ជា​ការ​ផ្លាស់ប្តូរ​ការ​ដឹកនាំ​ប្រកបដោយ​សន្តិវិធី និង​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។

​លោក​ស្រី​ប្រធានាធិបតី Ellen Johnson Sirleaf បាន​ដឹកនាំ​ប្រទេស​ចាប់តាំង​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០០៥ មក​ បន្ទាប់​ពី​មាន​សង្រ្គាម​ស៊ីវិលជា​លើក​ទីពីរ​។ ប៉ុន្តែ​អាណត្តិ​ផ្លូវការចំនួន​ពីរ​អាណត្តិ​របស់​លោកស្រី​ខិត​ជិត​នឹង​បញ្ចប់​ហើយ។

បេក្ខជន​ ២០​រូប​ពី​គណបក្ស​ចំនួន ២៦​ផ្សេង​គ្នា បាន​ចូល​រួម​ប្រជែង​យក​តំណែង​ជំនួស​លោកស្រី Sirleaf។ បេក្ខជន​ទាំង​នេះបាន​តទល់​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នាជា​សាធារណៈ ដែល​មានជា​បន្ត​បន្ទាប់។ ការ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ​ ជា​អ្វី​ដែល​មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​លីបេរីយ៉ា។

​លោក Alexander Cummings អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន​កូកាកូឡា គឺ​ជាបេក្ខជន​បក្ស​ប្រឆាំង​ឈាន​មុខ​គេ​មួយរូប​។ លោក​ Cummings បាន​មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​អ្នក​នៅ​តែ​ធ្វើ​អ្វីៗ​ដូច​រាល់ដង អ្នក​នឹង​មិន​ទទួល​បាន​លទ្ធផល​ផ្សេង​នោះ​ទេ... ការណ៍​ពិត​គឺ​ថា កត្តា​ព្យាករណ៍​សកម្មភាព​ និង​ឥរិយាបថ​នា​ពេល​អនាគត​ គឺ​សកម្មភាព និង​ឥរិយាបថ​កាល​ពី​ពេល​អតីត។ ហើយ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នឹង​ចូលរួមបោះឆ្នោត​នៅ​ថ្ងៃ​ទី១០ ខែ​តុលា​ខាង​មុខ​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​អ្នករក្សា​ការណ៍​ពិត​នេះ​នៅ​ក្នុង​ចិត្ត»។

លោក​ស្រី Sirleaf ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ចំពោះ​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​ប្រទេសលីបេរីយ៉ា ​ដែល​រងការ​ញាំញី​ដោយ​សង្គ្រាម​មួយ​នេះ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ រដ្ឋបាល​ដឹកនាំ​ដោយ​គណបក្ស​សាមគ្គីភាព (Unity Party) របស់​លោកស្រី​ក៏​ធ្លាប់​បាន​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​ផង​ដែរ។

​ពាក្យ​ស្លោក​ដូចជា «ការ​ផ្លាស់ប្តូរ​ដើម្បី​ក្តី​សង្ឃឹម» «ការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​ដើម្បី​លីបេរីយ៉ា» និង​ «ការ​ផ្លាស់ប្តូរ​កំពុង​មក​ហើយ» ត្រូវ​បាន​ដាក់​នៅ​លើ​ខិតប័ណ្ណ​ឃោសនា​បោះឆ្នោត​ពាសពេញ​រដ្ឋធានី​ម៉ុងរ៉ូវីយ៉ា។

ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង បេក្ខជន​មក​ពី​គណបក្ស​ Alternative National Congress ដែល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «គណបក្ស​សមាជ​ជម្រើស​ជាតិ» បាន​ដាក់​បញ្ចូលអ្នកសិល្បៈ​ចង្វាក់តន្រ្តី​ Hipco មួយ​ចំនួនចូល​ក្នុង​ជួរ​គណបក្ស។ ក្នុង​នោះ​រួម​មាន​លោក Takun J ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ឥត​សំចៃ​មាត់​ផង​ដែរ។ ​ឃា្ល​មួយ​នៅ​ក្នុង​ចម្រៀង​ចង្វាក់​តន្រ្តី​ Hipco បាន​សរសេរ​ថា៖

«ពួកគេ​កុហក​ពួកយើង។ រដ្ឋាភិបាល​ក្បត់​ពួក​យើង»។

ប៉ុន្តែ​អនុប្រធានាធិបតី​លីបេរីយ៉ា ​លោក Joseph Boakai ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខជន​ឈាន​មុខ​គេ​សម្រាប់ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ផង​ដែរ។ បេក្ខជន​មក​ពី​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​ចាត់​ទុក​ហេដ្ឋារចនាសម្ព័ន្ធ​ជា​អាទិភាព​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។ លោក Boakai បាន​និយាយ​ថា៖

«នៅ​ពេល​ប្រជាពលរដ្ឋ​សួរ​ខ្ញុំ​ថា អ្វី​ទៅ​ជា​អាទិភាព​នៅ​ប្រទេស​នេះ ខ្ញុំ​ប្រាប់​ពួកគេ​ថា អាទិភាព​ទី​មួយ​គឺ​ផ្លូវថ្នល់ ទីពីរ​គឺ​ផ្លូវថ្នល់ ហើយ​ទីបី​គឺ​នៅ​តែ​ផ្លូវថ្នល់។ មិន​មាន​វិធី​ណា​ដែល​យើងអាច​ពង្រីក​សេដ្ឋកិច្ចប្រទេសបាន​ នៅ​ពេល​ដែល​មិនមានការ​ពង្រីក​ផ្លូវថ្នល់​នៅ​ក្នុង​ប្រទេស​នោះ​ទេ»។

បេក្ខជន​ល្បី​ឈ្មោះ​ ដែល​ឈាន​មុខ​គេដទៃ​ទៀត​ រួម​មាន​ អតីត​តារា​បាល់ទាត់ និង​សមាជិក​ព្រឹទ្ធសភា​ លោក George Weah។

លោក Weah បាន​ចាញ់​លោកស្រី Sirleaf នៅ​ក្នុង​ការ​បោះឆ្នោត​សារ​ជាថ្មី​នៅ​ឆ្នាំ ២០០៥។ លោក​ Weah បាន​និយាយ​ថា៖

«សូម​កុំ​គិត​ថា យើង​នឹងអង្គុយ​ ធ្វើ​រំភើយ និង​ទុក​ឲ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នោះ​ ដែល​ការណ៍​នេះ​នឹង​នាំ​ឲ្យ​មាន​មេដឹកនាំ​មួយ ដែល​មិន​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវបាន​ជ្រើសតាំង​ដោយ​មនុស្ស​មួយ​ក្រុម​តូច​ទៅ​វិញ។ ការ​លះបង់​របស់​អ្នក​ទាំងអស់​គ្នា​នឹង​មិន​អសារបង់​នោះ​ទេ។ យើង​នឹង​ស្វះស្វែង​រក​ជ័យជម្នះ​ឲ្យ​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ដំបូង»។

ប៉ុន្តែ​អ្នក​បោះឆ្នោត​មួយ​ចំនួន​និយាយ​ថា ពួកគេ​ប្រឈម​នឹង​ជម្រើស​ច្រើន​ជ្រុល ឬ​ថា ពួកគេ​មិន​ខ្វល់ខ្វាយ​អំពី​រឿង​បោះឆ្នោត​នោះ​ទេ។

​អ្នកស្រី Judy Degonteh William ដែល​ជា​អ្នក​បោះឆ្នោត​មួយ​រូប​ បាន​និយាយ​ថា៖

«ខ្ញុំ​នៅ​តែ​បន្ត​គិត​ពី​បេក្ខជន​ឈរ​ឈ្មោះ។ ខ្ញុំ​មិន​ទាន់​សម្រេច​ថា នឹង​បោះឆ្នោត​ឲ្យ​នរណា​ម្នាក់​នៅ​ឡើយទេ»។

លោក Maxine B. Kennedy ដែល​ជា​អ្នក​បោះឆ្នោត​មួយ​រូប​ទៀត​ និយាយ​ថា៖

«យើង​ជា​ប្រជាពលរដ្ឋ​លីបេរីយ៉ា។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​របស់​លោកស្រី Sirleaf នឹង​រំដោះពួកយើង​ចេញ​ពី​ភាព​ក្រីក្រ ប៉ុន្តែ​គណបក្ស​នេះ​បាន​បរាជ័យ​ចំពោះ​ពួក​យើង»។

អ្នកស្រី​ Mercy Angeline Green ដែល​ជា​អ្នក​បោះឆ្នោត​ម្នាក់​ទៀត និយាយ​ថា៖

«ខ្ញុំ​មិន​ទាន់​មាន​បេក្ខជន​ណា​ម្នាក់​ក្នុង​ចិត្ត​ ដើម្បី​តំណែង​ប្រធានាធិបតី​នៅ​ឡើយ​ទេ... ខ្ញុំ​មិន​ទាន់​ទុកចិត្ត​លើ​នរណា​ម្នាក់​នៅ​ឡើយ​ទេ...»។

ការ​ស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ ធ្វើ​ឡើង​ដោយ​អង្គការ​មួយ​ឈ្មោះ​ International Political Polls ដែល​ប្រែ​ជា​ភាសាខ្មែរ​ថា «ការ​ស្ទង់​មតិ​នយោបាយ​អន្តរជាតិ​រក​ឃើញ​ថា ជាង​មួយ​ភាគ​បួន​នៃ​អ្នក​បោះឆ្នោត​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ សរុប​ចំនួន ២លាន ១​សែន​នាក់ នៅ​លីបេរីយ៉ា នៅ​មិន​ទាន់​សម្រេច​ចិត្ត​លើ​បេក្ខជន​ឈរ​ឈ្មោះ​ណា​ម្នាក់​នៅ​ឡើយ។

លោក Thomas Du នៃ​ការិយាល័យ​ទទួល​បន្ទុក​ផ្នែក​ប្រទេស​លីបេរីយ៉ា​នៅ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​ (NDI) មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ឃើញ​ភាព​ថ្នាំងថ្នាក់​ចិត្ត​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត។ លោក​បាន​លើក​ឡើង​ថា៖

«នៅ​ពេល​នរណា​ម្នាក់​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង ពួកគេ​មិនមាន​ទំនោរ​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​មណ្ឌលបោះឆ្នោត​ឲ្យ​ពួកគេ​នោះ​ទេ។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​យល់ឃើញ​ថា បេក្ខជន​ឈរ​ឈ្មោះ​ទាំង​នោះ​មើលឃើញ​ពួកគេ​ថា សំខាន់​សម្រាប់​តែ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ»។

​ការណ៍​ដែល​ប្រជាពលរដ្ឋ​លីបេរីយ៉ា​ប្រមាណ ៦៤​ភាគរយ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ធ្វើ​ឲ្យ​ការ​កាត់​ផ្តាច់​រវាង​បេក្ខជន​ជាប់​ឆ្នោត និង​អ្នក​បោះឆ្នោត​នេះ​កាន់តែ​ចុះ​ដុនដាប​។

អ្នកស្រី Nelly Cooper គឺ​ជា​ប្រធាន​អង្គការ​សុខភាព និង​អភិវឌ្ឍន៍​ស្រ្តី West Point ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ឆ្លើយតប​ទៅសហគមន៍​ អំឡុងពេល​មាន​ការ​រីករាលដាល​ជំងឺ​អេបូឡា (Ebola) នៅ​ក្នុង​តំបន់។ វិបត្តិ​ជំងឺនេះបាន​លាតត្រដាង​ពី​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​លីបេរីយ៉ា។

អ្នក​ស្រី​និយាយ​ថា បេក្ខជន​ឈរ​ឈ្មោះ​ទាំងនោះ​ត្រូវ​មាន​ភាព​ជាក់លាក់​ជាង​នេះ​អំពី​របៀបវារៈ​របស់​ពួកគេ។ អ្នកស្រី​បាន​លើកឡើង​ថា៖

​«តើ​ពួកគេ​នឹង​ធ្វើ​អ្វី​សម្រាប់​ប្រទេស​លីបេរីយ៉ា? តើ​ពួកគេ​នឹង​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ? តើ​ពួកគេ​នឹង​ធ្វើ​អ្វី​សម្រាប់​កូនៗ​របស់​ខ្ញុំ?»។

ប៉ុន្តែ​ខណៈ​ពេល​មាន​បេក្ខជន​ឈរ​ឈ្មោះ​ច្រើន​ដូចនេះ​ ក៏​គេ​នៅ​តែឃើញ​ពី​កេរដំណែល​របស់​លោកស្រី Sirleaf ជា​ប្រធានាធិបតី​ស្រ្តី​ទី​មួយ​នៅ​អាហ្រ្វិក​ផង​ដែរ។ ស្រ្តី​ជនជាតិ​លីបេរីយ៉ា ក្នុង​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក កំពុង​ប្រជែង​យក​តំណែង​នយោបាយ​នៅ​ឆ្នាំ​នេះ​ផងដែរ ដែល​រួម​មាន​ បេក្ខជន​ស្រ្តី​មួយ​នាក់ឈរ​ឈ្មោះ​ជាប្រធានាធិបតី ប្រាំមួយ​នាក់​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី និង​ស្រ្តី​ចំនួន​ជិត ១៦០​នាក់ ដែល​ជា​កំណត់ត្រា​មួយ កំពុង​ប្រជែង​យក​កៅអី​នៅ​ក្នុង​សភា៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG