ធនាគារអភិវឌ្ឍន៍អាហ្វ្រិកនិយាយថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនៅទ្វីបអាហ្វ្រិក កាន់តែអាក្រក់ឡើង រហូតធ្លាក់ចូលក្នុងវិបត្តិមួយ។ ធនាគារនេះ បានឲ្យដឹងថា ប្រជាជនអាហ្រ្វិកម្នាក់ក្នុងចំណោម ប្រាំនាក់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់អគ្គិសនី។ ហើយប្រសិនបើនិន្នាការនេះនៅតែបន្ត វាត្រឹមតែអាចធ្វើឲ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកតិចជាង៤០ភាគរយប៉ុណ្ណោះឈានដល់ការប្រើប្រាស់អគ្គិសនីជាសកលនៅឆ្នាំ ២០៥០ ។
នៅក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុន West African Power Pool ត្រូវបានបង្កើតឡើងដើម្បីផ្តល់អគ្គិសនី ដល់អនុតំបន់ក្នុងតម្លៃប្រកួតប្រជែងនិងសមរម្យមួយ។ នៅក្នុងឆ្នាំ ២០១២ ប្រទេសសមាជិកចំនួនបួននៃក្រុមហ៊ុន Power Pool រួមមាន ប្រទេសកូតឌីវ័រ(Ivory Coast) លីបេរីយ៉ា(Liberia) សេរ៉ាឡេអូន(Sierra Leone) និងហ្គីណេ(Guinea) ហៅកាត់ថា CLSG បានចុះហត្ថលេខា លើសន្ធិសញ្ញាបង្កើតក្រុមហ៊ុនដែលមានគោលបំណងពិសេសមួយ ហៅថា TRANSCO CLSG ដើម្បីអភិវឌ្ឍនិងនាំយកអគ្គិសនីដែលមានតម្លៃទាបទៅកាន់ប្រទេសនៅទ្វីបអាហ្វ្រិកខាងលិចទាំងបួន។
លោក Mohammed Sheriff អ្នកគ្រប់គ្រងទូទៅនៃ TRANSCO CLSG បានឱ្យដឹងថា គម្រោងនេះត្រូវបានគេរំពឹងថានឹងមានប្រតិបតិ្តការនៅដើមឆ្នាំ ២០១៧ ជាមួយនឹងប្រទេសកូតឌីវ័រ ដែលផ្តល់នូវបរិមាណអគ្គិសនីទំហំ៨៣ មេហ្គាវ៉ាត់។
លោក Sheriff និយាយថា «គម្រោងនេះនឹងក្លាយជាការពិត នៅដើមឆ្នាំ ២០១៧។ បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណើរការលទ្ធកម្មរបស់យើង។ យើងសង្ឃឹមថានៅដើមខែឧសភា ឆ្នាំ២០១៦នេះ យើងនឹងចាប់ផ្តើមចុះកិច្ចសន្យាឲ្យអ្នកម៉ៅការ។ យើងបានវាយតំលៃគុណសម្បត្តិមុននៃអ្នកដែលអាចនឹងក្លាយជាអ្នកម៉ៅការ។ ដំណើរការនោះនឹងត្រូវបានបញ្ចប់នៅចន្លោះខែធ្នូនិងមករា»។
លោកបាននិយាយថា គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាហ្វ្រិក ធនាគារអភិវឌ្ឍន៍គ្រប់គ្រងដោយរដ្ឋាភិបាលអាល្លឺម៉ង់(KFW ) និងធនាគារវិនិយោគអឺរ៉ុប។
ការស្នើរសុំតបណ្តាញអគ្គិសនីប្រវែង ១,៣៤៩ គីឡូម៉ែត្រ នឹងចាប់ផ្តើមពីក្រុង Man ក្នុងប្រទេសកូតឌីវ័រ ។ នៅក្នុងប្រទេសលីបេរីយ៉ា វានឹងតទៅដល់ក្រុង Yekepa ក្នុងមណ្ឌល Nimba ហើយទៅដល់ទីក្រុង Buchanan ក្នុងមណ្ឌល Grand Bassa និងរដ្ឋធានី Monrovia ។ វានឹងបន្តចូលទៅតំបន់ទន្លេ Mano ក្រុង Kenema, Bikongor, Bumbuna, Yiben, Kamakwie និង Kassa "B" ក្នុងប្រទេសសេរ៉ាឡេអូន ក៏ដូចជាទៅដល់ក្រុង Linsan និង Nzerekore ក្នុងប្រទេសហ្គីណេ។
លោក Sheriff និយាយថា «យើងនៅមិនទាន់ធ្វើការសន្និដ្ឋានអំពីការតបណ្តាញប្រវែង ១,៣៤៩ គីឡូម៉ែត្រទាំងអស់នោះទេ មុនពេលដែលយើងអាចឲ្យខ្សែបណ្តាញនោះថាមពលអគ្គិសនី។ ដូចដែលយើងបានសាងសង់និង បញ្ចប់នូវកន្លែងដែលបានផ្តល់ឱ្យនោះ យើងនឹងធ្វើឲ្យបណ្តាញនោះមានថាមពលអគ្គិសនីនិងធ្វើឲ្យប្រជាជននៅតំបន់នោះអាចប្រើប្រាស់ថាមពលអគ្គិសនីបាន»។
លោក Sheriff បានឱ្យដឹងថា រចនាសម្ព័ន្ធស្ថាប័នរបស់ក្រុមហ៊ុននេះ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលក្នុងនោះមានអ្នកដឹកនាំនៃស្ថាប័នអគ្គីសនីនៅក្នុងប្រទេសទាំងបួន។ ហើយក្រុមហ៊ុននេះក៏មានគណៈកម្មាធិការដឹកនាំ ដែលជារដ្ឋមន្រ្តីខាងផ្នែកថាមពលនៅក្នុងប្រទេសទាំងបួននៃប្រទេសលីបេរីយ៉ា ប្រទេសកូតឌីវ័រ ប្រទេសហ្គីណេ និងប្រទេសសៀរ៉ាឡេអូន។
TRANSCO CLSG មិនផលិតអគ្គិសនីទេ នេះបើតាមការឲ្យដឹងរបស់លោក Sheriff ។ ផ្ទុយទៅវិញ វាកំណត់តែប្រភពនៃថាមពលអគ្គិសនីដែលមានតម្លៃថោក និងបញ្ជូនវាទៅឱ្យអតិថិជន។
លោកនិយាយថា «អ្វីដែលយើងធ្វើ គឺយើងកំណត់ប្រភពអគ្គិសនីដែលមានតម្លៃថោក និងបញ្ជូនទៅឲ្យអ្នកដែលត្រូវការ។ បើគិតទៅលើការចាយវាយ យើងជឿថានៅពេលដែលយើងបញ្ចប់ការតខ្សែបណ្តាញនេះ ការបញ្ចូនអគ្គិសនីនឹងមានតម្លៃថោកជាង។ ការព្យាកររបស់យើង អាចនិយាយបានថា វានឹងមានតម្លៃថោកជាង៥០ ទៅ ៦០ ភាគរយ »។
លោកបាននិយាយថា ប្រទេសកូតឌីវ័រដែលនិយាយថាខ្លួនមានថាមពលអគ្គិសនីច្រើនលើសការប្រើប្រាស់នោះ បានសន្យាថានឹងការផ្គត់ផ្គង់ថាមពលអគ្គិសនី ទំហំ ៨៣ មេហ្គាវ៉ាត់ នៅដំណាក់កាលដំបូងនេះ។ ថាមពលទាំងនេះ នឹងបានមកពីការបញ្ចូលគ្នានៃការបង្កើតវារីអគ្គិសនី និងទួរប៊ីនឧស្ម័ន។
កម្មវិធីថាមពលទ្វីបអាហ្រ្វិក ដែលមានតម្លៃ៧ពាន់លានដុល្លារអាមេរិករបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា គ្រោងនឹងពង្រីកថាមពលអគ្គិសនីនៅទូទាំងទ្វីបអាហ្វ្រិក។ លោក Sheriff បានឱ្យដឹងថា គម្រោងPower Pool នៃទ្វីបអាហ្រ្វិកខាងលិច គឺមិនមែនជាផ្នែកមួយនៃការផ្តួចផ្តើមថាមពលទ្វីបអាហ្រ្វិករបស់លោកប្រធានាធិបតីអូបាម៉ានោះទេ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង