ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​កេនយ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ប្រឡង​ជាប់​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ឆ្នាំ​២០១៦


មន្រ្តី​សន្តិសុខ​ប្រដាប់ដោយ​អាវុធ​ឆែក​បេក្ខជន​ប្រឡងចូលរៀន​នៅសាកវិទ្យាល័យ​ Garissa university college ក្នុងតំបន់​ Garissa ប្រទេស​កេនយ៉ា​ (រូបថត​ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ​២០១៦)។
មន្រ្តី​សន្តិសុខ​ប្រដាប់ដោយ​អាវុធ​ឆែក​បេក្ខជន​ប្រឡងចូលរៀន​នៅសាកវិទ្យាល័យ​ Garissa university college ក្នុងតំបន់​ Garissa ប្រទេស​កេនយ៉ា​ (រូបថត​ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ​២០១៦)។

ឳពុក​ម្តាយ​និង​គ្រូបង្រៀន​ក្នុង​ប្រទេស​កេនយ៉ា​ដែល​ជា​ប្រទេស​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ទ្វីប​អាហ្រ្វិក​ មាន​ការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​ចូល​រៀន​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ឆ្នាំ២០១៦។ លទ្ធផល​បាន​បង្ហាញ​ថា មាន​តែ​សិស្ស​១៥​ភាគរយ​នៃ​ចំនួន​សិស្ស​ជាង​៥​សែន​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ប្រឡងជាប់។ លទ្ធផល​ដ៏​ខកចិត្ត​នៃ​ការ​ប្រឡង​នេះ បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​បើ​ធៀប​នឹង​ឆ្នាំ​មុន បន្ទាប់ពី​មន្រ្តី​ក្រសួង​អប់រំ​កេនយ៉ា​បាន​ធ្វើ​ការ​បង្ក្រាប​ការ​លួច​ចម្លង​ក្នុង​ពេល​ប្រឡង។

ចំនួន​សិស្ស​កេនយ៉ា​ដែល​ទទួល​បាន​និទ្ទេស​ A ក្នុង​ការ​ប្រឡង​ឆ្នាំ២០១៦​ បាន​ថយចុះ​៩៥​ភាគរយ​ បើ​ប្រៀបធៀប​នឹង​លទ្ធផល​ប្រឡង​កាល​ពី​ឆ្នាំ​មុន។

ក្នុង​ឆ្នាំ​២០១៥​ ក្នុង​សាលារៀន​មួយ​ដែល​មាន​សិស្ស​ចំនួន​២០២​នាក់​ សិស្ស​ទាំងអស់​សុទ្ធ​តែ​ទទួល​បាន​និទ្ទេស​ A ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៦​នេះ​ មាន​សិស្ស​ចំនួន​តែ​១៤១​នាក់​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ទទួល​ពិន្ទុ​ប្រហាក់​ប្រហែល​គ្នា​។

លទ្ធផល​សរុប​នៃ​ការ​សិក្សា​ខ្សោយ​បែប​នេះ​ គឺ​កើតឡើង​ក្រោយ​ពី​មាន​ចំណាត់​ការ​ដាក់​បទបញ្ញត្តិ​ដ៏​តឹងរ៉ឹង​ដែល​អនុវត្ត​ឡើង​ដើម្បី​លុបបំបាត់​ការ​លួច​ចម្លង។

លទ្ធផល​នៃ​ការ​ប្រឡង​ឆ្នាំ២០១៦​ ត្រូវ​បាន​ប្រកាសក្នុង​រយៈពេល​ពីរ​ខែ​មុន​កាលបរិច្ឆេទ​គ្រោង​ទុក។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កេនយ៉ា​បាន​រាយការណ៍​ថា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ប្រកាស​លទ្ធផល​ឆាប់​រហ័ស​ បន្ទាប់​ពី​នាយក​សាលា​មួយ​ចំនួន​បាន​ដាក់​សំពាធ​លើ​មន្រ្តី​ទាំង​នោះ​ឲ្យ​ដាក់​ពិន្ទុ​ខ្ពស់​ដល់​សិស្ស​របស់​ពួកគេ។

នាយក​សាលា​មួយ​ចំនួន​ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​សូកប៉ាន់​ដល់​មន្រ្តី​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ក្នុង​ទឹក​ប្រាក់​ចន្លោះ​ពី១០០​ដុល្លារ​អាមេរិក​ទៅ​១៦០​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​កូន​សិស្ស​របស់​ពួកគេ​ទទួល​បាន​និទ្ទេស​ល្អ។

លោកJohn Mugo ប្រធាន​ផ្នែក​គ្រប់គ្រង​ទិន្នន័យ​នៃ​អង្គការTwaweza East Africa ដែល​ជា​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ដើម្បី​កែ​លំអ​វិស័យ​អប់រំ​និង​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ បាន​និយាយ​ថា មន្រ្តី​អប់រំ​នឹង​ត្រូវ​ប្រឈម​នឹង​សំណួរ​ដ៏​តឹងតែង​ជាច្រើន។

លោក Mugo បាន​និយាយ​ថា៖ «មាន​ការ​ចោទ​ជា​សំណួរ​ថា​តើ​ថ្នាក់​ដឹកនាំ​ឬ​គណៈ​គ្រប់គ្រង​ទាំងអស់​គួរ​តែ​ចេញ​មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​សាធារណជន​ដែរ​ឬទេ​។ តើ​វាមានអ្វីកើត​ឡើងក្នុង​រឿងនេះ​? ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ដ៏​ធំ​ធេង​នេះ ខ្ញុំ​គិត​ថា​យើង​ទាំង​អស់​គ្នា​មិន​គួរ​នៅ​ស្ងៀម​ឡើយ។ ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។ សំណួរ​ផ្សេងទៀត​ដែល​ប្រជាជន​កេនយ៉ា​ចង់​សួរ​នោះ​ គឺ​គុណភាពអប់រំ។ តើ​សិស្ស​រាល់ថ្ងៃ​ពិតជា​កំពុង​រៀន​សូត្រ​ដែរ​ឬ​ទេ? ឬ​គ្រូ​គ្រាន់​តែ​ឲ្យ​សិស្ស​ធ្វើ​តាម​ដើម្បីប្រឡង​ជាប់​តែប៉ុណ្ណោះ?​ ប្រសិន​បើ​អ៊ី​ចឹង​មែន​ នៅ​ពេល​ដែល​វិញ្ញាសា​ប្រឡង​មានការ​កែប្រែ​តែ​បន្តិច​ នោះ​សិស្ស​ប្រាកដ​ជា​ធ្លាក់​ទាំងអស់»។

អ្នក​ជំនាញ​ខាង​វិស័យ​អប់រំ លោក Tomkin Baraza បាន​និយាយ​ថា គុណភាព​វិស័យ​អប់រំ​បាន​ស្តារ​ឡើង​វិញ​ហើយ​ ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​ផ្សេងទៀត​សម្រាប់​វិស័យ​នេះ​។

អ្នក​ជំនាញ​រូប​នេះ​បាន​និយាយ​ថា៖ «ឥឡូវ​នេះ ​យើង​ក្រឡេក​ទៅ​មើល​សិស្ស​ជាច្រើន​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ​ តើ​យើង​មាន​វិធានការ​បែប​ណា​ចំពោះ​ពួកគេ​? ក្រសួង​គួរ​តែ​មាន​ចំណាត់ការ​មួយ​ដើម្បី​ធានា​ថា​យ៉ាង​ហោច​ណាស់​ចំពោះ​សិស្ស​ធ្លាក់​ភាគច្រើន​បែប​នេះ​នឹង​អាច​បន្ត​នៅ​កន្លែង​ណា​មួយ មិន​មែន​ជា​កន្លែង​ដែល​ការអប់រំ​គឺ សម្រាប់​តែ​សិស្ស​ដែល​ប្រឡង​ជាប់​មួយ​ចំនួន​តូច​នោះ​ទេ។​

ប្រធាន​ក្រុមប្រឹក្សា​រៀបចំ​ការ​ប្រឡង​ថ្នាក់​ជាតិ​កេនយ៉ា លោក​សាស្រ្តាចារ្យ George Magoha អះអាង​ថា សិស្ស​មិន​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​និទ្ទេស​ល្អ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។

លោក Baraza អ្នក​ជំនាញ​ខាង​អប់រំ ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ។

លោក​បាន​និយាយ​ថា៖ «មនុស្ស​តែងតែ​ឲ្យ​តម្លៃ​ការ​ប្រឡង​ជាប់​ស្មើ​នឹង​ភាព​ជោគជ័យ។ ឧបមា​ថា ប្រសិន​បើ​នរណា​ម្នាក់​និយាយ​ថា​ គាត់​ទទួល​បាន​និទ្ទេស​ Dបូក​ ឬនិទ្ទេសE នោះ​គាត់​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​បរាជ័យ​ម្នាក់។ ក្នុង​ករណី​ភាគច្រើន មនុស្ស​មិន​បាន​ផ្តោត​ទៅលើ​ទេពកោសល្យ​ ដែល​បុគ្គល​ម្នាក់​មាន​ពី​កំណើត​ឡើយ។ ដូច្នេះ​ បេក្ខជន​ភាគច្រើន​ដែល​ទទួល​បាន​និទ្ទេស​ទាប បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ពួកគេ​ប្រហែល​ជា​គិត​ថា អនាគត​របស់​ពួក​គេ​រឹត​តែ​យ៉ាប់​ថែម​ទៀត»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​អប់រំ​បាន​និយាយ​ថា ក្រសួង​នឹង​ស្វែង​រក​ឬស​គល់​នៃ​បញ្ហា​នេះ បន្ទាប់​ពី​លទ្ធផល​ប្រឡង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចេញ​មក​បែបនេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG