ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​លោក​ Cassidy ​ជា​តំណាងរាស្រ្ត​អាមេរិក​ទី​១៣​ដែល​បាន​ធ្វើ​តេស្ត​ឃើញ​មាន​កូវីដ១៩


រូបឯកសារ៖ លោក Bill Cassidy សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Louisiana ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Bill Cassidy សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Louisiana ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។

លោក Bill Cassidy សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​ Louisiana បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោកបាន​ធ្វើ​តេស្ត​ឃើញ​ថា​ មាន​កូវីដ១៩ ហើយកំពុង​ចេញ​រោគសញ្ញា​ខ្លះ​នៃ​ជំងឺ​នេះ។ លោក​ថា​ លោក​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​រដ្ឋ Louisiana។

សមាជិក​ព្រឹទ្ធសភា អាយុ​ ៦២ឆ្នាំ ​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ ដែល​កំពុង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​សម្រាប់​ព្រឹទ្ធសភា​មួយ​អាណត្តិ​ទៀត​ នៅ​ថ្ងៃ​ទី​៣ ​ខែវិច្ឆិកា​ខាង​មុខ​ បាន​ចេញ​រោគ​សញ្ញា​ស្រាល​នៅព្រឹក​នេះ។​ នេះបើ​តាម​អ្នក​នាំ​ពាក្យ​របស់​លោក។

លោក​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិកទី​១៣ ​ដែលត្រូវ​គេ​ដឹង​ថា ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​កូវីដ១៩​ ហើយ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ទី​២ ​ដែល​បាន​ឆ្លង​វីរុស​នេះ។

លោក ​Cassidy សមាជិក​ព្រឹទ្ធសភា​ ដែល​ធ្លាប់​ជា​គ្រូពេទ្យ​ពី​ទី​ក្រុង ​Baton Rouge​ តែង​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ និង​ពេល​ទៅ​អគារ​សភាជាតិ​ ហើយ​លោក​ថា​ លោក​នឹង​គោរព​តាម​ការ​ណែនាំ​នានា​របស់​បុគ្គលិក​សុខាភិបាល។​

ការ​រក​ឃើញ​តេស្ត​វិជ្ជមាន​ចុង​ក្រោយ​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ បាន​ដាក់​សម្ពាធ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​លោក​ Mitch McConnell បង្កើន​ការ​ធ្វើ​តេស្ត​សម្រាប់​សមាជិក​ព្រឹទ្ធសភា។​

ទាំង​លោក McConnell ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi បាន​កាន់​ជំហរ​ថា ​អ្នក​តាក់តែង​ច្បាប់​មិន​គួរ​មាន​អាទិភាព​ក្នុង​ការ​ធ្វើ​តេស្ត​ទេ ​ប្រសិន​បើ​សាធារណជន​មិន​ទាន់​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ត​ទូលំទូលាយ​នោះ៕

XS
SM
MD
LG