នៅពេលដែលសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋបានចាប់ផ្ដើមកាលពីថ្ងៃចន្ទទី២៤ ខែសីហា អតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Arizona លោក Jeff Flake រួមជាមួយនឹងអតីតសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាង ២០ នាក់ផ្សេងទៀត បានរួមគ្នាគាំទ្រលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានប្រកាសអំពីការចូលរួមរបស់អតីតសមាជិកសភាទាំងនេះនៅក្នុងកម្មវិធី «អ្នកសាធារណរដ្ឋសម្រាប់លោក Biden»។ កម្មវិធីនេះត្រូវបានប្រកាសឡើងកាលពីថ្ងៃចន្ទទី២៤ ខែសីហាដែរ ហើយវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Bidenដើម្បីបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋណាដែលអាចពិចារណាបោះឆ្នោតឱ្យលោក Biden។
អតីតសមាជិកគណបក្សសាធារណរដ្ឋដែលបានប្រកាសគាំទ្រលោក Biden កន្លងមកមានដូចជាអតីតសមាជិករដ្ឋសភាតំណាងរដ្ឋ Pennsylvania លោក Charlie Dent អតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Hampshire លោក Gordon Humphrey និងអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Virginia លោក John Warner ជាដើម។
បុគ្គលដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ លោក Jeff Flake ដែលបានទាស់សម្ដីជាមួយលោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលលោកនៅជាសមាជិកព្រឹទ្ធសភា និងត្រូវបានសារព័ត៌មានផ្សាយពីលោកផងដែរ។ តួយ៉ាងនៅក្នុងការផ្សាយរបស់កាសែត The Washington Post កាលពីខែកញ្ញា ឆ្នាំមុន លោក Flake បានជំរុញសមាជិកគណបក្សសាធារណរដ្ឋកុំឱ្យគាំទ្រលោក Trump សម្រាប់អាណត្តិទីពីរ ដោយបានសរសេរថា លោក Trump មិនស័ក្តិសមនឹងកាន់តំណែងខ្ពស់បំផុតក្នុងសេតវិមាននេះទេ៕