អ្នកភូមិរស់នៅជុំវិញក្រុង Meiganga ស្ថិតនៅភាគខាងជើងប្រទេសកាមេរូនកំពុងធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនជីកមាសរបស់ចិន ដោយបានចោទប្រកាន់ក្រុមហ៊ុនទាំងនោះថា កំពុងបំផ្លាញដី។ ក្រុមអ្នកភូមិបាននិយាយថា ពួកគេមានជីវភាពកាន់តែក្រទៅៗ បន្ទាប់ពីជនជាតិចិនទាំងនោះបានមកដល់តំបន់នេះ ដោយសារតែចំការនិងព្រៃឈើរបស់ពួកគេត្រូវបានបំផ្លាញ។
អ្នកចិញ្ចឹមគោនិងកសិករទាំងនេះមកពីភូមិនានានៅជុំវិញក្រុង Meiganga ភាគខាងជើងប្រទេសកាមេរូន។ ពួកគេស្រែកច្រៀងចម្រៀង ដែលមានន័យថា ប្រសិនបើគ្មានការជួយសង្គ្រោះពួកគេពីអ្នកជីកមាសជនជាតិចិនទេនោះ គ្រោះទុរភិក្សនឹងវាយប្រហារមកលើពួកគេក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកចិញ្ចឹមគោឈ្មោះ Mamoudu Poro អាយុ៥៤ឆ្នាំ ដែលជាតំណាងរបស់ក្រុមអ្នកភូមិបាននិយាយថា ពួកអ្នកជីកមាសទាំងនោះបំផ្លាញចំការនិងមិនខ្វល់សូម្បីតែលុបរណ្តៅនិងរូងដែលពួកគេបានជីកនៅលើផ្លូវនានា និងនៅតាមទីវាលចិញ្ចឹមគោមុននឹងពួកគេចាកចេញពីតំបន់នេះ។ លោកបាននិយាយទៀតថា ពួកអ្នកភូមិចង់ឲ្យជនជាតិចិនទាំងនោះសង់ផ្លូវដែលពួកគេបានបំផ្លាញ និងចាក់បំពេញរណ្តៅដែលពួកគេបានជីកតភ្ជាប់បណ្តាញអគ្គិសនី និងយ៉ាងហោចណាស់សង់សាលារៀន និងផ្សារដល់ពួកអ្នកភូមិ មុននឹងពួកគេចាកចេញពីកន្លែងនោះ។
រហូតដល់ឆ្នាំ២០១៤ ក្រុង Meiganga និងភូមិនានាដែលនៅជុំវិញនោះ មានចំការពោត សណ្តែក សណ្តែកដី និងកសិដ្ឋានចិញ្ចឹមគោសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកាមេរូន នីហ្សេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្រោយមកមានទីតាំងជីកមាស ស័ង្កសី នីកែល និងរ៉ែផ្សេងៗទៀតដែលត្រូវបានរកឃើញនៅក្នុងតំបន់ចំនួនប្រហែល៣០០កន្លែង។ ក្នុងចំណោមអ្នកជីករុករករ៉ែទាំងនោះគឺជា ក្រុមហ៊ុនចិន។
ក្រុមហ៊ុនជាង ១០០កំពុងជីកមាសនៅក្នុងនិងនៅជុំវិញក្រុង Meiganga។ ពួកគេប្រើត្រាក់ទ័រកាយដី និងឧបករណ៍សម្រាប់សម្អាតថ្ម និងកម្ទេចដី ដែលអាចឲ្យពួកគេរកឃើញមាសបានលឿនជាងពួកអ្នកស្រុកដែលប្រើឧបករណ៍បុរាណ។ ពួកអ្នកស្រុកដែលធ្វើជាកម្មករនៅទីតាំងជីកមាសរបស់ចិនបានទទួលកម្រៃ ២ដុល្លារក្នុងមួយថ្ងៃ។
មន្រ្តីក្រសួងរ៉ែរបស់កាមេរូនលោក Gabriel Dodo Ndocke បានថ្លែងថា ពាក្យបណ្តឹងរបស់អ្នកភូមិគឺជាពាក្យបណ្តឹងស្របច្បាប់។ លោកនិយាយទៀតថា លោកបានប្រាប់ឲ្យក្រុមហ៊ុនទាំងនោះគោរពតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល។ លោក Gabriel Dodo Ndocke បានថ្លែងថា អ្នកស្រុករងផលប៉ះពាល់ដោយសារការរិចរិលបរិស្ថាន និងមិនទទួលបានអត្ថប្រយោជន៍ដូចតាមការរំពឹងទុកទេ ដោយសារតែការរុករករ៉ែរបស់ក្រុមហ៊ុនទាំងនេះរៀបចំមិនបានត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ជ។ លោកបាននិយាយបន្តទៀតថា លោកបានណែនាំដល់ក្រុមហ៊ុនជីករ៉ែទាំងអស់ឲ្យគោរពច្បាប់បរិស្ថាន និងឈប់បំផ្លាញស្រែចំការ និងទីវាលចិញ្ចឹមគោ ដែលឥឡូវនេះជា ប្រភពតែមួយគត់សម្រាប់ឲ្យអ្នកស្រុកនៅតំបន់នោះប្រកបរបរចិញ្ចឹមជីវិត។
ក្រុមមន្រ្តីមកពីក្រុមហ៊ុនជីករ៉ែរបស់ចិននៅក្រុង Meiganga បានបដិសេធមិនផ្តល់បទសម្ភាសន៍អំពីការចោទប្រកាន់ទាំងនេះទេ។ ទោះជាយ៉ាងណាក៏ដោយមន្រ្តីម្នាក់ឈ្មោះ Hu Long បានថ្លែងថា ក្រុមហ៊ុនបានជួយដល់សហគមន៍នានាតាមរយៈការផ្តល់ជំនួយដល់មន្ទីពេទ្យ និងសង់អាគារ ឬជួយជួសជុលសាលារៀននៅពេលមានការស្នើសុំ។ លោកបាននិយាយទៀតថា ក្រុមហ៊ុនក៏បានផ្តល់ការងារដល់យុវជនប្រហែល១០០នាក់ផងដែរ។
នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិកាមេរូនបានតវ៉ាចោទប្រកាន់ក្រុមហ៊ុនជីករ៉ែរបស់ចិនទាំងនេះថាកេងប្រវ័ញ្ជ។ កាលពីឆ្នាំ២០១៦ អ្នកស្រុកនៅភាគខាងកើតប្រទេសកាមេរូនមានជម្លោះជាមួយក្រុមអ្នកជីកមាសចិនដែលបានជីកមាសនៅទីនោះអស់រយៈពេល៦ឆ្នាំ។ ពួកអ្នកជីកមាសក្នុងតំបន់និយាយថា ជនជាតិចិនបានបំផ្លាញទំនៀមទម្លាប់រស់នៅរបស់ពួកគេ និងមិនបានគោរពតាមការសន្យាដែលថា នឹងធ្វើការអភិវឌ្ឍនៅក្នុងតំបន់ទេ។ ប្រទេសកាមេរូនមិនបានប្រកាសជាផ្លូវការអំពីអត្ថប្រយោជន៍ដែលខ្លួនទទួលបានពីអាជីវកម្មជីករ៉ែនេះទេ ប៉ុន្តែបាននិយាយថា អាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ បានចូលរួមចំណែកគួរឲ្យកត់សម្គាល់នៅក្នុងការរីកលូតលាស់ផលិតផលក្នុងស្រុកសរុបឬ ហៅថា GDP របស់ប្រទេស៕
ប្រែសម្រូលដោយ ស៊ូ ពេជ្រចិន្តា