ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាម៉េរូន​បាន​ផ្អាក​ការងារ​អ្នកកា​សែត​និងបណ្តាញ​សារព័ត៌មាន


លោក​ Peter Essoka ​ជា​ប្រធាន​មជ្ឈមណ្ឌល​ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន។
លោក​ Peter Essoka ​ជា​ប្រធាន​មជ្ឈមណ្ឌល​ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន។

ប្រទេស​កាម៉េរូន​បានផ្អាក​ការងារ​អ្នក​កាសែត​១៦​នាក់​និង​បណ្តាញ​ព័ត៌មាន​ចំនួន៧​រយៈ​ពេល​ពី​១ខែ ទៅ​៦ខែ ​ដោយ​សារ​អ្វី​ដែល​គេហៅ​ថា ​«បទ​ល្មើស​សារព័ត៌មាន»។​

នេះ​ជា ​Vision 4​ ដែល​ជា​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​នៅ​រដ្ឋធានី ​Yaounde ប្រទេស​កាម៉េរូន​ដែល​ផ្សាយ​កម្មវិធី​បុណ្យ​ណូអែល​ពិសេស​មួយ។​

បណ្តាញ​ទូរទស្សន៍នេះ​បាន​ជំទាស់​បទបញ្ជារបស់​ក្រុម​ប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូនដែល​ហាម​មិន​ឱ្យ​ផ្សាយ​រយៈ​ពេល​មួយ​ខែ។

លោក​ Peter Essoka ​ប្រធាន​មជ្ឈមណ្ឌល​ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន ​បាន​និយាយ​ថា​ លោក​កំពុង​ពិចារណា​ស្នើសុំ​ឱ្យ​រដ្ឋបាល​និង​ប៉ូលិស​បិទ​ស្ថានីយ​ទូរទស្សន៍​នេះ។​

«ក្រុមប្រឹក្សា​មិនមែន​ជា​ប៉ូលិស​ទេ ​ហើយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អនុវត្ត​ដែរ ​ប៉ុន្តែ​យើង​អាច​ជំរុញ​ការ​អនុវត្ត​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ដែនដី។​ យើង​បាន​សម្រេច​ចិត្ត​ហើយហើយ​យើង​សង្ឃឹម​ថា ​នឹង​មាន​ការ​អនុវត្ត​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូនបាន​ឲ្យ​ផ្អាក​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ Vision 4 ​និង​អ្នកសារ​ព័ត៌មាន​ពីរនាក់​របស់​ស្ថានីយ​នេះ​រយៈ​ពេល​មួយ​ខែ​ម្នាក់ៗ។ ​

លោក Ernest Obama ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​ដោយសារ​អ្វី​ដែល ក្រុម​ប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន ​បាន​និយាយ​ថា មាន​ការ​ប្រើ​ភាសា​បង្ក​ការ​ស្អប់ខ្ពើម​ដែល​អាច​បញ្ឆេះ​ជម្លោះ​រវាង​កុល​សម្ព័ន្ធ​នានា​នៅ​ប្រទេស​កាម៉េរូន។ ​លោកស្រី​ Nadine Patricia Mengue ​ត្រូវ​បាន​ឲ្យ​ផ្អាក​ការងារ​ដោយការ​ប្រកាស​ព័ត៌មាន​ខុស​អំពី​ការស្លាប់​របស់លោក Ali Bongo Ondimba ​ប្រធានាធិបតី​ប្រទេស​ Gabon ​ក្នុង​អំឡុង​ពេល​កម្មវិធី​ព័ត៌មាន​ម៉ោង​ពិសេសកាលពី​ថ្ងៃទី​២៥​ ខែ​តុលា។ ​

នៅថ្ងៃ​ទី៣០​ ខែតុលា ប្រទេស​ Gabon ​ក៏បាន​ផ្អាក​បណ្តាញ​ទូរទស្សន៍​ឯកជន​មិន​ឲ្យ​ធ្វើ​ការផ្សាយ​រយៈ​ពេល​ប្រាំមួយ​ខែ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ​បន្ទាប់​ពី​បណ្តាញ​ទូរទស្សន៍​បាន​រាយ​ការណ៍​ម្តងទៀត​អំពី​មរណភាព​របស់​លោក​ Ondimba ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា គ្រាន់​តែ​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដោយ​សារ​ហេវ​អស់កម្លាំង។ ​

អាជ្ញាធរ​គ្រប់គ្រង​ការ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​ Gabon ​បាន​និយាយ​ថា ​របាយការណ៍​មិន​ត្រឹម​ត្រូវ​និង​ខុសឆ្គង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាមគ្គី​ភាព​ជាតិ​របស់ខ្លួន​ប៉ះពាល់​ដល់​សម្ព័ន្ធ​សង្គម​និង​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ។​

អ្នកស្រី ​Melvis Kimbi ​ផ្សាយ​ព័ត៌មាន​មាន​ទូរទស្សន៍​រដ្ឋ​កាម៉េរូន​ CRTV ​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​លើ​ស្ថានីយ​ទូរទស្សន៍​ Vision 4 ​គួរតែ​ធ្វើ​ជា​យូរ​មក​ហើយ។​

«ស្ថានីយ​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ដែល​ជា​ព័ត៌មាន​ដែល​មាន​ទំហំ​ធំ​ដែល​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ការ​ទូត​រវាង​ប្រទេស​កាម៉េរូន​និង​ប្រទេស​ Gabon ​ហើយ​មាន​រឿង​រ៉ាវជា​ច្រើន​កំពុង​បន្ត​កើត​មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ Vision 4 ​ដែល​មិន​ទាន់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នៅ​ឡើយ»។​

ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន​ ក៏បាន​ផ្អាក​ការងារ​របស់​លោក ​Maneh Mirelle នៃ​ស្ថានីយ​ទូរទស្សន៍​ Canal 2 International ​រយៈ​ពេល​៦​ខែ ​លោក​ Joseph Roland Djotie ​របស់​បណ្តាញ​ព័ត៌មាន​ Le Quotidien de L'Economie ​រយៈ​ពេល​១​ខែ ​និង​លោក​ Zebaze​ Benjamin ​រយៈ​ពេល​ពីរ​ខែ។​

លោក ​Dom Pipelassi Michael Doppas ​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​អស់រយៈ​ពេល​ពីរ​ខែ​ដោយ​សារ​បាន​រាយ​ការណ៍​ម្តង​ហើយ​ម្តង​ទៀតថា ​តារា​បាល់ទាត់​កាម៉េរូន​ឈ្មោះ ​Samuel Eto'o គឺ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។

លោក​ Etienne Ngalle ​នៃ​កាសែត​ La Nation ​បាន​និយាយ​ថា ​ក្រុម​ប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន ​ធ្វើ​ការ​ល្អ​ដោយ​ផ្អាក​បណ្តាញ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ និង​អ្នក​កាសែត​ដែល​មិន​មាន​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ។​ ​

គាត់​និយាយ​ថា គាត់​កោត​សរសើរ​ដល់​ក្រុម​ប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន ​ចំពោះ​ការ​ផ្អាក​ការងារ​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ Soleil FM ​ដែល​បាន​ប្រកាស​ដោយ​មិន​បង្ហាញ​ភស្តុតាង​ថា​ តារា​បាល់ទាត់​កាម៉េរូន​ឈ្មោះ​ Samuel Eto'o ​គឺជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។ ​គាត់​និយាយ​ថា ទោះ​បី​ជា​អ្នក​កាសែត​មាន​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​ដោយ ពួកគេ​គួរ​តែ​បញ្ឈប់​ការ​និយាយ​បង្កាច់​បង្ខូច​និង​និយាយ​កុហក​ដើម្បី​បង្ខូច​ឈ្មោះអ្នក​មាន​មុខ​មាត់​សាធារណៈ។

អង្គការអ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ​Reporters Without Borders តែងតែ​ចោទ​ប្រកាន់​ថា ​ក្រុម​ប្រឹក្សា​គមនាគមន៍​កាម៉េរូន​ចាត់​វិធានការ​តឹងតែង​ជាង​មុន​ចំពោះ​អ្នក​កាសែត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប៉ុន្តែ​ទណ្ឌកម្ម​នាពេល​ថ្មីៗ​នេះ​ត្រូវ​បានអបអរ​សាទរ​ដោយអ្នក​សារ​ព័ត៌មានអាជីព​ខ្លះ ជាពិសេស​ អ្នក​ដែល​រងទណ្ឌកម្ម​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន។​ នៅឆ្នាំ​២០១៧​ ក្រុម​ប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន ​បាន​ផ្អាក​ការងារ​អ្នកសារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចំនួន​៣០​ ដោយ​ចោទ​ថា ​ពួកគេ​មិន​គោរព​បទដ្ឋាន​វិជ្ជាជីវៈ ​និង​សីលធម៌។​

ប្រទេស​កាម៉េរូន​មាន​កាសែត​ជាង​៥០០​ និងស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​ចំនួន​១០០​ ដែល​បង្ហាញ​ទស្សនៈ​ផ្សេងៗគ្នាអំពី​ការ​បោះឆ្នោត​ប្រធានាធិបតី។​ ​

របាយ​ការណ៍​វាយតម្លៃ​សេរីភាព​ព័ត៌មាន​ពិភព​លោក​ដោយអង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters Without Borders​ ​ឆ្នាំ​២០១៨​បាន​ឲ្យ​ចំណាត់​ថ្នាក់​ ប្រទេស​កាម៉េរូន​លេខ​១២៩​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ក្នុង​ពិភពលោក៕​

ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ

XS
SM
MD
LG