ឪពុកម្តាយរបស់សិស្សសាលារាប់ពាន់នាក់កំពុងដកកូនៗរបស់ពួកគេចេញពីសាលានានានៅតំបន់និយាយភាសាអង់គ្លេសក្នុងប្រទេសកាមេរ៉ូន បន្ទាប់ពីក្រុមប្រដាប់អាវុធបានវាយប្រហារ និងបានធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសនៅក្នុងតំបន់នោះ។
ក្រុមផ្តាច់ខ្លួន ដែលកំពុងវាយប្រយុទ្ធ ដើម្បីធ្វើឲ្យតំបន់និយាយភាសាអង់គ្លេសក្នុងប្រទេសកាមេរ៉ូនក្លាយជាតំបន់ឯករាជ្យនោះបានព្រមានឪពុកម្តាយទាំងនោះកុំឲ្យបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀន ដោយបានប្រកាសថា ពួកគេមិនអាចធានាសុវត្ថិភាពដល់កូនសិស្សទាំងនោះបានទេ។ អ្នកភូមិ និងឪពុកម្តាយសិស្សសាលារាប់សិបនាក់កាលពីថ្ងៃអង្គារកន្លងទៅបានស្វែងរកតំបន់ព្រៃនានានៅជុំវិញតំបន់ Sasse ដែលនៅជិតខាងទីក្រុង Buea ភាគនិរតី ដើម្បីរកកូនៗរបស់ពួកគេដែលលាក់ខ្លួន បន្ទាប់ពីពួកសកម្មប្រយុទ្ធប្រដាប់អាវុធបានវាយប្រហារសាលា Saint Josephs កាលពីល្ងាចថ្ងៃអាទិត្យ។ មនុស្សរាប់សិបនាក់បានរងរបួសដោយសារការវាយប្រហារនេះ។
លោក Charles Mbella Moki សមាជិកព្រឹទ្ធសភាមកពីតំបន់និយាយភាសាអង់គ្លេសនៅតំបន់ភាគនិរតីនៃប្រទេសកាមេរ៉ូន ដែលជាថ្នាក់ដឹកនាំនៅក្នុងភូមិបានថ្លែងថា ពួកគេសប្បាយចិត្តដែលបានរកឃើញសិស្សសាលាបីនាក់ដែលបានបាត់ខ្លួន។
លោក Charles Mbella Moki បានថ្លែងថា «ដោយសារតែមានជំនួយពីអ្នកចិត្តល្អ យើងអាចរកឃើញសិស្សសាលា ដែលបានបាត់ខ្លួនរត់គេចពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធ។ សិស្សសាលាខ្លះបានរងរបួស ហើយខ្លះទៀតមានអារម្មណ៍បាក់ស្បាត។ អ្នកខ្លះទៀតមិនបានដឹងថា ពួកគេបានរត់ទៅដល់កន្លែងណានោះទេ ហើយខ្លះទៀតរត់គេចខ្លួនទាំងសំលៀកបំពាក់គេងយប់។ ពួកគេគួរឲ្យអាណិតណាស់ ប៉ុន្តែសិស្សសាលាទាំងអស់នៅតំបន់Sasseមានការប្រុងប្រយ័ត្នខ្ពស់ និងបានត្រៀមខ្លួនគ្រប់គ្រាន់ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ»។
លោកBernard Okalia Bilai អភិបាលក្រុងនៃតំបន់ភាគនិរតីប្រទេសកាមេរ៉ូនបានថ្លែងថា ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារទៅលើសាលារៀន សិស្សសាលា និងលោកគ្រូអ្នកគ្រូនៅក្នុងសាលានោះ។ លោកបានថ្លែងបន្តថា សិស្សសាសាមួយចំនួនដែលមានអាយុពី៩ទៅ១៧ឆ្នាំបានរងរបួសដោយសារកាំបិត និងគ្រាប់កាំភ្លើង ប៉ុន្តែសំណាងល្អដែលគ្មានអ្នកណាម្នាក់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍បានកើតឡើង ឳពុកម្តាយរបស់សិស្សសាលាទាំងនោះបានដកកូនៗរបស់ពួកគេ ដែលមានចំនួនសរុបប្រហែលជាង៥០០នាក់ មិនឲ្យទៅរៀននៅសាលារៀននោះតទៅទៀត។ សាលារៀនចំនួន៦នៅក្នុងតំបន់និយាយភាសាអង់គ្លេសនៅភាគនិរតីនេះបានស្នើឪពុកម្តាយរបស់សិស្សទាំងនោះឲ្យយកកូនៗរបស់ពួកគេត្រឡប់ទៅផ្ទះវិញ។ ឳពុកម្តាយមួយចំនួនបានយកកូនៗរបស់ពួកគេចេញពីសាលារួចទៅហើយ។
គ្រូបង្រៀនឈ្មោះ John Nlom និងកូនៗរបស់លោកបីនាក់បានចាកចេញពីសាលា Saint Josephsនៅតំបន់ Sasse ដោយលោកបាននិយាយថា លោកមិនទុកចិត្តលើការធានាអះអាងរបស់លោកអភិបាលក្រុងដែលបានប្រកាសថាពួកគេនឹងមានសុវត្ថិភាពនោះទេ។ លោកគ្រូ John Nlom បាននិយាយថា៖
«លោកអភិបាលក្រុងបានប្រកាសឲ្យប្រជាពលរដ្ឋត្រឡប់ទៅភូមិវិញ ដោយបាននិយាយថា អាជ្ញាធរនឹងការពារពួកយើង ប៉ុន្តែជាក់ស្តែងពេលលោកធ្វើដំណើរទៅណាមកណាតែងតែមានទាហានការពាររូបលោកជានិច្ច។ តើទាហានទាំងអស់អាចការពារប្រជាពលរដ្ឋទាំងអស់បានទេ? នេះហើយជាហេតុផលដែលធ្វើឲ្យខ្ញុំមិនអាចស្នាក់នៅក្នុងភូមិបាន។ ខ្ញុំត្រូវតែចាកចេញ»។
លោកស្រីសាស្រ្តចារ្យ Nalova Lyonga រដ្ឋមន្រ្តីក្រសួងអប់រំនៅកម្រិតវិទ្យាល័យកំពុងអំពាវនាវទៅគណៈគ្រប់គ្រងរបស់សាលានានានៅតំបន់មានសុវត្ថិភាពឲ្យទទួលយកសិស្សសាលាដែលបានផ្លាស់ទីលំនៅបើទោះបីជាសាលារៀនទាំងនោះមានសិស្សច្រើនក៏ដោយ។ លោកស្រីបានថ្លែងថា៖
«ដោយសារតែវិបត្តិនេះ សូមគណៈគ្រប់គ្រងសាលាទទួលយកសិស្សសាលាដែលកំពុងផ្លាស់ទីលំនៅទៅភាគពាយព្យ ឬទៅភាគនិរតីទាំងនេះផង។ សូមទទួលយកសិស្សសាលាគ្រប់គ្នាដែលមកសុំចុះឈ្មោះចូលរៀន និងអ្នកដែលចង់ផ្លាស់ប្តូរសាលារៀន។ បើសិនជាមានបញ្ហាអ្វី សូមរាយការណ៍មកក្រសួង ឬទៅកាន់អភិបាលក្រុងនានា គណៈគ្រប់គ្រងសាលារៀន ឬអាចបញ្ជូនមកពួកយើងក៏បាន។ កន្លែងណាដែលមានសិស្សលើសចំនួន យើងនឹងចុះទៅជួយយកសិស្សសាលាទាំងនោះទៅចូលរៀននៅកន្លែងផ្សេងទៀត»។
កាលពីខែមុន ពួកជនផ្តាច់ខ្លួនប្រដាប់អាវុធបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយព្រមានឪពុកម្តាយទាំងឡាយណា ដែលនៅតែបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀន។ ពួកជនផ្តាច់ខ្លួនបានប្រកាសថាពួកគេមិនអាចធានាសុវត្ថិភាពដល់សិស្សសាលានៅតាមសាលារៀនទាំងនោះទេ ដោយសារតែពួកសកកម្មប្រយុទ្ធរបស់ខ្លួននឹងវាយប្រយុទ្ធជាមួយពួកទាហានដើម្បីបញ្ឈប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៧ ខែតុលាខាងមុខនេះ។
យ៉ាងហោចណាស់មានសាលារៀនចំនួន ៧០ ត្រូវបានដុតបំផ្លាញចាប់តាំងពីមានវិបត្ដិបានចាប់ផ្តើមនៅក្នុងតំបន់ដែលនិយាយភាសាអង់គ្លេសក្នុងប្រទេសកាមេរ៉ូនកាលពីឆ្នាំ ២០១៦មក ដែលនៅពេលនោះក្រុមគ្រូបង្រៀន និងមេធាវីបានតវ៉ាចំពោះការប្រើភាសាបារាំងនៅក្នុងប្រទេសដែលនិយាយភាសាបារាំង និងអង់គ្លេសនេះ។ ពួកបំបែកខ្លួនបានកាន់កាប់រដ្ឋនិងបានស្នើសុំបង្កើតរដ្ឋនិយាយភាសាអង់គ្លេសហើយរដ្ឋាភិបាលបានប្រកាសសង្គ្រាមជាមួយនឹងពួកគេ។ យ៉ាងហោចណាស់មានមនុស្ស៣០០នាក់រួមទាំងទាហាន និងប៉ូលិស30នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា