ប្រជាពលរដ្ឋកាមេរ៉ូនបានច្រៀងចម្រៀងភ្លេងជាតិកាលពីថ្ងៃទី ៦ ខែវិច្ឆិកា នៅពេលដែលលោកប្រធានាធិបតី Paul Biya ស្បថចូលកាន់តំណែងជាប្រធានាធិបតីរយៈពេល ៧ ឆ្នាំទៀត។
នៅក្នុងការថ្លែងសុន្ទរកថារបស់លោក លោក Biya បានសន្យាថានឹងដោះស្រាយបញ្ហាប្រទេសកាមេរ៉ូន និងជំរុញឲ្យមានការឯកភាពជាតិ។ លោកបាននិយាយថា ប្រជាពលរដ្ឋកាមេរ៉ូននឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរហូតទាល់តែពួកផ្ដាច់ខ្លួននៅក្នុងតំបន់និយាយភាសាអង់គ្លេសចំនួនពីរ ទម្លាក់អាវុធរបស់ពួកគេចុះចាញ់។
លោក Biya បញ្ជាក់ថា នៅតំបន់ពាយ័ព្យ និងតំបន់និរតីនៃប្រទេសកាមេរ៉ូន ពួកក្រុមអវិជ្ជមាននានាបានទាញប្រយោជន៍ពីការត្អូញត្អែររបស់កម្មករមួយចំនួន ដើម្បីអនុវត្តគម្រោងផ្ដាច់ខ្លួនរបស់ពួកគេ និងប្រព្រឹត្តិអំពើភេរវកម្ម។
លោកបានបន្ថែមថា អំពើហិង្សាបានកើតឡើង ដូច្នេះរដ្ឋាភិបាលបានឆ្លើយតបជាមួយនឹងវិធានការនានាដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគេ។
លោកបញ្ជាក់ថា ការបំបែករដ្ឋគឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញប្រទេសកាមេរ៉ូន និងលក្ខណៈមិនអាចបំបែកបំបាក់បានរបស់ជាតិ។
លោក Biya មិនបានលើកឡើងពីខ្មាន់កាំភ្លើងដែលចាត់ពង្រត់សិស្ស ៧៩ នាក់ និងគ្រូបង្រៀន ៣ នាក់ ពីសាលារៀនមួយកន្លែងនៅតំបន់ភាគពាយ័ព្យប្រទេស កាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅនេះទេ។
នៅឯផ្លូវដើរនៃក្រុមប្រឹក្សាក្រុង Yaounde មនុស្សរាប់រយនាក់ដែលរត់គេចពីផ្ទះសម្បែងដោយសារការវាយប្រយុទ្ធគ្នានៅក្នុងតំបន់នោះ បានមកមើលពិធីស្បថចូលកាន់តំណែងរបស់លោក Biya នេះតាមកញ្ចក់ទូរទស្សន៍ដ៏ធំមួយ។
លោក Julius Tetang អាយុ ៥៥ ឆ្នាំ និយាយថា លោកបានផ្ដល់កន្លែងស្នាក់នៅដល់អ្នកភៀសសឹកចំនួន ៣០ នាក់ ដែលមកពីក្រុង Mbengwi ដែលជាក្រុងនិយាយភាសាអង់គ្លេស។ លោកចង់ឲ្យលោក Biya រកដំណោះស្រាយចំពោះភាពចលាចលនៅក្នុងតំបន់នោះ។
លោក Tetang និយាយដូច្នេះថា៖ «នៅតំបន់នោះមានសាលាមធ្យមសិក្សាប្រហែល ១៨ សាលា និងសាលាបឋមសិក្សាប្រហែល ៧៦ សាលា ហើយគ្មានសាលាណាមួយដែលមានសិស្សទៅរៀននោះទេ។ ប្រជាពលរដ្ឋភាគច្រើនបានលះបង់ទីលំនៅរបស់ខ្លួន។ អត្រានៃការសម្លាប់មនុស្សគឺខ្ពស់ណាស់។ មនុស្សកំពុងតែរត់គេចពីគ្រាប់កាំភ្លើង»។
លោក Cletus Fonyuy អាយុ ៣២ ឆ្នាំ បានគេចចេញពីការវាយប្រយុទ្ធគ្នានៅក្នុងក្រុង Kumbo ដែលជាក្រុងនិយាយភាសាអង់គ្លេស។ លោកថា ប្រពន្ធរបស់លោក និងបងប្អូនប្រុសរបស់លោកត្រូវគេសម្លាប់កាលពីខែមុននៅក្នុងការប៉ះទង្គិចគ្នា។
លោក Fonyuy និយាយដូច្នេះថា៖ «លោក Biya មានឱកាសមួយអាណត្តិទៀតដើម្បីបញ្ឈប់ការសម្លាប់ប្រជាពលរដ្ឋរបស់យើងនៅតំបន់ភាគពាយ័ព្យ និងភាគនិរតី។ លោកគួរតែស្នើឲ្យទាហានរបស់លោកបញ្ឈប់ការសម្លាប់ប្រជាពលរដ្ឋរបស់យើង។ ពួកគេគឺជាបងប្អូនរបស់ពួកយើង។ ពួកយើងគឺជាជនជាតិតែមួយ ដូច្នេះលោក Biya គួរតែធ្វើអ្វីមួយដើម្បីបង្ហាញថា ពួកយើងជាជនជាតិតែមួយ»។
លោក Biya ត្រូវបានគេប្រកាសថាជាអ្នកទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅនេះ ដោយលោកទទួលបានសំឡេងភាគច្រើនលើសលប់ចំនួន ៧១ ភាគរយនៃសំឡេងឆ្នោត។
លោក Maurice Kamto ដែលជាគូប្រជែងដ៏ខ្លាំងបំផុតរបស់លោក Biya ទទួលបានសំឡេងគាំទ្រតែ ១៤ ភាគរយប៉ុណ្ណោះ។
លោក Kamto និងអ្នកគាំទ្ររបស់លោកអះអាងថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំដោយគណៈកម្មការរៀបចំការបោះឆ្នោត ដែលជ្រើសរើសដោយលោក Biya និងជាគណៈកម្មការមួយដែលមានភាពស្មោះស្ម័គ្រចំពោះលោក Biya។
កាលពីថ្ងៃទី ៦ ខែវិច្ឆិកា កងកម្លាំងសន្តិសុខបានបញ្ឈប់អ្នកគាំទ្រលោក Kamto មិនឲ្យព្យាយាមតវ៉ានៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Biya។
លោក Christopher Bime អាយុ ២៤ ឆ្នាំ និយាយថា ប៉ូលិសបានរារាំងលោកមិនឲ្យតវ៉ាចំពោះអ្វីដែលលោកហៅថាជាជោគជ័យលួចបន្លំរបស់លោក Biya។
លោក Christopher Bime និយាយដូច្នេះថា៖ «លោក Biya បានកាន់តំណែងជាប្រធានាធិបតីបាន ៣៦ ឆ្នាំមកហើយ។ យុវជនកាមេរ៉ូនរងគ្រោះច្រើនណាស់។ យុវជនបានចូលរៀន និងទទួលបានសញ្ញាប័ត្រ ប៉ុន្តែពួកគេរងគ្រោះនៅទូទាំងប្រទេស»។
លោក Biya កាន់អំណាចនៅក្នុងប្រទេសកាមេរ៉ូនអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ ដោយលោកធ្វើជានាយករដ្ឋមន្ត្រីបាន ៧ ឆ្នាំ និងជាប្រធានាធិបតីបាន ៣៦ ឆ្នាំ។
កាលពីឆ្នាំ ២០០៨ លោកបានលុបចោលច្បាប់កំណត់អាណត្តិពីរដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតឲ្យលោកអាចកាន់តំណែងគ្មានកាលកំណត់។
នៅពេលដែលអាណត្តិថ្មីនេះបញ្ចប់នៅក្នុងរយៈពេល ៧ ឆ្នាំខាងមុខទៀត លោក Biya នឹងមានអាយុ ៩៣ ឆ្នាំ៕
ប្រែសម្រួលដោយ ភី សុភាដា