ចំនួនអ្នកបាត់បង់ទីលំនៅដោយសារតែគ្រោះទឹកជំនន់កំពុងតែកើនឡើងនៅតំបន់ព្រំដែនរវាងភាគខាងជើងប្រទេសកាមេរូននិងប្រទេសឆាដដែលស្ថិតនៅជិតខាង។
ក្រុមអាជ្ញាធរកាមេរូននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមនៅខែកញ្ញានិងកាន់តែអាក្រក់នៅពាក់ណ្តាលខែវិច្ឆិកាបានធ្វើឲ្យបាក់ច្រាំងទន្លេ Logone។
លោក Ali Khadil ដែលជាកសិករមួយរូបនៅក្រុង Kousseri បានប្រាប់ VOA កាលពីថ្ងៃទី២០ ខែវិច្ឆិកាថា ផ្ទះរបស់លោកនិងផ្ទះចំនួន១៥ខ្នងដទៃទៀតត្រូវបានបំផ្លិចបំផ្លាញដោយសារទឹកជំនន់។
លោក Khadil ថ្លែងថា៖«នៅម៉ោងប្រហែល៥ព្រឹក ទន្លេ Logone ជាប់ព្រំដែននឹងប្រទេសឆាដ បានបាក់ច្រាំង និងគួចយកផ្ទះសម្បែងទាំងអស់។ ខ្ញុំដឹងគុណព្រះជាម្ចាស់ដែលបានជួយជីវិតភរិយាចំនួន២នាក់និងកូនចំនួន៤នាក់របស់ខ្ញុំ។ ប៉ុន្តែគ្រួសាររបស់ខ្ញុំកំពុងតែប្រឈមនឹងភាពអត់ឃ្លាន ហើយកូនៗរបស់ខ្ញុំលែងមានមធ្យោបាយធ្វើដំណើរទៅសាលារៀនតទៅទៀតហើយ»។
អាជ្ញាធរនៅតំបន់ជាយភាគខាងជើងប្រទេសកាមេរូននិយាយថា ផ្ទះរាប់រយខ្នង និងកសិដ្ឋានជាច្រើនត្រូវបានបំផ្លាញចាប់តាំងពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកាមក។
អ្នកនេសាទលោក Oumar Aziz អាយុ ៣៥ឆ្នាំ គឺជាអ្នកតំណាងឲ្យជនរងគ្រោះពីទឹកជំនន់។
លោក Aziz បានថ្លែងថា៖«ពលរដ្ឋកំពុងរង់ចាំស្បៀងអាហារនិងជំនួយសុខាភិបាលជាបន្ទាន់។ ទឹកទន្លេ Logone និងទន្លេ Chari ដែលហូរកាត់ក្រុង Kousseri បានកួចយកបាវខ្សាច់ដែលត្រូវបានដាក់ដើម្បីរារាំងការខូចខាតបន្ថែមទៀតដោយសារទឹកជំនន់នៅក្នុងភូមិ។ ទឹកជំនន់បានបំផ្លាញផ្ទះប្រមាណ៧០ភាគរយតាមបណ្តោយច្រាំងទន្លេ Logone ទាំងនៅក្នុងប្រទេសកាមេរូន និងប្រទេសឆាដ»។
នៅមិនទាន់អាចបញ្ជាក់លម្អិតពីចំនួនផ្ទះសម្បែងដែលត្រូវបានបំផ្លាញដោយសារទឹកជំនន់នៅប្រទេសឆាដនោះទេ។
ប៉ុន្តែប៉ុស្តិ៍ទូរទស្សន៍ជាតិ Tele Chad បានរាយការណ៍ថា រដ្ឋាភិបាលបានបញ្ជូនជំនួយស្បៀងអាហារទៅកាន់ជនរងគ្រោះ។
ចៅហ្វាយក្រុង Kousseri លោក Esseini Darkadre និយាយថា សាលាក្រុងកំពុងផ្តល់ស្បៀងអាហារនិងជំនួយសុខាភិបាលទៅកាន់ភាគីប្រទេសកាមេរូន។
លោក Darkadre ថ្លែងថា៖«កសិករជាច្រើននាក់មកពីតំបន់ដែលឥឡូវនេះ មានសភាពស្ងួតបានទៅស្នាក់នៅតាមបណ្តោយទន្លេដើម្បីដាំនិងលក់ដំណាំនៅប្រទេសកាមេរូននិងប្រទេសឆាដ។ សាលាក្រុងមានគម្រោងផ្លាស់ប្តូរទីតាំងពលរដ្ឋពីតំបន់ងាយរងគ្រោះតាមបណ្តោយទន្លេទៅកាន់ទីដែលមានសុវត្ថិភាពជាងនេះ»។
អាជ្ញាធរកាមេរូននិយាយថា កាកបាទក្រហមអន្តរជាតិនិងអង្គការសហប្រជាជាតិក៏កំពុងផ្តល់នូវជំនួយផងដែរ។
ភ្លៀងធ្លាក់ប្រចាំរដូវពីតំបន់ភ្នំនិងបឹង Chad តែងតែបង្កគ្រោះទឹកជំនន់នៅទន្លេ Logone និង Chari។
គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅភាគខាងជើងប្រទេសកាមេរូនកាលពីឆ្នាំ ២០១២ បានសម្លាប់មនុស្ស ៦០នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាងមួយខែ។
អាជ្ញាធរកាមេរូននិយាយថា គ្រោះទឹកជំនន់កាលពីឆ្នាំមុនបានបណ្តាលឲ្យមនុស្សមួយសែននាក់នៅសងខាងព្រំដែនប្រទេសទាំងពីរបាត់បង់ទីលំនៅ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា