ប្រទេសកេមេរួន ប្រាប់ឲ្យដឹងថា ខ្លួនបានរឹបអូសយកថ្នាំក្លូរ៉ូគីនក្លែងក្លាយពីឱសថស្ថាននិងមន្ទីរពេទ្យយ៉ាងហោចណាស់ក៏ចំនួន៣០០កន្លែងនៅពេលដែលពលរដ្ឋសម្រុកឲ្យទទួលបានថ្នាំកំចាត់ជំងឺគ្រុនចាញ់ក្នុងជំនឿថា ឱសថនេះ អាចបញ្ឈប់មេរោគកូរ៉ូណាបាន។
ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាង៣០០នាក់នៅក្នុងប្រទេសនេះ ចាប់តាំងពីករណីដំបូង បានត្រូវគេរកឃើញកាលពីខែកុម្ភៈមក។
លោក Anatole Lobe នាយកចាត់ចែងនៅមន្ទីរពេទ្យឯកជន Saint Martins ក្នុងទីក្រុងយុនដេ និយាយថា ចាប់តាំងពីរដ្ឋាភិបាល ប្រកាសថា ឱសថក្លែងក្លាយក្លូរូគីន បានត្រូវរកឃើញនៅក្នុងមន្ទីរពេទ្យនិងឱសថស្ថាននៅទូទាំងប្រទេសមក លោកមានការប្រុងប្រយ័ត្នដោយមិនទិញឱសថក្លែងក្លាយដែលធ្វើឲ្យគ្រោះថ្នាកក់ដល់ជីវិតអ្នកជំងឺរបស់លោក។
លោកនិយាយថា៖ «លោកឥឡូវនេះ ទិញថ្នាំមកពីឱសថស្ថានដែលមានការទទួលស្គាល់ជាផ្លូវការនិងអាចទុកចិត្តបាន ពីព្រោះតែតម្រូវការថ្នាំក្លូរ៉ូគីន មានកម្រិតខ្លាំង ហើយអ្នកផ្គត់ផ្គង់ជាច្រើនដែលចង់រកប្រាក់បានឆាប់រហ័សដោយមិនមានការពិចារណាអំពីសុខមាលភាពរបស់ពលរដ្ឋ កំពុងផលិតនិងលក់ថ្នាំក្លូរ៉ូគីនក្លែងក្លាយ»។
លោកស្រី Rose Abondo Ngono Mballa នាយកពិនិត្យគុណភាពឱសថជាតិរបស់កាមេរួន និយាយថា ឱសថក្លែងក្លាយ កំពុងធ្វើឲ្យប៉ះពាល់អ្នកជំងឺដែលព្យាយាមឲ្យបានជាសះស្បើយពីជំងឺគ្រុនចាញ់។
ការសម្រុកទិញថ្នាំក្លូរ៉ូគីន បានចាប់ផ្តើមបន្ទាប់ពីពួកអ្នកស្រាវជ្រាវបារាំង បានប្រកាសថា អ្នកជំងឺចំនួនពាក់កណ្តាលនៃអ្នកជំងឺកូវីដ១៩ទាំងអស់ចំនួន១៤នាក់ដែលបានព្យាបាលដោយថ្នាំព្យាបាលជំងឺគ្រុនចាញ់ មានភាពប្រសើរឡើង ហើយនឹងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកឱសថនោះថា មានប្រសិទ្ធភាពខ្លាំងនៅក្នុងព្យាបាលមេរោគកូរ៉ូណា៕