ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​ពេទ្យ​បូរាណ​នៅកាមេរូន​​ប្រញ៉ាប់​រក​ថ្នាំ​បូរាណ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩​


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ទទួលការបាញ់សម្លាប់មេរោគនៅមន្ទីរពេទ្យមួយក្នុងក្រុង Douala ប្រទេសកាមេរូន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ទទួលការបាញ់សម្លាប់មេរោគនៅមន្ទីរពេទ្យមួយក្នុងក្រុង Douala ប្រទេសកាមេរូន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

គ្រូ​ពេទ្យ​បូរាណ​ដែល​សុំ​បញ្ចេញ​តែ​ឈ្មោះ​ផ្ទាល់​ខ្លួន​ឈ្មោះ​លោក​ Dewah ​បាន​និយាយ​ថា​ បណ្តាញ​ គ្លីនិក​នៃ​ថ្នាំ​បូរាណ​របស់​លោក​នៅ​ទូទាំង​ប្រទេសកាមេរូន​មាន​អ្នក​ជំងឺ​ច្រើន​នាក់​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​តាំង​ពី​ខែមីនា​មក។​

លោក​បាន​និយាយ​តាម​រយៈ​បណ្តាញ​ messaging application ​ពីក្រុង​ Kumba ​នៅ​ក្នុង​ប៉ែក​និរតី​នៃ​ប្រទេស​កាមេរូន​ថា​ ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​ទៅ​នេះ​ លោក​បាន​ទទួល​មនុស្ស​យ៉ាង​តិច​ណាស់​៨​រយ​នាក់​ពី​ប្រទេសកាមេរូន​ ពី​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​ប្រទេសឆាដ ​ ដែល​និយាយ​ថា​ ពួក​គេ​ប្រញាប់​ប្រញ៉ាល់​រក​ថ្នាំ​បូរាណអាហ្វ្រិក ​ ពី​ព្រោះ​មាន​គេ​និយាយ​ថា​ ​គ្មាន​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​ឱ្យ​ជា​សះ​ស្បើយ​តាម​វេជ្ជសាស្ត្រ​ទំនើប​ទេ។​

លោក​ Dewah ​បាន​ថ្លែង​ថា​ មាន​តម្រូវ​ការ​ឱសថ​បូរាណ​ច្រើន​ដែល​នាំ​ឱ្យ​លោក​មិន​អាច​ព្យាបាល​អ្នក​ជំងឺ​ខ្លះ​ដោយ​សារ​លោក​អស់​ថ្នាំ​ផលិត​ពី​រុក្ខជាតិ​ដែល​លោក​រក​បាន​ពី​ព្រៃ។​

ទោះ​ណា​ជា​គ្មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​ក៏​ដោយក៏​លោក​និយាយ​អះអាង​ថា​ ​ថ្នាំ​បូរាណ​នេះ​អាច​ព្យាបាល​រោគ​សញ្ញា​ទាំង​អស់​នៃ​ជំងឺ​កូវីដ១៩​ ហើយ​បាន​ជួយ​ពួក​អ្នក​ជំងឺ​ឱ្យ​ផុត​ពី​ការ​ស្លាប់​ថែម​ទៀត​ផង។​

អ្នក​ស្រី​ Dianne Sop ​ដែល​ជា​ពេទ្យ​បុរាណ​ម្នាក់​នៅ​ក្នុង​ក្រុង​ Yaounde ​បាន​និយាយ​ថា​ កាល​ពី​ខែ​មុន​ អ្នក​ស្រី​បាន​ទទួល​អ្នក​ជំងឺ​ប្រមាណ​២០០​នាក់​ដែល​ស្វះ​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។​

អ្នកស្រី​ Sop ​បាន​និយាយ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​ ខែ​ឧសភា​ ​អ្នក​ស្រី​បាន​ទទួល​អ្នក​ជំងឺ​១០​នាក់​ក៏​ប៉ុន្តែ​អ្នក​ស្រី​ត្រូវតែ​បញ្ជូន​អ្នក​ជំងឺ​បួន​នាក់​ទៅ​វិញ​ ពីព្រោះ​អ្នក​ស្រី​រង់​ចាំ​ទទួល​ឱសថ​បូរាណ​ថែម​ទៀត។​

ពួក​អ្នក​ស្រាវ​ជ្រាវ​ខាង​វេជ្ជសាស្ត្រ ពួក​វេជ្ជ​បណ្ឌិត​ និង​រដ្ឋាភិបាល​ប្រទេស​កាមេរូន​បាន​សុំ​ឲ្យ​ពួក​អ្នក​ជំងឺ​កុំ​ពឹង​ពាក់​លើ​ថ្នាំ​បូរាណ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ ហើយ​ត្រូវ​តែ​រក​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​វិញ។​

អ្នក​ស្រី ​Merilyne Peyou ​ដែល​ជា​ឱសថ​ការិនី​នៅ​ក្នុង​ក្រុង​ Douala ​កត់​សម្គាល់​ថា​ ពលរដ្ឋកាមេរូន​ច្រើន​នាក់​រស់​នៅ​ឆ្ងាយ​ពី​មន្ទីរ​ពេទ្យ​ ក៏​ប៉ុន្តែ​អាច​រក​ឱសថ​បូរាណ​បាន​ដោយ​ងាយ។​

អ្នក​ស្រី​ Peyou ​និយាយ​ថា​ ឱសថ​ជា​ច្រើន​ដែល​លក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​និង​ឱសថ​ស្ថាន​នៅ​ក្នុង​ទ្វីប អាហ្វ្រិក​មាន​ប្រភព​ពី​រុក្ខ​ជាតិ​មាន​ក្លិន​ក្រអូប​ប្រើ​ធ្វើ​គ្រឿង​ទេស​ ឬ​ថ្នាំ​និង​ស្លឹក​ឈើ​ ដែល​បាន​ត្រូវ​ប្រើ​ដោយ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ព្យាបាល​ពលរដ្ឋអាហ្វ្រិក​នៅ​មុន​ពេល​មាន​វេជ្ជសាស្ត្រ​ទំនើប។​ អ្នក​ស្រី​ Peyou​បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ឧបសគ្គ​នៃ​ថ្នាំ​បូរាណ​អាហ្វ្រិក​គឺ​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ទុក​ថ្នាំ​ទាំង​នេះ។​ឱសថ​បូរាណ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ពុល​ហើយ​ពួក​ពេទ្យ​បូរាណ​មិន​ដឹង​អំពី​ខ្នាត​ថ្នាំ​ដែល​ពួក​គេ​ឱ្យ​អ្នក​ជំងឺ​ប្រើ​ទេ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ​ខែ​ឧសភា​ ក្រសួង​សុខាភិបាល​ប្រទេស​កាមេរូន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ព្រមាន​ថា​ ​ការ​អះអាង​ដោយ​ពួក​ពេទ្យ​បូរាណ​ដែល​និយាយ​ថា ​ពួក​គេ​អាច​ព្យាបាល​ជំងឺ​កូវីដ១៩​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ទាញ​យក​ប្រយោជន៍​ខាង​ហិរញ្ញ​វត្ថុ​ពី​ពួក​ជន​ដែល​រងគ្រោះ​ដោយ​សារ​វីរុស​នេះ​ឬ​ដែល​ព្រួយ​បារម្ភ​អំពី​ជំងឺ​កូវីដ១៩។

លោក​ Gidium Peliegho ​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ខាង​ឱសថ​បុរាណ​បាន​និយាយ​ថា​ អាជ្ញាធរ​គួរ​ធ្វើការ​ដើម្បី​ឱ្យ​ដឹង​ថា​ រុក្ខជាតិ​មាន​ក្លិន​ក្រអូប​ប្រើ​ធ្វើ​គ្រឿង​ទេស ឬ​ថ្នាំ​ណា​ខ្លះ​ដែល​អាច​ព្យាបាល​ជំងឺ​កូវីដ១៩​បាន​ហើយ​អាជ្ញាធរ​គួរ​ជួយ​អភិវឌ្ឍ​ការ​ព្យាបាល​ជំងឺ​នេះ​ឱ្យ​ជា​សះស្បើយ​ផង។​

លោក​ Peliegho ​និយាយ​ថា៖ ​«យើង​ត្រូវការ​ជំនួយ​ហិរញ្ញ​វត្ថុ​និង​ជំនួយ​ផ្លូវ​ចិត្ត។​ នេះ​មិនមែន​ជា​ពេល​វេលា​ដែល​គិត​តែ​ពី​ការ​សង្ស័យ​ថា​ ​ ថ្នាំ​បូរាណ​អាហ្វ្រិក​មិន​អាច​ជួយ​អ្វី​កើត​នោះ​ទេ។​ អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​បំផុត​គឺ​ជួយ​សង្គ្រោះ​មនុស្ស​ក្នុង​ពិភពលោក​ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ»។​

អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​បាន​កត់​សម្គាល់​ថា​ ការ​ប្រើ​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩​ដែល​មិន​បាន​ត្រូវ​ស្រាវជ្រាវមាំទាំ​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ អង្គការ​សុខភាព​ពិភព​លោក​បាននិយាយ​ថា ​ឱសថ​ដែល​មិន​បាន​ត្រូវ​ធ្វើ​តេស្ត ​និង​មិន​បាន​បង្ហាញ​ថា​ មាន​ប្រសិទ្ធ​ភាព​នោះ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ហើយ​បំបែក​អារម្មណ៍​ពី​វិធានការ​ដែល​មាន​ប្រសិទ្ធ​ភាព​ដូចជា​ការ​លាង​សម្អាត​ដៃ​និង​ការ​នៅ​ឃ្លាត​ពីគ្នា​ជា​ដើម៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម​ សុមេធ​

XS
SM
MD
LG