នៅថ្ងៃសុក្រនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា«ខេមបូចា»ដែលជាស្ថាប័នធ្វើការដើម្បីលើកកម្ពស់សារព័ត៌មាននិងការពារអ្នកសារព័ត៌មានត្រូវបានដាក់សម្ពោធឲ្យដំណើរការនៅរាជធានីភ្នំពេញជាផ្លូវការ។
សម្ព័ន្ធអ្នកសារព័ត៌មាន «ខេមបូចា» ត្រូវបានបង្កើតឡើងដោយក្រុមអ្នកយកព័ត៌មានបន្ទាប់ពីសារព័ត៌មាន The Cambodia Daily និងការិយាល័យប្រចាំរាជធានីភ្នំពេញរបស់វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទទ្វាក្នុងឆ្នាំ២០១៧ និងបន្ទាប់ពីអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីត្រូវបានចាប់ខ្លួននិងរងការចោទប្រកាន់របស់តុលាការ។
លោក ណុប វី ដែលជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍នៅក្នុងពិធីសម្ពោធនោះថា បន្ទាប់ពីសារព័ត៌មានឯករាជ្យមួយចំនួនបានបិទការិយាល័យរបស់ពួកគេ វត្តមានរបស់«ខេមបូចា» មានសារៈសំខាន់ក្នុងការធានានូវឯករាជ្យភាពរបស់អ្នកសារព័ត៌មានដែលមិនចំណុះនឹងរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍដែលមានចីរភាព។
លោក ណុប វី មានប្រសាសន៍ថា៖
«ប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ការជំរុញឲ្យមានតម្លាភាព គណនេយ្យភាព ការពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម ការកាត់បន្ថយវិសមភាពនៅក្នុងសង្គម និងជាពិសេសគឺការពង្រឹងសន្តិភាព និងការធ្វើឲ្យសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោក ណុប វី បានបន្ថែមថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុង ការចូលរួមលើកកម្ពស់ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គមនានា។
សហគមន៍អន្តរជាតិ រួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ ធ្លាប់បានប្រតិកម្មចំពោះការចាប់ខ្លួនអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីគឺលោក អ៊ួន ឈិន និងលោក យៀង សុធារិន្ទ ហៅ យៀង សុជាមេត្តា និងបានទទូចឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។
យោងទៅលើរបាយការណ៍ចេញឆ្នាំ២០១៩ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយដែលជាអង្គការអន្តរជាតិធ្វើការដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានបានឲ្យដឹងថា សេរីភាពសារព័ត៌មានកម្ពុជាក្នុងឆ្នាំ២០១៨អាក្រក់ជាងឆ្នាំ២០១៧មួយកម្រិត។
សេរីភាពសារព័ត៌មាននៅកម្ពុជា ចុះចំណាត់ថ្នាក់មកលេខ១៤៣ នៅឆ្នាំ២០១៨ក្នុងចំណោមសេរីភាពសារព័ត៌មាននៅប្រទេសចំនួន១៨០លើពិភពលោក។នេះបើយោងតាមអង្គការឃ្លាំមើលសេរីភាពសារព័ត៌មានដដែល៕