ក្នុងខួបពីរឆ្នាំនៃការចាប់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដោយចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ នៅថ្ងៃព្រហស្បតិ៍នេះអង្គការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតសហរដ្ឋអាមេរិកផង បានអំពាវនាវឲ្យមានការទម្លាក់ចោលបទចោទទៅលើអ្នកទាំងពីរ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលប្រើឈ្មោះក្នុងការផ្សាយថា យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានទូតសហរដ្ឋអាមរិកប្រចាំកម្ពុជា អង្គការអន្តរជាតិធំៗចំនួនបីដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ និងមូលនិធិ Cloony ដើម្បីយុត្តិធម៌ ព្រមទាំងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាផង បានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឲ្យតុលាការកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើពួកគេទាំងពីរនិងដោះលែងឲ្យពួកគេមានសេរីភាពពេញលេញ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់និងឃុំខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ព្រមទាំងការអូសបន្លាយដំណើរការកាត់ក្តីលើពួកគេ គឺជាការបំផ្លាញសេរីភាពសារព័ត៌មាននិងធ្វើឲ្យអ្នកផ្សេងទៀតមិនចង់ធ្វើការងារជាអ្នកសារព័ត៌មាន។
ស្ថានទូតអាមេរិកបញ្ជាក់តាមន័យដើមថា៖«ការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានទាំង២រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិ និងសេរីភាពពេញលេញ នឹងកែតម្រូវឡើងវិញនូវអំពើអយុត្តិធម៌ គោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសប្រជាធិបតេយ្យ»។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែវិច្ឆិកា នេះថា សំណុំរឿងរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គួរតែត្រូវបានទម្លាក់ចោលជាយូរមកហើយ ប៉ុន្តែលោកថា រដ្ឋាភិបាលទុកករណីនេះដើម្បីគំរាមអ្នកសារព័ត៌មានផ្សេងទៀត។
«រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមានចេតនាប្រើប្រាស់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ជាការព្រមានដល់អ្នកសារព័ត៌មានឯករាជ្យដទៃទៀត។ ករណីមិនចេះចប់មិនចេះហើយនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបំបិទការរាយការណ៍សំខាន់ៗទាំងអស់នៅក្នុងប្រទេស»។
ចំណែកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដែលជាសមាគមថ្មីមួយបង្កើតដោយអ្នកសារព័ត៌មានឯករាជ្យ ក៏បានអំពាវនាវឲ្យមានការទម្លាក់ចោលបទចោទលើកទាំងពីរ ដោយលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំនេះ អតីតអ្នកកាសែតអាស៊ីសេរីទាំងពីររស់នៅដោយមិនមានសិទ្ធិសេរីភាពពេញលេញ ដោយសារតែការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបញ្ជាក់ថា៖ «ខេមបូចាចាត់ទុកការបន្តសំណុំរឿងនេះ ជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អតីតអ្នកសារព័ត៌មានទាំងពីរនាក់ និងជាការគំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាទាំងមូល»។
ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានទាំងពីរពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទចារកម្មនេះ អាចឲ្យពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៧ ដល់ ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេមានទោស។ ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់នេះ ហើយមេធាវីរបស់ពួកគេបាននិយាយថា ពួកគេបានបំពេញការងាររបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មានប៉ុណ្ណោះ។
អតីតអ្នកសារព័ត៌មានទាំងពីរ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ តែមិនមានការប្រកាសសាលក្រម។ នៅថ្ងៃទី៣ ខែតុលា ដែលជាថ្ងៃកំណត់ប្រកាសសាលក្រម តុលាការបានបង្គាប់ឲ្យស៊ើបអង្កេតសំណុំរឿងពួកគេទាំងពីរឡើងវិញ ដោយមិនកំណត់ថ្ងៃបើកសវនាការដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានក្នុងសំណុំរឿងនេះមិនទាន់មានគ្រប់គ្រាន់ និងត្រូវការពេលវេលាសម្រាប់បន្តការស៊ើបអង្កេត។
បច្ចុប្បន្នពួកគេទាំងពីរកំពុងស្ថិតនៅក្រៅមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិតដប់ខែ។ អំឡុងពេលស្ថិតនៅក្រៅឃុំ តុលាការបានដកហូតលិខិតឆ្លងដែន ព្រមទាំងសម្ភារៈបម្រើការងារសារព័ត៌មានរបស់ពួកគេ និងតម្រូវឱ្យពួកគេរាយការណ៍ទៅសមត្ថកិច្ចជារៀងរាល់ខែ។
លោក យាង សុធារិន្ទ ដែលមានភរិយា និងកូនស្រីប្រុស២នាក់វ័យជាង១០ឆ្នាំក្នុងបន្ទុក ប្រាប់ VOA ថា ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីមានការចាប់ និងឃុំខ្លូនលោក រហូតដោះលែងឲ្យនៅក្រៅឃុំ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ លោក និងក្រុមគ្រួសារត្រូវរស់នៅដោយភាពភ័យខ្លាច ទាំងបាត់បង់សេរីភាព និងប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងខ្លាំង។ លោកបន្តថា ករណីចោទប្រកាន់លើលោក និងលោក អ៊ួន ឈិន គឺជាការចោទប្រកាន់ដែលមិនសមហេតុផល។
«ខ្ញុំនៅតែយល់ថា ហាក់បីដូចជាយកយើងខ្ញុំទាំងពីរនាក់ហ្នឹងធ្វើជាចំណាប់ខ្មាំងនយោបាយអីមួយអញ្ចឹង។ ហើយអញ្ចឹងខ្ញុំយល់ថាមិនគួរណាយកយើងខ្ញុំទាំងពីរនាក់ហ្នឹងជាឧបករណ៍សម្រាប់អ្នកណាមួយទេ គួរតែផ្តល់នូវយុត្តិធម៌ សេរីភាព។ ហើយជាពិសេសដែលខ្ញុំផ្តោតសំខាន់ហ្នឹង គឺតុលាការហ្នឹងមានតួនាទីក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
ចំណែកលោក អ៊ួន ឈិន ដែលកំពុងចិញ្ចឹមកូនស្រីតូចអាយុជិត៤ឆ្នាំ តែម្នាក់ឯងនោះ និយាយថា ការបន្តដាក់ពួកលោកឲ្យនៅក្រោមការឃ្លាំមើលតុលាការ ជាការដាក់សម្ពាធ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសេដ្ឋកិច្ច។ លោកបន្តដោយអំពាវនាវឲ្យតុលាការលើកលែងការចោទប្រកាន់លើពួកគេទាំងពីរ និងប្រគល់សម្ភារៈដែលតុលាការបានចាប់យក ដើម្បីឲ្យលោកអាចប្រកបរបរចិញ្ចឹមជីវិត និងកូនស្រីតូចរបស់លោកបានវិញ។
«ជីវិតពួកបងហ្នឹង គឺវាហាក់ដូចជាអត់មានលំនឹងជីវិត។ សាលាកូនរៀនក៏គិតថាបណ្តោះអាសន្នៗ។ ហើយគិតថា មិនដឹងថាកូនរៀនបានរយៈពេលប៉ុន្មានទេដែលយើងអស់លទ្ធភាពឲ្យកូនរៀន?»។
ការចាប់ខ្លួនលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន បានកើតឡើង នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាបលើសារព័ត៌មានមុនការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៨។ ក្នុងការបង្ក្រាបនោះ ស្ថានីយ៍វិទ្យុជាច្រើនដែលរួមមានវិទ្យុអាស៊ីសេរីផង ត្រូវបានបិទ ហើយកាសែតជាភាសាអង់គ្លេស ដឹខេមបូឌាដេលីត្រូវបានបង្ខំឲ្យបិទការិយាល័យ ដោយសាររដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន៦,៣លានដុល្លារ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការអំពាវនាវរបស់អង្គការ និងស្ថាប័នទាំងនោះ គឺមានចរឹតនយោបាយ ជាជាងលើកឡើងអំពីនីតិវិធីតុលាការ។
«ការអំពាវនាវគឺវាមានចរឹតជានយោបាយ ហើយភ្ជាប់ជាមួយហ្នឹងទិដ្ឋភាពនយោបាយច្រើនជាង ជាជាងមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាននៅកម្ពុជា»។
លោកបន្ថែមអំពីដំណើរការនីតិវិធីតុលាការលើសំណុំរឿងនេះថា៖ «ដោយសារតែចៅក្រមមិនទាន់អាចធ្វើការសន្និដ្ឋាន វិនិច្ឆ័យទៅលើសំណុំរឿងនេះកើត។ ហើយដើម្បីធានានូវភាពយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ គឺត្រូវការនូវការស៊ើបសួរ និងដំណើរការនីតិវិធីនៃការស៊ើបអង្កេតបន្ថែម។ អញ្ចឹងទេគឺថា ការទម្លាក់ចោលបទចោទ ឬក៏មិនទម្លាក់ហ្នឹង វាអាស្រ័យលើលទ្ធផលនៃការស៊ើបសួររបស់តុលាការ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញប្រាប់ VOA យ៉ាងខ្លីថា៖«កំពុងមានចំណាត់ការតាមនីតិវិធី នៃចៅក្រមស៊ើបសួរ»។
ក្នុងសេចក្តីរាយការណ៍របស់ VOA កន្លងទៅ ក្រោយការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែត និងអ្នកតស៊ូមតិលើផ្នែកប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន គឺអាក្រក់បំផុតក្នុងប្រវត្តិការងាររបស់ពួកគេ ដោយសារអ្នកសារព័ត៌មានជាច្រើននាក់បានចាប់ផ្តើមរឹតត្បិតការសរសេរព័ត៌មានរបស់ខ្លួន ហើយអ្នកខ្លះទៀតត្រូវលាឈប់ពីអាជីពមួយនេះ និងខ្លះទៀតត្រូវបង្ខំចិត្តចាកចេញពីប្រទេស។
សេរីភាពសារព័ត៌មានរបស់កម្ពុជានៅតែមានស្ថានភាពរឹតត្បិតខ្លាំង។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាពី១៤២ ទៅ១៤៣ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍វាយតម្លៃដើមឆ្នាំនេះ៕