សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលហៅកាត់ថា ខេមបូចា ដែលទើបតែត្រូវបានបង្កើតឡើងដើម្បីការពារអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជាក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ខេមបូចាដែល VOA ទទួលបាន។
សេចក្ដីថ្លែងការណ៍ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា អ្នកសារព័ត៌មានពីរនាក់របស់សារព័ត៌មានសំឡេងប្រជាធិបតេយ្យហៅកាត់ថា VOD គឺលោក វណ្ណ វិចារ និងលោក ជន ចាន់រ៉ែន ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីរសៀលថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា នៅពេលដែលពួកគេកំពុងយកព័ត៌មាននៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាក់ទងនឹងដំណើរធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក វណ្ណ វិចារ និងលោក ជន ចាន់រ៉ែន ត្រូវបានកងកម្លាំងរាជអាវុធហត្ថឃាត់ខ្លួន ខណៈពេលដែលអ្នកសារព័ត៌មានទាំងពីររូបនេះ កំពុងព្យាយាមថតរូបនិងថតវីដេអូអំពីសកម្មភាពតវ៉ារបស់អាជីវករដឹកត្រី ដែលបានទាមទារឲ្យអាជ្ញាធរបើកច្រកព្រំដែន ដើម្បីបានយកត្រីទៅលក់ក្នុងទឹកដីថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែលនោះ។
ក្រោយពីបានសាកសួរអស់រយៈពេលជាងបីម៉ោង លោកទាំងពីរត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យ «ធ្វើកិច្ចសន្យាមួយមុននឹងត្រូវបានដោះលែង»។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃខេមបូចា បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ការហៅអ្នកសារព័ត៌មានទាំងពីរនាក់នៅសាកសួរធ្វើឲ្យអ្នកសារព័ត៌មានមានភាពភ័យខ្លាច»។
លោកបានបន្ថែមថា៖ «ការហៅទៅសាកសួរនេះបង្ហាញថា អាជ្ញាធរកំពុងរឹតត្បិតសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជា»៕