ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​ខ្មែរ​រំឭក​វីរភាព​របស់​លោក​ កែម ឡី​និង​ទាមទា​រក​យុត្តិធម៌​សម្រាប់​លោក​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាត​លោក


រូបឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)

ថ្ងៃ​អង្គារ​ទី​១០​ខែកក្កដា​នេះ​គឺ​ជា​ខួប​គំរប់​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារ​បណ្ឌិត​ ​កែម ឡី​ អ្នកវិភាគ​​ ដែល​​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ទាំង​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ផងនិង​គណ​បក្ស​ជំទាស់​ផង។​ នៅ​ថ្ងៃ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​ គេ​ឃើញ​មាន​ការ​រៀបចំ​​ពិធី​នៅ​តាម​កន្លែង​ផ្សេងៗ​គ្នា ​និង​នៅមុខ​ហាង​កា​ហ្វេ​ដែល​លោក ​កែម​ ឡី​ត្រូវ​បាន​បាញ់​សម្លាប់។

នៅ​ថ្ងៃ​អង្គារ​នេះ​ អ្នក​ធ្វើ​ការ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​គាំទ្រ​លោក​ ​កែម ឡី អ្នកវិភាគ​ដ៏​លេច​ធ្លោ ​បាន​ប្រារព្ធ​និង​ចងចាំ​ខួប​ទីពីរ​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារ​លើ​រូប​លោក​នៅ​តាម​កន្លែង​រៀងៗ​ខ្លួន​ មាន​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​នៅកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាតករ​បាញ់​ប្រហារ​កាល​ពី​២ឆ្នាំ​មុន​ក្នុង​រាជធានី​ភ្នំពេញ។​

ក្នុង​ថ្ងៃ​នេះ​ដែរ​ ​អ្នក​គាំទ្រ​លោក​ ​កែម ឡី ក៏​បាន​រំឭក​ពី​ស្នា​ដៃ​ ​វីរភាព​របស់​លោក​ក្នុង​ការ​ជួយសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សង្គម។​ ​ហើយ​ពួក​គេ​ក៏​បានអំពាវនាវ​រក​យុត្តិធម៌​សម្រាប់​រូប​លោក​និង​ក្រុម​គ្រួសារ​ ​ដោយ​ដាក់​មន្ទិល​សង្ស័យ​ទៅ​លើ​ជន​ឈ្មោះ​ ​ជួប សម្លាប់​ ​ដែល​ត្រូវ​តុលាការ​កាត់​ទោស​អស់​មួយ​ជីវិត។​

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​នៃមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ Central​ ​ដែល​បាន​ចូល​រួម​រំឭក​ខួប​នៃ​ការ​បាញ់​ប្រហារ​លោក ​កែម ឡី​ ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ​VOA​ ​ថា​ សន្ទុះ​នៃ​ការ​គាំទ្រ​និង​ការសោក​សង្រេង​ក្នុង​ការ​បាត់បង់​លោក​ ​កែម ឡី​ ​នៅ​តែ​ខ្លាំងក្លា​ ​ដែល​នេះ​បង្ហាញ​ពីការ​ចង់​បាន​យុត្តិធម៌​សម្រាប់​លោក​ កែម ឡី​ ​និង​សង្គម។​ ​លើស​ពីនេះ​ទៀត​ វីរភាព​និង​ការ​ហ៊ាន​តស៊ូមតិ​របស់ ​លោក​ ​កែម ឡី​ នៅ​តែ​ទទួល​ការ​គោរព​កោត​សរសើរ​ពី​ពល​រដ្ឋ​ខ្មែរ។​

លោក​ ​មឿន តុលា​ ​បាន​បញ្ជាក់​ថា៖​

«លោក​បណ្ឌិត​ស្លាប់បាត់បង់ជីវិត​ពីរឆ្នាំ​ទៅ​ហើយ​ក៏ដោយ​ ក៏ប៉ុន្តែ​សន្ទុះ​មហាជន​ដែល​គោរព​ស្រឡាញ់ ​ឬ​ក៏​គាំទ្រ​គាត់​ហ្នឹង​ ឬ​ក៏​គោរព​ស្រឡាញ់យោបល់​របស់​គាត់​ហ្នឹង​នៅតែមាន​ មនោសញ្ចេតនាហ្នឹង​នៅ​តែ​មាន​ដដែល។​ ​ជាក់ស្តែង​មាន​អ្នក​ប្រារព្ធ​ការ​អុជ​ធូប​ដល់​លោក​បណ្ឌិត​ហ្នឹង​គឺ​នៅ​មាន​ច្រើន​នាក់»។​

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​បាន​បន្ត​ថា៖​

«លោក​បណ្ឌិត​ ​កែម ឡី ​ស្លាប់​បាត់បង់​ជីវិត​រយៈ​ពេល​២​ឆ្នាំ​ទៅ​ហើយ​ ​បើ​យើង​ប្រៀបធៀប​ទៅ​ឥស្សរៈ​ជន​នយោបាយ​មួយ​ចំនួន ​ក៏​អី​ចឹង​ដែរ ​បាន​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើនឆ្នាំ​ទៅ​ហើយ​ ​ក៏​មិន​ស៊ូវ​មាន​នរណា​ម្នាក់​នៅ​ចងចាំ​ដូច​លោក​បណ្ឌិត​កែម ឡី​ ដែរ។​ នេះ​ជា​ចំណុចមួយ​ឱ្យ​សាធារណជន​ទូទៅ ​ឬក៏​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ដឹងថា ​យើង​រក្សា​នូវ​អំពើ​ល្អ។ ​យើង​រក្សានូវ​គុណ​តម្លៃ​មួយ​សម្រាប់​សង្គម​ ​ទោះ​បី​យើង​ស្លាប់​បាត់​ ​តែ​កេរ្តិ៍ឈ្មោះ​របស់យើង​គឺ​អត់​បាត់​ទេ​ ​បាទ»!

អ្នក​វិភាគ​ខ្មែរ​ ​លោក​បណ្ឌិត​ ​កែម ឡី​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ ​កណ្តាល​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃទី​ ​១០​ខែ​ ​កក្កដា​ ឆ្នាំ​២០១៦។​ ​លោក​ ​កែម ឡី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ តែង​តែ​រិះគន់មិន​សំចៃ​មាត់​ ​ចំពោះ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ និង​គណ​បក្ស​ជំទាស់​ផង​ដែរ។​

ក្នុង​ថ្ងៃ​ខួប​ពីរ​ឆ្នាំនៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ នៅថ្ងៃ​អង្គារនេះ ក៏មាន​ការ​ដាក់​កម្រង​ផ្កា​និង​ការ​គោរព​បូជា​នៅ​មុខ​ហាង​កាហ្វេ​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់​សម្លាប់​ក្នុង​ថ្លុក​ឃាម​ផង​ដែរ។​

លោក សឹង សែនករុណា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​(ADHOC)​ ​ដែល​ចូល​រួម​ដាក់​កម្រង​ផ្កា​ជា​លក្ខណៈ​ឯកជន​ និង​ការ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​ ​នៅ​មុខ​ទី​ដែល​លោក កែម ឡី​ ​ត្រូវ​បាន​បាញ់​សម្លាប់​ ​បាន​ប្រាប់​ VOA​ ​ថា​ ការ​រំឭក​ខួប​ពីរ​ឆ្នាំ​នេះ​គឺ​មិន​មាន​ការ​ណាត់​ទុក​នោះ​ទេ​ ហើយ​ការ​ទៅ​រំឭកទៀត​សោត​ក៏​ក្នុង​នាម​ផ្ទាល់​ខ្លួន ​ដែល​ធ្លាប់​ធ្វើ​ការ​រួម​ជា​មួយ​លោក ​កែម ឡី​ ​ឬ​ក៏​គោរព​ដល់​វីរភាព​របស់​លោក។​

«នៅ​ពេល​ដែល​យើង​ទៅ​ដល់​ទី​នោះ​គឺ​យើងនឹក​ឃើញ​ ​និងសោក​ស្តាយ​អំពី​ការ​ដែល​ឃាតករ​ ដែល​បាន​លើក​ដៃ​បាញ់​ប្រហារ​លោក​នៅ​ទី​កន្លែង​ហ្នឹង!​ ​យើង​នឹក​ឃើញ​និង​បាន​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ដែល​បាន​ចូល​រួម​ហ្នឹង​ មាន​អារម្មណ៍​ក្តុកក្តួល​នៅ​ពេល​ហ្នឹង»។​

លោក​ ​សឹង សែនករុណា​ ​ក៏​បាន​បញ្ជាក់​ពី​ការ​ចង់​ចាំវីរភាព​និង​ការ​ពុះពារ​របស់​លោក​បណ្ឌិត​ ​កែម ឡី​ ​ក្នុង​ការ​បង្ហាញ​ការណ៍​ពិត​ក្នុង​សង្គម​ដល់​ពល​រដ្ឋ​ខ្មែរ។​ ​លោក​បន្ត​ថា​ លោក​ ​កែម ឡី​ ​ក៏​ជាជន​មួយ​រូប​ដែល​ជំរុញ​ឱ្យ​លោក​ ​និង​យុវជន​ជំនាន់​ក្រោយ​ហ៊ាន​បញ្ចេញការ​តស៊ូ​មតិដើម្បី​ប្រយោជន៍​សង្គម។

«ទាំង​អស់​នេះ​គឺ​កើត​ចេញ​ពី​ភាព​ឈឺចាប់​នៃការ​បាត់​បង់​គាត់​ហ្នឹង! ​ហើយ​យើង​យល់​ថា ​គាត់​គឺ​ជាអ្នក​ដែល​មាន​វីរភាព​ ​និង​បណ្តុះ​នូវ​ស្មារតី​ ​និង​ភាព​ក្លាហាន​ដល់​អ្នក​ជំនាន់​ក្រោយ»។​

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​ ​លោក​បណ្ឌិត​ ​កែម ឡី​ ​កាល​ពី២ឆ្នាំ​មុន​ ​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​ឈ្មោះ​ ​ជួប សម្លាប់​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​និង​បានអះអាង​ថា​ ​ខ្លួន​ជា​ឃាត​ក​សម្លាប់​លោក​ ​កែម ឡី​ ​ដោយ​សារ​លោក​ ​កែម ឡី​ ​ជំពាក់​លុយ​ជាង​៣​ពាន់​ដុល្លារ​មិន​ព្រម​សង។​ ​ក្រោយ​មក​ ជន​ឈ្មោះ​ ​ជួប សម្លាប់​ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ ​កាល​ពី​ចុងខែ​មីនា​ ​ឆ្នាំ​២០១៧​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ​បើ​ទោះជា​មាន​មន្ទិល​ពី​ក្រុម​គ្រួសារ​ និង​សាធារណ​ជន​ថា​ ​ជួប សម្លាប់ ជា​ឃាតក​សិប្បនិម្មិត​ក៏​ដោយ។

បន្ទាប់​ពី​ការ​កាត់ទោស​ ​ជួប សំលាប់​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ចំនួន​៦៥​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​ស៊ើប​អង្កេត ​និង​សវនាការ​របស់​តុលាការ​ដំណើរការ​ទៅ​ដោយ​មិន​ពេញ​លេញ​ ​និង​ខ្វះ​តម្លាភាព។​ពួកគេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទាក់ទង​ឃាតកម្ម​លើ​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​រូប​នេះ។

លោក​ ​សឹង សែនករុណា នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ​(ADHOC)​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក៏​បាន​បង្ហាញ​ក្តី​មន្ទិល​ពីការ​រក​ឃើញ​នេះ​ផង​ដែរ។​ ​លោក​បន្ត​ថា​តុលាការ​គួរ​បង្ហាញតម្លាភាព​នៃ​ការ​ស៊ើប​អង្អេត​លើ​ករណី​ឃាតកម្មលើ​លោក​ ​កែម ឡី​ ​ដើម្បី​ឲ្យ​សារធារណ​ជនអស់​ក្តី​ចម្ងល់។​

អ្នក​ចូល​រួម​ម្នាក់​ទៀត ​ដែល​បានដាក់​កម្រង​ផ្កា​ និង​រំឭក​វីរភាព​របស់​លោក​ ​កែម ឡី​ គឺ​ លោក​ ​រ៉ុង ឈុន​ ប្រធាន​សហ​ភាព​សហជីព​កម្ពុជា​ ​និង​ជា​អតីត​សមាជិក​គ.ជ.ប. ​បាន​ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន​សម្រាប់​លោក​ ​កែម ឡី​ ​និង​ក្រុម​គ្រួសារ​លោក​ ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ ហើយ​លោក​ក៏ជឿ​ជាក់ផង​ដែរ​ថា ជួប សម្លាប់​ ​នៅ​តែ​មិនមែន​ជាឃាត​ក​ពិត​ប្រាកដ​ផង​ដែរ។

លោក​ ​រ៉ុង ឈុន​ ​បន្ត​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​ ក្នុង​នាម​សហភាព​សហជីព​កម្ពុជា​ ​យើង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ ដើម្បី​វែកមុខ​រក​ឃាតក​រពិត​ និង​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម​ហ្នឹង​បាទ»។​

យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​លី សុផាណា​ មិន​បានផ្តល់​អត្ថាធិប្បាយ​ណា​មួយ ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​នោះ​ទេ​ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

នៅថ្ងៃ​នៃ​ការ​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​សម្លាប់​លោក​ ​កែម ឡី​ ​គេ​សង្កេត​ឃើញ​ថា​ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ទូទាំង​ពិភព​លោក ​ក៏​បាន​បង្ហោះ​សារ​និង​រូប​ភាព​ដើម្បី​រំឭក​ និង​គោរព​ចំពោះ​លោក​ កែម ឡី​ ​ដែល​ជា​អ្នក​វិភាគ​ដ៏​មាន​ប្រជា​ប្រិយភាព​ផង​ដែរ។​

ជា​មួយ​គ្នា​នោះ​ដែរ​ ​ភរិយា​របស់​លោក​បណ្ឌិត​ ​កែម ឡី​ ​គឺ​លោក​ស្រី​ ​ប៊ូ រចនា​ ​ដែល​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​អូស្ត្រាលី​ ​ជាមួយ​កូន​៥រូប​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​ថា​ ទោះ​ជា​ស្វាមី​របស់​លោកស្រី​បាន​លា​ចាក​លោក​ពីរ​ឆ្នាំ​ហើយ​ក៏​ដោយ​ ​តែ​ ​«សេចក្តី​ស្រឡាញ់​ ​សុភមង្គល​ ​និង​ភាព​រីករាយ»​ ​ដែល​លោក ​កែម ឡី​ ​ធ្លាប់​ផ្តល់​ជូន​គ្រួសារ​នៅ​តែស្ថិត​ក្នុង​អារម្មណ៍​របស់​លោក​ស្រី​ជា​និច្ច។​

លោកស្រី​ ​ប៊ូ រចនា​ ​បាន​សរសរ​ក្នុង​ន័យ​ដើម​ថា៖​ ​

«ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ ​សេចក្តី​ស្រឡាញ់​ ​សុភមង្គល ​និង​ភាព​រីករាយ​បាន​ត្រឹម​ឲ្យ​នាង​ខ្ញុំ​ ត្រឹម​ការ​ឱប​ក្រសោប​នូវ​រាល់​ការចង់​ចាំ​របស់​ប្តី​នាង​ខ្ញុំ។ ​ ​នៅ​ក្នុង​ចិត្ត​នាង​ខ្ញុំ​ ​ក៏​ប្រហែល​ជា​មិន​ខុស​ពី​ក្នុង​ចិត្ត​ ​លោកអ៊ំ​ ​អ្នកមីង ​លោក​ពូ​ ​និង​បង​ស្រី​បង​ប្រុស​ ​ដែល​ស្រឡាញ់​គាត់​ដែរ​ ​ទោះបី​យើង​មិន​និយាយ​ចេញ​ ​តែ​គ្រប់​គ្នា​ដឹង​ថា​ មាន​អ្វី​បាន​កើត​ចំពោះ​ស្វាមី​នាង​ខ្ញុំ។​ ​ពួក​យើង​ស្ងៀម​ស្ងាត់​មែន​ ​ប៉ុន្តែ​ក្នុង​ចិត្ត​ ​ពួក​យើង​ដឹង ​និង​យល់​ច្បាស់​ពី​ទង្វើ​ព្រៃ​ផ្សៃ​នេះ»។​

​យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​ ប៊ូ រចនា​ «​ជឿជាក់​ថា​ នឹង​មាន​ថ្ងៃមួយ​មក​ដល់​ ​ដែល​ឃាត​ករ​ពិត​ ​នឹង​សង​នូវ​រាល់​អ្វីៗ​ដែល​គេ​បាន​ធ្វើ»​លើ​រូប​លោក​ ​កែម ឡី និង​គ្រួសារ​លោក​ស្រី៕

XS
SM
MD
LG