រាជរដ្ឋាភិបាល បានចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់លើលោក មឿន តុលា អតីតសមាជិកមួយរូបក្នុងចំណោមបីរូបនៃ គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ដោយបញ្ជាក់ថា ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែលបានចេញនៅថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកក្រសួង បានបញ្ជាក់ក្នុងន័យដើមថា៖
«ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានចាត់វិធានការតាមនីតិវិធីតុលាការក្នុងការលើកលែងការចោទប្រកាន់លើលោក មឿន តុលា ដែលត្រូវបានតុលាការធ្វើការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៥០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦»។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
កាលពីថ្ងៃទី២២ ខែកញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញគឺលោក គុជ ឡេង បានចេញដីកាកោះហៅអតីតសមាជិកគណៈកម្មការចំនួន៣រូប ដែលរៀបចំបុណ្យសពរបស់លោក កែម ឡី ឲ្យចូលបំភ្លឺ ដើម្បីសាកសួរពាក់ព័ន្ធនឹងបទរំលោភលើសេចក្ដីទុកចិត្ត ទៅតាមបណ្ដឹងរបស់លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
អ្នកទាំង៣រូប ដែលបានរងបណ្ដឹងរបស់អ្នកនយោបាយ ពេជ្រ ស្រស់ ថាបានកេងប្រាក់ពីបុណ្យសពលោក កែម ឡី រួមមានដូចជា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ព្រមទាំងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ សកម្មជនទាំងបី បានភៀសខ្លួនទៅក្រៅប្រទេសក្រោយរងបណ្ដឹង ដែលគេយល់ថា មិនសមហេតុផលនេះ។
ទោះយ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនោះ មិនមានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងការលើកលែងការចោទប្រកាន់ក្រោមរូបភាពបែបណានោះទេ។សេចក្ដីប្រកាសនោះ ក៏មិនមានបញ្ជាក់ពីឈ្មោះរបស់លោក ប៉ា ងួនទៀង និងព្រះតេជគុណ ប៊ុត ប៊ុនតិញ នោះដែរ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ និងជាអតីតសមាជិកមួយរូបនៃគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ប្រាប់ VOA ថា លោករីករាយសម្រាប់ការអន្តរាគមន៍របស់រដ្ឋាភិបាលឲ្យមានការទម្លាក់បទចោទលើលោក និងរំពឹងថា នឹងមានការទម្លាក់បទចោទលើអតីតគណៈកម្មការបុណ្យពីររូបទៀត ដែលរងការចោទប្រកាន់ក្នុងករណីដូចគ្នា។
លោកបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យមានការចេញសេចក្ដីប្រកាសព័ត៌មានពីការលើកលែងការចោទប្រកាន់នេះ អាចបណ្ដាលមកពីមានការរកឃើញការពិតថាលោកមិនបានប្រព្រឹត្តកំហុស ឬអាចបណ្ដាលមកពីការដែលរដ្ឋាភិបាលចង់បង្ហាញថា កម្ពុជាមានភាពប្រសើរឡើងក្នុងការអនុវត្តសិទ្ធិសេរីភាព ក្រោយស្ថាប័នជាតិ និងអន្តរជាតិមួយចំនួននាពេលកន្លងមក បានប្រតិកម្មលើការចោទប្រកាន់អតីតគណៈកម្មការបុណ្យទាំង៣រូប។
លោកមានប្រសាសន៍ថា៖
«ការចោទប្រកាន់មកលើរូបខ្ញុំវាអត់មានអីចំណេញទេ ព្រោះចង់មិនចង់វាធ្វើឲ្យក្រុមហ៊ុនអន្តរជាតិទាំងអស់ហ្នឹងលោកមិនសប្បាយចិត្ត។ យើងឃើញហើយមានចេញសេចក្ដីថ្លែងការណ៍អីកន្លងមកអញ្ចឹង។ អញ្ចឹងទៅការដែលទម្លាក់បទចោទលើរូបខ្ញុំហ្នឹង ក៏ជាការបង្ហាញមួយទៅក្រុមហ៊ុនអ្នកបញ្ជាទិញហ្នឹង ក៏ដូចជាប្រទេសដែលទទួលទិញសម្លៀកបំពាក់ពីកម្ពុជាហ្នឹងថា រដ្ឋាភិបាលហ្នឹងកាត់បន្ថយ ឬក៏បន្ធូរបន្ថយការធ្វើទុក្ខបុកម្នេញ ទៅដល់សកម្មជនសិទ្ធិមនុស្ស ឬក៏សកម្មជនសិទ្ធិការងារអីហ្នឹង»។
ទោះយ៉ាងណាលោកថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនេះ មិនទាន់អាចបញ្ជាក់ជាផ្លូវការថា លោកនឹងរួចផុតពីការចោទប្រកាន់នៅឡើយ ដោយលោកថា នេះជាការសម្រេចរបស់ក្រសួង មិនមែនជាសាលក្រមរបស់តុលាការ។
VOA បានព្យាយាមទាក់ទងទៅមន្ត្រី និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងលោក ឡៅ ហ៊ីម តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។
ចំណែកលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏មិនទាន់បានឆ្លើយតបនឹងសំណួររបស់ VOA តាមបណ្ដាញសង្គម Telegram ដែរ ។
លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ទាំងកណ្ដាលថ្ងៃ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។ មុនការដង្ហែសពលោក កែម ឡី ទៅកាន់ផ្ទះកំណើតរបស់លោកក្នុងខេត្តតាកែវ គណៈកម្មការរៀបចំបុណ្យសព ត្រូវបានបង្កើតឡើង ដើម្បីរៀបចំបុណ្យសពរបស់លោក កែម ឡី ឲ្យបានអធិកអធមក្នុងវត្តមួយនៅរាជធានីភ្នំពេញ។
ប៉ុន្មានខែក្រោយមក គ្រួសាររបស់លោក កែម ឡី បានប្រារព្ធខួបបុណ្យសពនៃការស្លាប់របស់លោកនៅឯស្រុកកំណើតក្នុងខេត្តតាកែវ និងមានព័ត៌មានថា ពួកគេខ្វះខាតថវិកាក្នុងការប្រារព្ធពិធីបុណ្យនោះ។
ភ្លាមៗ បណ្ដឹងមួយបានកើតឡើងរហូតឈានដល់មានការចោទប្រកាន់អតីតសមាជិកទាំង៣រូបនៃគណៈកម្មការរៀបចំបុណ្យសព ពីបទរំលោភលើទំនុកចិត្ត។
ក្រោយការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលសំខាន់៣រូបនេះ គេឃើញអង្គការសង្គមស៊ីវិលជាតិជាង៣០ បានអំពាវនាវឲ្យមានការទម្លាក់បទចោទលើអ្នកទាំង៣ដោយថា ការចោទប្រកាន់របស់តុលាការ បានបង្ហាញពីការគំរាមកំហែងដើម្បីបំបិទសំឡេងសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ចំណែកក្រុមហ៊ុនសមាគមឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងសមាគមផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការកែទម្រង់ស្ថានភាពសិទ្ធិមនុស្ស និងពលកម្ម។
ពួកគេ ក៏បានបង្ហាញពីក្តីបារម្ភកាន់តែខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញ ការរឹតត្បិតលើសកម្មភាពសហជីព និងស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាល ការបង្ក្រាបលើគណបក្សជំទាស់ និងសង្គមស៊ីវិលឯករាជ្យ ហើយនឹងការយាយីលើមេដឹកនាំសហជីពមួយចំនួនទៀតផងដែរ៕