ខ្សែភាពយន្តខ្មែរបែបប្រឌិតវិទ្យាសាស្ត្រស្តីពីព្រះពុទ្ធសាសនាមួយ គ្រោងនឹងចាក់បញ្ចាំងជាលើកដំបូង ដើម្បីបើកកម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice ឬ Venice International Film Critics' Week លើកទី៣៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ខ្សែភាពយន្តចំណងជើងថា «Karmalink» ស្ថិតក្នុងចំណោមខ្សែភាពយន្តអន្តរជាតិចំនួន ៩ ដែលគ្រោងនឹងចាក់បញ្ចាំងជាលើកដំបូងនៅដើមខែកញ្ញានេះក្នុងប្រទេសអ៉ីតាលី។ កម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា ស្របទៅតាមមហោស្រពភាពយន្តអន្តរជាតិក្រុង Venice។
ជាខ្សែភាពយន្តដំបូងរបស់អ្នកដឹកនាំរឿងអាមេរិកាំង លោក Jake Wachtel រឿង «Karmalink» ស្តែងពីទិដ្ឋភាពទីក្រុងភ្នំពេញនាពេលអនាគតខ្លីខាងមុន ដែលក្មេងប្រុសជំទង់ម្នាក់និងក្មេងស្រីពូកែខាងបច្ចេកវិទ្យាជាមិត្តភក្តិ ព្យាយាមដោះស្រាយអាថ៌កំបាំងនៃក្តីសុបិន្តក្នុងអតីតជាតិរបស់ខ្លួនដោយធ្វើដំណើរកាត់ទីក្រុងនិងត្រឡប់ទៅអតីតកាលវិញ។ ផ្អែកលើសេចក្តីសង្ខេបសាច់រឿង ខ្សែភាពយន្ដបែបប្រឌិតវិទ្យាសាស្ត្ររយៈពេល ១០០ នាទីនេះ ស្វែងយល់ពីទស្សនៈព្រះពុទ្ធសាសនា «ដែលព្រមានពីបញ្ហាប្រឈមរបស់សង្គមមួយដែលពោរពេញដោយការពឹងផ្អែកលើបច្ចេកវិទ្យាជ្រុល សភ្ភារៈនិយម និងប្រព័ន្ធទាក់ទងកាន់តែស្អិតរមួត»។
អ្នកដឹកនាំរឿងលោក Jake Wachtel ធំដឹងក្តីនៅទីក្រុង Palo Alto រដ្ឋ California ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford ផ្នែកចិត្តវិទ្យានិងការសិក្សាភាពយន្ត។ បន្ទាប់ពីមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ដើម្បីបង្រៀនការផលិតភាពយន្តដល់កុមារកម្ពុជាក្នុងសង្កាត់ក្តីក្រ លោក Wachtel បានបង្កើតខ្សែភាពយន្ត «Karmalink» ឡើងនៅក្នុងសហគមន៍ដែលលោកបង្រៀន។ ហើយអតីតសិស្សរបស់លោកមួយចំនួនបានបង្ហាញខ្លួនដើរតួនៅក្នុងខ្សែភាពយន្ត «Karmalink» ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
ខ្សែភាពយន្ត «Karmalink» ត្រូវបានផលិតដោយផលិតកម្ម Valerie Steinberg ដែលមានមូលដ្ឋានក្នុងទីក្រុង Los Angeles រដ្ឋ California។ ហើយសហផលិតករម្នាក់គឺជាផលិតករភាពយន្តជនជាតិខ្មែរ លោក សុខ វិសាល នៃក្រុមហ៊ុន 802 Films នៅប្រទេសកម្ពុជា។
កម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice ដែលជាសាខាឯករាជ្យមួយរបស់មហោស្រពភាពយន្តអន្តរជាតិក្រុង Venice បានជ្រើសរើសនិងចាក់បញ្ចាំងខ្សែភាពយន្តថ្មីៗផលិតដោយអ្នកដឹកនាំរឿងទើបតែលេចមុខ មកពីទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៨៤៕