ព្រះសង្ឃ និងក្រុមពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិកបានចូលរួមនិង ត្រៀមចូលរួមទទួលទេវតាឆ្នាំថ្មីដូចពលរដ្ឋនៅក្នុងប្រទេសកំណើតដែរ ដោយរួមគ្នាប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំ២០២១ នេះ ទៅតាមប្រពៃណី វប្បធម៌ សាសនា និងទំនៀមទម្លាប់តាំងពីបុរាណមក ជាមួយនឹងវិធានការប្រុងប្រយ័ត្នជាច្រើន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងក្នុងប្រទេសអាមេរិក និងប្រទេសជាច្រើននៅជុំវិញពិភពលោក។
ព្រះភិក្ខុឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសូតា ដែលជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក បានបញ្ជាក់ដោយថេរដីកាថា ពិធីបុណ្យចូលឆ្នាំខ្មែរចំនួន ៣ថ្ងៃ ឬ ៥ ថ្ងៃនៅវត្តខ្លះនឹងប្រព្រឹត្តទៅជាធម្មតាវិញនៅឆ្នាំនេះគឺចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ សម្រាប់វត្តខ្លះ និង វត្តខ្លះទៀតគ្រោងធ្វើ៥ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ តែម្តង ដោយសារតែពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកជាប់រវល់ការងារនៅក្នុងសប្តាហ៍ ហើយមានពេលតែចុងសប្តាហ៍ដើម្បីចូលរួមពិធីបុណ្យ ហើយសម្រាប់វត្តខ្លះក៏បានធ្វើពិធីបុណ្យចូលឆ្នាំខ្មែរនៅចុងសប្តាហ៍ទី២នៃខែមេសារួចហើយដែរគឺចាប់ពីថ្ងៃទៅ៩ដល់ថ្ងៃទី១១។
«វត្តមុនីសុតារាមយើងបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំហ្នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ថ្ងៃទី១៥ ថ្ងៃទី១៦ ហើយបន្តទៅថ្ងៃទៅ១៧ និង ថ្ងៃទី១៨ ថ្ងៃសៅរ៍ថ្ងៃអាទិត្យទៀតគឺតម្រូវតាមពុទ្ធបរិស័ទដែលអាចអញ្ជើញមកបាននៅចុងសប្តាហ៍»។
ព្រះតេជគុណ ម៉ឹង សាង បានបន្តថាកម្មវិធីបុណ្យទាំង៥ថ្ងៃឬ៣ថ្ងៃនៅកន្លែងខ្លះនោះ មានការ រាប់បាត សូត្រមន្ត បង្សុកូល ទេសនា ពូនភ្នំខ្សាច់ សំអាតព្រះពុទ្ធរូប ស្រង់ព្រះ រៀចំពិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយជាតំណាង ឬ មានអ្នកចូលរួមតិចតួចទៅតាមវត្តឬវត្តខ្លះមិនមានលេងល្បែងប្រជាប្រិយទេ ដោយខ្លាចមានការឆ្លងកូវីដ១៩ ដែលកំពុងឆ្លងរាតត្បាតដល់មនុស្សជាង៧ម៉ឺនករណីក្នុងមួយថ្ងៃៗ ដែលសម្លាប់មនុស្សចំនួនជាង៥៦ម៉ឺននាក់ និងចំនួនអ្នកឆ្លងសរុបជាង៣១លាននាក់រហូតមកដល់ពេលនេះ។
វត្តមុនីសុតារាមបានដាក់វិធានការមួយចំនួនដើម្បីសន្តិសុខ សុវត្ថិភាពសម្រាប់ពុទ្ធបរិស័ទចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។
«វិធានការការពារនូវកូវីដហ្នឹងគឺគណ:កម្មការយើងបានបិទស្លាកដើម្បីប្រកាសសេចក្តីណែនាំតាំងពីមុខខ្លោងទ្វារមកសូមឲ្យប្រជាពលរដ្ឋដែលចូលមកហ្នឹងរក្សានៅគម្លាតឲ្យបានឆ្ងាយពីគ្នាដែលអាចធ្វើទៅបាន ហើយនិងការពារម៉ាស់ជានិច្ច ហើយយើងនឹងមានការធ្វើតេស្តកម្តៅនៅពេលចូលខាងក្នុងព្រះវិហារ ហើយប្រើទឹកដើម្បីលាងសម្អាតដៃជានិច្ច។ នេះជាវិធានការមួយដែលយើងការពារ ហើយជាពិសេសទៀតឆ្នាំឆ្លូវត្រីស័ក ឆ្នាំនេះយើងសង្ឃឹមថាពុទ្ធបរិស័ទយាយតា ភាគច្រើនចាស់ៗហ្នឹងគាត់បានចាក់វ៉ាក់សាំងមកបានច្រើនគ្នា ដូច្នេះហើយមានភាពធូរស្រាលជាងឆ្នាំទៅ»។
ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិកបានប្រជុំសម្រេចថានឹងជូនដំណឹងនានាដល់វត្តអារាមនៅសហរដ្ឋអាមេរិកចំពោះការធ្វើបុណ្យនៅឆ្នាំនេះក្រោយពីមានការជូនដំណឹងនិងទទួលបានការជូនដំណឹងពីសមាគមព្រះសង្ឃដែលមានកិច្ចប្រជុំនានាស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមវត្តអារាមនៅសហរដ្ឋអាមេរិកទាំងមូល។ នេះជាថេរដីកាបន្ថែមរបស់ព្រះតេជគុណ ម៉ឹង សាង ជាប្រធានសមាគមនេះ។
«ពរបានទទួលច្រើន យើងបានធ្វើការណែនាំហ្នឹងដូចជាការរៀបចំវត្តអារាម ដូចជាការរៀបចំទង់ជាតិ ទង់សាសនា ទង់ជាតិអាមេរិក ធ្វើពិធីសាសនាតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែយើងនៅតែរំឭកការពារសុវត្ថិភាពនៃការឆ្លងកូវីដ១៩ ហើយនិងការការពារសុវត្ថិភាពផ្សេងៗហ្នឹងយើងនៅតែរំឭកជាប្រចាំ»។
ការជូនដំណឹងទាំងនោះគឺក៏មិនខុសពីគ្នាប៉ុន្មានដែរ រាប់ទាំងការទទួលទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។ ការលេងល្បែងប្រជាប្រិយជាតំណាង ឬ មិនលេងល្បែងប្រជាប្រិយតែម្តងនៅវត្តមួយចំនួនដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ និងពិធីបុណ្យផ្សេងទៀតស្រដៀងគ្នានឹងការប្រារព្ធនៅក្នុងវត្តមុនីសុតារាមផងដែរទោះជាអាជ្ញាធរបានបើកឲ្យមានការជួបប្រជុំខ្លះក្រោយពីមានការចាក់វ៉ាក់សាំងដល់មនុស្សប្រមាណ២០០លានដូសក៏ដោយ។
សម្រាប់វត្តខេមរពុទ្ធិការាម ហៅវត្ត វីឡូ ក្នុងទីក្រុង Long Beach រដ្ឋ California វិញ គ្រោងនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ដោយមានពិធីព្រះពុទ្ធសាសនាជាច្រើនរាប់ទាំងពិធីបង្សុកូល រាប់បាត្រ សូត្រមន្ត ពូនភ្នំខ្សាច់ ស្រង់ព្រះ ទេសនា ដែលនឹងត្រូវធ្វើដូចគ្នាជារៀងរាល់ថ្ងៃ។ នេះបើតាមការអះអាងរបស់លោក កង ជួន ជាប្រធានគណ:កម្មការវត្ត ដែលបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទ។
«ហើយដល់ថ្ងៃផ្សេងទៀតគឺធ្វើដូចៗគ្នា ម៉េចបានធ្វើដូចគ្នា? ព្រោះអស់លោកខ្លះគាត់បានមកតែមួយថ្ងៃទេ ដល់អីចឹងគឺមានពិធីបង្សុកូល ស្រង់ព្រះ ពូនភ្នំខ្សាច់ គឺធ្វើរៀងរាល់ថ្ងៃដូចគ្នា»។
លោក ជួន បានបន្តថាកម្មវិធីឆ្នាំនេះក៏មានការផ្តល់រង្វាន់ជាស្លាកគ្រឿងឥស្សរិយយសដល់សប្បុរសជនដែលចូលបច្ច័យទាំងតិចទាំងច្រើនដើម្បីកសាងព្រះវិហារថ្មី ដែលវត្តនេះកំពុងប្រមូលថវិកាដែរ ក្រៅពីមានការរៀបចំវិធានការសន្តិសុខ សុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នោះ។
នៅទីក្រុង យូស្តុន រដ្ឋ Texas វិញ វត្តមួយកន្លែងបានប្រារព្ធពិធីបុណ្យចូលឆ្នាំរួចជាស្រេចហើយកាលពីថ្ងៃទី៩ដល់ ថ្ងៃទី១១ ខែមេសា ដោយសារជាតម្រូវការតាមពុទ្ធបរិស័ទដែលមមាញឹកនឹងកិច្ចការប្រចាំថ្ងៃផងនិងមិនចង់ធ្វើជាន់គ្នាជាមួយនឹងវត្តផ្សេងទៀត។ នេះបើតាមថេរដីការបស់ព្រះតេជគុណ អាង ថុង ព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ប្រាប់ VOA។
«ធ្វើមុនហ្នឹងមកពីនៅសហរដ្ឋអាមេរិកហ្នឹង អ្នកទៅធ្វើការ គឺថាចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ គឺតែងតែទៅធ្វើការ។ ថ្ងៃធ្វើការមិនអាចមកវត្តបានអីចឹងទៅ វត្តក៏ជ្រើសរើសចុងសប្តាហ៍ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ»។
ព្រះភិក្ខុអាង ថុងបន្ថែមថាមានពុទ្ធបរិស័ទប្រមាណ២០០នាក់ដែរ ដែលមកធ្វើពិធីបុណ្យតាមប្រពៃណីជាធម្មតា ហើយខ្លះមកមុនដោយសារមិនចង់ឲ្យជួបជុំមនុស្សម្នាច្រើន ហើយខ្លះដែលមកថ្ងៃចុងសប្តាហ៍ក៏បានពាក់ម៉ាស់ រក្សាគម្លាតសង្គម និងមានទឹកលាងដៃ Hand sanitizer ផងដែរ។
នៅវត្តព្រះពុទ្ធរង្សី នៅក្នុងក្រុងហ្វីឡាឌែលហ្វីយ៉ា រដ្ឋ Pennsylvania គ្រោងនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាធម្មតាដែរនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៨ មេសា ដោយមានវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ តាមវិធានការសុខាភិបាល។ នេះជាថេរដីការបស់ព្រះតេជគុណ រ័ត្ន មុនី ដែលជាព្រះគ្រូចៅធិការវត្ត ប្រាប់ VOA។
«ករណីពិសេសរបស់វត្តព្រះពុទ្ធរង្សីហ្នឹងគឺដោយសារយើងបានដឹងពីជំងឺកូវីដ១៩ហ្នឹងទាន់ពេលវេលា ហើយបានប្រកាសទាន់ពេលវេលា អីចឹងញាតិញោមពុទ្ធបរិស័ទក៏បានការពារគ្រប់ៗគ្នា ជាពិសេសពាក់ម៉ាស់ លាងដៃនៅគម្លាតពីគ្នាអីជាដើម ជាពិសេសពេលត្រូវមកវត្តហ្នឹង យើងរៀបចំកៅអីអង្គុយឃ្លាតពីគ្នា»។
ព្រះតេជគុណ រ័ត្ន មុនី ដែលជាព្រះគ្រូចៅធិការវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋ New Jersey ផងនោះ បានបញ្ជាក់បន្ថែមដោយថេរដីកាថា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋ New Jersey នឹងធ្វើពិធីប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចនៅវត្តហ្វីឡាឌែលហ្វីយ៉ាដែរ តែនឹងធ្វើនៅចុងសប្តាហ៍បន្ទាប់ ដោយរំពឹងថាមានពុទ្ធបរិស័ទច្រើនចូលរួម។
កម្មវិធីនៅវត្តទាំងពីរនេះគឺមានប្រហាក់ប្រហែលគ្នាតាំងពីរបៀបរៀបចំ កម្មវិធីបុណ្យជាប្រចាំថ្ងៃតាមផ្លូវសាសនា និងមានល្បែងប្រជាប្រិយកម្សាន្តដែលសម្តែងជាលក្ខណ:តំណាង មិនឲ្យមានការចូលរួមបើកទូលាយបាននោះទេ ដោយក្តីបារម្ភចំពោះជំងឺកូវីដ១៩។ ពិធីបុណ្យចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិកបានខកខានកាលពីឆ្នាំទៅក្រោយពីមានជំងឺកូវីដឆ្លងរាតត្បាតខ្លាំង។
សឹងតែគ្រប់វត្តទាំងអស់ដែលមានប្រមាណ៤០នៅសហរដ្ឋអាមេរិកតម្រូវឲ្យធ្វើពិធីបុណ្យចូលឆ្នាំខ្មែរទាំងក្នុងព្រះវិហារនិងបរិវេណខាងក្រៅផងដែរ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅពេលពុទ្ធបរិស័ទ ដ៏ច្រើនកុះករនាំគ្នារំឭកពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីបើកឱកាសជូនពលរដ្ឋខ្មែរបានធ្វើបុណ្យទាន ឧទ្ទិសកុសល ផលបុណ្យជូនឪពុកម្តាយ ជីដូនជីតា ញាតិមិត្ត ក្រុមគ្រួសារដែលបានទទួលមរណកាលទៅហើយ៕