សក់ខ្មៅក្រិបវែងអន្លាយត្រឹមចង្កេះ ចិញ្ចើមកោងខ្វង់ កែវភ្នែកទាំងគូពណ៌ត្នោត ស្នាមញញឹមស្រស់ចេញធ្មេញសក្បុស រាងខ្ពស់ស្រឡូន ជាមួយសម្បុរស្រអែម ជាភិនភាគរបស់គ្មាននរណាក្រៅពីកញ្ញា រ៉េត សារីតា បវរកញ្ញាចក្កវាឡតំណាងប្រទេសកម្ពុជានោះឡើយ។
កញ្ញា រ៉េត សារីតា បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្កវាឡលើកទី៦៩ ឬ Miss Universe ២០២០។
ជាទូទៅកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡនេះភាគច្រើនត្រូវបានគេប្រារព្ធឡើងនៅចុងឆ្នាំនីមួយៗ ឬដើមឆ្នាំបន្ទាប់ ប៉ុន្តែដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ កម្មវិធីប្រកួតបវរកញ្ញាចក្កវាឡលើកទី៦៩ ប្រចាំឆ្នាំ ២០២០នេះ ត្រូវបានគេពន្យារពេលមកធ្វើក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២១ វិញ។ បើយោងតាមគេហទំព័ររបស់ Miss Universe កម្មវិធីនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យទី ១៦ ខែឧសភា ឆ្នាំ២០២១ នៅសណ្ឋាគារ Seminole Hard Rock Hotel & Casino Hollywoodក្នុងទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋអាមេរិក។
«រឿងភ័យវាតែងតែមានហើយ គេហៅថាសម្ពាធវាមានខ្លះៗហើយបង វាមិនដែលយើងទៅប្រកួតហើយ យើងអត់ភ័យអីសោះទេ។ ប៉ុន្តែខ្ញុំអាចនិយាយបានថា ខ្ញុំរំភើបច្រើនជាង ហើយវាជាកិត្តិយស។ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ព្រោះជាឱកាសមួយដែលយើងអត់មានលើកទីពីរទេ ព្រោះយើងអាចប្រឡងក្នុងកម្មវិធីនេះបានតែម្ដងគត់ក្នុងជីវិតរបស់យើង។ អញ្ចឹងជាជាងយើងដាក់សម្ពាធលើខ្លួនឯង ឬភាពតានតឹងលើខ្លួនឯង គឺបង្វែរការគិតរបស់ខ្លួនឯងឲ្យវា Relax ឲ្យវាស្ងប់ ពីព្រោះនៅពេលដែលយើងស្ងប់ យើងអាចផ្ចង់លើអ្វីមួយ គឺយើងអាចធ្វើអ្វីបានទាំងអស់»។
នេះជាសម្តីរបស់កញ្ញា រ៉េត សារីតា រៀបរាប់ពីអារម្មណ៍របស់កញ្ញា ក្រោយបានជួបផ្ទាល់ជាមួយបវរកញ្ញាចក្កវាឡតំណាងប្រទេសផ្សេងៗទៀត ដែលសុទ្ធសឹងតែមានរូបសម្រស់ស្រស់សោភា ក្នុងពេលហាត់សមសម្រាប់ចូលរួមប្រកួតនៅថ្ងៃទី១៦ ខែឧសភា។
បវរកញ្ញាចក្កវាឡតំណាងប្រទេសកម្ពុជារូបនេះ បញ្ចប់ការសិក្សាចំណេះដឹងទូទៅពីសាលា Lycée Français René Descartes (LFRD) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រនៅវិទ្យាស្ថានវ៉ាន់ដា និងសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ កញ្ញា រ៉េត សារីតា ចេះភាសាថៃ អង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញ។
កញ្ញាកំព្រាម្ដាយតាំងពីអាយុ ៦ឆ្នាំ ប៉ុន្តែត្រូវបានប្តីប្រពន្ធមួយគូ ដែលប្ដីជាជនជាតិបារាំង និងប្រពន្ធជាជនជាតិខ្មែរកាត់អាមេរិកាំងសុំនាងធ្វើជាកូនចិញ្ចឹម និងផ្គត់ផ្គង់ផ្ចុងផ្ដើមឲ្យរៀនសូត្រតាំងពីពេលនោះមក។ យ៉ាងណាក៏ដោយ កញ្ញា រ៉េត សារីតា នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយឪពុកបង្កើតជនជាតិខ្មែរ ដែលសព្វថ្ងៃជាយោធិនចូលនិវត្តន៍រស់នៅក្នុងខេត្តតាកែវ។
ឈ្មោះ «សារីតា» ត្រូវបានឪពុកបង្កើតរបស់កញ្ញាជាអ្នកដាក់ឲ្យ ដោយយកតាមឈ្មោះបុគ្គលិកវីអូអេខ្មែរចូលនិវត្តន៍ម្នាក់គឺអ្នកស្រី នុច សារីតា ដោយសារកាលណោះ ឪពុករបស់កញ្ញា ឧស្សាហ៍ស្ដាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក ហើយតែងតែឮឈ្មោះរបស់អ្នកស្រី នុច សារីតា។ គ្រួសារកញ្ញា មិនដែលស្គាល់អ្នកស្រី នុច សារីតា ជាលក្ខណ:បុគ្គលទេ។
ការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡមិនមែនជារឿងចៃដន្យសម្រាប់ កញ្ញា រ៉េត សារីតា ឡើយ។ កញ្ញាបានប្រាប់វីអូអេថា កញ្ញាបានត្រៀមខ្លួនមុនពីរឆ្នាំ ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡក្នុងប្រទេសកម្ពុជា ហើយកញ្ញាបានបញ្ជាក់ពីមូលហេតុដូច្នេះថា៖
«មូលហេតុចម្បងដែលខ្ញុំចូលប្រកួតក្នុងកម្មវិធីមួយនេះ ដោយសារតែទីមួយខ្ញុំមើលឃើញនូវសក្ដានុពលរបស់វេទិកាមួយហ្នឹង វាជាវេទិកាមួយដែលអាចផ្ដល់ឱកាសឲ្យស្ត្រីទាំងអស់រួមទាំងនាងខ្ញុំ ឲ្យប្រើប្រាស់សំឡេងខ្លួនឯងក្នុងការឈានដល់ចំណុចមួយ យើងអាចលើកទឹកចិត្តអ្នកផ្សេងៗទៀតដែលគាត់អត់ហ៊ាន គាត់ខ្វះភាពក្លាហាន»។
កញ្ញា រ៉េត សារីតា បានបន្ថែមទៀតថា៖
«ខ្ញុំដាក់ចិត្តថា បើសិនជាខ្ញុំទទួលបានជ័យលាភីតំណាងឲ្យប្រទេសកម្ពុជាឈរលើឆាកអន្តរជាតិ វាជាកិត្តិយសមួយធំធេងខ្លាំងមែនទែន ពីព្រោះវេទិកាហ្នឹងជាវេទិកាមួយដែលមានឥទ្ធិពលខ្លាំង ហើយវាជាឱកាសមួយដែលយើងអាចផ្សព្វផ្សាយប្រទេសកម្ពុជាយើង ផ្សព្វផ្សាយអ្វីៗផ្សេងៗទៀតដែលយើងចង់ផ្សព្វផ្សាយលើវេទិកាមួយនេះ»។
មានកម្ពស់ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ និងទម្ងន់ ៤៨ គីឡូក្រាម កញ្ញា រ៉េត សារីតា សព្វថ្ងៃមានអាជីពជាតួសម្តែង ក្នុងភាពយន្តខ្នាតធំ ស្ពតពាណិជ្ជកម្ម និងវីដេអូអប់រំសុខភាពបន្តពូជ (ក្នុងកម្មវិធីស្នេហ៍៩ របស់ស្ថាប័ន BBC Media Action) ជាពិធិការនី និងអ្នកដឹកនាំការផលិតមាតិកាផ្សេងៗ (របស់ក្រុមហ៊ុនផ្ទាល់ខ្លួន)។
កញ្ញាបាននិយាយថា កញ្ញាអាចរកប្រាក់ផ្គត់ផ្គង់ការចាយវាយដោយខ្លួនឯងដោយមិនបាច់ពឹងផ្អែកលើអាណាព្យាបាលតាំងពីអាយុ ១៧ ឆ្នាំមកម៉្លេះ តាមរយ:ការថតភាពយន្ត និងថតស្ពតពាណិជ្ជកម្មផ្សេងៗ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានប្រាប់វីអូអេថា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:គាំទ្រការជ្រើសរើសកញ្ញា រ៉េត សារីតាជាបវរកញ្ញាចក្កវាឡតំណាងកម្ពុជានៅក្នុងការប្រកួតប្រជែងនៅសហរដ្ឋអាមេរិក។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានមានប្រសាសន៍ថា៖
«អញ្ចឹងដោយសារគាត់ជាខ្មែរ ហើយធ្វើអញ្ចឹងទៅគឺដើម្បីជាតំណាងរបស់ខ្មែរ ព្រោះយើងគិតហើយប្អូន មិនថាជាការប្រឡងបវរកញ្ញា ឬស្អីទេ គ្រប់វិស័យឬគ្រប់ទម្រង់នៃការអភិវឌ្ឍសង្គម ឲ្យតែជាខ្មែរយើង ទៅកន្លែងណាគឺយើងតែងតែមានការគាំទ្រ យើងជំរុញឲ្យគាត់នឹងជាតំណាងនៃការផ្សព្វផ្សាយរបស់សង្គម ហើយវាផ្ដល់ប្រយោជន៍មកឲ្យសង្គមយើងវិញ»។
បវរកញ្ញាចក្កវាឡតំណាងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីរដូសរួចរាល់នៅក្នុងប្រទេសកម្ពុជាមុនធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក នេះបើតាមការឲ្យដឹងរបស់លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia International Models ដែលជាក្រុមហ៊ុនរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡតំណាងប្រទេសកម្ពុជា។
លោក ម៉ែន និមលរតន៍ ក៏បានបន្ថែមថា ដោយនឹកស្មានមិនដល់ថា មានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រហូតឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ ការរៀបចំឈុតសម្លៀកបំពាក់របស់កញ្ញា រ៉េត សារីតា ដើម្បីចូលរួមប្រកួតមានការយឺតយ៉ាវបន្តិចបន្តួច ហើយកម្មវិធីថតរូបជាមួយអ្នកផាត់មុខ និងអ្នកច្នៃម៉ូតសម្លៀកបំពាក់នានាក៏ត្រូវបានលុបចោល។
ឧបសគ្គខាងលើនេះមិនបានធ្វើឲ្យកញ្ញា រ៉េត សារីតា រួញរាក្នុងការតៀមខ្លួនតំណាងប្រទេសកម្ពុជា ចូលប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡលើកទី៦៩ ឡើយ។ កញ្ញាបានប្រាប់វីអូអេថា កញ្ញានឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។
កញ្ញាក៏បានបន្ថែមថា បើទទួលបានជ័យជម្នះ កញ្ញានឹងប្រើឱកាសនេះពង្រីកវេទិកាអប់រំសុខភាពបន្តពូជ និងការអភិវឌ្ឍខ្លួនដល់យុវជនខ្មែរ ហើយបើកញ្ញាមិនទទួលបានជ័យជម្នះ កញ្ញាក៏នឹងបន្តធ្វើរឿងនេះតាមលទ្ធភាពដែលកញ្ញាមាន គឺមិនបោះបង់មហិច្ឆតាមួយនេះចោលឡើយ។
«មូលហេតុដែលខ្ញុំជ្រើសរើសយកការតស៊ូមតិលើប្រធានបទសុខភាពបន្តពូជ ដោយសារប្រធានបទនោះមិនទាន់ទូលំទូលាយ។ មានស្រ្តីជាច្រើននៅតាមជនបទ គាត់មិនទាន់យល់ដឹងច្បាស់លាស់ពីបញ្ហាសុខភាពបន្តពូជនេះ ហើយទីពីរខ្ញុំយល់ឃើញថា ជាពិសេសអ្នកដែលមានវ័យប្រហែលៗខ្ញុំហ្នឹង គឺគាត់ជួបប្រទះបញ្ហាមួយដែលគាត់តែងតែធ្វើការប្រៀបធៀបអ្វីដែលគាត់ឃើញលើបណ្ដាញសង្គម អ្វីដែលគាត់ឃើញនៅលើអេក្រង់ទូរស័ព្ទ»។
កញ្ញាបានបន្តទៀតថា៖
«ខ្ញុំយល់ឃើញថា បញ្ហាហ្នឹងគឺគាត់រវល់តែផ្ដោតលើអ្នកដទៃ គាត់ភ្លេចមើលលើគុណតម្លៃដែលគាត់មាន ពីព្រោះមនុស្សម្នាក់ៗ គឺតែងតែមានចំណុចពិសេសរៀងៗខ្លួន ហើយបើខ្ញុំអាចមានឱកាស ឬដល់ចំណុចមួយដែលសំឡេងរបស់ខ្ញុំមានឥទ្ធិពល ខ្ញុំចង់លើកទឹកចិត្តពួកគាត់ [យុវជនខ្មែរ] ឲ្យពួកគាត់ស្រឡាញ់ខ្លួនគាត់ ហើយកុំខ្វល់ពីការរំខានពីមនុស្សនៅជុំវិញខ្លួនគាត់អី ពីព្រោះនៅពេលដែលពួកគាត់ផ្ដោតធ្វើអ្វីមួយ នៅពេលដែលពួកគាត់ស្រឡាញ់ខ្លួនឯង គាត់ធ្វើអ្វីផ្សេងៗទៀតគឺបានជោគជ័យទាំងអស់»។
នេះជាលើកទីបួនហើយដែលមានតំណាងពីប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្កវាឡ ដោយអ្នកនាង ប៊ី សុធារី ជាបវរកញ្ញាចក្កវាឡដំបូងបំផុតតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងឆ្នាំ ២០១៦ អ្នកនាង រឿន ណាត តំណាងប្រទេសកម្ពុជាឆ្នាំ ២០១៧ និងកញ្ញា សំណាង អេលីណា តំណាងប្រទេសកម្ពុជាឆ្នាំ២០១៩។
ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Florida ស្វាគមន៍វត្តមានរបស់កញ្ញា រ៉េត សារីតា និងសុទ្ធតែសម្ដែងសុទិដ្ឋិនិយមថា កញ្ញារ៉េត សារីតា មានរូបសម្បត្តិ លក្ខណ:សម្បត្តិ និងចំណេះដឹងគ្រប់គ្រាន់ ក្នុងការដណ្ដើមបានម្កុដជ័យលាភីបវរកញ្ញាចក្កវាឡលើកទី៦៩ ឆ្នាំ ២០២០ នេះ។
លោក ចិន រដ្ឋា អាយុ ៦៣ឆ្នាំ ពលរដ្ឋខ្មែរចូលនិវ្តតន៍ពីការមើលការខុសត្រូវហាងចាប់ហួយមួយកន្លែង រស់នៅក្នុងទីក្រុង Jacksonville រដ្ឋ Florida ថា លោកនិងបងប្អូនខ្មែរមួយចំនួនទៀតនឹងធ្វើដំណើរទៅកាន់ទីតាំងប្រកួតបវរកញ្ញាចក្កវាឡលើកទី៦៩នេះ ដើម្បីលើកទឹកចិត្តកញ្ញា រ៉េត សារីតា ទោះបីមិនបានចូលទស្សនាការប្រកួតផ្ទាល់ ដោយសារសំបុត្រចូលទស្សនាត្រូវបានគេលក់អស់ទៅហើយ។ នៅពេលសួរអំពីរលក្ខណ:សម្បត្តិរបស់កញ្ញា រ៉េត សារីតា លោក ចិន រដ្ឋាបានថ្លែងដូច្នេះថា៖
«យើងអត់ដែលឃើញគាត់ទេ យើងឃើញមើលតាម Live Show នៅក្នុងប៉ុស្តិ៍ស្រុកខ្មែរយើងហ្នឹង មើលតាំងពីរូបរាងគាត់ តាំងពីថាការដែលគាត់សម្ដែង សព្វបែបយ៉ាងដូចថា គាត់រវៀស គាត់ឆ្លាត ដូចគេគ្រាន់តែបង្ហាត់គាត់តែបន្តិចទេ ដូចជានៅ Show ណាទេខ្ញុំមើលថ្ងៃមុន ដូចថាគេបង្ហាត់ឲ្យគាត់រាំរបាំ ហាត់តែមួយម៉ោងកន្លះគាត់អាចរាំបាន។ ភាសាក៏គាត់និយាយបានល្អ ពិតមែនថាគាត់នៅស្រុកខ្មែរ គាត់រៀននៅស្រុកខ្មែរ គាត់និយាយ បងមើលនៅតាម Show គាត់ទាំងអស់ លើ Page គាត់ហ្នឹង គឺថាគាត់និយាយបានល្អ។
អ្នកស្រី ចាន់ តុប អាយុ ៥៥ឆ្នាំ ជាបុគ្គលិកសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក រស់នៅក្នុងទីក្រុង Jacksonville រដ្ឋ Florida បានប្រាប់វីអូអេថា អ្នកស្រីមានចិត្តសប្បាយរីករាយ និងរំភើបខ្លាំងណាស់ដែលបានឃើញកូនខ្មែរមានភាពក្លាហាន ឈរលើឆាកអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់បរទេស។
អ្នកស្រី ចាន់ តុប បានបន្ថែមថា៖ «នាងខ្ញុំយល់ថាបវរកញ្ញាខ្មែរយើង នឹងអាចទទួលម្កុដ ព្រោះអីគាត់មានចិត្តក្លាហាន ហើយគាត់មានសមត្ថភាពខ្ពស់ គាត់អត់ចាញ់ contestants[បេក្ខនារី] ដទៃទៀតទេ»។
ចំណែកលោក សេក កុសល អាយុ ៤៦ឆ្នាំ នាយកគ្រប់គ្រងអង្គការ IKARE រស់នៅក្បែរទីក្រុង Minneapolis រដ្ឋ Minnesota បានសង្កេតឃើញថាបវរកញ្ញាចក្កវាឡតំណាងប្រទេសកម្ពុជាឆ្នាំនេះបានទាំងសម្រស់ ចំណេះដឹងទូទៅ សំនួនវោហោរ និងភាពក្លាហាន និយាយរួមទៅគឺមួយចប់តែម្ដង។
«យើងមើលទៅពាក្យអង់គ្លេសហៅថា Perfect Package កញ្ចប់ហ្នឹងវាអាចហ្នឹង មានន័យថា យើងអាចជួយលើកតម្កើងទាំងអស់គ្នា ដើម្បីឲ្យយើងមានមោទនភាពថានេះហើយជាកញ្ចប់របស់បងប្អូនខ្មែរយើង នេះហើយគឺជាស្នាដៃ ជាអ្វីមួយដូចថាយើងមានមោទនភាព ដើម្បីឲ្យយើងលើកទៅប្រកួតប្រជែងលើថ្នាក់អន្តរជាតិ»។
ក្រៅពីជំនាញនិងទេពកោសល្យក្នុងវិស័យសិល្ប: កញ្ញា រ៉េត សារីតា ក៏សកម្មនៅក្នុងផ្នែកកីឡាផងដែរ។ កញ្ញាចេះក្បាច់គុនល្បុក្កតោ ចូលចិត្តលេងបាល់ទាត់ (ក្រុមនារី) ពីរដងក្នុងមួយសប្ដាហ៍ និងហែលទឹកជាប្រចាំ។ ម្យ៉ាងទៀតដោយសារទីកន្លែងកម្សាន្តដែលកញ្ញាចូលចិត្តជាងគេគឺសមុទ្រ ដូច្នេះកញ្ញាក៏ចេះបើកអូប័រ និងម៉ូតូទឹកដោយខ្លួនបានដែរ។ ចំពោះរឿងហាត់កីឡានេះ កញ្ញា រ៉េត សារីតា ចង់លើកទឹកចិត្តស្ត្រីខ្មែរឲ្យហាត់កីឡាឲ្យបានច្រើនដូចកញ្ញាអញ្ចឹង។
«អ្វីដែលខ្ញុំចង់ Inspire ហ្នឹងគឺខ្ញុំចង់លើកទឹកចិត្តដល់ស្ត្រីខ្មែរយើង ព្រោះគាត់អត់ចូលចិត្តហាត់ប្រាណទេព្រោះគាត់ខ្លាចថាជំាដៃជាំជើង។ ខ្ញុំយល់ សូម្បីតែខ្ញុំក៏ចូលចិត្តថែសម្រស់អីដែរ ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តពួកគាត់លេងកីឡាឲ្យបានច្រើន ព្រោះពេលលេងកីឡា មិនមែនសម្រាប់តែសុខភាពផ្លូវកាយទេ ប៉ុន្តែវាផ្ដល់សារ:សំខាន់មែនទែនដល់ផ្លូវចិត្ត និងខួរក្បាលរបស់យើង ហើយធ្វើឲ្យការគិតរបស់យើងមានភាពវិជ្ជមាន។ អញ្ចឹងពេលយើងភាពវិជ្ជមានក្នុងការគិតរបស់យើង ធ្វើអ្វីក៏យើងអាចធ្វើការងារមួយដែលបានលទ្ធផលល្អដែរ»។
សមាជិកក្នុងគ្រួសារដែលកញ្ញា រ៉េត សារីតា ស្ញប់ស្ញែងនិងចង់យកធ្វើគំរូតាមគឺឪពុកចិញ្ចឹមរបស់កញ្ញា ដែលលោកជាមនុស្សពោរពេញដោយសុទិដ្ឋិនិយមក្នុងខ្លួន ពូកែស្ដាប់ និងផ្ដល់ដំបូន្មានល្អៗដល់កញ្ញា។ ចំណែកបុគ្គលក្រៅរង្វង់គ្រួសារដែលកញ្ញា ស្ញប់ស្ញែងនិងចង់យកគំរូតាមនោះគឺតារាភាពយន្តហូលីវូដ អ្នកស្រី Angelina Jolie។
កញ្ញា រ៉េត សារីតា មិនទាន់ចង់គិតគូរពីរឿងគូស្រករទេនៅពេលនេះ ដោយចង់ចាំ ២ ឬ ៣ឆ្នាំទៀតសិន ហើយបើអាច នៅថ្ងៃអនាគតកញ្ញាចង់បានកូនពីរនាក់។
ពេលសួរទាក់ទងនឹងរឿងនយោបាយវិញ កញ្ញា រ៉េត សារីតា បានប្រាប់វីអូអេថា អ្វីក៏ដោយឲ្យតែអាចជួយសង្គមទៅរកផ្លូវវិជ្ជមាន ឬក៏ទៅរកផ្លូវមួយដែលផ្ដល់នូវភាពរីកចម្រើន នោះកញ្ញានឹងធ្វើទាំងអស់ ឲ្យតែមិនប៉ះពាល់ដល់អ្នកដទៃ ឬបុគ្គលណាម្នាក់៕