ក្រសួងធម្មការនិងកិច្ចការសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់សាសនា ដែលនឹងអាចដាក់ទោសទណ្ឌព្រះសង្ឃដែលចូលរួមធ្វើបាតុកម្មឬតវ៉ាអ្វីមួយ។
សេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែមន្រ្តីក្រសួងសាសនាបញ្ជាក់ថា វាជាសេចក្តីព្រាងច្បាប់មួយដែលកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយក្រសួងយុត្តិធម៌បន្ថែមទៀត។
មាត្រា ៣៥ នៃសេចក្តីព្រាងច្បាប់នេះចែងថា ព្រះសង្ឃព្រះពុទ្ធសាសនាដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្មដើម្បីប្រឆាំង ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំដល់១៥ឆ្នាំ ដោយមិនគិតពីទោសដទៃទៀតដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ចំណែកមាត្រាមួយទៀតចែងថា បុគ្គលដែលបង្ខិតបង្ខំឲ្យអ្នកដទៃជឿឬមិនឲ្យជឿលើសាសនាណាមួយ ដោយការគំរាមប្រើមុខងារអំណាច អំពើហិង្សាលួងលោមទិញទឹកចិត្ត ឬគ្រូចូលរូប គ្រូអាបធ្មប់ជាដើមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ។
លោក សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងកិច្ចការសាសនាប្រាប់វីអូអេថាសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅឡើយ។
លោកបញ្ជាក់ថា៖ «នៅកំពុងតែជជែកក្នុងកម្រិតក្រសួងនិងស្ថាប័នពាក់ព័ន្ធ មេដឹកនាំសាសនានៅឡើយទេដើម្បីប្រមូលធាតុចូល។ ហើយច្បាប់នេះមានគោលបំណងដើម្បីពង្រឹងសុខដុមរមណីកម្មដែលយើងកំពុងតែមានលើវិស័យសាសនាឲ្យរឹងមាំឲ្យស្ថិតស្ថិរហើយនឹងល្អប្រសើរ»។
លោកបន្ថែមថាចំពោះមាត្រា៣៥ ដែលចែងអំពីទោសទណ្ឌ ក្រសួងយុត្តិធម៌បានជួយកំណត់ឲ្យ ហើយកំពុងពិភាក្សាបន្ថែមទៀត។
ព្រះអង្គ លួន សុវ៉ាត ដែលជាសកម្មសង្ឃរឿងដីធ្លីនិងកំពុងភៀសព្រះកាយនៅក្រៅប្រទេសមានសង្ឃដីកាថា សេចក្តីព្រាងច្បាប់នេះធ្វើឡើងដើម្បីបំបិទសេរីភាពរបស់ព្រះសង្ឃដែលហ៊ានចេញព្រះភក្រ្តតវ៉ាដោយសារបារម្ភអំពីកិច្ចការសង្គមនិងនយោបាយ។ ព្រះអង្គបញ្ជាក់ថា វាមិនមានភាពចាំបាច់ដែលមានច្បាប់អាណាចក្រមកគ្រប់ដណ្តប់លើអំណាចពុទ្ធចក្រឡើយ។
ព្រះអង្គមានសង្ឃដីកាប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ជាចេតនានយោបាយដើម្បីធ្វើច្បាប់ក្នុងន័យ...ហើយនឹងចាប់ព្រះសង្ឃដែលសកម្មនឹងការងារសង្គមដូចជាការពារសិទ្ធិមនុស្សដីធ្លី ព្រៃឈើ បរិស្ថានឬក៏ការប្រើសិទ្ធិក្នុងនាមជាពលរដ្ឋខ្មែរដែលមានសិទ្ធិយ៉ាងសកម្មនៅក្នុងកិច្ចការងារសង្គមឬក៏កិច្ចការនយោបាយហ្នឹង»។
ព្រះអង្គបន្ថែមថាព្រះពុទ្ធសម្តែងឲ្យព្រះសង្ឃចេះទាមទារតវ៉ានិងចេះបញ្ចេញមតិ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «ហើយបើបិទសិទ្ធិសេរីភាពព្រះសង្ឃមិនឲ្យមើលឃើញនូវខុសហើយលោកមិនហ៊ាននិយាយថាខុស មើលឃើញថាត្រូវ ហើយលោកមិនហ៊ានគាំទ្រថាត្រូវហើយអ៊ីចឹងលោកសម្តែងធម៌ទេសនាទាំង៨៤.០០០ព្រះធម្មក្ខន្ធដើម្បីប្រោសមនុស្សសត្វទេវតាហ្នឹងបានការអី?»
លោក កើត សារ៉ាយ អាយុ៣១ឆ្នាំ ជាអតីតសង្ឃដែលត្រូវបានចាប់ផ្សឹកក្រោយចេញព្រះភក្ត្រតវ៉ាកាលពីឆ្នាំមុន ប្រាប់វីអូអេថា លោកមិនអាចទទួលយកបានទេនូវការបង្កើតច្បាប់ដែលហាមសិទ្ធិសេរីភាពរបស់ព្រះសង្ឃ។ លោកបន្ថែមថា ច្បាប់នេះធ្វើឡើងក្នុងពេលដែលកម្ពុជាដឹកនាំដោយឯកបក្សដែលវាងាយស្រួលនឹងបង្កើតឡើង។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជាសកម្មជនសិទ្ធិមនុស្ស ហើយជាអតីតអ្នកបួសគឺខ្ញុំសូមប្រកាសដំបូងគេឲ្យហើយណា៎ថា ខ្ញុំមិនអាចទទួលយកបានទេច្បាប់នេះ។ ហើយប្រសិនបើច្បាប់នេះនៅតែចេញបែបនេះទៀត គ្មានការកែតម្រូវដែលអាចឆ្លើយតបជាមួយនឹងស្មារតីរដ្ឋធម្មនុញ្ញឬក៏ឆ្លើយតបទៅនឹងតម្រូវការនិងការរស់នៅនៅក្នុងលទ្ធិប្រជាធិបតេយ្យដែលធានាដោយសិទ្ធិនិងសេរីភាព ខ្ញុំក៏នឹងធ្វើការតស៊ូមតិដើម្បីឲ្យលុបច្បាប់ហ្នឹងចោលឬក៏កែសម្រួលឡើងវិញនូវអត្ថន័យនិងខ្លឹមសារ រហូតដល់ពួកយើងគិតថាអាចទទួលយកបាន»។
គួរបញ្ជាក់ថា កាលពីកន្លងទៅ ព្រះសង្ឃមួយចំនួនក៏ត្រូវបានចាប់ផ្សឹក ហើយដាក់ពន្ធនាគារដោយសារការចេញព្រះភក្រ្តតវ៉ា។ ក្នុងនោះមានលោកកើត សារ៉ាយដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០២០ក្រោយតវ៉ាទាមទារឲ្យដោះលែងលោករ៉ុង ឈុនមេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនរឿងរិះគន់បញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៕