ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះលែង ចាកចេញ​ទៅ​ប្រទេស​ស្វីស​ដោយសារ​បារម្ភ​ពី​ការបញ្ជូន​មក​កម្ពុជា​វិញ


ព្រះតេជគុណ បូរ បេត ថតរូបនៅព្រលានយន្តហោះក្នុងប្រទេសថៃ មុនចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដោយមេធាវីជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ដោយព្រះតេជគុណ បូរ បេត)
ព្រះតេជគុណ បូរ បេត ថតរូបនៅព្រលានយន្តហោះក្នុងប្រទេសថៃ មុនចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដោយមេធាវីជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ដោយព្រះតេជគុណ បូរ បេត)

ព្រះតេជគុណ ​បូរ បេត​ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ ឃាត់​ព្រះកាយ ​កាល​ពី​ដើម​ខែធ្នូ ​ឆ្នាំ​២០២១ ​ហើយ​ដោះលែង​វិញ​នោះ​ បាន​ចាក​ចេញ​ពី​ប្រទេស​ថៃទៅ​ប្រទេស​ស្វីស​ កាល​ពីយប់​ថ្ងៃ​អាទិត្យ ​ក្រោយ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយនៅ​ទីនោះ។ ​

ព្រះតេជគុណគ​ បូរ បេត ​ព្រះ​ជន្ម​ ៣៥​ ព្រះ​វស្សា ​ដែល​ជា​សកម្ម​សង្ឃ​បរិស្ថាន ​និង​តែង​តែ​រិះគន់​រដ្ឋាភិបាល ​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា ​ចាប់​តាំងពី​ចុង​ឆ្នាំ​២០២០ ​ហើយ​បាន​គង់​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​មួយ​ឆ្នាំ ​មុន​និមន្ត​ទៅ​ប្រទេស​ស្វីស​ ដែល​ជា​កន្លែង​ព្រះ​អង្គ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ ដូច​ព្រះ​សង្ឃ​ និង​អ្នក​នយោបាយ​ផ្សេង​ទៀត​ដែរ។ ​ការណ៍​ដែល​ព្រះអង្គ​គេច​ព្រះកាយ​ទៅ​ប្រទេស​ថៃ​ ដោយសារ​ព្រះ​អង្គ​បារម្ភ​អំពី​ការ​ចាប់​ព្រះ​កាយ ​ក្រោយ​ពេល​ព្រះអង្គ​ចេញ​ព្រះ​ភក្ត្រ​តវ៉ា​ទាម​ទារ​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន​ មេ​ដឹក​នាំ​សហជីព ​កាល​ពី​ឆ្នាំ​មុន។​

ព្រះអង្គ​មាន​សង្ឃដីកា​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២ ​ខែ​ធ្នូ ​ឆ្នាំ​២០២១​ថា​ ព្រះអង្គ ​ជាជនភៀស​ខ្លួន ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ​(UNHCR) ​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ព្រះ​អង្គ​ត្រូវ​បាន​ឃាត់​ព្រះកាយ​ដោយ​ប៉ូលិស​ថៃ​ នៅវត្ត​ដែល​ព្រះ​អង្គ​គង់។ ​នៅ​ពេល​នោះ ​ប៉ូលិសថៃ​បាន​សុំ​ពិនិត្យ​មើល​លិខិត​ឆ្លង​ដែន ​ហើយ​ថា​ ព្រះ​អង្គ​មិន​មាន​ទិដ្ឋាការ​ចូល​ប្រទេស​ថៃ​ ដោយ​ចោទ​ព្រះអង្គ​ថា ​រស់​នៅ​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​ ព្រះ​អង្គ​បញ្ជាក់​ថា​ ព្រះ​អង្គ​ជា​ជនភៀស​ខ្លួន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់។​

ព្រះ​អង្គ ​បូរ បេត ​បន្ត​ថា​ ប៉ូលិស​ថៃ​ឲ្យ​ព្រះអង្គ​សឹក ​ប៉ុន្តែ​ព្រះ​អង្គ​បាន​ប្រកែក​ ដោយសារ​ព្រះអង្គ​ជា​ព្រះ​សង្ឃ​ជនជាតិ​ខ្មែរ​ ដូច្នេះ​ព្រះ​អង្គ​មិន​ទាន់​ចង់​សឹក​ទេ​ក្នុង​ប្រទេស​ថៃ។​

ក្រោយ​មាន​អន្តរាគមន៍​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ក៏​មាន​អ្នក​នយោបាយ​ថៃ​ម្នាក់ ​ផងដែរ​ ព្រះ​អង្គ ​បូរ បេត ​ត្រូវ​បាន​ដោះលែង​វិញ​ ប៉ុន្តែ​អាជ្ញាធរ​ថៃ​ មិន​អាច​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​គង់​ក្នុង​ប្រទេស​ថៃ​យូរ​ឡើយ។

ព្រះអង្គ​ប្រាប់​វីអូអេ​កាល​ពីចុង​សប្តាហ៍​ថា៖ ​«អាត្មា​ថា ​អាត្មា​អត់​ទៅ​ទេ ​បើ​អាត្មា​ទៅ​ ទីមួយ​អាត្មា​អាច​នឹង​ជាប់​គុក។​ ទីពីរ​អាត្មា​ អាច​នឹង​ស្លាប់​ក្រោម​របប​លោក ​ហ៊ុន សែន ​ដែល​ធ្វើ​បាប​អាត្មា​ ធ្វើ​ទារុណកម្ម​អាត្មា។ ​អាត្មា​ថា ​អត់​ទៅ​ទេ​ អាត្មា​នៅ​ទីនេះ»។​

ព្រះ​អង្គ​ បូរ បេត​ បាន​ចាប់​ផ្តើម​បួស​ជា​ព្រះ​សង្ឃ​តាំង​ពីព្រះ​តេជ​ព្រះគុណ​ មាន​ព្រះ​ជន្ម​ ១៣ ​ព្រះ​វស្សា ​នៅ​ក្នុង​ភូមិ​ស្រែ​វាល​ខាង​លិច ​ ឃុំ​ដង​កាំបិត​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ​ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ ​គឺ​ព្រៃ​ឡង់ ​ដែល​ជា​ព្រៃ​អភិរក្ស​ចុង​ក្រោយ​របស់​កម្ពុជា។ ​ការ​ធំដឹង​ក្តី​ក្នុង​តំបន់​ព្រៃឡង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះ​តេជ​ព្រះគុណ​ស្រឡាញ់​ព្រៃ​ឈើ​ ហើយ​ព្រះ​តេជ​គុណ ​ក៏​បាន​ក្លាយ​ជា​សកម្មសង្ឃ​មួយ​អង្គ​ការពារ​ព្រៃ​ឈើ​របស់​កម្ពុជា​ដែល​បាន​បាត់​បង់​ដ៏ច្រើន។ ​បន្ថែម​ពី​នេះ ​ព្រះ​តេជ​គុណ ​ក៏​ចង់​ឃើញ​យុត្តិធម៌​សង្គម​នានា ​ដោយ​ចូលរួម​តវ៉ាទាមទារ​រក​យុត្តិធម៌​ដល់​អ្នក​តស៊ូ​សិទ្ធិ​មនុស្ស ​ដូច​ជា​ករណី​លោក​ រ៉ុង ឈុន ជា​ដើម។​

មុន​ចាក​ចេញទៅ​ប្រទេស​ស្វីស​ព្រះ​អង្គ​ បូរ បេត​ ប្រាប់​វីអូអេ​ថា​ ព្រះអង្គ​មាន​ព្រះទ័យ​ចង់​ធ្វើ​ជា​អ្នក​នយោបាយ​មួយ​រូប ​បើ​មាន​ឱកាស ​ដោយ​សារ​ព្រះ​អង្គ​ចង់​ធ្វើ​ជា​តំណាង​រាស្រ្ត ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការ​ជួយ​ប្រជា​ពលរដ្ឋ។​

ព្រះអង្គ​បញ្ជាក់​ថា៖ ​«ទោះបីយ៉ាង​ណា​ក៏​ដោយ​ ក្នុង​នាម​យើង​ជាកូន​ខ្មែរ ​យើង​គេច​អត់​ផុត​ ក្រៅពី​យើង​វិល​វិញ​ទេ ​ពីព្រោះ​អាត្មា​ហ្នឹង​តែង​តែគិត​ថា​ នឹង​មាន​ឱកាស​ណា​មួយ​ អាត្មា​នឹង​មក​ចូលរួម​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​មក​ចូលរួម​ធ្វើ​នយោបាយ​តាម​បែប​សង្គម​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ​អា​នេះ​ ជា​ស្រុក​កំណើត​របស់​យើង។​ យើង​អត់​អាច​ចោល​បាន​ទេ។​ កាលៈទេសៈ​ណាមួយ ​យើង​ត្រូវ​តែ​វិល​វិញ​មក​រស់​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ»។​

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​ថៃ​ បាន​ចាប់​បញ្ជូន​សកម្មជន​មួយ​ចំនួន​មក​ប្រទេស​កម្ពុជា​វិញ​ ទោះ​បី​ពួកគេ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ក៏ដោយ។ ​

កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​អ្នកស្រី​ ឡាញ់ ថាវរី ​អតីត​មេឃុំ​ឫស្សី​ក្រោក ​ក្នុង​ស្រុក​មង្គលបុរី​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន ​ហើយ​បន្ទាប់​មក​បញ្ជូន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១។​ ចំណែក​កាល​ពីដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ​បុរស​ពីរ​នាក់​ដែល​ម្នាក់​ជា​សកម្ម​ជន​សង្គម ​និង​ម្នាក់​ទៀត​ជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ ហើយ​បញ្ជូន​មក​កម្ពុជា​ដែរ៕

XS
SM
MD
LG