លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានអំពាវនាវទៅប្រទេសជាសមាជិកអង្គការអូតង់ និងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដោយលោកបារម្ភអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃអាវុធទាំងនេះ។ នេះបើយោងតាមសារនៅលើគណនី Twitter របស់លោក ហ៊ុន សែន ដែលលោកបង្ហោះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
លោក ហ៊ុន សែន លើកឡើងថា៖ «ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការអូតង់ និងប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។
អូតង់គឺជាអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ដែលមាន៣១ប្រទេសជាសមាជិក ហើយភាគច្រើនជារដ្ឋនៃសហភាពអឺរ៉ុប។ សហរដ្ឋអាមេរិក និងកាណាដា ក៏ជាសមាជិកនៃអង្គការនេះផងដែរ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរសារនៅបណ្តាញ Telegram របស់លោកថាប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឱ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។
លោកបញ្ជាក់ថា៖ «ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន»។
លោក ហ៊ុន សែន បន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថាកម្ពុជាប្រទេសតូចមួយ ប៉ុន្តែយើងមានចិត្តអាណិតអាសូរចំពោះពលរដ្ឋអ៊ុយក្រែន ខ្ញុំសូមអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ុយក្រែនចៀសវាងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះជនរងគ្រោះពិតប្រាកដ គឺជាពលរដ្ឋអ៊ុយក្រែន»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេថាការអំពាវនាវនេះ ជាយោបល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅដល់អន្តរជាតិ ដែលមិនចង់ឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ដែលស្របតាមអនុសញ្ញាមួយចំនួនដែលចែងពាក់ព័ន្ធនឹងការហាមប្រាមនៃការប្រើប្រាស់គ្រាប់បែកនេះ។ លោកបន្ថែមថាគ្រាប់បែកប្រភេទនេះប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះជាចប់សង្រ្គាម ប៉ុន្តែគ្រាប់បែកនេះ នៅតែបន្តផ្តាច់ជីវិតប្រជាពលរដ្ឋ ដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់។
លោកបញ្ជាក់ថា៖ «ដូច្នេះការអំពាវនាវនេះគឺមិនមែនជាការអំពាវនាវប្រឆាំងនឹងសហរដ្ឋអាមេរិក ឬអ៊ុយក្រែនទេ។ គ្រាន់តែសុំកុំប្រើប្រាស់គ្រាប់បែកចង្កោម ពីព្រោះគ្រាប់បែកចង្កោមអត់បានប្រើបច្ចេកទេស ដើម្បីឱ្យគ្រាប់បែបនេះផ្ទុះខ្លួនវាក្នុងរយៈពេលណាមួយ ដែលនៅពេលដែលតំបន់សង្រ្គាមក្លាយទៅជាតំបន់សន្តិភាព នោះគឺវានៅតែបន្តជាឃាតកដ៏អាក្រក់សម្រាប់មនុស្សជាតិនេះឯងបាទ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល ថ្លែងថាការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងក្នុងនាមប្រមុខដឹកនាំកម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះ ហើយវាជាកាតព្វកិច្ចរបស់កម្ពុជាដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីការហាមប្រាមប្រើប្រាស់គ្រាប់បែកចង្កោម។ លោកបន្តថាកាកសំណល់នៃគ្រាប់បែកមិនទាន់ផ្ទុះនៅតែបង្កហានិភ័យសម្រាប់កម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំយល់ថាវាមិនប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ឬរវាងកម្ពុជា និងអ៊ុយក្រែនទេ ពីព្រោះការអំពាវនាវនេះក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសារគ្រាប់បែកចង្កោមតែប៉ុណ្ណោះហើយយើងជឿជាក់ថាប្រជាពលរដ្ឋ ឬក៏ជនស៊ីវិលអ៊ុយក្រែន ក៏ដូចជាជនស៊ីវិលនៅទូទាំងពិភពលោកនឹងមិនស្វាគមន៍ការប្រើប្រាស់អាវុធដែលនាំឱ្យមានការប្រល័យជីវិតមនុស្ស បង្កសោកនាដកម្ម និងវិនាសកម្មធំធេងដល់មនុស្សជាតិនោះទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ចំណែកក្រសួងការបរទេសឡាវ កាលពីថ្ងៃចន្ទ ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្នុងនាមជាជនរងគ្រោះនៃគ្រាប់បែកចង្កោមកាលពីអតីតកាល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសឡាវ។
រដ្ឋាភិបាលឡាវបញ្ជាក់ថា៖ «ដូច្នេះហើយ ឡាវសូមអំពាវនាវដល់រដ្ឋ ឬតួអង្គណាមួយ ចៀសវាងរាល់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដូចដែលបានកំណត់ក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដើម្បីកុំឱ្យនរណាម្នាក់ក្នុងពិភពលោករងគ្រោះដោយសារអាវុធដ៏ប្រល័យនេះ»។
រដ្ឋាភិបាលកាណាដាដែលជាសមាជិកអង្គការអូតង់ ក៏បានចេញសេចក្ដីថ្លែងការណ៍មិនគាំទ្រនឹងផែនការរបស់អាមេរិកក្នុងការផ្ដល់គ្រាប់បែកចង្កោមដល់ប្រទេសអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានអះអាងថាខ្លួនកំពុងពិចារណាបញ្ជូនគ្រាប់បែកចង្កោមទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ គ្រាប់បែកប្រភេទនេះអាចបាញ់ចេញពីកាណុងកាំភ្លើងធំ ហើយបែកចេញទៅជាគ្រាប់តូចៗជាច្រើនបន្តទៀត ដែលអាចគ្របដណ្តប់លើផ្ទៃដ៏ធំមួយ។ គ្រាប់ប្រភេទនេះក៏អាចធ្វើឱ្យរងគ្រោះជាបន្តទៀត នៅក្រោយការប្រយុទ្ធគ្នាបានបញ្ចប់។
គ្រាប់បែកចង្កោមត្រូវបានហាមប្រាមមិនឱ្យប្រើប្រាស់ ដោយប្រទេសចំនួន១២៣នៅលើពិភពលោក ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ដល់ជនស៊ីវិល។ ប៉ុន្តែសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី មិនបានហាមប្រាមលើការប្រើប្រាស់គ្រាប់ប្រភេទនេះឡើយ៕