នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ថា មូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានឹងអាចដំណើរការនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើឲ្យមន្ទីរពេទ្យព្យាបាលកុមារនេះ អាចបន្តប្រតិបត្តិការរបស់ខ្លួន នៅពេលមិនមានវត្តមានលោកវេជ្ជបណ្ឌិត Beat Richner (បេអាត រិចឆ្នឺរ)។ នេះបើយោងតាមព័ត៌មានសង្ខេបមួយផ្សព្វផ្សាយដោយអង្គភាពព័ត៌មានក្នុងស្រុក ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Richner។
ព័ត៌មានរបស់អង្គភាព Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល ហើយដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត Richner នៅថ្ងៃច័ន្ទ ឲ្យដឹងថា លោក ហ៊ុន សែន បានជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនោះ លោក ហ៊ុន សែន បានប្រកាសថា មូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានឈ្មោះថា «មូលនិធិគន្ធបុប្ផាកម្ពុជា» នឹងអាចដំណើរការនៅថ្ងៃទី១១ ខែមេសា សម្រាប់មន្ទីរពេទ្យដែលត្រូវការថវិកាប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ៖
«តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ ថ្ងៃទី១១ ខែមេសា មុនចូលឆ្នាំខ្មែរ យើងនឹងប្រកាសឲ្យចាប់ផ្តើមអនុវត្តសម្ពោធ អនុវត្តមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាជំនួយដ៏ធំសម្រាប់ស្រោចស្រង់មន្ទីរពេទ្យគន្ធបុប្ផា»។
លោក ហ៊ុន សែន លើកឡើងថា មូលនិធិថ្មីនេះនឹងផ្តល់ការផ្គត់ផ្គង់ខាងហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើមូលនិធិរបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ។
«មានមូលនិធិគន្ធបុប្ផាដែលវេជ្ជបណ្ឌិត រិចឆ្នឺរ គាត់បង្កើតនៅឯក្រៅប្រទេស និងយើងមានមូលនិធិគន្ធបុប្ផា នៅក្នុងប្រទេសយើង ដែលយើងប្រមូលធនធាននៅក្នុងជាតិរបស់យើង ជួយមន្ទីរពេទ្យមួយនេះ ដែលក្នុងមួយឆ្នាំចំណាយ មន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់ព្យាបាលកុមារ ប្រមាណជាង៤០លានដុល្លារអាមេរិក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រា្តលីនៅប្រទេសអូស្រ្តាលី អះអាងថា លោកគឺជាប្រធានកិត្តិយសរបស់មូលនិធិនេះ។
លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលមានវ័យ៧១ឆ្នាំ គឺជាស្ថាបនិកនៃមន្ទីរពេទ្យមនុស្សធម៌គន្ធបុប្ផា។ លោកបានជួយធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩២ បន្ទាប់ពីមន្ទីរពេទ្យនេះត្រូវបានបំផ្លិចបំផ្លាញនៅសម័យសង្គ្រាម។
លោក រិចឆ្នឺរ បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីខែមីនា ឆ្នាំ២០១៧។ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យនេះមិនអាចបញ្ជាក់អំពីជំងឺរបស់លោក រិចឆ្នឺរ នោះទេ កាលពីពេលនោះ។
ជាង២៥ឆ្នាំមកនេះ មានកុមារជាង១២លាននាក់បានទទួលការព្យាបាលជំងឺពីមន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងចំនួនប្រាំកន្លែងនៅក្នុងប្រទេស។ តួលេខនេះ រាប់ចាប់ពីឆ្នាំ១៩៩២ដល់ខែមីនា ឆ្នាំ២០១៧។
យោងតាមតួលេខចុងក្រោយរបស់មន្ទីរពេទ្យគន្ធបុប្ផា កុមារកម្ពុជាចំនួនជាង ៨ម៉ឺននាក់ត្រូវបាននាំយកមកពិគ្រោះជំងឺ និងកុមារមានជំងឺធ្ងន់ៗជាងមួយម៉ឺននាក់ ត្រូវបានដាក់ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ។ តួលេខនេះត្រូវបានស្រង់ចាប់ពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តប្រតិបត្តិការរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Freshnewsដែលមាននិន្នាការលម្អៀងទៅរករដ្ឋាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ត្រូវបានបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផានៅប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧៤ និង១៩៧៥ ដោយកាកបាទក្រហមប្រទេសស្វ៊ីស។ ក្រោយសម័យសង្គ្រាមគឺនៅខែធ្នូ ឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាស្នើឲ្យលោកកសាងឡើងវិញ និងគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម៕