ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​ផ្តល់​ការបកស្រាយ​ផ្សេងៗគ្នា​ជុំវិញ​ការសង្គ្រោះ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​៤១​ នាក់​ពី​ប្រតិបត្តិការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​​អនឡាញ


រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនដែល ត្រូវបានស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាជួយសម្រួលឱ្យបានត្រឡប់ទៅឥណ្ឌូណេស៊ីវិញ។ (Facebook/ Indonesian Embassy Phnom Penh)
រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនដែល ត្រូវបានស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាជួយសម្រួលឱ្យបានត្រឡប់ទៅឥណ្ឌូណេស៊ីវិញ។ (Facebook/ Indonesian Embassy Phnom Penh)

អាជ្ញាធរ​កម្ពុជា​អះអាង​ថា ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចំនួន​៤១​នាក់​ត្រូវ​បាន​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​ជួយ​សម្រួល​ត្រទ្បប់​ទៅ​ប្រទេស​ពួក​គេ​វិញ ហើយ​ពួកគេមិន​មែន​ជា​ជន​រង​គ្រោះ​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អន​ឡាញ​នោះ​ទេ ​ខណៈ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា ខ្លួន​បាន​ជួយ​សម្រួល​ឱ្យ​ពលរដ្ឋរបស់​ខ្លួន​បានត្រឡប់​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​ គិត​ចាប់​តាំង​ពីពាក់​កណ្តាល​ខែ​កក្កដា ​ដល់​ដើម​ខែ​សីហា​ឆ្នាំ​២០២៣​នេះ។​

នៅ​ក្នុង​សារ​អ៊ីមែលឆ្លើយ​តប​មក​កាន់​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​បញ្ជាក់​ឱ្យដឹងថា​ នគរបាល​ជាតិ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ប្រជាជន​ឥណ្ឌូណេស៊ី​តាម​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​ស្វាយរៀង​ ក្រុង​បាវិត ​និង​រាជធានី​ភ្នំពេញ។​

ស្ថានទូត​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ជា​ភាសា​អង់គ្លេស​ហើយត្រូវ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ក្នុង​អត្ថន័យ​ដើមថា៖ ​«ពលរដ្ឋ​ឥណ្ឌូណេស៊ី ​ដែល​ជា​ជន​រង​គ្រោះ​នៃ​ក្រុមហ៊ុន​បោក​ប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ ត្រូវ​បាន​នគរបាល​ជាតិ​កម្ពុជា ​(CNP) ​ជួយ​សង្គ្រោះ​នៅ​វេលា ​និង​ទីតាំង​ដាច់​ដោយ​ឡែក​ពី​គ្នា ​ចាប់​ពី​ថ្ងៃ​ទី​៥ ​ដល់​ថ្ងៃ​ទី១៤ ​ខែ​មិថុនា ​ឆ្នាំ​២០២៣ ​ដោយ​មាននៅ​ខេត្ត​បន្ទាយ​មានជ័យ ​(១​ទីតាំង​នៅ​ក្រុង​ប៉ោយប៉ែត) ​ខេត្ត​ស្វាយរៀង​ (៤​ទីតាំង​ក្នុង​ក្រុង​បាវិត) ​និង​រាជធានី​ភ្នំពេញ ​(២​ទីតាំង)»។​

រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនដែលត្រូវបានស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាជួយសម្រួលឱ្យបានត្រឡប់ទៅឥណ្ឌូណេស៊ីវិញ។ (Facebook / Indonesian Embassy Phnom Penh)
រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បង្ហាញពីពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនដែលត្រូវបានស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាជួយសម្រួលឱ្យបានត្រឡប់ទៅឥណ្ឌូណេស៊ីវិញ។ (Facebook / Indonesian Embassy Phnom Penh)

ស្ថានទូត​ឥណ្ឌូណេស៊ី​ក៏​បញ្ជាក់​ដែរ​ថា ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ក្លាយ​ជា​អ្នក​បោក​ប្រាស់​តាម​រយៈ​គម្រោង​ជា​ច្រើន​ រួម​ទាំង​ការ​បោក​ប្រាស់​តាម​កម្មវិធី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អនឡាញ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផង​ដែរ។​

អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​អ្នកស្រី ​ជូ ប៊ុនអេង ​ប្រាប់​វីអូអេ​ថា ​ ករណី​រំលោភ​បំពាន​ ឬ​ការ​កេង​ប្រវ័ញ្ច​តាម​អនឡាញ​មាន​សឹងតែ​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​ មិន​មែន​មាន​តែ​នៅ​កម្ពុជា​មួយ​នោះ​ទេ។​

អ្នកស្រី​ជំរុញ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ភាគី​ពាក់ព័ន្ធទាំង​អស់​នៅ​កម្ពុជា​គួរតែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ចេះ​តែ​បន្ត​កើត​មាន​ឡើង។​

អ្នកស្រី​ថ្លែង​ថា៖​ «គ្រប់​ប្រទេស​ទាំង​អស់​យើង​ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទ​ល្មើស​ហ្នឹង​ ហើយ​យើង​ព្យាយាម​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ ​តាម​ដាន​ ឬ​គ្រប់គ្រង​ករណី​ហ្នឹង​ឱ្យ​បាន​ទាំង​អស់​គ្នា​ ហើយ​អត់​មាន​ឆ្លើយ​ដាក់​គ្នា​បាន​ទេ។​ បើ​រវល់​តែ​ចង្អុលដាក់​គ្នា​ថា ​ប្រទេសនោះ ​ជន​ជាតិ​នោះ ​រដ្ឋាភិបាល​នេះ ​ឱ្យ​តែ​និយាយ​របៀប​ហ្នឹង ​ជន​ល្មើស​បាន​ដៃ​ហើយ!​ គេ​ [ជន​ល្មើស]​ នឹង​រក​គ្រប់​វិធី​ធ្វើ​ឱ្យ​យើង​ហ្នឹង​ពុល​ហើយ!»​

ក៏​ប៉ុន្តែ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ លោក ​សិទ្ធ ឡោះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា មិន​មាន​ករណី​ចាប់​បង្ខាំង​ ឬ​ជំរិត​មនុស្ស​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​អ្វី​នោះ​ឡើយ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។ ​

លោក​ថ្លែង​ថា៖​ «អូន​ បង​សុំ​ជម្រាប​ខ្លី​សម្រាប់ ​[ខេត្ត]​ បន្ទាយ​មានជ័យ​យើង​អត់​មាន​ទេ​ណ៎ាអូន​ណា៎។ ​មាន​តែ​ករណី​ដែល​ពួក​គាត់​មក​នៅ​ខុស​ច្បាប់ ​ហើយ​ពួក​គាត់​មាន​ការ​ប្តឹង​បរិហារ​ មាន​ការ​បង្ខាំង ​តែ​តាម​ពិត​ជាក់​ស្តែង​ធាតុ​ពិត​អត់​មាន​ទេ ​ហើយ​កិច្ច​ការងារ​ទាំង​អស់ ​ចង់​ប្រាប់​ប្អូន​ថា​ យើង​បាន​ធ្វើ​ការ​ដោះ​ស្រាយ​រួច​ហើយ​ជួយ​រក​ពួក​គាត់ ​ដើម្បី​ជួយ​ពួក​គាត់​ទៅ​ខាង​ស្ថានទូត​ដើម្បី​ឱ្យ​គាត់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ទៅ​តាម​ជន​អន្តោ​ប្រវេសន៍»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក ​សាន សុខសីហា​ និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិលោក ​ឆាយ គឹមឃឿន ​ទាំង​តាម​ទូរស័ព្ទ​ ​តេឡេក្រាម ​Whatsapp ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។​

អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ​លោក​ កែវ វណ្ណថន ​ប្រាប់​វីអូអេ​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​៤១​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញនោះ​គឺ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ និង​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា ​ក្រសួង​មហា​ផ្ទែ​បាន​បញ្ជូនពល​រដ្ឋ​ទាំង​នោះ​ចេញ ៦​លើក​រួច​មក​ហើយ ​ដោយ​ក្នុង​នោះ​មាន​ស្រី​ចំនួន​៥​នាក់។​

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាមដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«បន្ទាប់​ពី​ទទួល​បាន​ប្រកាស​បណ្តេញ​ចេញ​របស់​ក្រសួង​មហាផ្ទៃ ​អគ្គ​នាយក​ដ្ឋាន​បាន​ធ្វើ​ការ​បណ្តេញ​ចេញ​ពី​ចន្លោះ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី​៥ ​ខែ​សីហា ​ឆ្នាំ​២០២៣ ​សរុប​ចំនួន​៦​លើក ​មាន​មនុស្ស​៤១​នាក់ ​ស្រី​៥​នាក់ ​ទៅ​ប្រទេស​ដើម​វិញ ​តាម​ព្រលាន​យន្តហោះ​ភ្នំពេញ»។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​(សង់ត្រាល់)​ ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក ​លោក ​ឌីថេ ហូយ៉ា​ លើក​ឡើង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​សង់ត្រាល់​តែង​តែ​ទទួល​បាន​ករណី​នៃ​កិច្ច​សុំ​អន្តរាគមន៍​ពី​ជន​រង​គ្រោះ​ រួម​មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ ចិន ​រៀតណាម ​និង​ម៉ាឡេស៊ី​ជាដើម​ ដែល​ត្រូវ​បាន​ឆបោក​ឱ្យ​មក​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ប្រទេស​កម្ពុជា។​

បើ​តាម​លោក​ ឌីថេ ហូយ៉ា ​មូល​ហេតុ​ដែល​អាជ្ញាធរ​កម្ពុជា​ខ្លះច្រាន​ចោល​ព័ត៌មានជុំវិញ​ការ​ឆបោក​តាម​អនឡាញ​របស់​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ​ គឺ​ដោយ​សារ​កន្លង​ទៅ ​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​រក​ឃើញ​ពី​ការ​ជួញ​ដូរ​មនុស្ស​ និង​រំលោភ​បំពាន​យ៉ាង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​លោក​ព្យាយាម​បដិសេដ ​វា​អាច​ពាក់​ព័ន្ធ​ទៅ​លើ​ កន្លង​មក​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ដែល​រក​ឃើញ​អំពី​ការ​ជួញ​ដូរ​មនុស្ស ​រក​ឃើញ​អំពី​ការ​រំលោភ​បំពាន​អី​ជា​ដើម​ហ្នឹង​ ហើយ​កំណត់​ប្រទេស​កម្ពុជា​ពី tier 2 to tier 3 ​[កម្រិត​ទី២​ដល់​កម្រិត​ទី៣] ​មាន​ន័យ​ថា​ កម្រិត​នៃ​ការ​ជួញ​ដូរ​ខ្លាំង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ»។​

យ៉ាង​ណាមិញ​ ​អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​និង​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​ដើម​ហេតុ​ដែល​បង្ក​ឱ្យ​មាន​ការ​ឆបោក ​និង​ជួញដូរ​តាម​អនឡាញ​ ដោយ​មាន​ការចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​លើ​រឿង​ទាំង​អស់​នេះ។ ​លោក​បន្ថែម​ថា ​អាជ្ញាធរ​ត្រូវ​សហការ​ជាមួយ​ប្រទេស​នានា​ដើម្បី​កម្ចាត់​ការ​ជួយ​ដូរ​ជា​ប្រព័ន្ធ​ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃ​នេះ។

លោក​ថ្លែង​ថា៖ ​«ជា​ពិសេស​គឺ​មន្រ្តី​ជំនាញ​ខាង​ផ្នែក ​Online Scam ​[បោក​បញ្ឆោត​តាម​អន​ឡាញ]​ ត្រូវ​ច្បាស់ ​ត្រូវ​ដឹង​ ហើយ​ត្រូវ​កំណត់​មុខ​សញ្ញា​ចំពោះ​ជន​ប្រព្រឹត្ត​ពី​ប្រទេស​ណា​ ក្រុម​ណា ​ជន​ណា​ ហើយ​រៀប​ចំ​សហការ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដើម្បី​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ឱ្យ​បាន​មាន​ប្រសិទ្ធ​ភាព​ ទើប​ជួយ​ការ​ពារ​ និង​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ជួញ​ដូរ​នេះ​បាន»។​

កាល​ពី​ចុង​ខែ​កក្កដា​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ក៏​បាន​អះអាង​ផង​ដែរថា ​ខ្លួន​កំពុង​ស៊ើប​អង្កេត​ករណី​នៃ​ការ​ជួញ​ដូរសរីរាង្គ​មនុស្ស​ខុស​ច្បាប់ ​ហើយ​ការ​វះ​កាត់​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា។ ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ចោទ​ប្រកាន់​ប៉ូលិស ​និង​មន្រ្តី​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ធ្វើ​ឯក​សារ​បន្លំ​ដើម្បី​អាច​បញ្ជូន​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១២២​នាក់​មក​វះ​កាត់​លក់​ក្រលៀន​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG