ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧកញ៉ា លី គួង ម្ចាស់​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ច្រាន​ចោល​ការ​ផ្សាយ​ BBC ដែល​ថា​លោក​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​មនុស្ស


រូបភាព​ពី​គេហទំព័រ BBC កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា បង្ហាញ​ពី​វីដេអូ​ស៊ើប​អង្កេត​​និយាយ​​អំពី​ការ​បោក​បញ្ឆោត​តាម​បច្ចេកវិទ្យា។
រូបភាព​ពី​គេហទំព័រ BBC កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា បង្ហាញ​ពី​វីដេអូ​ស៊ើប​អង្កេត​​និយាយ​​អំពី​ការ​បោក​បញ្ឆោត​តាម​បច្ចេកវិទ្យា។

លោក លី គួង ដែល​ជា​អ្នក​ជំនួញ​មួយ​រូប​មាន​ងារ​ជា​ឧកញ៉ា និង​ជា​អនុ​ប្រធាន​កិត្តិ​យស​កាក​បាទ​ក្រហមប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ច្រានចោល​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​អង់គ្លេស​ BBC ​ដែល​ថា​ លោក​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​នៃ​ការ​ជួញ​ដូរ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បណ្តាញ​ព័ត៌មាន ​BBC​ របស់​អង់​គ្លេស​បាន​ផ្សព្វ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ ដោយ​លើក​ឈ្មោះ​ លោក លី គួង ជា​ម្ចាស់​ទីតាំងមួយ​កន្លែង​ឈ្មោះ ហ័ងឡឺ (Huang Le) ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យធ្វើការ​ ដើម្បី​បោក​បញ្ឆោត​ប្រាក់​របស់​គេ។ វីដេអូ​ស៊ើប​អង្កេត​នោះ​និយាយអំពី​ការ​បោក​បញ្ឆោត​តាម​បច្ចេកវិទ្យា ដោយ​ប្រើ​ប្រាស់​វិធីសាស្រ្ត​លួង​លោម​មនោ​សញ្ចេតនា រួច​បោក​ប្រាស់​លុយ (Pig-Butchering Roman)។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​នេះ លោក លី គួង បាន​បដិសេធ​ថា​ លោក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ បើ​ទោះ​លោក​ជា​ម្ចាស់​ទីតាំង ហើយ​ជួល​ឱ្យជនជាតិ​ចិន។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​៖ «ខ្ញុំ​ដូច​គ្មាន​អី​ឆ្លើយ​ឆ្លង ឆ្លើយ​តប​ជាមួយ​គាត់​ទេ ព្រោះ​អ្វី​ដែល​គាត់​ចុះ​ផ្សាយ​ហ្នឹង​គឺ​មិន​មាន​ការ​ពិត​តែ​ម្តង​ មិន​មាន​ពាក់ព័ន្ធ​ជាមួយ​ទី​តាំង​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ជួល​ដី​ឱ្យ​គេ​សង់​អគារ​ទេ។ អ៊ីចឹង ​អ្វី​ដែល​ជា​អាជីវកម្ម ជា​អីៗ គឺ​ខាង​ភ្ញៀវ​ចិន​គេ​អ្នក ​Run ​(ដំណើរការ) គេ​អ្នក​រ៉ាប់​រង​ទាំង​អស់​ទេ។ ជាក់​ស្តែង​ទៀត អា​វាយ​ដំ ច្រំ​ធា​ក់ហ្នឹង ឆបោក​ វា​មិន​មាន​នៅ​លើ​ហ្នឹង ហើយ​អា​រូប​ភាព​នោះ​ខ្ញុំ​សួរ​ ឆែក​ទៅ​នៅ​ភូមា»។

វីដេអូ​បែប​ស៊ើប​អង្កេត​ដែល​មាន​រយៈ​ពេល​ ៤៧​នាទី បាន​បរិយាយ​អំពី​ស្ថានភាព​ជន​រងគ្រោះ​ដែល​ជា​ជន​ជាតិ​ចិន ដែល​ចាញ់​បោក​គេ​តាម​ប្រព័ន្ធ​អនឡាន​ ហើយ​ទទួល​ការ​ធ្វើ​ទារុណកម្ម​ និង​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​គេ​តាម​ប្រព័ន្ធ​អនឡាញ​ នៅ​ទី​តាំង​ឈ្មោះ​ហ័ងឡឺ ក្នុង​ខេត្ត​ព្រះសីហនុ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ប្រតិកម្ម រួម​ទាំង​ច្រាន​ចោល​នូវ​ការ​ផ្សាយ​របស់បណ្តាញ​ព័ត៌មាន​ BBC។ សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​បាន​ត្រួត​ពិនិត្យ និង​ស្រាវ​ជ្រាវ​នៅ​តាម​អគារ​កាស៊ីណូ​ដែល​មាន​ម្ចាស់​ឈ្មោះ លី គួង ប៉ុន្តែ​មិន​មាន​សញ្ញាណ​បទ​ល្មើស​បង្ខាំង ឬ​ទារុណ​កម្ម​ឡើយ។

សេចក្តី​ប្រ​កាស​ព័ត៌មាន​ដដែល​អះអាង​ថា BBC បាន​ចុះ​ផ្សាយ​ព័ត៌មាន​ទាំង​នោះ ដោយ​«ពុំ​មាន​ប្រភព និង​មូលដ្ឋាន​ច្បាស់​លាស់» និង​ថា ​អ្វី​ទាំង​នោះ​មិន​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ សូម​ធ្វើ​ការ​ប្រកា​ស​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌មាន​ឈ្មោះ​ BBC នៅ​ថ្ងៃទី០៨ ខែ​មីនា ឆ្នាំ​២០២៣ ក្រោម​ចំណង​ជើង​ថា​ «Pig Butchering Romance Scam» ​នេះ»។

ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)
ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)

លោក ឡុង ឌីម៉ង់ អភិបាល​រង​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាជ្ញាធរ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ BBC ដោយ​ថា ​វា​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​យើង​បាន​ឃើញ​ថា​ព័ត៌មាន​អត់​មាន​ប្រភព​ហើយ​មូលដ្ឋាន​ច្បាស់​លាស់​ទេ ហើយ​ប្រើ​សភាព​ការណ៍​ចាស់ៗ។ យើង​ឃើញ​មួយ​ចំនួន​ គឺ​យក​រូបភាព​ចាស់ៗ​ហ្នឹង បាន​ន័យ​ថា​រូបភាព​ចាស់ៗ​ដែល​បាន​កើត​ឡើង​កន្លង​មក​ ហើយ​ដែល​មុន​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ចុះ​បង្ក្រាប»។

លោក​បន្ថែម​ថា​ លោក លី គួង ដែល​ជា​ម្ចាស់​ជួល​ដី​ក៏​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ករណី​នេះ​ដែរ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​បណ្តាញ​ព័ត៌មាន​ BBC ​បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ប្រាប់​វីអូអេ​ថា​ អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ក្នុង​ការ​បង្រ្កាប​ការ​ជួញដូរ​មនុស្ស​នៅ​ឡើយ។ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​ការ​តាំង​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​កម្ពុជា​ ជា​ពិសេស​ជះ​ផល​អាក្រក់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖​ «កម្ពុជា​យើង​ត្រូ​វតែ​មាន​ការ​ខិត​ខំ ​និង​ការ​ប្រឹង​ប្រែង​ទៅ​លើ​ការ​បង្ក្រាប​ និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ​ពីព្រោះ​បញ្ហា​ទាំង​អស់​នេះ​វា​ជះ​ឥទ្ធិ​ពល​ ប៉ះពាល់​ដល់​កម្ពុជា​ មុខ​មាត់​កម្ពុជា​យើង»។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។

គិត​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០២២ ដែល​មានការ​ចុះ​បង្រ្កាប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​បរទេស ​និង​ការ​បង្ខាំង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ជន​បរទេស​សរុប​ប្រមាណ​ ២.១០០​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី​៧ ​ខែ​មេសា ​ឆ្នាំ​២០២៣។ ជន​បរទេស​ទាំង​នោះ មាន​ ១៦​សញ្ជាតិ ហើយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​វៀតណាម​ និង​ឥណ្ឌូណេស៊ី៕

XS
SM
MD
LG