លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន បន្ទាប់ពីកម្ពុជា។
បើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលមានសមាជិក ១០ ប្រទេស ហើយកម្ពុជាជាសមាជិកផងដែរនោះ ស្ថិតក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី១១ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងឡាប៊ូន បាចូ ប្រទេសឥណ្ឌូណេស៊ី។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ មន្ត្រីកម្ពុជាដែលអមដំណើរលោក ហ៊ុន សែន រួមមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងៗទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាននិងកិច្ចសហប្រតិបត្តិការ និងដើម្បីពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់អាស៊ានក្រោយឆ្នាំ ២០២៥។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមកិច្ចព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ»។
អ្នកតាមដាននយោបាយអន្តរជាតិមើលឃើញថា ជម្លោះនៅប្រទេសមីយ៉ាន់ម៉ានឹងក្លាយជាប្រធានបទក្តៅជាងគេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រោយមានការវាយប្រហារតាមផ្លូវអាកាសរបស់របបសឹកមីយ៉ាន់ម៉ា ដែលត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ថាបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ១៧០នាក់ កាលពីខែមេសាកន្លងទៅ។ ការណ៍នេះបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ព្រមទាំងការអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងម៉ឺងមាត់ពីអាស៊ានផងដែរ។
កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ការវាយប្រហារមកលើក្បួនរថយន្ដរបស់មន្ត្រីទូត និងក្រុមមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន រឹតតែដាក់សម្ពាធមកលើអាស៊ាន។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូប ប្រាប់វីអូអេថា មីយ៉ាន់គឺជាបញ្ហាសំខាន់ជាងគេនៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននេះ។ លោកបន្ថែមថា គ្រាដែលកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ានកាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ី «ហាក់មើលងាយកម្ពុជា» រួមទាំងទទូចខ្លាំងជាងគេឱ្យកម្ពុជាចាត់វិធានការក្តៅចំពោះរបបសឹកភូមា ខណៈមកដល់ឥឡូវនេះ ជាង៥ខែហើយដែលឥណ្ឌូណេស៊ីបានក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន ប៉ុន្តែមិនមានការវិវឌ្ឍវិជ្ជមានណាចំពោះបញ្ហាមីយ៉ាន់ម៉ានៅឡើយទេ។
លោកថ្លែងថា៖ «ហើយមកដល់ពេលនេះក៏យើងនៅមិនទាន់ឃើញមានសកម្មភាពអីពីឥណ្ឌូណេស៊ីនៅក្នុងការលូកទៅក្នុងកិច្ចការងាររបស់ប្រទេសភូមានៅឡើយដែរ។ សម្រាប់ខ្ញុំមើលឃើញថា ប្រហែលជាមិនអាចមានលទ្ធភាពអីនៅក្នុងការដោះស្រាយបញ្ហានេះ ហើយក៏មិនមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហានេះដែរ ដូចតែកម្ពុជាដែរ»។
ភាពចលាចលនិងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងក្រោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កាលពីឆ្នាំ ២០២១។ អាស៊ានបាននិងកំពុងស្វែងរកមធ្យោបាយដើម្បីបិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅប្រទេសមួយនេះ។ ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងរបស់ប្លុក ១០ ប្រទេសនេះ ហាក់មិនមានការរីកចម្រើនអ្វីបន្តិចនោះឡើយ ហើយរបបសឹកភូមារងការចោទប្រកាន់ថាមិនគោរពទៅតាមកិច្ចព្រមព្រៀងដែលខ្លួនបានសន្យាជាមួយមេដឹកនាំអាស៊ាន។
អ្នកសិក្សាភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា គេនៅមិនទាន់អាចវាយតម្លៃ ក៏ដូចជាធ្វើការប្រៀបធៀបបាននៅឡើយទេ ចំពោះភាពជាប្រធានប្តូរវេនរបស់កម្ពុជា និងឥណ្ឌូណេស៊ី។ អ្នកតាមដាននយោបាយអន្តរជាតិរូបនេះលើកឡើងថា បញ្ហាដែលកម្ពុជានិងឥណ្ឌូណេស៊ីកំពុងតែពើបប្រទះគឺដូចជាគ្នា ដែលបញ្ហាទាំងអស់នោះមានដូចជាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងវិបត្តិនៅឧបទ្វីបកូរ៉េជាដើម។
បើតាមអ្នកជំនាញរូបនេះ វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាគឺជាបញ្ហាដែលស្មុគស្មាញជាងគេ ហើយឥណ្ឌូណេស៊ីមិនទំនងបោះជំហានប្រកបដោយវិជ្ជមានឡើយ។
លោកថ្លែងថា៖ «បើសិនជាយើងក្រឡេកមកមើលបញ្ហានៅមីយ៉ាន់ម៉ា វាមកដល់ពេលនេះ វានៅតែជាបញ្ហាក្តៅគគុក ហើយស្មុគស្មាញពិបាកដោះស្រាយ ហើយភាគីម្ខាងៗនៅតែប្រកាន់គោលជំហរ ឬក៏ប្រើប្រាស់ហិង្សាក្នុងការដោះស្រាយបញ្ហា ឬក៏ឆ្លើយតបនឹងបញ្ហាទាំងអស់នេះផងដែរ»។
ដោយសារតែរបបសឹកភូមាគ្រោងរៀបចំការបោះឆ្នោតនាពេលខាងមុខ លោក វណ្ណ ប៊ុនណា វិភាគថា វិញ្ញាសាសំខាន់សម្រាប់ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន គឺថាតើឥណ្ឌូណេស៊ីនឹងទទួលស្គាល់ការបោះឆ្នោតរបស់របបសឹកភូមាឬយ៉ាងណា។
លោក សេង វណ្ណលី គ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានស្ថានការណ៍នយោបាយក្នុងតំបន់ ប្រាប់វីអូអេថា ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន គឺព្យាយាមពង្រឹងមជ្ឈភាពឬភាពជាកណ្តាលរបស់អាស៊ាន ជាពិសេសពង្រឹងសាមគ្គីភាពរបស់អាស៊ាន។ លោកបន្ថែមថា ឥណ្ឌូណេស៊ីនិងកម្ពុជា មានភាពស្រដៀងគ្នាដោយការផ្តោតទៅលើការរួមគ្នាដោះស្រាយបញ្ហាក្នុងតំបន់។
លោកថ្លែងថា៖ «ខ្ញុំគិតថា ឥណ្ឌូណេស៊ីនឹងបន្តផ្តោតសំខាន់ទៅលើការពង្រឹងនិងជំរុញមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ការកសាងគោលការណ៍កុងសង់ស៊ីស និងការផ្តល់ប្រឹក្សា។ ខ្ញុំគិតថាជាចំណុចស្នូលដើម្បីឈានទៅរកភាពជោគជ័យក្នុងនាមជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ី»។
កាលពីដើមឆ្នាំ ២០២២ លោក ហ៊ុន សែន ធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានជួបមេដឹកនាំយោធាភូមា។ លោក ហ៊ុន សែន បានលើកឡើងថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា អាចនឹងបន្តយ៉ាងតិចរយៈពេល ៥ ឆ្នាំទៀត។
កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕