លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា កាលពីថ្ងៃពុធបានសាទរចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលនឹងក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា៖«អបអរសាទរ ឯកឧត្ដម ដូណាល់ ត្រាំ ដែលបានទទួលជោគជ័យសម្រាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក»។
លោកបានបន្តថា៖ «ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះឯកឧត្ដម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំរហូតចោទឯកឧត្ដម ថាជាមនុស្សផ្ដាច់ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្ដមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំ ក៏មិនខុសដែរ»។
លទ្ធផលបឋមបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានប្រតិភូ២៨៨ ជាចំនួនលើសពីប្រតិភូ២១៥ ដែលលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ទទួលបាននៅក្រោយការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ។
លោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ រីឯលោកស្រី ហ៊ីឡារី គ្លីនតុន គឺជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ក៏បានផ្ដល់ការសាទរ ចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីអចលនទ្រព្យនៅសហរដ្ឋអាមេរិកផងដែរ។
លោក កឹម សុខា បានថ្លែងក្នុងន័យដើមលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធនេះដែរថា៖
«ខ្ញុំជឿជាក់ថា គោលនយោបាយរបស់គណបក្សសាធារណរដ្ឋដែលឲ្យតម្លៃទៅលើសិទ្ធិសេរីភាពរបស់មនុស្ស ជាពិសេសដែលខ្ញុំផ្ទាល់ ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការតាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះប្រាកដជានឹងបន្តឲ្យកាន់តែកក់ក្ដៅ និងរឹងមាំថែមទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ»។
ក្រោយការប្រកាសលទ្ធផលផ្លូវការ លោកស្រី គ្លីនតុន បានទូរស័ព្ទទៅលោក ត្រាំ ដោយបញ្ជាក់ពីការទទួលស្គាល់របស់លោកស្រី ចំពោះលទ្ធផលបោះឆ្នោតនេះ។
លោក ត្រាំ ត្រូវគេរំពឹងថា នឹងចូលកាន់កាប់តំណែងប្រធានាធិបតី ដោយមានសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ ទាំងក្នុងព្រឹទ្ធសភា និងសភារបស់អាមេរិក។
បន្ទាប់ពីទទួលបានការគាំទ្រពីប្រជារាស្ត្រអាមេរិកាំងឲ្យលោកធ្វើជាប្រធានាធិបតី លោក ត្រាំ ក៏ត្រូវគេរំពឹងថា នឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺលោក បារ៉ាក់ អូបាម៉ា នាថ្ងៃព្រហស្បតិ៍នេះ។
លោក អូបាម៉ា នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករាឆ្នាំក្រោយ។
លោក អូបាម៉ា បានផ្ញើសារនយោបាយក្នុងថ្ងៃបោះឆ្នោតនេះថា៖«មិនថាមានអ្វីកើតឡើងឡើយ ព្រះអាទិត្យនឹងរះនៅពេលព្រឹក»។
លោក សូ ចន្ថា សាស្ត្រាចារ្យនយោបាយ ប្រាប់ VOAកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកាំងគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែលោកថា លោក ត្រាំ នឹងមិនផ្ដោតការគិតគូរខ្លាំងដល់ការពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីមួយចំនួន ដូចជាប្រទេសកម្ពុជាទេ។
«សម្រាប់ខ្ញុំ ខ្ញុំគិតថា នៅពេលដែលលោក ត្រាំ ឈ្នះឆ្នោត ហាក់ដូចជាមិនសូវ ប្រហែលជាមិនអាចជួយជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានដំណើរការទៅមុខ ហើយប្រកបដោយការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពិតប្រាកដនៅកម្ពុជានោះទេបាទ»។
ជាមួយនឹងការជាប់ឆ្នោតធ្វើជាប្រធានាធិបតីរបស់លោក ត្រាំ តម្លៃភាគហ៊ុនក្នុងទីផ្សារភាគហ៊ុននៅក្នុងសកលលោកត្រូវបានគេរាយការណ៍ថា បានរង្គោះរង្គើ។
យ៉ាងណាក៏ដោយ ការរង្គោះរង្គើបានចុះថមថយ នៅគ្រាដែលអ្នកវិនិយោគបានថ្លឹងថ្លែងដល់ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតដ៏តានតឹង និងមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។
ជ័យជម្នះលោក ត្រាំ បានកើតឡើងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងគ្នាខ្លាំង រួមមានរដ្ឋ Ohio និង Pennsylvania។
លោក ត្រាំ ត្រូវបានគេដកស្រង់សម្ដីលោកថា វាជាពេលវេលាដែលយើងត្រូវរួមគ្នាជាប្រជាជនរួបរួមមួយ។ លោកបានសន្យាថា លោកនឹងធ្វើជាប្រធានាធិបតីសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់៕