លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងនៅក្នុងសារជាសំឡេងដោយស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានីខេត្តទាំងអស់ ពិនិត្យមើលលទ្ធភាពបើកសាលារៀនឡើងវិញ នៅតំបន់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ទាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ដោយសារជំងឺកូវីដ១៩ បានឆ្លងជាបណ្តុំប៉ុណ្ណោះទៅតាមតំបន់មួយចំនួននៅក្នុងប្រទេស ខណៈតំបន់ជនបទខ្លះមិនមានការឆ្លង ឬមានការឆ្លងតិចតួច។
លោកបានថ្លែងថា៖ «យើងគួរជ្រើសរើសនៅតាមភូមិតាមឃុំ ដែលពុំមានការកើតនូវជំងឺឆ្លងនេះ។ ហើយកុមារាកុមារីរបស់យើងបានចូលសិក្សា ដោយរក្សានូវគម្លាតសុវត្ថិភាព។ រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមារាកុមារីរបស់យើងបានចូលរៀន»។
បើតាមលោក ហ៊ុន សែន វិស័យអប់រំនៅកម្ពុជាកំពុងជួបបញ្ហាដោយសារជំងឺកូវីដ១៩ ដែលអាចឲ្យសិស្សបោះចោលការសិក្សាជាដើម ខណៈការរៀនតាមប្រព័ន្ធអនឡាញគឺនៅតែជាបញ្ហាចោទសម្រាប់កុមារនៅតាមទីជនបទ។
លោកបន្ថែមថា៖ «យើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ប្រសិនបើយើងបន្តបិទតទៀត ដោយមិនបានពិនិត្យមិនបានចែករវាងកន្លែងឆ្លងនិងកន្លែងមិនឆ្លង នឹងអាចឈានទៅដល់សិស្សបោះបង់ចោលសាលារៀន ឬអាចឈានដល់សិស្សភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត ទោះបីជាយើងបង្កើតការរៀនពីចម្ងាយ ដែលហៅថារៀនតាមអនឡាញនោះ ប៉ុន្តែជនបទរបស់យើង កុមារក្រីក្ររបស់យើងពុំមានលទ្ធភាព និងពុំមានអ៊ីនធឺណិតនៅតាមសាលារៀននោះទេ»។
នៅក្នុងសារជាសំឡេងខាងលើ លោក ហ៊ុន សែនបានបញ្ជាក់ថាកុមារអាយុរវាង១២និង១៨ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ១,៥ លាននាក់មកទល់ពេលនេះ ក្នុងគោលដៅចាក់ឲ្យសរុបជាង២លាន២សែននាក់។ លោកបន្ថែមថាលទ្ធភាពនៃការបើកសាលារៀនពេញលេញ គឺក្រោយពីមានការចាក់វ៉ាក់សាំងគ្រប់ដូស។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានវាយតម្លៃលើការបើកសាលារៀនឡើងវិញសម្រាប់សិស្សក្រោមអាយុ១២ឆ្នាំ នៅតំបន់ដែលមិនមានការឆ្លងជំងឺកូវីដ១៩ផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងប្រាប់វីអូអេយ៉ាងខ្លីនៅថ្ងៃអង្គារនេះថាក្រសួងកំពុងរៀបចំព័ត៌មានពាក់ព័ន្ធដើម្បីជម្រាបជូនដល់សាធារណជន។
នៅក្នុងសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅភូមិសាស្រ្ត ដែលមានហានិភ័យទាប ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងអប់រំ បានស្នើឲ្យអាជ្ញាធររាជធានីខេត្តការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងការអនុវត្តន៍គម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សានៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ទាប។ សេចក្តីណែនាំបានលើកឡើងពីទម្រង់នៃការបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងការចាក់វ៉ាក់សាំងរួចហើយ។ សេចក្តីណែនាំក៏បានជំរុញឲ្យមានការបន្តបង្រៀនតាមប្រព័ន្ធអនឡាញ ចំពោះភូមិសាស្រ្តដែលមានហានិភ័យឆ្លងខ្ពស់ផងដែរ។
សាលារៀននៅកម្ពុជាត្រូវបានបិទមួយរយៈ ហើយបើកឡើងវិញ អាស្រ័យលើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាបានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលនាំឲ្យមានការបិទសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ដោយមិនមានការកំណត់ឲ្យបើកឡើងវិញនៅឡើយ ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សប្រមាណ៣លាន ២សែននាក់។
អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ(CITA) បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាវាជារឿងល្អប្រសើរនៅក្នុងការបើកសាលារៀនឡើងវិញ ជាងការរៀនពីចម្ងាយ ដោយសារសិស្សជួបប្រទះបញ្ហាផ្សេងៗ ដូចជាការប្រាស័យទាក់ទងគ្នាជាមួយគ្រូនៅពេលមានចម្ងល់ជាដើម។ យ៉ាងណាក្តី អ្នកស្រីលើកឡើងថាការធានាឲ្យបានប្រាកដប្រជាចំពោះការការពារមិនឲ្យឆ្លងជំងឺកូវីដ១៩ នៅតែជារឿងសំខាន់។
អ្នកស្រីបានថ្លែងថា៖ «លុះត្រាតែកូវីដបានជាសះស្បើយហើយ ត្រូវបានក្រសួងបានប្រកាសជាផ្លូវការថា អាចចូលរៀនវិញបាន ព្រោះកូវីដទាំងបំប្លែង ឬកូវីដគ្រប់បែបយ៉ាងពីមុនមកហ្នឹងត្រូវបានផុតអស់ហើយ ហ្នឹងទើបចូលរៀនទៅវាជោគជ័យ។ ហើយបើអញ្ចឹងទេ បើកបិទៗហ្នឹង ធ្វើឲ្យពិបាកទាំងគ្រូទាំងសិស្ស»។
អ្នកស្រីបន្ថែមថាមកទល់ពេលនេះ អាណាព្យាបាលក៏នៅមិនទាន់មានទំនុកចិត្តពេញលេញក្នុងការបញ្ជូនកូនទៅសិក្សានៅឡើយទេ ដោយសារផលវិបាកនានានៃការឆ្លងជំងឺកូវីដ១៩ ក្នុងពេលកន្លងមក។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋបាលខេត្តគ្រោងប្រែផ្លាស់សាលារៀនមួយចំនួន ដែលត្រូវបានយកប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក មកដាក់ដំណើរការឡើងវិញនៅក្នុងតំបន់ដែលមិនមានការឆ្លងជំងឺកូវីដ១៩ខ្លាំង។ យ៉ាងណាក្តី លោកមិនទាន់អាចបញ្ជាក់ថាចំនួនសាលារៀនប៉ុន្មានអាចមានលទ្ធភាពបើកដំណើរការឡើងវិញនៅឡើយទេ ដោយទុកឲ្យអនុគណៈកម្មាការតាមបណ្តាស្រុកនិងក្រុងត្រូវធ្វើការវាយតម្លៃជាមុនសិន។
បើតាមអភិបាលខេត្តកំពង់ស្ពឺ ស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងខេត្តរបស់លោក បានថយចុះ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជន អាយុ១២ទៅក្រោម១៨ឆ្នាំ បានប្រមាណ៧០%រហូតមកដល់ពេលនេះ។
គួរបញ្ជាក់ថាកាលពីដើមខែមិថុនា អង្គការសង្គមស៊ីវិលមួយចំនួន រួមមានអង្គការលីកាដូបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថាកុមារដែលនៅក្នុងគ្រួសារក្រីក្រឬរៀននៅសាលារៀនដែលមានធនធានតិចតួច និងកុមារដែលរស់នៅតាមជនបទ ត្រូវបានមើលរំលង ដោយពួកគេមិនមានមធ្យោបាយសមស្រប និងគ្រប់គ្រាន់ ដើម្បីទទួលបានការអប់រំនោះទេ។ បើតាមសេចក្តីថ្លែងការណ៍ ក្រសួងអប់រំក្នុងកិច្ចសហការជាមួយក្រុមការងារក្នុងវិស័យអប់រំ និងអង្គការដទៃទៀតបានចេញផ្សាយការវាយតម្លៃមួយកាលពីខែមីនា ឆ្នាំ២០២១ ដោយបង្ហាញថាសិស្សានុសិស្សយ៉ាងតិច១៦%បានប្រឈមនឹងការបោះបង់ការសិក្សា ហើយ៦%ពេលនេះកំពុងធ្វើការពេញម៉ោង ក្រោយពីការបិទសាលារៀន៕