រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហររបស់ខ្លួនថា នឹងថែរក្សាការពារបង្គោលព្រំដែនចាស់ៗដែលបានបោះក្នុងទឹកដីកូសាំងស៊ីនឬកម្ពុជាក្រោម នៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ នៅគ្រាដែលរដ្ឋាភិបាលមិនទាន់បញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលនៅតំបន់ខ្លះកំពុងស្ថិតក្នុងភាពចម្រូងចម្រាស ហើយត្រូវការការជួយផ្នែកបច្ចេកទេសពីប្រទេសបារាំង។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ស្នើឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ថែរក្សា ការពារបង្គោលព្រំដែនចាស់ដែលបោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងកូសាំងស៊ីននៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានស្ថិតស្ថេរគង់វង្សទុកឲ្យកូនចៅជំនាន់ក្រោយៗ បានឃើញអតីតបង្គោលព្រំដែនទាំងនោះ។ ការស្នើឲ្យថែរក្សាបង្គោលព្រំដែនចាស់ៗនេះ គឺធ្វើឡើងក្នុងបំណងបញ្ចៀស ការបាត់បង់នូវមរតកប្រវត្តិសាស្ត្រទាំងនេះ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ និងការសឹករេចរឹលដោយធម្មជាតិ។
នេះបើយោងទៅតាមសារាចររាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅនេះ។
អ្នកវិភាគ និងមន្ត្រីនៃគណបក្សប្រឆាំងគាំទ្រចំពោះសារាចររបស់រដ្ឋាភិបាល ដោយពួកគេអះអាងថា ការរក្សាបង្គោលចាស់ៗទុកនេះ អាចបើកផ្លូវឲ្យកូនខ្មែរជំនាន់ក្រោយសិក្សាពីប្រវត្តិសាស្ត្រនៃទឹកដីរបស់ខ្លួនបញ្ចៀសការភាន់ច្រឡំ ហើយការរក្សាបង្គោលចាស់ៗទាំងនេះនឹងអាចជាមូលដ្ឋានរឹងមាំមួយសម្រាប់ការបោះបង្គោលព្រំដែនថ្មីៗរវាងកម្ពុជានិងវៀតណាម។
សារាចរនោះបានបញ្ជាក់ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចំាបាច់ត្រូវរក្សាបង្គោលព្រំដែនចាស់ទាំងឡាយនោះឲ្យបានគង់វង្ស ទោះជាមានសភាពទ្រុឌទ្រោមកម្រិតណាក៏ដោយ ហើយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ត្រូវសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រក្សាទុកបង្គោលព្រំដែនចាស់ដែលបាក់ចេញពីគ្រឹះរបស់វា នៅកន្លែងមួយដែលមានសុវត្ថិភាពដើម្បីទុកឲ្យប្រជាពលរដ្ឋទូទៅបានឃើញនិងស្គាល់។
សារាចរដដែលបានបន្តឲ្យដឹងទៀតថា ក្នុងករណីដែលបង្គោលចាស់ទាំងនោះ បាក់ចេញពីគ្រឹះដែលពុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មានភារកិច្ចធ្វើការចរចាជាមួយភាគីវៀតណាម ស្នើយកបង្គោលព្រំដែនទាំងនោះ មករក្សាទុកនៅកម្ពុជា។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រូវសហការគ្នា ដើម្បីស្វែងរកបង្គោល ឬគ្រឹះបង្គោលព្រំដែនចាស់ ដែលអាចនៅសេសសល់ ដើម្បីប្រមូល ឬចងក្រងទុកជាឯកសារស្រាវជ្រាវ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ថ្លែងប្រាប់ VOA ថា សារាចររដ្ឋាភិបាលដែលធ្វើឡើងនេះ មានគោលដៅប្រាប់ទៅកូនចៅខ្មែរថា រាជរដ្ឋាភិបាលនាសម័យកាលនេះ មិនព្រងើយនឹងបញ្ហាព្រំដែននោះទេ ហើយថា ការរក្សាទុកបង្គោលព្រំដែនចាស់នេះ នឹងអនុញ្ញាតឲ្យប្រជារាស្ត្រ ធ្វើការផ្ទៀងផ្ទាត់ពីភាពជឿនលឿននៃកិច្ចការការពារអធិបតេយ្យទឹកដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននិងទៅអនាគត។
«សម្តេចលោកចង់ឲ្យរក្សាទុកឲ្យកូនចៅយើងស្គាល់ កុំឲ្យនិយាយបង្គោលចាស់ៗ ហើយអ្នកខ្លះនិយាយមិនត្រូវ ថា បង្គោលគណៈកម្មការបោះលើដើមចេកតាមលើអី អត់សមទេ។ យើងសុទ្ធតែបោះបង្គោលមានភស្តុតាង មានអីត្រឹមត្រូវណ៎ា។ ហើយទៅ កូនចៅយើងថ្ងៃក្រោយ គឺទុកចិត្តថា អ្វីដែលគណៈកម្មការជំនាន់សតវត្សរ៍ទី២១ហ្នឹង យើងបោះត្រឹមត្រូវ កុំតែមួយសតវត្សរ៍ក្រោយមក គេថា អូហ៎ជំនាន់នេះ វាមិនកើត មិនអីអញ្ចឹង អញ្ចឹងបានយើងចង់ទុកទាំងអស់ បង្ហាញមកជំនាន់មុនធ្វើម៉េច ជាមួយថៃក៏អញ្ចឹងដែរ អាកន្លែងបង្គោលបារំាងវាបោះមក ជាមួយសៀមហ្នឹង បោះម៉េចៗ យើងទុកនៅលើទីតាំងវាឲ្យត្រឹមត្រូវ»។
លោក វ៉ា គឹមហុង បញ្ជាក់បន្ថែមទៀតថា៖
«បើថា បង្គោលវាបែកបាក់ វាបាត់ អាហ្នឹងយើងដាំថ្មីបន្ថែមលើអាទីតាំងដដែលហ្នឹងមកវិញ អាហ្នឹងជាគោលដៅរបស់យើងដើម្បីនឹងរក្សា ហៅថា អធិបតេយ្យភាពយើងឲ្យនៅគង់វង្ស ដូចយើងធានានៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២ ហ្នឹង»។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង មិនអាចបញ្ជាក់ថា ភាគីវៀតណាមនឹងសហការជាមួយកម្ពុជាក្នុងការថែរក្សាបង្គោលព្រំដែនចាស់ដែលនៅសេសសល់ពីបង្គោលចំនួន១២៤បង្គោលដែលបានបោះនៅក្នុងទឹកដីកូសាំងស៊ីនមុនឆ្នាំ១៨៧០។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាគោលនយោបាយក្នុងស្រុក ថ្លែងថា ការប្រកាសរក្សាបង្គោលព្រំដែននេះ បានបញ្ជាក់ពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចការពារមរតកប្រវត្តិសាស្ត្រ និងព្រំដែនកម្ពុជាវៀតណាមដែលមិនទាន់ដោះស្រាយចប់នោះ។ លោកប្រាប់ VOA បន្ថែមថា កូនខ្មែរអាចមានឱកាសសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ដែលជាស្ពាននាំទៅរៀបចំផែនការអនាគតដល់ប្រទេសជាតិ។
លោកបន្តថា រដ្ឋាភិបាលអាចធ្វើកិច្ចការពីរក្នុងពេលតែមួយជាមួយបញ្ហាបង្គោលព្រំដែននេះ គឺទីមួយរក្សាបង្គោលចាស់ៗនេះទុក ហើយទីពីរត្រូវដោះស្រាយបញ្ហាព្រំដែនឲ្យបានរួចរាល់។
«តាមពិតក្មេងៗខ្មែរយើង មិនទាន់បានយល់ដឹងសិក្សាពីប្រវត្តិសាស្ត្រយើងទេ ហើយមកដល់ពេល ដែលយើងចាប់ផ្តើមជជែកគ្នារឿងប្រវត្តិសាស្ត្រ គ្រប់ជ្រុងទាំងអស់ដើម្បីយើងអាចឯកភាពជាតិគ្នាបាន បើសិនយើងអត់ដឹង អត់មានប្រវត្តិសាស្ត្រយើងគ្មានទិសទៅមុខទេ ហើយខ្ញុំសរសើរហើយដែលរដ្ឋាភិបាល គាត់មានឆន្ទៈ ក្នុងការថែរក្សាបង្គោល។ មួយទៀតខ្ញុំថា ទន្ទឹមគ្នានឹងថែរក្សាបង្គោលត្រូវតែប្រឹងប្រែងក្នុងការធ្វើម៉េច ដោះស្រាយបញ្ហាព្រំដែនឲ្យបានរួចរាល់ ហើយឲ្យបានតម្លាភាពផង។ ខ្ញុំថារឿងទាំងពីរគួរធ្វើពេលទន្ទឹមគ្នាបាន មិនចាំបាច់ធ្វើមួយ អត់មួយទេបាទ»។
លោក ម៉ៅ មុន្នីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសកម្មក្នុងកិច្ចការការពារព្រំដែន ថ្លែងគាំទ្រចំពោះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអភិរក្សបង្គោលព្រំដែនចាស់ៗ ដែលលោកជឿថា អាចផ្តល់ប្រយោជន៍ដល់ការបោះបង្គោលព្រំដែននាពេលបច្ចុប្បន្ន។
តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«អាហ្នឹងជាការល្អប្រសើរហើយ ព្រោះថា វាជាប្រវត្តិសាស្ត្រមួយ បង្គោលព្រំដែនជំនាន់កូសាំងស៊ីនហ្នឹង គឺថា ជាបង្គោលព្រំដែនមួយដែលកំណត់ដោយអាណានិគមបារំាង ដូច្នេះយើងបើសិនជារក្សាអាហ្នឹងទុក វាៗ ជាការប្រសើរ ជាការល្អប្រសើរព្រោះថា ការបោះបង្គោលព្រំដែនថ្មីនេះ គឺវាកើតឡើងអំពីសន្ធិសញ្ញាថ្មីៗថែមទៀត ដូច្នេះបើមានអាចាស់ធ្វើជាមូលដ្ឋាន អាហ្នឹងយើងផ្ទៀងផ្ទាត់គ្នាទៅ តើអាមូលដ្ឋានចាស់ ហើយនិងអាមូលដ្ឋានថ្មីហ្នឹងវាខុសគ្នាយ៉ាងម៉េចបាទ»។
យ៉ាងណាក៏ដោយ លោកមិនធ្វើការអធិប្បាយថា តើការបោះបង្គោលព្រំដែនដែលបានធ្វើកាលពីពេលកន្លងមកជាមួយប្រទេសវៀតណាមនោះ មានភាពត្រឹមត្រូវឬយ៉ាងណានោះទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិគោរពមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលនិយាយអំពីបញ្ហាបូរណភាពទឹកដីរបស់កម្ពុជា។
មាត្រា២នៃរដ្ឋធម្មនុញ្ញចែងថា៖
«បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩»។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ការរក្សាទុកបង្គោលចាស់ៗដើម្បីឲ្យកូនខ្មែរឃើញ និងស្គាល់ទៅថ្ងៃក្រោយនោះ នឹងមិនអាចបណ្តុះចលនាជាតិនិយមទាមទារទឹកដីដែលបានបាត់បង់ទៅប្រទេសវៀតណាមនោះទេ ព្រោះកម្ពុជាបានតម្កល់ផែនទីនៅអង្គការសហប្រជាជាតិបញ្ជាក់ច្បាស់ពីបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដូចមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ទាក់ទិនការដោះស្រាយបញ្ហាដែលមិនទាន់ត្រូវគ្នាក្នុងបញ្ហាដៅខណ្ឌសីមារវាងកម្ពុជានិងវៀតណាមនោះ លោក វ៉ា គឹមហុង ប្រាប់ VOA បន្តថា ភាគីទាំងពីរមិនទាន់ព្រមព្រៀងថា នឹងឲ្យភាគីបារំាងមកជួយនោះទេ ហើយលោកក៏មិនអាចបញ្ជាក់ថា នឹងមានកិច្ចប្រជុំពិភាក្សាអំពីបញ្ហាព្រំដែននេះដែរ បន្ទាប់ពីការប្រជុំមួយត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីចុងខែសីហា មិនបានផ្តល់លទ្ធផលអ្វីទាំងអស់នោះ។
ក៏ប៉ុន្តែលោកអះអាងថា កិច្ចការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានសម្រេចប្រហែល៨៣%ហើយ ហើយថា ភាគីវៀតណាមនិងកម្ពុជា នឹងបន្តចរចាដោះស្រាយចំណុចដែលនៅមានការខ្វែងគំនិតគ្នាបន្តទៅទៀត។
សារាចរដែលចេញដោយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវសហការជាមួយនឹងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីថែរក្សា និងការពារបង្គោលព្រំដែនដែលប្រទេសទាំងពីរបានឯកភាពគ្នាបោះលើដីជាក់ស្តែងរួចហើយ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ៕