បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញមិនទាន់បានចេញជាលទ្ធផលផ្លូវការ នៅថ្ងៃអង្គារនេះ គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមបានបន្តប្រជុំទៀតក្នុងកម្រិតលេខាធិការ។ កិច្ចប្រជុំរយៈពេល២ថ្ងៃនេះបានបញ្ចប់ទៅរសៀលថ្ងៃអង្គារនេះ តែពុំទទួលបានលទ្ធផល។
មន្ត្រីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមមិនទទួលបានលទ្ធផលអ្វីនោះទេ ដោយសារភាគីទាំងពីរមិនឯកភាពគ្នាលើ«គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ព្រោះវៀតណាមយល់ថា អាចប៉ះពាល់ដល់សន្ធិសញ្ញា និងអនុស្សរណៈនៃការយោគយល់គ្នាដែលប្រទេសទាំងពីរបានធ្វើរួមគ្នា។
នៅរសៀលថ្ងៃអង្គារនេះ គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមបានបន្តកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញមិនទាន់បានចេញជាលទ្ធផលផ្លូវការ។ មន្ត្រីកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនារសៀលនេះគឺស្ថិតក្នុងកម្រិតលេខាធិការ ដោយថ្នាក់ដឹកនាំនៃគណៈកម្មការព្រំដែនរបស់វៀតណាម បានចាកចេញពីប្រទេសកម្ពុជាកាលពីព្រឹក។
លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ភាគីទាំងពីរមិនអាចចេញជាសេចក្ដីថ្លែងការណ៍ ឬលទ្ធផលរួមនោះទេ ដោយសារភាគីទាំងពីរមិនឯកភាពគ្នាលើ«គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង។ លោកបន្តថា ភាគីវៀតណាមបានលើកឡើងថា គោលការណ៍នេះមិនមានភាពចាំបាច់នោះទេ ដោយសារប្រទេសទាំងពីរមានសន្ធិសញ្ញាឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១១។
លោកវ៉ា គឹមហុង បន្ថែមថា កម្ពុជាបានព្យាយាមពន្យល់ពីសារៈសំខាន់នៃគោលការណ៍នេះ តែភាគីវៀតណាមនៅតែពុំទទួលយក។
«ពន្យល់គាត់អស់ហើយគឺថា ដែលគាត់យល់ដូច្នេះ វាមិនត្រឹមត្រូវទេ ព្រោះថា គោលការណ៍...គោលការណ៍ខ្សែព្រំដែនមិនកែប្រែនេះជាគោលការណ៍ច្បាប់អន្តរជាតិទេ។ គោលការណ៍ច្បាប់អន្តរជាតិ វាអត់មានទៅប៉ះពាល់សន្ធិសញ្ញាអីនោះទេ សន្ធិសញ្ញាក៏ដោយ»។
លោកវ៉ា គឹមហុង មានប្រសាសន៍ថា កម្ពុជា និងវៀតណាមបានអនុវត្តតាមគោលការណ៍ខ្សែបន្ទាត់ព្រំដែន មិនកែប្រែនេះចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក ដោយគ្រាន់តែភាគីទាំងពីរមិនប្រើពាក្យនេះ។
លោកមានប្រសាសន៍ថា៖
«ការកំណត់ខ្សែព្រំដែនកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនៅជំនាន់នោះណា៎ ឆ្នាំ១៩៨៣នោះ យកទៅតាមខ្សែព្រំដែននៅលើផែនទីក្រុមភូមិសាស្ត្រឥណ្ឌូចិនខ្នាត១លើ១០០០០០។ បានន័យថា យើង អាខ្សែព្រំដែនដែលមាននៅលើផែនទីក្រុមភូមិសាស្ត្រឥណ្ឌូចិនហ្នឹង ដែលជាផែនទីអាណានិគមបន្សល់ទុកឱ្យយើង នៅពេលយើងបានឯករាជ្យ[ឆ្នាំ១៩៥៣ បានន័យថា វាត្រូវនឹងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ»។
ទោះយ៉ាងណា លោកវ៉ា គឹមហុង អះអាងថា ភាគីទាំងពីរនឹងបន្តធ្វើការបោះបង្គោលព្រំដែនដែលបានឯកភាពគ្នា។ លោកបន្តថា ភាគីទាំងពីរក៏នឹងបន្តចរចាគ្នាទៀតក្នុងការធ្វើសេចក្ដីព្រាងក្នុងការស្នើសុំជំនួយពីប្រទេសបារាំងដើម្បីចម្លងផែនទី។
ដោយឡែក ភាគីវៀតណាមនៅតែបន្តមិនផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំ ដោយមន្ត្រីកម្ពុជាអះអាងថា ពួកគេដល់ម៉ោងត្រូវឡើងយន្តហោះត្រឡប់ទៅវិញ។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា វៀតណាមជាប្រទេសធំជាងកម្ពុជា ហើយខណៈពេលដែលកម្ពុជាកំពុងមានបញ្ហានយោបាយនោះ ធ្វើឱ្យកម្ពុជាមិនអាចជជែកដោយស្មើភាពជាមួយវៀតណាមនោះទេ។ លោកបន្តថា កម្ពុជាមិនគួរខាតពេលក្នុងការចរចាទ្វេភាគីជាមួយវៀតណាមលើបញ្ហាព្រំដែននោះទេ។
លោកមានប្រសាសន៍ថា៖
«យើងមានទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រទេសហត្ថលេខីធានាបូរណភាពទឹកដីយើងផង ហើយយើងជាប្រទេសមួយដែលជាសមាជិកអង្គការសហប្រជាជាតិដែលអាចនឹងប្រើប្រាស់ប្រព័ន្ធតុលាការអន្តរជាតិជួយយើង»។
យ៉ាងណាក៏ដោយ លោកវ៉ា គឹមហុង មានប្រសាសន៍ថា បើទោះបីជាភាគីទាំងពីរមានការខ្វែងគំនិតគ្នា ភាគីទាំងពីរនៅតែប្រកាន់ជំហរដោះស្រាយគ្នាទ្វេភាគី និងមិនមានការប្ដឹងទៅអង្គការសហប្រជាជាតិ ឬតុលាការអន្តរជាតិនោះទេ ដោយលោកថា វាមានលក្ខណៈស្មុគ្រស្មាញ និងមានតម្លៃថ្លៃ។
តែលោកសុន ឆ័យ ច្រានចោលការលើកឡើងនេះ ដោយលោកនិយាយថា កម្ពុជាធ្លាប់ប្ដឹងទៅតុលាការអន្តរជាតិពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយថៃ ហើយប្រសិនបើរដ្ឋមានការខ្វះខាតផ្នែកថវិកា។ លោកជឿថា ពលរដ្ឋនឹងសប្បាយចិត្តក្នុងការចូលរួម។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានចុះសន្ធិសញ្ញា និងអនុស្សរណៈមួយចំនួនជាមួយវៀតណាមពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដូចជាសន្ធិសញ្ញាឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១១។ គណបក្សប្រឆាំងបានរិះគន់ថា សន្ធិសញ្ញា និងអនុស្សរណៈទាំងនោះបានធ្វើឱ្យកម្ពុជាខាតបង់ តែរដ្ឋាភិបាលតែងតែច្រានចោលការចោទប្រកាន់នេះ៕