បន្ទាប់ពីប្រទេសកម្ពុជាបានផ្ញើកំណត់ការទូតជាច្រើនលើកច្រើនសារទៅប្រទេសវៀតណាមពាក់ព័ន្ធនឹងបញ្ហាព្រំដែន នៅថ្ងៃច័ន្ទនេះគណៈកម្មការចម្រុះនៃភាគីទាំងពីរបានជួបប្រជុំគ្នាជាថ្មីដើម្បីពិភាក្សាអំពីបញ្ហានេះ។ កម្ពុជាបានស្នើឱ្យវៀតណាមបញ្ឈប់សកម្មភាពសាងសង់ទាំងអស់ ដោយកម្ពុជាបានលើកឡើងថា ខ្លួននឹងរុះរើសំណង់ទាំងនោះ បើវៀតណាមនៅតែបន្ត។
ប្រទេសកម្ពុជាស្នើជាថ្មីឱ្យប្រទេសវៀតណាមបញ្ឈប់រាល់សកម្មភាពសាងសង់ប៉ុស្តិ៍ ផ្លូវ និងការជីកស្រះនៅតាមព្រំដែន ដោយបានបញ្ជាក់ថា កម្ពុជានឹងរុះរើចេញ ប្រសិនបើវៀតណាមនៅតែបន្តសកម្មភាពរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដែលធ្វើការលើកិច្ចការព្រំដែន។
ការស្នើនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ។ លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា អមដោយមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក្នុងនោះមានលោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអនុប្រធានគណៈកម្មការព្រំដែនកម្ពុជាគឺជាតំណាងឲ្យភាគីកម្ពុជា។ រីឯភាគីវៀតណាម គឺមានលោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសប្រទេសវៀតណាម និងមន្ត្រីមួយចំនួនទៀតជាតំណាង។
ក្រោយកិច្ចប្រជុំចាប់ពីម៉ោង៨កន្លះព្រឹករហូតដល់ម៉ោងប្រមាណ២និង៣០នាទីរសៀល លោក ឡុង វិសាលោ បានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាន ដោយនិយាយថា លោកបានប្រាប់ទៅភាគីវៀតណាមឱ្យបញ្ឈប់សកម្មភាពនានាដែលកម្ពុជាបានតវ៉ា នាពេលកន្លងមក។ លោកបន្តថា ជាការឆ្លើយតប ភាគីវៀតណាមបានសន្យាថា នឹងទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំបានតវ៉ាថា បើហ៊ានធ្វើ! ខ្ញុំឱ្យរុះចេញ។ បាទចប់ហើយ! ឥឡូវចាំឱ្យគេនិយាយជាមួយអ្នកពាក់ព័ន្ធផង... មកនិយាយរឿងស្រះ ស្រះបន្តយ៉ាងម៉េច ស្រះមាន៩នៅតែ៩ហ្នឹង! យើងបង្ខំឱ្យគេលុប។ យល់នៅ? គេអត់ទាន់ឆ្លើយ។ គេថា ចាំនិយាយជាមួយគ្នាគេសិន។ ហើយមានបន្តម៉េចទៀត?»
ចាប់តាំងពីឆ្នាំ២០១១រហូតមកដល់ឆ្នាំ២០១៦នេះ កម្ពុជាបានចេញកំណត់ការទូតជាបន្តបន្ទាប់ជាង២០ដង តវ៉ាទៅកាន់ភាគីវៀតណាម ពាក់ព័ន្ធនឹងបញ្ហាសកម្មភាពរបស់វៀតណាមក្នុងការសាងសង់ប៉ុស្តិ៍ ផ្លូវ និងជីកស្រះនៅតាមព្រំដែនកម្ពុជាវៀតណាម។
លោកឡុង វិសាលោមានប្រសាសន៍ថា រាល់កំណត់ការទូតដែលកម្ពុជាបានផ្ញើកន្លងមក វៀតណាមបានធ្វើការឆ្លើយតប ដោយភាគីវៀតណាមបានការពារអំណះអំណាងរបស់ខ្លួនថា រាល់សំណង់ និងស្រះដែលបានជីកគឺស្ថិតនៅក្នុងដីរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖
«កំណត់ទូតយើងសរសេរទៅ! គេសរសេរមក! តែវាធម្មតាទេ។ តែវៀតណាមគាត់សរសេរមក គាត់ចេះតែថា នៅលើដីគាត់។ អញ្ចឹងយើង[ផ្ញើ]បកទៅវិញ។ វាឡើងច្រើន ដោយសារតទល់គ្នាអញ្ចឹង។ ហើយទីបញ្ចប់ គាត់ឆ្លើយថា សរុបសេចក្ដីទៅគាត់ថា ចាំគាត់យកទៅពិភាក្សាជាមួយនឹងក្រសួងដែលពាក់ព័ន្ធ។ អញ្ចឹងប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ។ យើងស្ដាប់គាត់សិន ព្រោះវាឆ្លើយឆ្លងគ្នា។ បើឱ្យឆ្លើយរហូត ឆ្នាំណាចប់? មួយថា ដីខ្មែរ។ មួយថា ដីវៀតណាម។ ឥឡូវគាត់សុខចិត្តបញ្ចប់រឿង ដោយថា គាត់ទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធរបស់គាត់»។
លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានមានប្រសាសន៍ថា ភាគីទាំងពីក៏បានពិភាក្សាគ្នាអំពីសេចក្ដីព្រាងលិខិតដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរត្រូវចុះហត្ថលេខា ដើម្បីផ្ញើទៅប្រធានាធិបតីបារាំងសុំជំនួយអ្នកជំនាញផែនទីដើម្បីគូសចម្លងផែនទីខ្នាត១លើ១០០០០០ និងផែនទីខ្នាត១លើ៥០០០០។ លោកបន្តថា ភាគីទាំងពីរមិនទាន់ឯកភាពគ្នាទៅលើសេចក្ដីព្រាងសំណើនោះនៅឡើយទេ ដោយលោកនិយាយថា វៀតណាមស្នើឱ្យបញ្ចូល៧ចំណុច ចំណែកកម្ពុជាចង់ដាក់តែ២ចំណុចប៉ុណ្ណោះ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា ចំណុចទាំងនោះមានអ្វីខ្លះនោះទេ។
លោកមានប្រសាសន៍ថា៖
«យើងស្នើតែ២ចំណុចទេ។ ភាគីវៀតណាមគេចង់ស្នើទាំង៧ចំណុច។ យើងមិនឯកភាព។ អាហ្នឹងជម្រាបត្រង់ យើងមិនឯកភាពទេ។ យើងគិតថា ២ចំណុចនេះវាច្រើន ហើយនៅសល់៥ចំណុចទៀត។ រឿងអី! ប្អូនទាំងអស់គ្នាប្រហែលសួរថា ម៉េចមិនឱ្យគេធ្វើទៅ? យើងគិតថា ៥ចំណុចទៀត យើងអាចប្រគល់ឱ្យក្រុមជំនាញគណៈកម្មការព្រំដែននៃប្រទេសទាំងពីរអាចធ្វើបញ្ហាហ្នឹងបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីប្រទេសទី៣»។
លោកវ៉ា គឹមហុងបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើការបោះបង្គោលបំពេញបន្ថែម ដែលលោកនិយាយថា មានប្រមាណ១០០០បង្គោល ដោយភាគីទាំងពីរនឹងបោះបង្គោលពាក់កណ្ដាលម្នាក់។ កម្ពុជាបោះបង្គោលលេខសេស ហើយវៀតណាមនឹងបោះបង្គោលលេខគូ។
ដោយឡែក ភាគីវៀតណាមបានបដិសេធមិនផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននោះទេ នៅពេលសម្រាកពីកិច្ចប្រជុំនោះ។
លោកម៉ៅ មុន្នីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម ដែលសកម្មក្នុងការងារព្រំដែន បានមានប្រសាសន៍ថា ការដោះស្រាយទ្វេភាគីរវាងកម្ពុជានិងវៀតណាមទៅលើបញ្ហាព្រំដែននេះ បានក្លាយទៅជា«ជំងឺរ៉ាំរ៉ៃ» ដែលពុំទទួលបានលទ្ធផលជាវិជ្ជមាននោះទេ។ លោកគាំទ្រចំណាត់ការស្វែងរកជំនួយពីភាគីទី៣ ដូចជាប្រទេសបារាំង តែប្រសិនបើយន្តការនេះមិនបានសម្រេច កម្ពុជាគួរពិចារណាស្វែងរកអន្តរាគមន៍ពីអន្តរជាតិ។
លោកមានប្រសាសន៍ថា៖
«ឬក៏អាចប្ដឹងទៅអង្គការសហប្រជាជាតិ ឬក៏តុលាការអន្តរជាតិទៅ! អានេះបើតាមទស្នសៈខ្ញុំ។ ខ្ញុំថា ដល់ពេលសមល្មមដែលយើងត្រូវជំរុញដោះស្រាយ ដោយមានការចូលរួមពីប្រទេសមហាអំណាច ឬក៏ប្ដឹងទៅតុលាការអន្តរជាតិហើយ ព្រោះយើងដឹងហើយថា ប្រទេសយើង ស្ថានការណ៍ទាំងសេដ្ឋកិច្ច ទាំងយោធា វាចាញ់ប្រៀបគេ។ ដូច្នេះគេហាក់ដូចជាមិនដែលស្ដាប់យើងផងហ្នឹង!»
នៅក្នុងការតវ៉ារបស់ខ្លួនតាមរយៈកំណត់ការទូតកន្លងទៅ កម្ពុជាបានចោទវៀតណាមអំពីការរំលោភបំពាន ដែលរួមមានការជីកស្រះ៩កន្លែង និងការសង់អគារ និងផ្លូវបេតុងក្នុងខេត្តរតនគិរី ការធ្វើផ្លូវ និងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ការធ្វើផ្លូវនៅខេត្តស្វាយរៀង ការសាងសង់ប៉ុស្តិ៍យោធានៅខេត្តកណ្តាល និងការធ្វើប៉ុស្តិ៍នៅច្រកទា្វរហួយដុង ជាប់បង្គោលព្រំដែនលេខ២៦០ ទល់មុខច្រកទ្វារកំពង់ក្រសំាង ស្រុកបូរីជលសារ ខេត្តតាកែវ៕