ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ត្រៀម​២ពាន់​លាន​ដុលា្លរ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​​ដោយសារ​​ជំងឺ​កូវីដ-១៩


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​លើក​ដៃ​ស្វាគមន៍អ្នកចូលរួម​ក្នុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​លើក​ដៃ​ស្វាគមន៍អ្នកចូលរួម​ក្នុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា កម្ពុជា​ត្រៀម​ថវិកា​ពី​៨០០លាន​ទៅ​២ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​បញ្ហា​សេដ្ឋកិច្ច​ដែលកើត​មាន​ដោយសារ​ឥទ្ធិ​ពល​ជំងឺ​កូវីដ-១៩។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ នៅ​ថ្ងៃទី១០ ខែមីនា​នេះ​។

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖ «អា​រឿង​កូរ៉ូណា​អូស​បន្លាយ៦ខែ គឺ​ត្រៀម​បម្រុង​ថវិកា​ប្រមាណ​៨០០​លាន ដើម្បី​ស្រោច​ស្រង់​សេដ្ឋកិច្ច ហើយ​បើ​វា​ទៅ​ដល់​១ឆ្នាំ យើង​ក៏​បាន​ប៉ាន់​ស្មាន​ថា បើ​៦​ខែ​តើ​វា​ធ្លាក់​សេដ្ឋកិច្ច ធ្លាក់​កំណើន​ប៉ុណ្ណា? ផលប៉ះពាល់​វាធំ​យើង​ប៉ុណ្ណា?​ ហើយបាត់​បង់​ចំណូលប៉ុណ្ណា? ប្រសិន​បើវា​កើត​ដល់​មួយ​ឆ្នាំ តើ​កំណើន​សេដ្ឋកិច្ច​របស់​យើង​ធ្លាក់​ប៉ុណ្ណា? ហើយ​យើង​ត្រូវ​ប៉ះប៉ូវ​ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណា?»

ក្រោយ​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​ វិស័យ​សំខាន់ៗ​មួយ​ចំនួន​បាន​ជួប​វិបត្តិ​ដែល​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច។ ក្នុង​នោះ​វិស័យ​សំខាន់​២​ គឺ​វិស័យ​ទេសចរណ៍ ​និង​វិស័យ​កាត់ដេរ​កំពុង​ប៉ះពាល់​ខ្លាំង​ជាង​គេ។

កាលពី​សប្តាហ៍​មុន ​រដ្ឋាភិបាល​កម្ពុជា​ប្រកាសត្រៀម​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ការពារ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ​និង​មេរោគ​ឆ្លង​នានា ក្នុង​រយៈពេល​៦ខែ​ខាង​មុខ​នេះ។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ក៏​បានប្រកាស​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​អស់ ​កាត់​បន្ថយ​ចំណាយ​៥០​ភាគរយ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដែល​អាច​រង​ផល​ប៉ះពាល់​។

លោក​ មាស សុខសេនសាន ​អគ្គលេខាធិការ​ និង​ជា​អ្នក​នាំពាក្យក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រាប់ VOA ថា ថវិកា​បម្រុង​នេះ​ គឺ​ជា​ថវិកា​ដែល​បាន​មក​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​តាម​ក្រសួង​ និង​ថវិកា​ដែល​បាន​មក​ពី​កំណើន​ចំណូល​សេដ្ឋកិច្ច​ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ថែម​ថា ថវិកា​បម្រុង​ទាំង​នេះ​នឹង​ត្រូវ​ប្រើនៅ​ក្នុង​វិស័យ​ដែល​ប៉ះពាល់​ខ្លាំង​ទៅ​តាម​អាទិភាព ដូចជា​ការ​បន្ធូរ​បន្ថយ​ការ​បង់​ពន្ធ​របស់​អ្នក​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ជួយ​ចេញ​ប្រាក់​ខែ​កម្មករ​ដែល​កំពុង​ត្រូវ​បាន​ព្យួរ​ការងារ​ចំនួន​២០​ភាគ​រយ​ជាដើម​។​

លោក​ មាស សុខសេនសាន ថ្លែង​ថា៖ «ជាង​ពីរ​ទសវត្សរ៍​មក​នេះ​យើង​មាន​កំណើន​ [សេដ្ឋកិច្ច] ខ្ពស់​រហូត ដែល​ជាមធ្យម៧,៧ភាគ​រយ។ អញ្ចឹង​៧,៧​ភាគ​រយ​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​ខ្ពស់​ជាង​ផែនការ​បាន​ច្រើន​ដែរ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ អញ្ចឹង​៥​ឆ្នាំ​ចុង​ក្រោយ​ធ្វើ​ឲ្យ​យើង​បានសន្សំ​ថវិកា​មួយ​ចំនួន​ដែល​យើង​អាច​ប្រើប្រាស់​ទប់​ទល់​ទៅ​នឹងវិបត្តិ​ផ្សេងៗ​ប្រសិន​ជា​មាន។ ខ្ញុំ​អត់​ទាន់​និយាយ​វិបត្តិ​ទេ គ្រាន់តែ​ជា​ផល​ប៉ះពាល់​មួយ​នៃ​វីរុស។ ​ប៉ុន្តែ​ដូចខ្ញុំ​បាន​ជម្រាប​ជូនត្រឹម​៨០០​រយ ទៅ​ពីរ​ពាន់​លានដុល្លារ​យើង​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ទល់​ទាំងអស់​នេះ»។

លោក មាស សុខសេនសាន បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ ​រដ្ឋាភិបាល​មិន​ទាន់​អាច​កំណត់​ពី​ទំហំ​នៃផល​ប៉ះពាល់​ដោយសារ​មេរោគ​កូវីដ-១៩នៅ​កម្ពុជា​នៅឡើយ​ទេ​។

បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) អំពី​ការ​ខូចខាត​សេដ្ឋកិច្ច​ដោយ​សារ​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​ ចេញ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា បញ្ជាក់​ថា ​ក្នុង​រយៈពេល​ពីរ​ខែ កម្ពុជា​អាច​រង​ការ​ខាត​បង់សេដ្ឋកិច្ច​ប្រមាណ​ជា​២៨៣​លាន​ដុលា្លរ​អាមេរិក ហើយ​ក្នុង​រយៈពេល​៣​ខែ ​អាច​ខាត​បង់៣៩១​លាន​ដុលា្លរ និង​៦​ខែ​អាច​ខាត​បង់​៧១១​លាន​ដុលា្លរ។ ADB ក៏​បាន​បន្ថែម​ថា ក្នុង​ករណី​អាក្រក់​បំផុត ចាប់​ពី​រយៈ​ពេល​៦​ខែ​ឡើង​ទៅ កម្ពុជា​អាច​ខាត​បង់សេដ្ឋកិច្ច​ចំនួន ៩៣៥​លាន​ដុលា្លរ​អាមេរិក។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើកឡើង​ថា ការ​ត្រៀម​ថវិកា​សម្រាប់​ទប់​ស្កាត់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​សារ​ឥទ្ធិពល​ជំងឺ​កូវីដ-១៩​នេះ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​លោក​បារម្ភ​ថា ការប្រើប្រាស់ថវិកា​ទាំង​នេះ​អាច​មិន​មាន​តម្លាភាព ​ប្រសិន​បើ​មិន​មាន​ការ​រៀប​ចំ​ផែនការ​ចំណាយ​បាន​ជាក់លាក់។​

លោក សន ជ័យ​ បាន​និយាយ​ថា៖ «ដើម្បី​បង្ការ​នូវ​រឿង​អាស្រូវ​មិនល្អ​ណា​មួយ​ជាមួយថវិកា​នេះ ការ​គិត​គូរ​មុន​គេ​នៃ​ផែនការ​នៃ​ការ​ចំណាយ​ និង​ការ​រៀប​ចំ​ផែន​ការ​ជាក់​លាក់​មួយ​ដើម្បី​បង្ការ​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​អាចកើត​ឡើង ធ្វើ​ម៉េច​ដើម្បី​ធានា​ថា អ្វី​ដែល​បាន​ ធ្វើ​ម៉េច​ស្រប​តាម​គោលការណ៍​ដែលមាន​ស្រាប់»។

​គិត​ត្រឹម​ថ្ងៃ​ទី​អង្គារ​នេះ ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​កើន​ដល់​ជាង​ ១១៦.០៥៩​នាក់​ បណ្តាល​ឲ្យ​មនុស្សស្លាប់​ជាង​៤០០០​នាក់។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​ និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន៕

XS
SM
MD
LG