ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាល៖ បុរស​ម្នាក់​បាន​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា​ដំបូង​ដែលផ្ទុក​មេរោគ​ COVID​19​ នៅ​សៀមរាប​


រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង (ទីបីពីខាងឆ្វេង) ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង (ទីបីពីខាងឆ្វេង) ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ពលរដ្ឋកម្ពុជា​មួយរូប​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​រកឃើញ​ថា​ បាន​ឆ្លង​មេរោគ ​COVID 19​ បន្ទាប់​ពី​បុរស​រូប​នេះ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​រកឃើញ​ថា ​មាន​ផ្ទុក​មេរោគ​នេះ​នៅ​ប្រទេស​ជប៉ុន ​បន្ទាប់​ពី​បាន​ចេញ​ពី​កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍នេះ។ នេះ​ជា​ការ​ប្រកាស​របស់ក្រសួងសុខាភិបាល​កម្ពុជា​នាល្ងាច​ថ្ងៃ​សៅរ៍ ​ទី​៧ ​ខែ​មីនានេះ។

នេះ​ជា​ករណី​ឆ្លង​ដល់​ពលរដ្ឋកម្ពុជា​ដំបូង​បំផុត​ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍​ជា​ផ្លូវការ​។

លោក​ ម៉ម​ ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា​ បុរស​ដែល​ឆ្លង​នេះ​មាន​អាយុ​៣៨​ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤​នាក់​ ដែល​ធ្លាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នឹង​ជនជាតិ​ជប៉ុន​ និង​ដែល​ត្រូវ​បាន​អញ្ជើញ​យក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ដើម្បី​ពិនិត្យ​តាមដាន។

រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​រក​មេរោគ​ COVID-19​ លើ​អ្នក​ប្រាស្រ័យ​ទាក់ទង​បី​នាក់​ផ្សេង​ទៀត ​បាន​រកឃើញ​ថា​ អវិជ្ជមាន​ ពោល​គឺ​មិន​ទាន់​មាន​រក​ឃើញ​មេរោគ​នៅ​ឡើយ។ មនុស្ស​ប្រមាណ​៤០​ផ្សេងទៀត​កំពុង​ដាក់ឲ្យនៅ​ដាច់​ដោយ​ឡែក ​(Isolation) ដើម្បី​ទទួល​ការ​តាម​ដាន​សុខភាព។

សមាជិក​បីនាក់​នៃ​ក្រុម​គ្រួសារ​របស់​បុរស​ជនជាតិ​កម្ពុជា​វ័យ​៣៨​ឆ្នាំ​ខាងលើ​ ត្រូវ​បាន​គេ​អញ្ជើញ​មក​ពិនិត្យ​តាមដាន​ ក្នុង​ក្របខណ្ឌ​ចតាឡីស័ក ​(Quarantine) ​ដើម្បី​អង្កេត​មើល​ការ​ប្រែប្រួល​ផ្នែក​សុខភាព​ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ​នេះ​ជា​ការ​ប្រកាស​បន្ថែម​របស់​អ្នកស្រី​ ឱ​ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង។

ករណី​ឆ្លង​ដំបូង​ត្រូវ​បាន​រកឃើញ​លើ​បុរស​ជនជាតិ​ចិន​ដី​គោក​មួយរូប​ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ Wuhan ​ខេត្ត​ Hubei ​ប្រទេស​ចិន​ មក​ដល់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ចុង​ខែ​មករា​ តែ​ត្រូវ​បាន​ប្រកាស​ថា​ជា​សះស្បើយ​ នាពេល​ក្រោយ​មក​ និង​បាន​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​របស់​គេវិញ។

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៧ ​ខែ​មីនា ​ឆ្នាំ​២០២០​នេះ ​នៅ​ទូទាំង​ពិភពលោក ​មាន​ករណី​ឆ្លង​មេរោគ ​COVID-19​ ចំនួន​យ៉ាង​ហោច​១​សែន​ករណី​ នៅ​ច្រើន​ជាង​៩០​ប្រទេស​ទូទាំង​ពិភពលោក ​និង​បាន​សម្លាប់​មនុស្ស​ជាង​៣​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន។

​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ សាលារដ្ឋ​និង​ឯកជន​ទាំង​អស់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ផ្អាក​ការ​បង្រៀន​មួយ​រយៈ​សិន។ ហើយនៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម​ ប៊ុនហេង បានលើកឡើង​ថា លោកទទួលបានព័ត៌មានពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា រដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំទ្រង់ទ្រាយធំ គឺសៀមរាបសង្រ្កាន្ត​នៅពាក់កណ្តាលខែមេសាខាងមុខនេះ។

ស្របពេលដូចគ្នានេះដែរ ​ក្រសួងក៏បានបាន​អំពាវនាវ​ឱ្យ​មាន​ការ​ស្ងប់ស្ងៀម​ ចៀសវាង​ការ​ជ្រួលច្របល់ ​តក់ស្លុត​ក្នុង​ចំណោម​បណ្ដា​សាធារណជន​ និង​អនុវត្ត​វិធានការ​អនាម័យ​ជាដើម៕

XS
SM
MD
LG