អាជ្ញាធរបានប្រកាសថា ពុំទាន់ឃើញមានការឆ្លងវីរុស COVID-19 ទៅលើសាច់ញាតិបីរូប រួមមានប្រពន្ធនិងសាច់ថ្លៃរបស់បុរសម្នាក់នៅខេត្តសៀមរាបដែលត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ថាឆ្លងវីរុសនេះទេ។ នេះជាការប្រកាសជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាលកម្ពុជា។
បុរសខ្មែរវ័យ៣៨ឆ្នាំម្នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមានថា មានឆ្លងវីរុស COVID-19 កាលពីថ្ងៃសៅរ៍ ដោយសារលោកធ្លាប់បានប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយនឹងបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសនេះ ក្រោយចេញផុតពីកម្ពុជាទៅដល់មាតុភូមិកំណើតខ្លួន។
នេះជាករណីឆ្លងដល់ពលរដ្ឋកម្ពុជាដំបូងបំផុតដែលត្រូវបានក្រសួងសុខាភិបាលរាយការណ៍ជាផ្លូវការ។ ការណ៍នេះនាំឱ្យមានការបញ្ជាឱ្យផ្អាកដំណើរការសិក្សារបស់សិស្សានុសិស្សនៅជាង១១០សាលារៀនទូទាំងក្រុងសៀមរាប ហើយការប្រារព្ធពិធីនានាដើម្បីអបអរឆ្នាំថ្មីនៅខែមេសាក្នុងក្រុងនេះ ក៏ត្រូវបានលុបចោលផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បុរសដែលឆ្លងនេះមានអាយុ៣៨ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស៤នាក់ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងផ្ទាល់នឹងជនជាតិជប៉ុន និងដែលត្រូវបានអញ្ជើញយកមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យតាមដាន។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា លទ្ធផលនៃការធ្វើតេស្ដរកវីរុស COVID-19 លើអ្នកប្រាស្រ័យទាក់ទងបីនាក់ផ្សេងទៀតជាមួយនឹងបុរសជនជាតិជប៉ុននោះ បានរកឃើញថា អវិជ្ជមាន ពោលគឺមិនទាន់រកឃើញមានផ្ទុកវីរុសនេះនៅឡើយទេ។ មនុស្សប្រមាណ៤០ផ្សេងទៀតកំពុងដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលការតាមដានសុខភាព។
សមាជិកបីនាក់នៃក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំខាងលើ ត្រូវបានគេអញ្ជើញមកពិនិត្យតាមដាន ដើម្បីអង្កេតមើលការប្រែប្រួលផ្នែកសុខភាព នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយលទ្ធផលតេស្តបានបង្ហញថាអវិជ្ជមាន។
ករណីឆ្លងដំបូងនៅកម្ពុជា ត្រូវបានរកឃើញលើបុរសជនជាតិចិនដីគោកមួយរូប ដែលបានធ្វើដំណើរពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មកដល់ខេត្តព្រះសីហនុ កាលពីចុងខែមករា តែត្រូវបានប្រកាសថាជាសះស្បើយ នាពេលក្រោយមក និងបានវិលត្រឡប់ទៅកាន់មាតុប្រទេសរបស់គេវិញ។
គិតត្រឹមល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ នៅទូទាំងពិភពលោក មានករណីឆ្លងវីរុស COVID-19 ចំនួនយ៉ាងហោច១១ម៉ឺននាក់ នៅរដ្ឋនិងដែនដីចំនួន១១០ទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង៣៨០០នាក់។
ស្របពេលដូចគ្នានេះដែរ ក្រសួងក៏បានបានអំពាវនាវឱ្យសាធារណជនមានការស្ងប់ស្ងៀម និងចៀសវាងការជ្រួលច្របល់ ឬភ័យតក់ស្លុត ហើយត្រូវអនុវត្តវិធានការអនាម័យ៕