លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារឲ្យពន្យារពេលការបង់សង ឬមិនយកការប្រាក់សម្រាប់កម្មករដែលកំពុងត្រូវបានរោងចក្រព្យួរការងារ។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងពិធីដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា បន្ទាប់ពីក្រសួងការងារកាលពីពីរសប្តាហ៍មុនបញ្ជាក់ថា រោងចក្រកាត់ដេរ និងផលិតផលស្បែកជើងសរុប៣៣រោងចក្របានស្នើសុំព្យួរកិច្ចសន្យាការងាររយៈពេលពី២សប្ដាហ៍រហូតដល់១ខែ ដោយសារខ្វះវត្ថុធាតុដើមបម្រើសង្វាក់ផលិតកម្ម។ ក្នុងនោះ កម្មករជាង៧ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ ក្រោយពីរោងចក្រទាំងនោះផ្អាកផលិតកម្ម។
លោក ហ៊ុន សែន លើកឡើងថា ស្របពេលដែលកម្មករជាច្រើនកំពុងត្រូវបានព្យួរការងារដោយសាររោងចក្រផ្អាកដំណើរការ លោកសូមអំពាវនាវឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងអស់ ពន្យារពេលការបង់សង ឬលើកលែងការប្រាក់តែម្តង។
លោក ហ៊ុន សែន ថ្លែងដូច្នេះថា៖ «ព្រោះគ្នាត្រូវព្យួរការងារហើយ អញ្ចឹងទេបង្ខំឲ្យគ្នាសង។ ពន្យារការសង ឬក៏មិនយកការប្រាក់។ ឧទាហរណ៍ថាគ្នាដល់ពេលសង អញ្ចឹងពន្យារពេលសងបន្តិច។ ហើយបើត្រូវការប្រាក់ បង់ការប្រាក់ប្រចាំខែ លើកលែងឲ្យទៅ ក្នុងរយៈពេលដែលគ្នាត្រូវព្យួរការងារនេះ»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា កម្មករដែលរងផលប៉ះពាល់ពីការផ្អាកការងារ មានមិនដល់២ម៉ឺននាក់នោះទេ ហើយថាក្នុងចំណោមពីរម៉ឺននាក់នោះមានកម្មករប្រមាណជា៥០ភាគរយដែលជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ម្ចាស់រោងចក្រនិងសហគ្រាស មិនត្រូវឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករ ក្នុងពេលវេលាដែលកម្មករកំពុងត្រូវបានព្យួរការងារនោះដែរ។ ចំណែកម្ចាស់បុរី ឬម្ចាស់ផ្ទះដែលលក់ ឬបង់រំលោះផ្ទះឱ្យកម្មករនិយោជិត និងអ្នកធ្វើការនៅតាមសណ្ឋាគារ ដែលត្រូវព្យួរការងារ ក៏ត្រូវយោគយល់ពន្យារពេលសង ឬបង់រំលោះផងដែរ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ VOA ថា សមាគមនឹងពិភាក្សាអំពីការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែលោកថា រហូតដល់ពេលនេះមិនទាន់មានការសម្រេចជាក់លាក់ណាមួយនៅឡើយ។ លោកបន្ថែមថា កន្លងមកមានការជជែកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកថា នឹងសម្រួលដល់អតិថិជនដែលមានអាជីវកម្មប៉ះពាល់ដោយផ្ទាល់អំពីវីរុសកូវីដ-១៩នេះ។
លោក ផល វ៉ាន់ឌី និយាយថា៖ «ពីសមាគមយើងមានកិច្ចប្រជុំបន្ថែមទៀតជាមួយនឹងធនាគារ និងសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុផ្ទាល់ដែរ ក្នុងការជែកអំពីដំណោះស្រាយចំពោះស្ថានភាពដែលកំពុងជួបប្រទះហ្នឹង ត្រូវជជែកគ្នាបន្ថែមទៀតអំពីការអនុវត្តជាក់ស្តែងយ៉ាងម៉េច»។
លោក ផល វ៉ាន់ឌី បន្ថែមថា រហូតមកដល់ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទាន់មានផលប៉ះពាល់ណាមួយដោយសារវីរុសកូវីដ-១៩នេះនៅឡើយទេ។
លោកហ៊ុន សែន កាលពីសប្តាហ៍មុនថ្លែងថា គិតត្រឹមថ្ងៃទី៣ ខែមីនា មានកម្មករ កម្មការិនី ប្រមាណជាជាង១៨.០០០នាក់បានបាត់បង់ការងារធ្វើ បន្ទាប់ពីរោងចក្រខ្លះសុំព្យួរការងារដោយសារខ្វះវត្ថុធាតុដើម ក្រោយការផ្ទុះឡើង មេរោគកូវីដ-១៩នៅប្រទេសចិន។ លោក ហ៊ុន សែន បញ្ជាក់ថា កម្មករទាំងអស់ដែលត្រូវបានព្យួរការងារបណ្ដោះអាសន្ន ទទួលបានប្រាក់បៀវត្សន៍៦០ភាគរយ ដោយថៅកែរោងចក្រផ្ដល់៤០ភាគរយនិងរដ្ឋផ្ដល់២០ភាគរយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា លើកឡើងថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើមិនមានលិខិតជាក់លាក់ណាមួយ។ អ្នកស្រីបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមកម្មករដែលកំពុងត្រូវបានព្យួរការងារកំពុងប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ជាពិសេសការបារម្ភពីការបាត់បង់ការងារជាអចិន្ត្រៃយ៍។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា៖ «កម្មករនៅពេលខ្ញុំជួបគាត់នៅ៨មីនា ថ្មីៗនេះ ពួកគាត់បានលើកឡើងស្ទើរតែគ្រប់គ្នាថា គាត់ចង់បានការងារយូរអង្វែង ចង់ឲ្យរដ្ឋគិតមើល ឲ្យរដ្ឋមានវិធានការក្នុងការសម្រេចចិត្តឲ្យពិតប្រាកដ ពាក់ព័ន្ធឆ្លើយតបនឹងសហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងរឿង EBA ហ្នឹង។ បើសិនណារក្សា EBA បានទើបអាចរក្សាការងារបងប្អូនប្រជាពលរដ្ឋបាន»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះក៏បានប្រកាសថា រដ្ឋាភិបាលចិនបានត្រៀមនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ដើម្បីទប់ស្កាត់ដល់ការផ្អាកសកម្មភាពរបស់រោងចក្រនៅកម្ពុជា និងជំរុញឱ្យរោងចក្រមួយចំនួនដែលបានផ្អាកសកម្មភាពរួចហើយនោះ អាចដំណើរការឡើងវិញ៕