ក្រុមមន្ត្រីកម្ពុជាបានស្តីបន្ទោសដល់សភាសហរដ្ឋអាមេរិកថា «មិនបានយល់ពីការពិតនៅកម្ពុជា» ដោយបានអនុម័តសេចក្តីស្នើច្បាប់មួយដែល «ប្រឆាំងនឹងសន្តិភាព» របស់ប្រទេសកម្ពុជា។
កាលពីថ្ងៃច័ន្ទសមាជិកសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដើម្បីដាក់ទណ្ឌកម្ម មន្ត្រីកម្ពុជានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីមានការធ្លាក់ចុះក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
សេចក្តីស្នើច្បាប់ដែលគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិកគឺគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ បង្កើតឡើងក្នុងគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងមន្ត្រីស៊ីវិលកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លើយតបនារសៀលថ្ងៃអង្គារនេះថា «ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា មិនអាចទទួលយក»សេចក្តីស្នើច្បាប់នេះបានទេ។ មូលហេតុគឺដោយសារសេចក្តីស្នើច្បាប់នេះ«បានធ្វើឡើងផ្អែកទៅលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ បង្ហាញតែមហិច្ឆិតានយោបាយជាប្រវត្តិប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ»។
ក្នុងសេចក្តីអត្ថាធិប្បាយតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកនាំពាក្យរដ្ឋាភិបាលដដែលបានចាត់ទុកថា សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ «ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អំពាវនាវទៅកាន់ព្រឹទ្ធសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យពិចារណាឡើងវិញនូវជំហររបស់ខ្លួនសម្រាប់កម្ពុជាដើម្បីជាប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី។
សេចក្តីព្រាងច្បាប់នេះបានរៀបរាប់អំពីការបន្តកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតដល់ទៅជិត៤០ឆ្នាំនិងគ្រប់គ្រងរាល់ក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់របស់រដ្ឋ ព្រមទាំងលើកឡើងថា ការបោះឆ្នោតចំនួន៦ដង ពីឆ្នាំ១៩៩១មក សុទ្ធតែមិនមានភាពសេរី និងយុត្តិធម៌។ សេចក្តីព្រាងច្បាប់នោះក៏បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ ព្រមទាំងចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងដ៏ធំ ដាក់ពន្ធនាគារនិងបន្តឃុំខ្លួននៅលំនៅដ្ឋាន ហើយរំលាយគណបក្សនេះចោលនិងរៀបចំការបោះឆ្នោតដោយមិនមានគូប្រជែង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកព្រឹទ្ធសភាកម្ពុជាមួយរូប បានសម្តែងការសោកស្តាយចំពោះការអនុម័តសេចក្តីស្នើច្បាប់នៃសមាជិកសភាអាមេរិកដោយលោកយល់ថាសហរដ្ឋអាមេរិកមិនបានសិក្សាអំពីការពិតនៅកម្ពុជា។
«ខ្ញុំយល់ថា អាហ្នឹងគាត់ទី១ក្តាប់ព័ត៌មានពិតពីកម្ពុជាមិនបាន។ ទី២គាត់មានសតិអារម្មណ៍លម្អៀងខាងនយោបាយ គាត់មិនឯករាជ្យទេ។ ហើយទី៣ខ្ញុំមើលទៅដូចថាគាត់អនុវត្តតួនាទីភារកិច្ចជាតំណាងរាស្រ្តសហរដ្ឋអាមេរិកមកធ្វើការឲ្យកម្ពុជាហ្នឹងដូចជាមិនត្រូវទេ»។
ទោះយ៉ាងណាលោក សុខ ឥសាន បញ្ជាក់ថា ការដាក់ទណ្ឌកម្មណាមួយមកលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា មិនធ្វើឲ្យមានផលប៉ះពាល់ដល់កម្ពុជានោះទេ។
ដូចគ្នានេះដែរលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិបានហៅសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា «មិនឆ្លុះបញ្ចាំងពីការពិត»។ លោកបន្តថា សហរដ្ឋអាមេរិកចង់ឲ្យប្រទេសកម្ពុជាដើរតាមបង្គាប់របស់ខ្លួន។
«តាំងពី៥៩ (១៩៥៩) រហូតដល់ឥឡូវហ្នឹង។ ៥៩ ហើយ សម័យ លន់ នល់ ទៀត ហើយមកដល់ឥលូវហ្នឹងទៀត គឺនៅតែចង់បានយកកម្ពុជាដើរតាមការបង្គាប់បញ្ជារបស់អាមេរិកាំង»។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែលថា «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដែលបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក បានបង្ហាញពីការព្រួយបារម្ភរបស់សមាជិកសភាវ៉ាស៊ីនតោនយ៉ាងពិតប្រាកដ អំពីការលុបបំបាត់សិទ្ធិមនុស្ស និងការធ្លាក់ចុះនៃស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា»។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ការអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់សហរដ្ឋអាមេរិកអាចនឹងជួយជំរុញ ឲ្យស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាបានប្រសើរជាងមុន។ លោកបន្តថា រដ្ឋាភិបាលគួរពិនិត្យរាល់សំណើរបស់អន្តរជាតិ ដែលស្នើឲ្យមានការពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាមុខមាត់ និងផលប្រយោជន៍របស់កម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះត្រូវឆ្លងកាត់ការអនុម័តពីស្ថាប័នព្រឹទ្ធសភានិងការិយាល័យប្រធានាធិបតីជាមុនសិន ដើម្បីអាចក្លាយជាច្បាប់៕