រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តការពារចំណាត់រំលាយគណបក្សប្រឆាំងថាជាការត្រឹមត្រូវ ដោយប្រជាពលរដ្ឋខ្មែរមិនមានការតវ៉ា ហើយថា វាជាវិធានការមួយដែលបានខ្ទប់មិនមានការផ្លាស់ប្តូររដ្ឋាភិបាលតាមអ្វីដែលរដ្ឋាភិបាលពណ៌នាថាជា «បដិវត្តន៍ពណ៌»។ ក៏ប៉ុន្តែ អ្នកជំនាញការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ យល់ផ្ទុយទៅវិញថា ការរំលាយគណបក្សប្រឆាំងនោះ គឺជាការបដិសេធចោលនូវសិទ្ធិជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋខ្មែរដោយសេរី។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និង អ្នកស្រី រ៉ូណា ស្មីត អ្នកជំនាញការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បង្ហាញគំនិតបញ្រ្ចាស់គ្នាចំពោះ ការរំលាយគណបក្សប្រឆាំងសង្គ្រោះជាតិ ដែលបានធ្វើឡើងតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។ នេះបើតាមសេចក្តីអធិប្បាយរបស់ឥស្សរជនទាំងពីររូប។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបានផ្ញើជូនប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ប្រាក់ សុខុន បានប្រាប់អ្នកស្រី ស្មីត ក្នុងជំនួបមួយដែលបានធ្វើឡើងកាលពីថ្ងៃពុធថា សភាពការណ៍ស្ងប់ស្ងាត់ល្អនៅកម្ពុជា បន្ទាប់ពីមានការសម្រេចរបស់តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា «យល់ និងទទួលយកនូវចំណាត់ការរបស់រាជរដ្ឋាធិបាលកន្លងមក តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
លោក ប្រាក់ សុខុន បានប្រាប់ អ្នកស្រីស្មីត បន្តទៀតថា អ្វីដែលប្រជាជនកម្ពុជា ចង់បានគឺសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពុំមែនការផ្លាស់ប្តូររបបតាមរយៈការធ្វើបដិវត្តពណ៌នោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងន័យដើមថា៖
«ឯកឧត្តមបានលើកឡើងផងដែរអំពីសភាពការណ៍ស្ងប់ស្ងាត់ល្អនៅកម្ពុជាបន្ទាប់ពីមានការសម្រេចរបស់តុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ដែលបានបង្ហាញឲ្យឃើញច្បាស់ថាប្រជាជនកម្ពុជាយល់និងទទួលយកនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកន្លងមក តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយអ្វីដែលប្រជាជនចង់បានគឺសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពុំមែនការផ្លាស់ប្តូររបបតាមរយៈការធ្វើបដិវត្តព័ណ៌នោះទេ។
ក្នុងជំនួបថ្ងៃពុធ លោក ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ភាពចាំបាច់នៃការគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជារួមទាំងអធិបតេយ្យភាពរបស់ស្ថាប័ននីតិបញ្ញត្តិ និងរបស់តុលាការផងដែរ។លើសពីនេះទៀត រដ្ឋាភិបាលកម្ពុជាបានខិតខំ ក្នុងការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ ដោយមានរបៀបរៀបរយ សេរី យុត្តិធម៌ និងតម្លាភាព។
យ៉ាងណាក៍ដោយ អ្នកស្រី ស្មីត ប្រេសិតពិសេសរបស់អ.ស.ប បានថ្លែង ក្នុងសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ ថ្ងៃរបស់អ្នកស្រីក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ អ្នកស្រីស្មីត ថាការរំលាយគណបក្សសង្គ្រោះជាតិថា ជាទង្វើរឹតត្បិតសិទ្ធិជ្រើសរើសអ្នកតំណាងរបស់ប្រជាពលរដ្ឋក្នុងចំនួនដ៏ច្រើន។
អ្នកស្រីបានថ្លែងថា ការហាមឃាត់សមាជិក១១៨ រូប នៃគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេលប្រាំឆ្នាំ ហើយនិងការបែងចែងអាសនៈទាំងអស់របស់គណបក្សនេះឡើងវិញ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចែកទៅឲ្យសមាជិកផ្សេងទៀត ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យ ដែលសមាជិកទាំងនោះ មកពីគណបក្សកាន់អំណាច និងគណបក្សផ្សេងៗនោះ «គឺជាការបដិសេធសិទ្ធិជ្រើសរើសអ្នកតំណាងសម្រាប់ កិច្ចការសាធារណៈតាមរយៈមធ្យោបាយជ្រើសរើសដោយសេរី ហើយដែលសិទ្ធិនោះត្រូវបានប្រើប្រាស់ដោយប្រជាជនដែលមានចំនួនច្រើនគួរឲ្យកត់សម្គាល់»។
អ្នកស្រីបានថ្លែងក្នុងន័យដើមថា៖
«ខ្ញុំអំពាវនាវឡើងវិញដល់រដ្ឋាភិបាលកម្ពុជាឲ្យស្តារលំហសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបអាចអនុវត្តន៍សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ ដោយគ្មានសេចក្តីភ័យខ្លាច ឬការបំភិតបំភ័យ។ ខ្ញុំក៏អំពាវនាវផងដែរឲ្យមានការពិចារណាឡើងវិញជាបន្ទាន់មួយ ទៅលើបម្រាមជាទូទៅហាមឃាត់តួអង្គនយោបាយ ទាំង ១១៨រូបនោះ»។
ទាក់ទិនបញ្ហាបោះឆ្នោតនេះ អ្នកស្រីស្មីត បានថ្លែងថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសផ្សេងទៀតដែលប្រកាន់យករបបនយោបាយសេរីពហុបក្ស ហើយក៏នឹងមានបញ្ហាដល់និយមន័យនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ប្រសិនបើគណបក្សប្រឆាំងមិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
នៅពេលមានការផ្តល់សេចក្តីអធិប្បាយខុសៗគ្នាយ៉ាងដូច្នេះនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីប្រកាសរបស់ ក្រសួងការបរទេសមិនមែនជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកស្រីស្មីតនោះទេ។ លោកបានពន្យល់ថា សេចក្តីថ្លែងការណ៍របស់អ្នកស្រីស្មីត គឺជាការរៀបចំទុកជាមុន ព្រោះពាក្យពេចន៍ដែលបានប្រើក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រី មិនត្រូវគ្នា នឹងខ្លឹមសារនៃកិច្ចពិភាក្សា ដែលក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើង ក្នុងជំនួបជាមួយអ្នកស្រី។
លោកថ្លែងយ៉ាងដូច្នេះ៖
«នៅមុនពេល ធ្វើទស្សនកិច្ច គឺសេចក្តីថ្លែងការណ៍អស់ហ្នឹង គឺបានរៀបចំ បានរៀបចំ បានសរសេរ បានតាក់តែងរួចអស់ហើយ បាទ។ ដូច្នេះ ការថ្លែង និងរាល់ការពន្យល់ ការពន្យល់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាហ្នឹងមិន មិនបាន មិនៗត្រូវបាន យកទៅធ្វើការពិចារណា ដើម្បីដាក់បញ្ចូលទៅក្នុង សេចក្តីថ្លែងការណ៍ (statement) ហ្នឹងទេ បាទ។ អានេះជាការចាប់អារម្មណ៍»។
នៅពេល VOA សួរលោកថា តើលោកបានដឹងយ៉ាងដូចម្តេច ចំពោះការណ៍ដែលថា សេចក្តីថ្លែងការណ៍របស់អ្នកស្រី គឺជាការរៀបចំទុកមុននោះ លោក ជុំ សុន្ទរី មានប្រសាសន៍ថា៖
«វា វានៅក្នុងការជំនួបការងារ គឺយើងមើលឃើញ គឺវានៅក្នុងពេលដែលពិភាក្សា គឺមិនមែនមានការលើកឡើង នែ៎ លម្អិត។ និយាយរួម ក្នុងការពិភាក្សា ជាការលើកឡើងវាមិនដូចគ្នា នឹងអ្វីដែលបានលើកឡើងនៅក្នុង statement [សេចក្តីថ្លែងការណ៍] បាទ។ ដូច្នេះ statement ដែល ក្រោយពេលដែលបញ្ចប់ ការលើកឡើងថាដូចម្តេចហ្នឹងគឺជាការដែលបានគិត ដែលបានរៀបចំទុកជាមុនរួចទៅហើយបាទ។ ហើយការពន្យល់បកស្រាយ គឺមិនបានធ្វើឲ្យមានការប្រែប្រួល មានការគិតគូរនៅក្នុង statement ហ្នុងទេ បាទ អត់មានបានបញ្ចូលទៅក្នុង statement ហ្នុងទេបាទ»។
នៅពេល VOA សួរលោក បន្តថា តើរដ្ឋាភិបាលនឹងមានការបារម្ភយ៉ាងណាដែរចំពោះមុខមាត់រដ្ឋាភិបាល ប្រសិនបើអ្នកស្រីរ៉ូណា ស្មីត បង្ហាញរបាយការណ៍របស់អ្នកស្រី ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.បនាពេលខាងមុខនោះ លោក ជុំ សុន្ទរី បានបញ្ជាក់ថា អ្នកស្រី ស្មីត និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជជែកគ្នាអំពីរបាយការណ៍របស់អ្នកស្រី ហើយអ្នកស្រី ស្មីតផ្ទាល់ក៏បានបញ្ជាក់ថា នឹងបន្តកិច្ចសហការជាមួយរដ្ឋាភិបាលចំពោះខ្លឹមសារនៃរបាយការណ៍ព្រាងរបស់អ្នកស្រីដែលត្រូវនឹងដាក់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស។
អ្នកស្រី ស្មីត ដែលជាបុគ្គលឯករាជ្យរបស់អ.ស.ប គ្រោងនឹងដាក់របាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីការបោះឆ្នោតជាតិនៅកម្ពុជា។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតជាតិ នៅខែ កក្កដា ឆ្នាំ ២០១៨។ នៅមុនការបោះឆ្នោតនេះ សហគមន៍ប្រជាធិបតេយ្យធំៗចំនួនពីរ គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសជាបន្តបន្ទាប់ ដកការគាំទ្ររបស់ពួកគេ ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) ក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលយ៉ាងទូលំទូលាយមកលើក្រុមអ្នកប្រឆាំង អង្គការសង្គមស៊ីវិលធ្វើការពង្រឹងដំណើរការប្រជាធិបតេយ្យ និងសារព័ត៌មានឯករាជ្យ។ សហគមន៍ប្រជាធិបតេយ្យធំៗទាំងពីរនេះ ក៏បានគំរាមជាញឹកញាប់ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជា ប្រសិនបើរដ្ឋាភិបាលនៃប្រទេសដែលមានកម្មករកាត់ដេរជាង៧០ម៉ឺននាក់នេះ មិនព្រមបែរក្រោយស្តារដំណើរការប្រជាធិបតេយ្យឲ្យបានដូចដើមឡើងវិញនោះ។
ប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកគាំទ្រ គណបក្សប្រឆាំងបានប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីពេលកន្លងមកថា ពួកគេនឹងមិនទៅបោះឆ្នោតនោះឡើយ ប្រសិនបើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ព្រោះការបោះឆ្នោតដែលមានតែគណបក្សកាន់អំណាច ហើយគ្មានអ្នកប្រជែងដូចជាគណបក្សប្រឆាំងនេះ នាំឲ្យការបោះឆ្នោតខែកក្កដា ខាងមុខ គឺជាការបោះឆ្នោតឥតប្រយោជន៍ និងឥតន័យ។ សហគមន៍អន្តរជាតិ ដែលកាន់លទ្ធិប្រជាធិបតេយ្យក៏បានអះអាងថា ភាពស្របច្បាប់នៃការបោះឆ្នោតនឹងស្ថិតក្នុងក្តីមន្ទិល បើគ្មានគណបក្សប្រឆាំងសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះទេ៕