ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ ស្នើ​ឲ្យ​មាន​អ្នកសង្កេត​ការណ៍​របស់​អ.ស.ប ឃ្លាំ​មើល​ការបោះឆ្នោត​ ពេល​ខាង​មុខ


រូបឯកសារ៖ លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធ​អំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គ.ជ.ប. ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធ​អំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គ.ជ.ប. ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

គ.ជ.ប​ ​ស្នើ​ឲ្យ​មាន​អ្នក​សង្កេត​ការណ៍​របស់​អ.ស.ប​ ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ពេល​ខាង​មុខ​ តែ​អ្នកស្រី​ រ៉ូណា​ ស្មីត​ថា​ ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប មិន​បាន​លើក​សំណើរ​នេះ​ទេ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា។

មន្ត្រី​អ្នកនាំ​ពាក្យ​របស់​ ​គ.ជ.ប​ ​បាន​ស្នើអ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​ប្រេសិត​ពិសេស​របស់​ អង្គការ​សហប្រជាជាតិ​ (អ.ស.​ប) ឲ្យចាត់​តំណាង​ខ្លួន​ទៅធ្វើនៅ​ គណៈកម្មាធិការ​បោះឆ្នោត​នេះ​ ឬក៏បង្កើត​ការិយាល័យ​នៅ​ក្នុង​បរិវេណ​នៃស្នាក់​ការ​កណ្តាល​គណៈកម្មាធិការ​បោះឆ្នោត​នេះតែ​ម្តង​ ដើម្បី​ឃ្លាំមើល​ដំណើរ​ការ​រៀបចំការ​បោះឆ្នោត​នៅពេល​ខាងមុខ។​ ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា​ នឹង​មានការ​ចាត់​តំណាង​របស់​ អ.ស.ប​ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ គ.ជ.ប​នោះទេ។

នៅថ្ងៃ​អង្គារ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​ហៅ​កាត់​ថា​ ​(គ.ជ.ប)​ ​បាន​ស្នើ​ឲ្យ​អ្នក​ស្រី​ ​រ៉ូណា ស្មីត​ (Rhona Smith)​ ​ចាត់​ឲ្យ​តំណាង​របស់​អង្គការ​សហប្រជាតិ​ ​(អ.ស.ប)​ បង្កើត​ការិយាល័យ​នៅ​ស្នាក់​កណ្តាល​របស់​ គ.ជ.ប​ ​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ នា​ពេល​ខាង​មុខ។​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ ​គ.ជ.ប។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​របស់​ ​គ.ជ.ប​ ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​រវាង​លោក​ ​ស៊ិក ប៊ុនហុក​ ប្រធាន គ.ជ.ប​ និង​អ្នកស្រី​ រ៉ូណា​ ស្មីត​ថា​ ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប​ ​ ​ទោះបី​មាន​ប្រទេស​មួយ​ចំនួន​បាន​ដកការ​គាំទ្រ​ពី​គ.ជ.ប​ ​ក៏​ដោយ​ ក៏​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ទៀត​នឹង​ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​។​ ​លោក​ថា​ ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​ឃ្លំាមើល​ដំណើរការ​បោះឆ្នោតនេះ​ ​គ.ជ.ប​ ​បាន​ស្នើឲ្យ​អង្គការ​សហប្រជាជាតិ​ ដាក់​តំណាង​ខ្លួន​ឲ្យធ្វើការ​នៅគ.ជ.ប​ ឬបង្កើត​ការិយាល័យ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គ.ជ.ប។

លោក​ ​ហង្ស​ ពុទ្ធា​ ​បាន​ថ្លែងយ៉ាង​ដូច្នេះ៖​

«ជាការចាំ​បាច់​ ​ខាង​មុខយើង​អាចនិយាយបាន​ថា​ នឹង​មាន​អ្នកសង្កេត​ការណ៍​ជាតិ​ផង​ អន្តរជាតិ​ផង​បាទ។​ ​ហើយ​ គ.ជ.ប​ ក៏​ស្នើសុំ​ឲ្យលោក​ស្រី​ រ៉ូណា ស្មីតហ្នឹង​ ដាក់​តំណាង​សង្កេតការណ៍​របស់​ខ្លួន​ ឬក៏ដាក់​ office ​[ការិយាល័យ​] របស់​ខ្លួន​ នៅ​ទីស្នាក់​ការ​ជ.គ.ប​ នេះឯង​តែម្តង»។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែមពី​លោក​ ហង្ស ពុទ្ធា​ តែ​ទូរសព្ទលោក​រោទិ៍​ គ្មានអ្នក​ទទួល។ VOA​ ​ក៏មិនអាច​សុំការ​អធិប្បាយពី​លោក​ ស៊ិក ប៊ុនហុក​ ប្រធាន ​គ.ជ.ប និង​លោក​ លោក ឌឹម សុវណ្ណារុំ ​ អ្នក​នាំពាក្យ​របស់​គ.ជ.ប​មួយរួបទៀត​ផងដែរ។​

ការស្នើ​របស់​ គ.ជ.ប​ ​បានធ្វើឡើង​ នៅ​គ្រា​ដែល​សហរដ្ឋអាមេរិក​ ​និង​ សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ការ​គាំទ្រ​របស់​ពួក​គេ​ ពី​ ​គ.ជ.ប​ ​បន្ទាប់​ពី​ការ​បង្រ្កាប​ខាង​នយោបាយ​របស់​រដ្ឋាភិបាលមក​លើ​គណបក្ស​ប្រឆាំងសង្គ្រោះជាតិ។​ ​សហគមន៍​អន្តរជាតិ​ ​និង​ ​អ្នកឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា បាន​ដាក់​មន្ទិល​ ​លើ​ការ​បោះឆ្នោត​ពេល​ខាង​មុខ​របស់​កម្ពុជា​ ​និង​ថា​លទ្ធិប្រជាធិបេតយ្យ​ កម្ពុជា​កំពុង​តែ​ដើរ​ថយ​ក្រោយ​ វិលរក​ប្រទេស​គ្រប់គ្រង​ដោយ​ឯកបក្ស។

ទោះយ៉ាងណាក៏ដោយ​ ​អ្នកស្រី​ រ៉ូណា ស្មីត​ តំណាង​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​មិន​បាន​លើក​ឡើង​ពី​សំណើរ​របស់​គ.ជ.ប​ ​ដែល​បាន​ស្នើ​អ.ស.ប​ ​ចាត់​តំណាង​ ឬបង្កើត​ការិយាល័យ​នៅទីស្នាក់​ការ​កណ្តាល​គ.ជ.ប​ទេ។​ ​ថ្លែង​ទៅកាន់​ការ​ចោទសួរ​សំណួរ​របស់​អ្នក​កាសែត​ ក្រោយ​ជំនួប​រវាង​គជប​និងអ្នកស្រី​នៅ​ថ្ងៃអង្គារ​នេះ​ ​អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ​គ.ជ.ប​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​ពីដំណើរ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ និង​ការ​រៀប​ចំការ​បោះឆ្នោត​នៅពេល​បន្ទាប់​ទៀត។​

នៅ​ពេល​អ្នកកាសែត​សួរ​ថា​ ​តើ​អ្នកស្រី​មានការ​បារម្ភ​ចំពោះការ​បោះឆ្នោត​ជាតិនៅ​ពេលខាងមុខនេះ​ដែរឬទេ​ អ្នករាយ​ការណ៍​ពិសេស​រូបនេះ​ បាន​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា​ NEC ​មាន​តួនាទី​ក្នុងការ​ធានា​ថា​ គណបក្ស​ទាំងអស់នោះ​ ដែលបាន​ចុះបញ្ជី​បេក្ខជន​របស់​ពួកគេ​រួចហើយ​នោះ​ អាច​ចូលរួម​ដោយ​សេរី​ និង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ព្រឹត្តការណ៍​អ្វី​ក៏ដោយ​នៅការបោះឆ្នោត​ក្នុង​ខែ​កក្កដា»។

តាម​ព័ត៌មាន​សង្ខេប​ខ្លី​ៗ​ ​ដែលបាន​បង្ហោះ​នៅ​លើ​គណនីហ្វេស​ប៊ុករបស់​ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា ​ហៅកាត់​ថា ​OHCHR​ ​បាន​ស្រង់​ប្រសាសន៍​អ្នកស្រី​ស្មីត​ ​ពាក់ព័ន្ធនឹង​បញ្ហា​ការបោះឆ្នោត​តាម​ន័យដើម​ថា៖ ​

«គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​ធានា​ថា​ ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ត្រូវធ្វើឡើងដោយ​តម្លាភាព»។

លោក​ Simon Walker ​តំណាងការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា ​ហៅកាត់​ថា​ ​(OHCHR)​ ​បាន​បញ្ជាក់​ ​VOA​ ​នៅល្ងាច​ថ្ងៃ​អង្គារ​នេះ​ ​ពាក់​ព័ន្ធ​ការ​ចាត់​តំណាង​របស់​ អ.ស.ប​ឲ្យ​ទៅ​ធ្វើការ​នៅ​ គ.ជ.ប​ ​ថា​ ​OHCHR ​នឹង​ពិចារណា​លើ​ការ​ស្នើ​សុំ​ផ្លូវ​ការ​ណាមួយ​ ជា​ជំនួយ​បច្ចេក​ទេស​ពី​ការិយាល័យនេះ​ ដោយ​យោង​ទៅលើសមត្ថភាព​ ធនធាន ​និង​អាណត្តិ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នេះ។

ការបែងចែក​អាសនៈសភា​គណបក្ស​សង្គ្រោះជាតិក៏បាន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ ​អ្នកស្រីស្មីត​នៅ​ថ្ងៃ​អង្គារ​នេះ​។

នៅក្នុងជំនួប​របស់​អ្នកស្រី​ជាមួយ​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ នៅថ្ងៃ​ទី​ ១៣ ខែ​ ​មីនា​ ឆ្នាំ​ ២០១៨នេះ​ ​អ្នកស្រី​បាន​សុំឲ្យសភា​កម្ពុជា​ ពិនិត្យ​ឡើងវិញ​ថា​ ​ច្បាប់​ទាំង​ឡាយ​ដែលបាន​តាក់​តែង​ឡើង​ នាំដល់​ការបែង​ចែក​អាសនៈ​សភា​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​ទៅតាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ឬយ៉ាងណា។​ នេះបើយោង​តាម​ព័ត៌មាន​សង្ខេប​ខ្លី​ៗ​ ដែលបាន​បង្ហោះ​នៅ​លើ​គណនីហ្វេស​ប៊ុក OHCHR។

គណនីហ្វេសប៊ុក​របស់(OHCHR) ​បានបញ្ជាក់បន្ថែម​ក្នុងន័យដើមថា៖​

«បន្ទាប់មក​ ​អ្នកស្រីបាន​ពិភាក្សា​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃរដ្ឋសភា​អំពីការ​បែងចែក​អាសនៈ ក្រោយ​ពី​មានការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ ​ការលើក​អភ័យ​ឯកសិទ្ធិសភា ​និង​តម្រូវការ ​ឲ្យច្បាប់​ទាំង​អស់ត្រូវ​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ត្រូវ​មាន​ការ​ពិគ្រោះយោបល់​ជាសាធារណៈ​និង​ពិនិត្យ​ឡើង​វិញ​សម្រាប់ភាព​ស៊ី​សង្វាក់​របស់ច្បាប់​ទាំងនោះ​ជាមួយនឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ»​។

កាលពីថ្ងៃ​ចន្ទ​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​អ្នកជំនាញ​សិទិ្ធមនុស្ស​ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជាអនុប្រធាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។

នៅក្នុង​ជំនួប​ប្រជុំ​ជា​មួយ​លោក​ ស ខេង​ ​ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ផងនោះ​ អ្នករាយ​ការណ៍​ពិសេស​បាន​ថ្លែង​ក្នុងន័យដើម​ថា​ ​«សេរីភាព​នៃការ​បញ្ចេញមតិ ​សេរីភាព​បង្កើត​សមាគម ​ការជួប​ជុំដោយ សន្តិវិធី ​និងការ​ចូលរួម​ផ្នែកនយោបាយ​ គួរតែត្រូវ​ពង្រីក ​មិនមែន​ត្រូវរិតត្បិត​នោះទេ​ក្នុងលទ្ធិ ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ដូចដែល​បានធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃប្រទេស​កម្ពុជា»។​

​អ្នកស្រី​ ​ស្មីត​ ​នឹងបញ្ចប់​ទស្សនកិច្ច​លើក​ទីប្រាំ​រយៈពេល​ ​១០ថ្ងៃ​នៅ​កម្ពុជា នៅថ្ងៃ​ពុធ​ខាងមុខ​នេះ​ ​ដោយ​អ្នកស្រី​នឹង​ធ្វើ​សន្នសីទព័ត៌មាន​ បង្ហាញពី​លទ្ធផល​នៃដំណើរ​ស្វែង​យល់​ពីការ​គោរពសិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​៕​

XS
SM
MD
LG