កុមារីខ្មែរមួយក្រុមនឹងធ្វើដំណើរទៅចូលរួមជាលើកដំបូងក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ នៅក្នុងតំបន់បច្ចេកវិទ្យា Silicon Valley ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ក្រុមកម្ពុជានេះ បានជាប់ចូលការប្រកួតកម្មវិធី ឈ្មោះ Technovation Challenge 2017 ក្រោយពីកម្មវិធីលក់ផលិតផលខ្មែរតាមទូរស័ព្ទដៃឈ្មោះ Cambodia Identity Product ដែលពួកគេបានបង្កើត ត្រូវបានជ្រើសរើសក្នុងចំណោមកម្មវិធី app ចំនួន១.១០០ ពីជុំវិញពិភពលោក។
កុមារីកម្ពុជាអាយុ១១និង១២ឆ្នាំ ចំនួន៥នាក់ដែលបានបង្កើតកម្មវិធី app សម្រាប់លក់ផលិតផលខ្មែរ នឹងចូលរួមការប្រកួតផ្ដាច់ព្រ័ត្រលំដាប់ពិភពលោកក្នុងកម្មវិធី Technovation World Pitch Summit ដែលនឹងប្រព្រឹត្តធ្វើពីថ្ងៃទី៧ដល់១១ខែសីហាខាងមុខ នៅទីស្នាក់ការកណ្ដាលនៃមហាក្រុមហ៊ុន Google ក្នុងទីក្រុង Mountain View ស្ថិតចំកណ្ដាលតំបន់បច្ចេកវិទ្យា Silicon Valley ជាប់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
កម្មវិធីប្រកួតអន្តរជាតិ (Technovation Challenge) នេះ ដែលរៀបចំដោយអង្គការ Iridescent ខាងការអប់រំជំនាញ STEM មានគោលដៅជំរុញឲ្យស្ត្រីនិងយុវតីច្រើនជាងមុនចាប់អារម្មណ៍នឹងវិស័យបច្ចេកវិទ្យា។
កុមារីនិងយុវតីអាយុពី១០ទៅ១៨ឆ្នាំ ដែលចង់ចូលរួមការប្រកួត Technovation នេះ ត្រូវបង្កើតជាក្រុមពី១ទៅ៥នាក់ និងរៀនអំពីបច្ចេកវិទ្យា រួចប្រើបច្ចេកវិទ្យាដោយបង្កើតជាកម្មវិធី app ទូរស័ព្ទដើម្បីជួយដោះស្រាយបញ្ហាដែលមាននៅក្នុងសហគមន៍របស់ពួកគេ។
ឆ្នាំនេះអ្នកចូលរួមប្រកួតមាន១២ក្រុមដែលបានជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយចែកជា៦ក្រុមប្រកួតក្នុងចំណោមកុមារដែលមានអាយុ១០ទៅ១៥ ឆ្នាំ និង៦ក្រុមប្រកួតក្នុងលំដាប់អាយុ១៦ដល់១៨ឆ្នាំ។
នេះជាលើកទី១ហើយដែលប្រទេសកម្ពុជាបានជាប់ចូលការប្រកួតផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតលំដាប់ពិភពលោកនេះ។
ក្រុមកុមារីខ្មែរទាំង៥នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមក្រុមកុមារីនិងយុវតីសរុបជាង១១០០០នាក់ មកពី១១០០ក្រុមទូទាំងពិភពលោក។
ពួកគេនឹងប្រកួតជាមួយកុមារីអាយុពី១០ដល់១៥ឆ្នាំ ក្នុងក្រុមចំនួន៥ក្រុមទៀតដែលមកពីប្រទេសឥណ្ឌា កាណាដា សហរដ្ឋអាមេរិក និងហុងកុង។ ក្រុមយុវតីកម្ពុជាជាក្រុមតែមួយគត់ពីតំបន់អាស៊ានដែលបានជាប់ចូលការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
ដើម្បីចូលរួមការប្រកួត Technovation Challenge ឆ្នាំ២០១៧នេះ កុមារីនិងយុវតីពីអាយុ១០ទៅ១៨នៅទូទាំងពិភពលោក រួមទាំងកុមារីខ្មែរទាំង៥នាក់ផង បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលរយៈពេល១២សប្ដាហ៍ ដោយត្រូវរៀនបច្ចេកទេសសរសេរកូដនិងសហគ្រិនភាព។
បេក្ខជនដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបង្កើតកម្មវិធី app សម្រាប់ទូរស័ព្ទនិងប្រើបច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីជួយដោះស្រាយបញ្ហាសង្គមផ្សេងៗ ទាក់ទងនឹងបញ្ហាសុខភាព អប់រំ បរិស្ថាន និងភាពក្រីក្រ ដែលបញ្ហាទាំងនេះស្ថិតក្នុងគោលដៅអភិវឌ្ឍប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ (UN Sustainable Development Goals - SDG’s)។
សម្រាប់ក្រុមកុមារីខ្មែរទាំង៥នាក់ ពួកគេបង្កើតកម្មវិធីលក់ផលិតផលខ្មែរតាមទូរស័ព្ទដៃដែលហៅថា Cambodia Identity Product។
កញ្ញា ទេស ពុទ្ធិរ៉ា ជាគ្រូបង្វឹកផ្នែកបច្ចេកទេសខាងការសរសេរកូដដល់កុមារីទាំង៥នាក់របស់ក្រុមកម្ពុជាហើយស្ថិតនៅក្នុងចំណោមគ្រូបង្វឹកស្ម័គ្រចិត្តសរុបជាង២.០០០នាក់ដែលជួយក្រុមកុមារីនិងយុវតីទាំង១១.០០០នាក់ដែលចូលរួមការប្រកួតទូទាំងពិភពលោក។
កញ្ញាថ្លែងបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា ក្រោយការខំបង្វឹកកុមារីទាំង៥រាល់ចុងសប្តាហ៍ រយៈពេល១២សប្ដាហ៍ កញ្ញានិងគ្រប់បុគ្គលិកនិងអ្នកស្ម័គ្រចិត្តនៃកម្មវិធី Technovation នៅកម្ពុជា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ក្រោយពីក្រុមកម្ពុជា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ។
កញ្ញា ទេស ពុទ្ធិរ៉ា បញ្ជាក់ពីអារម្មណ៍ពេលនោះថា៖
«មិនថាខ្ញុំ មិនថាគ្រូបង្វឹកផ្សេងទៀតទេ ថ្ងៃដែលទទួលលទ្ធផល ថ្ងៃដែលចេញ results ហ្នឹង ម្នាក់ៗមានអារម្មណ៍ថា ធ្វើការអត់ចូលទេ គឺសប្បាយចិត្ត ហើយមានមោទនភាពចំពោះគាត់មែនទែន ដែលឆ្នាំនេះ ក្នុងឆ្នាំ២០១៧ នេះ Technovation Cambodia អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រទៅកាន់សហរដ្ឋអាមេរិក ទីក្រុង San Francisco ហ្នឹង។ អញ្ចឹងពួកខ្ញុំពិតជាមានក្តីរំភើប ហើយនិងក៏រីករាយខ្លាំងដែលគិតថាកូនខ្មែរយើងក៏អាចធ្វើបាន ហើយពួកយើងនឹងខំប្រឹងប្រែងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហ្នឹងឲ្យអស់ពីសមត្ថភាព។»
គ្រូបង្វឹកអាយុ២៥ឆ្នាំរូបនេះ និយាយថា កត្តាដែលកម្មវិធី Cambodia Identity Product នេះបានជាប់ដល់វគ្គផ្តាច់ព្រ័ត្រគឺដោយសារកម្មវិធី app តាមទូរស័ព្ទដៃនេះ អាចជួយបំបាត់ភាពក្រីក្រនៅកម្ពុជានិងបង្ហាញពីគំនិតជួយសង្គមតាំងពីនៅជាកុមារី ហើយម៉្យាងទៀតកុមារីទាំង៥អាចមានសមត្ថភាពបច្ចេកទេសបង្កើត app នេះរួចផ្សព្វផ្សាយយ៉ាងប៉ិនប្រសព្វជាភាសាខ្មែរនិងអង់គ្លេសយ៉ាងមានប្រសិទ្ធភាព។
ក្រុមអ្នកបង្កើតកម្មវិធី app តាមទូរស័ព្ទដែលមានឈ្មោះថា «Cambodia Identity Product» ឬ CIP ដែលប្រែថា «ផលិតផលខ្មែរ» នេះ លើកឡើងថា app នេះ មានគោលដៅផ្សព្វផ្សាយផលិតផលនិងវប្បធម៌ខ្មែរទៅកាន់ពិភពលោក ដោយក្នុងពេលជាមួយគ្នានេះ ក៏ជួយស្តាសេដ្ឋកិច្ចកម្ពុជាតាមរយៈការលើកតម្កើងនិងអភិរក្សផលិតផលក្នុងស្រុករបស់ខ្មែរ និងទាក់ទាញក្រុមហ៊ុននានាឲ្យមកបង្កើតការងារនៅក្នុងប្រទេសកម្ពុជា។
កម្មវិធី app ដែលមិនទាន់ចេញជាផ្លូវការនៅឡើយនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលក់និងទិញផលិតផលផ្ទាល់ពីអ្នកផលិត និងភ្ជាប់សិប្បករទៅនឹងទីផ្សារ។
កុមារីទាំង៥នាក់នៃក្រុម Cambodia Identity Product មានស្រុកកំណើតនៅរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តតាកែវ ហើយសព្វថ្ងៃពួកគេគឺជាសិស្សនៅសាលាអង្គការ Liger Learning Centerដែលផ្ដល់ការអប់រំដល់កុមារពូកែៗ ប៉ុន្តែមកពីគ្រួសារដែលមិនមានលទ្ធភាព។
VOA មិនទាន់អាចទាក់ទងកុមារីទាំង៥បាននៅឡើយនៅក្នុងសប្ដាហ៍នេះ ដោយរង់ចាំការអនុញ្ញាតជាផ្លូវការពីសាលា Ligar ដើម្បីអាចសម្ភាសន៍ក្រុមកុមារីទាំងនេះ។
កម្មវិធី Technovation នៅក្នុងប្រទេសប្រទេសកម្ពុជា ត្រូវបានរៀបចំដោយអង្គការអភិវឌ្ឍ USAID តាមរយៈគម្រោង Development Innovation ដោយមានការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងអង្គការហើយនិងក្រុមហ៊ុនមួយចំនួនទៀត។
កម្មវិធីនេះបានចាប់ផ្ដើមនៅកម្ពុជាដំបូងនៅឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៦មានគ្រូបង្វឹកកម្ពុជាម្នាក់បានចូលរួមដកពិសោធន៍ការប្រកួតផ្ដាច់ព្រ័ត្រនៅ Silicon Valley ប៉ុន្តែមិនមានក្រុមកុមារីកម្ពុជាបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រទេ។
លោកស្រី សុទ្ធី ហៃដ្ឋ ភរិយាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលធ្លាប់ទៅទស្សនាកូនសិស្សនៅសាលា Liger Learning Center នេះថ្លែងថា លោកស្រីមានភាពរីករាយដែលមានកុមារីខ្មែរជាប់ដល់ការប្រកួតលំដាប់ពិភពលោក។
លោកស្រីថ្លែងថា ការឈានដល់វគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមកុមារីខ្មែរក្នុងការប្រកួតនេះ នឹងជួយធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងវិស័យបច្ចេកវិទ្យាដែលតែងត្រូវក្ដោបក្ដាប់ដោយបុរស សូម្បីតែនៅសហរដ្ឋអាមេរិកដែលជាប្រទេសទំនើបក៏ដោយ។
ភរិយាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះបញ្ជាប់ប្រាប់ VOA ថា៖
«កាលណាមានចំណង់ចំណូលចិត្តតាំងពីតូច គឺគាត់ពូកែតាំងពីតូចអញ្ចឹង គឺអ្នកខ្លះគាត់មានដុង (ទេពកោសល្យ) ខាងហ្នឹង ដូច្នេះកុំឲ្យគាត់មានការរាំងស្ទះ គឺជំរុញឲ្យគាត់ទៅជាជំនាញគាត់ដែលគាត់ចេះខ្លាំង ដែលគាត់ចេះច្រើន ហើយគាត់ពូកែរឿងហ្នឹងច្រើនមិនចាញ់ក្មេងៗនៅបរទេសទេ។»
ក្រុមអ្នកឈ្នះផ្ដាច់ព្រ័ត្រ Technovation World Pitch Summit នឹងទទួលបានរង្វាន់ជាទឹកប្រាក់សរុប១៤៥.០០០ដុល្លារ។
ក្នុងនាមជាគ្រូបង្វឹកដែលនឹងបន្តជួយដឹកនាំកុមារីទាំង៥ មកចូលរួមនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៅតំបន់ Silicon Valley នោះ កញ្ញា ទេស ពុទ្ធិរ៉ា មានសង្ឃឹមច្រើនថា កុមារីខ្មែរដោយមានការគាំទ្រពីគ្រូបង្វឹកនិងសាធារណជនខ្មែរទូទាំងប្រទេស អាចទទួលជោគជ័យនៅក្នុងការប្រកួតចុងក្រោយនេះទៀត។
ប៉ុន្តែទោះបីលទ្ធផលយ៉ាងណាក្តី កញ្ញា ទេស ពុទ្ធិរ៉ា ដែលសព្វថ្ងៃកំពុងរៀនបន្តថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា និងធ្វើការខាងក្រុមហ៊ុន startup ផងនោះ មើលឃើញថា កុមារីទាំង៥បានក្លាយជាគំរូរួចទៅហើយដល់ក្មេងស្រីនិងស្ត្រីខ្មែរផ្សេងទៀតដែលស្រឡាញ់វិស័យបច្ចេកវិទ្យានេះ៕