ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​​កម្ពុជា​ ចាប់ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​​កម្ពុជា​ចាប់ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍

នៅ​ដើមឆ្នាំ២០១៧​នេះ​ សហគ្រាស startup ខាង​បច្ចេកវិទ្យា​នៅ​កម្ពុជា​ មាន​ចំនួន​ជាង​១២០ក្រុមហ៊ុន​ ដោយ​មាន​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា​ជាង១០​ កន្លែង​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។​

ខណៈ​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះ​ទុន​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា សហគ្រាស​បង្កើត​ថ្មី​ឬ startup ខ្មែរ​មួយ​ចំនួន បាន​ទទួល​ទុន​វិនិយោគ​ផ្ទាល់​ពី​អ្នក​វិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ​របស់​សហរដ្ឋ​អាមេរិក។ សហគ្រាស​បង្កើត​ថ្មី​ទាំង​នេះ រំពឹង​ថា ជាមួយ​ទុន​វិនិយោគ​ពី​ខាង​ក្រៅ​នេះ ពួកគេ នឹង​មាន​លទ្ធភាពពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់​និង​នៅ​ជុំវិញ​ពិភពលោក​ថែម​ទៀត​ផង។

គេហទំព័រ​ «ខ្មែរ​ឡូត»​ (Khmerload.com) ​ដែល​បាន​បង្កើត​ឡើង​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ និង​ផ្ដល់​ព័ត៌មាន​កម្សាន្ត​និង​សង្គម​ដែល​ទាក់ទាញ​អ្នក​មើល​ច្រើន​ដោយ​ការ​យកលំនាំ​តាម​គេហទំព័រ Buzzfeed ​របស់​អាមេរិក​ បាន​ក្លាយ​ជា​សហគ្រាស​បង្កើត​ថ្មី​ឬ startup ខ្មែរ​ដំបូង​ដែល​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​អ្នក​វិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ​របស់​សហរដ្ឋ​អាមេរិក។​

ក្រុម​ហ៊ុន​នេះ​ បាន​ទទួល​ការ​វិនិយោគ​ចំនួន​ ២០០.០០០ ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​វិនិយោគ ​500​ Startups ​ហើយ​ការ​វិវត្ត​នេះ ​អាច​ជួយ​ឲ្យ​មាន​ការ​ប្រែក្លាយ​និង​ជំរុញ​វិស័យ​បច្ចេកវិទ្យា​និង​ក្រុមហ៊ុន ​startup​ កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី។​

លោក​ អ៊ិន វិចិត្រ​ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ខ្មែរឡូត​និងហាងលក់ខោអាវអ៊នឡាញ​ Little Fashion​ អង្គុយក្នុងការិយាល័យរបស់លោក​ក្នុងទីក្រុងភ្នំពេញ​នាថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៧។ ​(នៅ វណ្ណារិន/VOA)​
លោក​ អ៊ិន វិចិត្រ​ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ខ្មែរឡូត​និងហាងលក់ខោអាវអ៊នឡាញ​ Little Fashion​ អង្គុយក្នុងការិយាល័យរបស់លោក​ក្នុងទីក្រុងភ្នំពេញ​នាថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៧។ ​(នៅ វណ្ណារិន/VOA)​

លោក​ អ៊ិន វិចិត្រ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ «ខ្មែរ​ឡូត» ​ថ្លែង​ប្រាប់​ VOA ​ថា​ការ​វិនិយោគ​ថ្មី នេះ​អាច​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ឲ្យ​ស្គាល់​ក្រុមហ៊ុន​ startup​ នៅ​កម្ពុជា។​

«ពេល​ដែល​ខ្ញុំ​ធ្វើ​ផែនការ​ដើម្បី​ទទួល​វិនិយោគ​ពី​ Silicon Valley​ ទឹក​ចិត្ត​ខ្ញុំ​មួយ​គឺ​ខ្ញុំ​ចង់​បង្ហាញ​ថា​កូន​ខ្មែរ​អាច​ធ្វើ​បាន​ អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Silicon Valley ​ហ្នឹង​ អាច​ទុក​ចិត្ត​នៅ​ក្រុមហ៊ុន​ដែល​អាច​បង្កើត​ដោយ​កូន​ខ្មែរ​បាន»។​

ប៉ុន្តែ​ ការ​ទៅ​រក​អ្នក​វិនិយោគ​នៅ​ក្រៅ​ប្រទេស ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ក្រុមហ៊ុន​ថ្មីថ្មោង​ដែល​ត្រូវ​ធានា​ឲ្យ​ខ្លួន​អាច​ដំណើរ​ការ​បាន​ផង​នោះ។ ​មូល​ហេតុ​មួយ​ដែល​លោក​ អ៊ិន វិចិត្រ ទាក់ទង​អ្នក​វិនិយោគ​នៅ​តំបន់​ Silicon Valley ក៏​ដោយ​សារ​អ្នក​វិនិយោគ​ក្នុង​ស្រុក​មើល​រំលង​សក្ដានុពល​វិស័យ​បច្ចេកវិទ្យា​ជាង​វិស័យ​ផ្សេង​ទៀត​ដោយ​ពួកគេ​ជ្រើសរើស​វិស័យ ​ដូចជាអចលនទ្រព្យ ​សំណង់ និង​ទេសចរណ៍​ជាដើម ​ដោយ​សារ​មិន​ទាន់​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​មាន​ជោគជ័យ​ដូចនៅ​ប្រទេស​ផ្សេង។​

លោក​ អ៊ិន វិចិត្រថ្លែងថា៖

«គាត់​អត់​ដែល​ឃើញ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ណា​នៅ​កម្ពុជា​ខ្មែរ​ណា​ដែល​អាច​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ទៅ​អនាគត​ទេ។ គាត់​អត់​មាន​បទពិសោធន៍​ហ្នឹង។ ទី២ នៅ​ស្រុក​ខ្មែរ​គឺ​គ្មាន​ក្រុមហ៊ុន​វិនិយោគ​ទុន​បែប​បច្ចេកវិទ្យា​ដែរ។ អញ្ចឹង​យើង​អត់​អាច​ទៅ​រក​ខាង​គាត់​បាន​ទេ។ ​អញ្ចឹង​យើង​មិន​ដឹង​ទៅ​និយាយ​ជាមួយ​នរណា​គេ»។

នៅ​ដើមឆ្នាំ២០១៧​នេះ​ សហគ្រាស startup ខាង​បច្ចេកវិទ្យា​នៅ​កម្ពុជា​ មាន​ចំនួន​ជាង​១២០ក្រុមហ៊ុន​ ដោយ​មាន​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា​ជាង១០​ កន្លែង​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។​

អ្នក​ជំនាញ​យល់​ថា​ សក្ដានុពល​របស់ ​startup ខាង​បច្ចេកវិទ្យា​ត្រូវ​បាន​រឹតត្បិត​មួយ​ផ្នែក​ ដោយ​សារ​កង្វះ​ការ​វិនិយោគ​ពី​សហគ្រិន​ក្នុង​ស្រុក​ ហើយក្រុមហ៊ុន​ក្នុង​ស្រុក​ទាំងនេះ​មិនទាន់​ហ៊ាន​ប្រថុយប្រថាន​នឹង​សមត្ថភាព​ស្ថាបនិក​ក្រុមហ៊ុន​ startup ​ដែល​ភាគ​ច្រើន​មាន​វ័យក្មេង។​

លោក ​ជា ឡង់ដា​ អាយុ​២៧​ ឆ្នាំ​ ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់​សំបុត្រ​មធ្យោបាយ​ធ្វើដំណើរ​តាម​អ៊ីនធឺណិត​ឈ្មោះ​ BookMeBus។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន startup ខ្មែរ​ដំបូង​ដែល​ទទួល​បាន​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​បរទេស​កាលពី​ឆ្នាំ២០១៦។

លោក​ជា ឡង់ដា​ និយាយ​ថា​ ៩០​ភាគរយ​នៃ​ក្រុមហ៊ុន​ startup​ នៅ​ទូទាំង​ពិភពលោក ​ត្រូវ​បរាជ័យ ហើយ​តាម​បទ​ពិសោធន៍​ផ្ទាល់​របស់​លោក​ តាមរយៈ​ការ​វិនិយោគ​នេះ​ សហគ្រិន​ក្នុង​ស្រុក​អាច​ជួយ​ច្រើន​ដល់​ក្រុមហ៊ុន startup លើស​ពី​មូលធន​ទៅ​ទៀត។​

​«ជាក់​ស្ដែង​ពួក​ខ្ញុំ​ផ្ទាល់ ពួក​ខ្ញុំ​អត់​មាន​បទពិសោធន៍​ច្រើន​ខាង business [ជំនួញ] ទេ។ background [សាវតារ] របស់​ពួក​ខ្ញុំ​គឺ​ខាង​ IT។ អញ្ចឹង​ពេល​ដែល​យើងខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ជំនួញ ជាពិសេស​យើង​ត្រូវ ប្រកួត​ប្រជែង​ជា​មួយ​នឹង​ startup ​ផ្សេង​ទៀត​ដែល​នៅ​ក្រៅ​ស្រុក ឬក៏ ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត ដែល​គាត់​ធ្វើ ​platform booking កក់​សំបុត្រ​ឡាន​ក្រុង​ដូច​ពួក​យើង​នៅ​ក្រៅ​ស្រុក​ដូច​ជា​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ហ្នឹង​ គឺ​យើង​រាង​ពិបាក​ប្រកួតប្រជែង​នឹង​គេ​បន្តិច»។

ទោះ​បី​ជា​បច្ចុប្បន្ន​មិន​ទាន់​មាន​រឿងរ៉ាវ​ជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន​ startup​ខ្មែរ​ក្ដី​ ក៏​មាន​សញ្ញាណ​ថា​ អ្នក​វិនិយោគ​ក្នុង​ស្រុក​ចាប់ផ្ដើម​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ការ​វិនិយោគ​ក្នុងstartup។​

លោក​ ជី សីលា​ ប្រធាន​ក្រុមហ៊ុន​ Sabay Digital​ ផ្តល់បទសម្ភាសន៍ដល់ VOA​ ក្នុងក្រុមហ៊ុន​របស់​លោក​នា​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)
លោក​ ជី សីលា​ ប្រធាន​ក្រុមហ៊ុន​ Sabay Digital​ ផ្តល់បទសម្ភាសន៍ដល់ VOA​ ក្នុងក្រុមហ៊ុន​របស់​លោក​នា​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)

អ្នក​វិនិយោគ​ក្នុង​ស្រុក​ដំបូង​គេ​ម្នាក់​ទៅ​លើក​ក្រុមហ៊ុន​បច្ចេកវិទ្យា startup គឺ​លោក​ ជី សីលា​ ប្រធាន​ក្រុមហ៊ុន​ Sabay Digital។លោក​បាន​ចាប់​ផ្តើម​វិនិយោគ​លើ ​startup ​តាំងពី​ឆ្នាំ២០១៤​ ម្ល៉េះ​ដោយ​សារ​លោក​យល់​ពី​សក្ដានុពល​នៃ​វិស័យ​បច្ចេកវិទ្យា​ ហើយ​ក្រុមហ៊ុន​លោក​ ក៏​ធ្លាប់​ជា startup ​មួយ​ដែរ។

លោក​អះអាង​ថា​ ពាណិជ្ជករ​ខ្មែរ​មាន​លទ្ធភាព​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ startupច្រើន ​ដោយ​សារ​ក្រុមហ៊ុន​ប្រភេទ​នេះ ​ត្រូវ​ការ​ដើមទុន​តិច​និង​អាច​ទទួល​បាន​ការ​ចំណេញ​មក​វិញ​ច្រើន។​

លោក​ជី សីលា​ លើក​ឧទាហរណ៍​ពី​ក្រុមហ៊ុន​ BookMeBus ​របស់​លោក​ ជា ឡង់ដា ដែល​លោក​និង​អ្នក​វិនិយោគ​ជា​ច្រើន​ វិនិយោគ​ក្នុង​ចំនួន​ទឹក​ប្រាក់​ចំនួន​ត្រឹម​ ១ម៉ឺន​៥ពាន់​ដុល្លារ​អាមេរិក​ សម្រាប់​ភាគហ៊ុន​សរុប១៥​ភាគរយ។

​«ថ្មីៗ​ហ្នឹង​យើង​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ BookMeBus។ ឃើញ​ថា​ តាំង​ពី​ខែ​១២​ ខែ១​ ហ្នឹង​ revenue [ប្រាក់ចំណូល]គាត់​ឡើង​បាន១៥០%អញ្ចឹង​ទៅ។​ អា​ហ្នឹង​គឺ​វា​ច្រើន​មែនទែន​សម្រាប់​ក្រុមហ៊ុន​តូច​មួយ​ហ្នឹង។ សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់ថា​វា​ជា​ជំហាន​មួយ​ជោគជ័យ​ហើយ​ វា​ជា​Benchmark​ ជា​ឧទាហរណ៍​មួយ​ ដើម្បី​ឱ្យ​អ្នក​ផ្សេងៗ​បាន​ឃើញ​ថា​ ការ​បោះ​ទុន​ហ្នឹង ជួន​កាល​លុយ​តិច​មែន​ តែ​វា​បាន​មក​វិញ​វា​ល្អ ឱ្យ​តែ​យើង​ជ្រើសរើស​នូវ​ក្រុមហ៊ុន​ណា​ដែល​មាន​សក្ដានុពល»។​

លោក​ ជី សីលា​ ជា​អ្នក​វិនិយោគ​ដំណាក់​កាល​ដំបូង​មួយ​ឬ​ហៅថា​ «angel investor»​ ដែល​មាន​សារៈសំខាន់​ដល់​ក្រុមហ៊ុន startup អាច​ពង្រីក​ខ្លួន​បាន។​ លោក​និង​សហគ្រិន​មួយ​ចំនួន​ទៀត​បាន​ចងក្រង​ជា​ក្លឹប​អ្នក​វិនិយោគ​ angel investor​ ដំបូង​មួយ​នៅ​កម្ពុជា​ ដែល​មាន​ឈ្មោះ​ថា​ «កកូរ»​ ដែល​ពេល​នេះ​មាន​សមាជិក​១២នាក់។​

លោក ​Thomas Hundt ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Smart Axiata​ ឈរ​ថត​រូប​ក្បែរ​ស្លាក​យីហោ​ Smart Axiata ​ក្រោយ​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA​ នា​ថ្ងៃទី​០៩ ​ខែមីនា ​ឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)
លោក ​Thomas Hundt ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Smart Axiata​ ឈរ​ថត​រូប​ក្បែរ​ស្លាក​យីហោ​ Smart Axiata ​ក្រោយ​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA​ នា​ថ្ងៃទី​០៩ ​ខែមីនា ​ឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)

ម៉្យាង​ទៀត​ នៅ​ក្នុង​ពេល​ថ្មីៗ​ ក្រុមហ៊ុន​ Smart Axiata ​ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​ផ្ដល់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ បាន​បង្កើត​មូលនិធិ​បណ្ដាក់​ទុន​ Digital Innovation​ Fund​ ចំនួន​៥លាន​ដុល្លារ​ (5m VC fund) ដែល​មិន​ធ្លាប់​មាន​ពី​មុន។​

លោក​ ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Smart Axiata ​ថ្លែងប្រាប់​ VOA ​ថា​រាល់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​រួម​ទាំង​ក្រុមហ៊ុន​ Smart ផង​ធ្លាប់​ជា​ក្រុមហ៊ុន​ startup ហើយ​លោក​ចង់​ឃើញ​វិស័យ​វិនិយោគ​ startup​ ​នៅ​កម្ពុជា​តាម​រយៈ​មូលនិធិ​បណ្ដាក់​ទុន​ថ្មី​នេះមាន​លក្ខណៈ​វិជ្ជាជីវៈ​ដូច​នៅ​ប្រទេស​ដទៃ។​

​«យើង​មិន​ចង់​ត្រឹមតែ​ផ្ដល់​ថវិកា​នោះ​ទេ។ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេចាប់ផ្ដើម​ជា​មួយ​ផែនការ​ពាណិជ្ជកម្ម​មួយ​ដ៏​ត្រឹម​ត្រូវ​ ជា​មួយ​ការសិក្សា​មួយ ឲ្យ​បាន​ជាក់លាក់​ ហើយ​ជាមួយ​នឹង​គម្រោង​ថវិកា​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ដើម។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​គម្រោងក្រុមហ៊ុន​មួយ​ប្រកប​ដោយ​វិជ្ជាជីវៈ។​ ការ​បណ្ដាក់​ទុន​លើក​ទី១​នេះ​ ​នឹង​ចាប់ផ្ដើម​នា​ខែ​មេសា។​ គម្រោង​នេះ​ទើបតែ​ប្រកាស​នា​ថ្ងៃ​ទី២៨​ខែ​មីនា​កន្លង​ទៅ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ វា​នឹង​ជួយ​ឲ្យ​បរិយាកាស​វិនិយោគ​លើ​សហគ្រាស​បង្កើត​ថ្មី​នៅ​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន»។​

កាលពី​ខែ​កុម្ភៈ​ ក្រុមហ៊ុន​ Smart ​ក៏​បាន​បង្កើត​កម្មវិធី​មួយ​ទៀត​ឈ្មោះ​ StartSmart ​ដែល​ជា​កម្មវិធី​ជួយ​និស្សិត​បណ្ដុះ​គំនិត​ខាង​សហគ្រិន​ភាព​បច្ចេកវិទ្យា​តាំង​ពី​មុន​ការ​បង្កើត​ក្រុម​ហ៊ុន​ម្ល៉េះ។​

លោក​ Steven Path​ ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា​ និង​ជាប្រធាន​ក្រុមហ៊ុន​ Path Mazing​ ផ្តល់​កិច្ចសម្ភាស​ដល់​ VOA ​ក្នុងក្រុមហ៊ុន​របស់​លោក​នាថ្ងៃទី​ ២៦​ ខែ​មករា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)
លោក​ Steven Path​ ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា​ និង​ជាប្រធាន​ក្រុមហ៊ុន​ Path Mazing​ ផ្តល់​កិច្ចសម្ភាស​ដល់​ VOA ​ក្នុងក្រុមហ៊ុន​របស់​លោក​នាថ្ងៃទី​ ២៦​ ខែ​មករា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

លោក​ ស្ទីវិន ផាត (Steven Path) ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា​ ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​ខាង​បច្ចេកវិទ្យា​ លើក​ទឹកចិត្ត​ចំពោះ​និន្នាការ​ថ្មី​នៃ​ការ​វិនិយោគ​លើ​ក្រុមហ៊ុន startup ខ្មែរ ទោះ​បី​ការ​វិនិយោគ​នេះ​ភាគច្រើន​ចេញ​ពី​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​ក្ដី។

លោក​ក៏​យល់​ស្រប​ដែរ​ថា​ អ្នក​វិនិយោគ​ខ្មែរ​ នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត នៅ​ពេល​មាន​ក្រុមហ៊ុន​ខ្មែរ​ ដែល​ទទួល​ជោគជ័យ​ខ្លាំង​ ក្រោយ​ពី​បាន​ទទួល​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។

«បច្ចេកវិទ្យា​ICT​ គឺ​វា​ថ្មីថ្មោង​សម្រាប់​ប្រទេស​នេះ​ ម្ល៉ោះហើយ ​វិនិយោគិន​ ត្រូវ​ការ​ ការសិក្សា​ខ្លះ​នឹង​ប្រហែល​ជា​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​ខ្លះៗ​ផង​ដែរ​ មុន​ពេល​ដែល​វិនិយោគិន​ក្នុង​ស្រុកអោប​ក្រសោប​មែនទែន​នោះ។​ ក៏ប៉ុន្តែ​ ពេល​នេះ វា​ភាគ​ច្រើន​គឺ​ជា​ការ​បណ្ដាក់ទុន​ពី​បរទេស ហើយ​វា​កំពុង​តែ​កើត​ឡើង​ហើយ។ ដូច​យើង​ឃើញ​ស្រាប់​ហើយ​ មូលនិធិ​បច្ចេកវិទ្យា​នា​នា​បាន​ចាប់ផ្ដើម​ដំណើរការ​ជាមួយ​ការ​បណ្ដាក់ទុន​ពី​បរទេសដើម្បី​ជួយ​ផ្ដល់​នូវ​ទុកចិត្ត​ក្នុង​ការអនុវត្ត​គំនិត​ទាំង​នេះ»។ ​

ទាំង​ក្រុមហ៊ុន​ Khmerload ​ដែល​មាន​អាយុ​៥ឆ្នាំ ​និង​ក្រុមហ៊ុន​ BookMeBus ​ដែល​មាន​អាយុ​២ឆ្នាំ ​ទោះ​បី​មាន​តម្លៃ​វិនិយោគ ​រៀងខ្លួន​ជាង​១លាន ដុល្លារ​ក្ដី មិន​ទាន់​បាន​បង្ហាញ​ពី​ជោគជ័យ​ធំ​ពិត​ប្រាកដ​ដូច​ដែល​គេ​ឃើញ​មាន​នៅ​ប្រទេស​ផ្សេង​ទៀត​ទេ។​

ប៉ុន្តែ ពួកគេ​សង្ឃឹម​ថា ភាព​ជោគជ័យ​កន្លង​មក​របស់​ពួក​គេ​ អាច​ជួយ​ជំរុញ​អ្នក​វិនិយោគ​ក្នុងស្រុក ដែល​មិន​ធ្លាប់​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឲ្យ​ឃើញ​កាន់​តែ​ខ្លាំង​ពី​សក្ដានុពល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្មែរ ដោយ​មិន​ព្យាយាម​ក្ដោបក្ដាប់​ក្រុមហ៊ុន​ថ្មីថ្មោង​ទាំង​នោះ។​

​បើ​ទោះ​ជា ​មាន​ការ​វិនិយោគ​ទុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ឬ​ Tech Startups ​នៅ​កម្ពុជា​ក៏​ដោយ​ ក៏​ការ​អប់រំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​គេ​ដឹង​ថា​ត្រូវ​ការ​ថវិកា​ដ៏​ច្រើន​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG