ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​ស្រី​កម្ពុជា​ចង់​លុប​បំបាត់​គម្លាត​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​និង​កូន​តាមរយៈ​បច្ចេកវិទ្យា


កុមារី អ៊ឹង ពេជ្រជតា (ពីឆ្វេង ទីបី) ឈរកាន់បដា Instagram ជាមួយនឹងសមាជិកក្រុមនិងគ្រូបង្វឹករបស់នាងនៅឯការប្រកួតថ្នាក់ជាតិ Technovation National Pitch កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
កុមារី អ៊ឹង ពេជ្រជតា (ពីឆ្វេង ទីបី) ឈរកាន់បដា Instagram ជាមួយនឹងសមាជិកក្រុមនិងគ្រូបង្វឹករបស់នាងនៅឯការប្រកួតថ្នាក់ជាតិ Technovation National Pitch កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

កុមារី ពេជ្រជតា និយាយ​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​ចូលចិត្ត​សរសេរ​កូដ ហើយ​ចង់​រៀន​សរសេរ​កូដ​នោះ សូម​កុំ​ឲ្យ​អ្នក​ផ្សេង​ទៀត​រារាំង​អ្នក​មិន​ឲ្យ​សរសេរ​កូដ​ឲ្យ​សោះ។ ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​វា ប្រសិន​បើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វី​មួយ ហើយ​អ្នក​ពិត​ជា​ចង់​ធ្វើ​វា​នោះ‍».

កុមារី អ៊ឹង ពេជ្រជតា តែងតែ​មាន​ក្តីស្រមៃ​ដ៏​ធំ​មួយ។ ក្នុង​វ័យ​១២​ឆ្នាំ នាង​ធ្លាប់​ចង់​ក្លាយ​ជា​ស្ថាបត្យករ​ឬ​ជា​អ្នក​បង្កើត​អ្វី​មួយដែល​ថ្មី ប៉ុន្តែ​ការ​ប្រកួត​បច្ចេកវិទ្យា​មួយ​បាន​កែប្រែ​គោលដៅ​នា​ពេល​អនាគត​របស់​នាង ធ្វើ​ឲ្យ​នាង​ចង់​ក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​តាមរយៈ​បច្ចេកវិទ្យា​វិញ។ ​

អ្នកស្រី ប៉ុក ពូន ដែល​ជា​ម្តាយ​របស់​កុមារី ពេជ្រជតា គឺ​ជា​មន្ត្រី​ទំនាក់ទំនង​ម្នាក់​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស កម្ពុជា។

នៅ​ពេល​ដែល​អ្នកស្រី​ចង់​ឲ្យ​នាង ពេជ្រជតា ចូលរួម​ក្នុង​កម្មវិធី Technovation អ្នកស្រី​គិត​ថា គឺ​គ្រាន់​តែ​ដើម្បី​ឲ្យ​កូនស្រី​របស់​អ្នកស្រី​ចំណាយ​ពេលវេលា​នៅ​ចុង​សប្តាហ៍​ធ្វើ​អ្វី​មួយ​ប៉ុណ្ណោះ។ ​

ប៉ុន្តែ​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ផ្តល់​លទ្ធផល​ហួស​ពី​ការ​រំពឹង​ទុក។

ក្រោយ​ពី​ចំណាយ​ពេលវេលា​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​អស់​រយៈពេល​៤​ខែ នាង ពេជ្រជតា​ និង​សមាជិក​ក្រុម​របស់​នាង​បួននាក់​ផ្សេង​ទៀត​ បាន​បង្កើត​កម្មវិធីទូរស័ព្ទ​មួយ​ដែល​មាន​ឈ្មោះ​ថា Legendary Helpers។ កម្មវិធី Legendary Helpers នេះ​មាន​គោលបំណង​លុបបំបាត់​គម្លាត​ខាង​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​និង​កូនៗ។ តាមរយៈ​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ កុមារ​តូចៗ​អាច​កត់ត្រា​នូវ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា​ម្ហូបចំណី​ដែល​ពួកគេ​បរិភោគ និង​សកម្មភាព​ដែល​ពួកគេ​ធ្វើ​នៅ​សាលារៀន​ជាដើម ដើម្បី​ឲ្យ​ឪពុកម្តាយ​របស់​ពួកគេ​អាច​ដឹង​បាន។

កុមារី ពេជ្រជតា បាន​ថ្លែង​ថា៖ «យើង​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ ដោយសារ​តែ​យើង​គិត​ថា ឪពុកម្តាយ​និង​កូនៗ​មាន​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​គ្នា​អំពី​សកម្មភាព​ប្រចាំថ្ងៃ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នានា‍»។

កាល​ពី​ដើម​ខែ សីហា កុមារី ពេជ្រជតា និង​សមាជិក​ក្រុម​របស់​នាង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​បច្ចេកវិទ្យា Silicon Valley បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ធ្វើ​បទបង្ហាញ​អំពី​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុម​នាង ​នៅ​ឯ​ការ​ប្រកួត​លំដាប់​ពិភពលោក Technovation World Pitch ក្នុង​ទីក្រុង San Jose រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ​

កម្មវិធី Technovation Cambodia ត្រូវ​បាន​ឧបត្ថម្ភ​ឡើង​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ក្នុង​ឆ្នាំ​២០១៤។ ជា​រៀងរាល់​ឆ្នាំ កម្មវិធី Technovation Cambodia ជ្រើសរើស​កុមារី​ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ទៅ​១៨​ឆ្នាំ ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ។ អ្នកចូលរួម​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ​ ត្រូវ​ជួប​គ្នា​ជា​រៀងរាល់​ថ្ងៃ​សៅរ៍ ដើម្បី​សិក្សា​ពី​ជំនាញ​ដែល​ចាំបាច់​សម្រាប់​បង្កើត​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

វគ្គបណ្តុះបណ្តាល​ដែល​មាន​រយៈពេល​១២​សប្តាហ៍​នេះ បញ្ចប់​ទៅ​ដោយ​មាន​ការ​ប្រកួត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ថ្នាក់​ជាតិ​នៅ​ក្នុង​រាជធានី ភ្នំពេញ។

កុមារី មេធ សុភារីរតនៈ ដែល​ជា​សមាជិក​ក្រុម​ម្នាក់​របស់​កុមារី ពេជ្រជតា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​បច្ចេកវិទ្យា Silicon Valley ផង​ដែរ ដើម្បី​បង្ហាញ​កម្មវិធី​ទូរស័ព្ទ Legendary Helpers ដល់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ និង​កុមារី​ដទៃទៀត​ដែល​ធ្វើ​ដំណើរ​មក​ពី​ជុំវិញ​ពិភពលោក។

កុមារី ពេជ្រជតា បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​នៅ​ទីនោះ[សហរដ្ឋអាមេរិក] ខ្ញុំ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​និង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក‍»។

អ្នកស្រី ប៉ុក ពូន ត្រេកអរ​យ៉ាង​ខ្លាំង ដែល​ឃើញ​ពី​ភាព​ជោគជ័យ​របស់​កូនស្រី​ខ្លួន​ក្នុង​វ័យ​ក្មេង​ដូច្នេះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​ជា​ម្តាយ​ឃើញ​កូន​បាន​ចឹង យើង​ដូច​ត្រូវ​ឆ្នោត​ចឹង។ យើង​សប្បាយ​ចិត្ត​ណាស់។ អាហ្នឹង​ជា​កាដូ​សំខាន់​មួយ​សម្រាប់​យើង‍»។

ក៏​ប៉ុន្តែ ទម្រាំ​បាន​ជោគជ័យ​ដូចសព្វថ្ងៃ​នេះ វា​មិន​មែន​ជា​ដំណើរ​ដ៏​ងាយស្រួល​មួយ​សម្រាប់ កុមារី ពេជ្រជតា ដែល​បាន​ចាប់​ផ្តើម​រៀន​សរសេរ​កូដ​តាំង​ពី​ក្មេង​វ័យ​នោះ​ទេ។

កុមារី ពេជ្រជតា បាន​រៀបរាប់​ថា៖ «វា​ពិបាក​ខ្លាំង​ណាស់។ នៅ​ពេល​ដែល​យើង​រៀន​ចេះ​ច្រើន យើង​ត្រូវ​រៀន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ វា​មិន​ងាយ​ស្រួល​នោះ​ទេ។ យើង​ត្រូវ​រៀន​ច្រើន​អំពី​ការ​សរសេរ​កូដ។ ហើយ​បើ​យើង​មិន​យល់​ចំណុច​ណាមួយ យើង​ក៏​មិន​អាច​យល់​ចំណុច​ផ្សេង​ទៀត​បាន​ដែរ‍»។

កញ្ញា ប៉ែន វនាត ដែល​ជា​គ្រូ​បង្វឹក​ផ្នែក​បច្ចេកទេស ដល់​ក្រុម​កុមារី​នេះ បាន​ថ្លែង​ថា កញ្ញា​មាន​មោទនភាព​ណាស់​ចំពោះ​កុមារី​ទាំង​នេះ។

កញ្ញា វនាត បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹង គាត់​នាំ​កិត្តិយស។ ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​មែន​ទែន ពេល​ដែល​ឃើញ​គាត់​កាន់​ទង់ជាតិ​ខ្មែរ​ហើយ​ដើរ​ឡើង​លើ​ឆាក​ នៅ​សហរដ្ឋអាមេរិក​ដែល​មាន​គ្រប់​ប្រទេស​‍»។

មិន​ដូចជា​ក្មេង​ស្រី​ដទៃទៀត​ជាច្រើន​ដែល​មាន​អាយុ​ស្របាល​គ្នា​នោះ កុមារី ពេជ្រជតា បាន​ដឹង​រួច​ទៅ​ហើយ​ថា នាង​ចង់​ក្លាយ​ជា​អ្វី​នា​ពេល​អនាគត គឺ​នាង​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កូដ​ម្នាក់។ ហើយ​នាង​ក៏​ចង់​លើក​ទឹកចិត្ត​ដល់​អ្នក​ផ្សេង​ទៀត​ឲ្យ​មាន​ការ​តាំង​ចិត្ត​រឹងមាំ​ដូច​នាង​ផង​ដែរ។

កុមារី ពេជ្រជតា បាន​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​ចូលចិត្ត​សរសេរ​កូដ ហើយ​ចង់​រៀន​សរសេរ​កូដ​នោះ សូម​កុំ​ឲ្យ​អ្នក​ផ្សេង​ទៀត​រារាំង​អ្នក​មិន​ឲ្យ​សរសេរ​កូដ​ឲ្យ​សោះ។ ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​វា ប្រសិន​បើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វី​មួយ ហើយ​អ្នក​ពិត​ជា​ចង់​ធ្វើ​វា​នោះ‍»៕

XS
SM
MD
LG