ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​​«ចេតិយ​សម្រាប់​ឃុនស្រ៊ុន»​ដែលជា​អ្នកនិពន្ធ​​មានការគាំទ្រ​ច្រើន


រូបថត​របស់​លោក ​ឃុន​ ស្រ៊ុន​ និង​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ Eric Galmard)
រូបថត​របស់​លោក ​ឃុន​ ស្រ៊ុន​ និង​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ Eric Galmard)

នា​អំឡុង​នៃ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​ កាល​ពី​ដើម​ខែ​កន្លង​ទៅ​ ផលិតករ​​ភាព​យន្ត​ជន​ជាតិ​បារាំង​ម្នាក់​បាន​ជ្រើស​យក​ខ្សែភាព​យន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ចេតិយ​សម្រាប់​ឃុនស្រ៊ុន»​​ មក​ចាក់​បញ្ចាំង។

នា​អំឡុង​នៃ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​ កាល​ពី​ដើម​ខែ​កន្លង​ទៅ​ ផលិតករភាព​យន្ត​ជន​ជាតិ​បារាំង​ម្នាក់​បាន​ជ្រើស​យក​ខ្សែភាព​យន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ចេតិយ​សម្រាប់​ឃុនស្រ៊ុន» មក​ចាក់​បញ្ចាំង។​ ​ខ្សែ​ភាព​យន្ត​នេះ​បាន​រៀបរាប់​អំពី​ជីវប្រវត្តិ ​និង​ទស្សន​វិជ្ជា​របស់​កវី​ខ្មែរ​មួយ​រូប​ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេងនៅ​ដើម​ទសវត្សរ៍​ឆ្នាំ១​៩៧០។​ ​ ​ទស្សនិក​ជន​ដែល​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​ខាង​លើបាន​កោត​សរសើរ​ជា​ខ្លាំង​ចំពោះ​ស្នា​ដៃ​នេះ។​

ទស្សនិក​ជន​យ៉ាងហោច​ណាស់​៣០​នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​អង្គុយសម្លឹង​មើល​និង​ផ្ទៀងត្រចៀក​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​ក្នុង​បន្ទប់​បញ្ចាំង​ខ្សែ​ភាពយន្ត​នៃ​មជ្ឈ​មណ្ឌល​សោត​ទស្សន៍​បុប្ផាណា​នា​សប្តាហ៍​កន្លង​ទៅ​ ​ដែលកំពុងចាក់បញ្ចាំងខ្សែភាព​យន្ត​ឯកសារ​«ចេតិយ​សម្រាប់​ឃុន​ស្រ៊ុន»។

«ចេតិយសម្រាប់ឃុនស្រ៊ុន»​ត្រូវ​បានរៀបរៀង​ផលិត​ដោយផលិត​ករ​ភាពយន្ត​ជន​ជាតិ​បារាំង ​អេរិក​ ​ហ្កាល់​ម៉ារដ៍​ ដែល​ធ្លាប់​រស់​នៅ​និងបង្រៀនអក្សរ​សិល្ប៍​ និងភាពយន្ត​នៅ​ប្រទេស​កម្ពុជា​និងនៅ​បណ្ដាប្រទេស​មួយ​ចំនួន​ក្នុង​តំប​ន់​អាស៊ី​ ​ចាប់​តាំងពីឆ្នាំ១៩៩០។​

ខ្សែ​ភាព​យន្ត​នេះឆ្លុះបញ្ចាំង​កម្រង​ស្នាដៃ​តែង​និពន្ធ​របស់​កវី​និពន្ធ​ខ្មែរ​មួយ​រូប​គឺ​លោក​ឃុន ស្រ៊ុន​ ដែល​ធ្លាប់​ជា​គ្រូបង្រៀន​ផ្នែក​គណិត​វិទ្យា​ និង​ជា​អតីត​សមាជិក​គណៈ​និពន្ធ​នៃ​ក្រសួង​សិក្សាធិការ​ខ្មែរ​ នា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។​

លោក​ឃុន ស្រ៊ុន​ត្រូវ​បានពួក​ខ្មែរក្រហម​ចាប់ឃុំឃាំង ​និងធ្វើ​ទុក្ខ​បុកម្នេញ​នៅ​មន្ទីរ​សន្តិសុខស២១​ ឬ​គុក​ទួល​ស្លែង​ ​មុន​នឹង​គេ​ប្រហារ​ជីវិត​នៅ​ឆ្នាំ​១៩៧៨។​ ​

ខ្សែ​ភាពយន្ត​ឯកសារ​ ​ដែល​មាន​រយៈពេល​៦៨​នាទីនេះត្រូវ​បាន​គេ​ដាក់​បញ្ចាំង​ ក្នុងកំឡុង​ពេល​មហោ​ស្រពភាព​យន្តអន្តរជាតិកម្ពុជា​ ​ហើយ​បាន​បញ្ចាំង​នៅ​ ក្នុង​វិទ្យាស្ថាន​បារាំង​ ​មជ្ឈ​មណ្ឌល​បុប្ផាណា ​និង​នៅ​សាល​មហោ​ស្រព​ចតុមុខ​ចាប់​តាំងដើម​ខែ​ធ្នូ​នេះ។

ផលិតករ​អេរិក ហ្កាល់ម៉ារដ៍​ដែល​មាន​វត្តមាន​នៅ​ពេល​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ នាឯមជ្ឈមណ្ឌល​បុប្ផាណា បានប្រាប់​VOA ​ថា​ ការណ៍​ដែល​លោក​ផលិត​ខ្សែ​ភាពយន្ត​នេះ​ឡើង​គឺ​ក្នុង​បំណងចង់នាំ​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយជ្រួត​ជ្រាប​អំពី​ខ្លឹម​សារ​នៃ​ស្នាដៃ​និពន្ធ​របស់​កវី​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​គឺ​លោក​ឃុន ស្រ៊ុន​ ដែល​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​នោះ។​ឲ

«អ្នក​និពន្ធ​ម្នាក់​ហ្នឹង ខ្ញុំ​ជឿថា​ ប្រហែល​គ្មាន​ជន​ជាតិ​ខ្មែរ​ច្រើន​សម័យ​បច្ចុប្បន្ន​ដែល​ស្គាល់​គាត់ទេ​ ហើយ​ខ្ញុំ​ជឿ​ថា ​សា្នដៃ​របស់​គាត់ ​អត្ថបទ​របស់​គាត់​គួរឲ្យស្គាល់​មែន​ទែន។​ ខ្ញុំ​ផ្ទាល់​ខ្លួន ​ដូច​ជា​ចាប់​អារម្មណ៍​ជា​ពិសេសជាមួយ​នឹង​ស្នាដៃ​របស់​គាត់​ ​បាន​ជា​ខ្ញុំ​មាន​គម្រោង​ហ្នឹង​ធ្វើ​ភាព​យន្ត​ឯក​សារ​និយាយ​អំពី​គាត់​ ប្រវត្តិ​គាត់ ​និង​និយាយ​អំពី​ស្នាដៃ​របស់​គាត់​ដែរ»។​

លោក​បាន​បន្ត​ថា​ លោកចូលចិត្ត​និង​មាន​ចំណាប់​អារម្មណ៍​ជា​វិជ្ជមាន​ទៅ​លើ​ស្នាដៃ​របស់លោក​ឃុន ស្រ៊ុន​ ដោយ​យល់​ថា ​ស្នាដៃ​ទាំង​នោះ​នៅ​មាន​ ​ប្រយោជន៍​នៅ​ឡើយ​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន។​

«អត្ថបទ​របស់​គាត់​ទាក់​ទង​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​វប្បធម៌​បុរាណ​ខ្មែរ ​ហើយ​ម្យ៉ាង​ទៀត​ ខ្ញុំ​ជឿ​ថា ​ការ​យល់​ឃើញ​របស់​គាត់កាល​ពី​សម័យ​អតីត​កាល​នោះ​ នៅ​មាន​ន័យ​នៅ​ឡើយ​សម្រាប់​សង្គម​បច្ចុប្បន្ន។ ​ឧទាហរណ៍ ​ពេល​គាត់​សរសេរកំណាព្យ​រិះគន់ ​មិន​មែន​ជា​កំណាព្យ​រិះគន់​របៀប​ចំៗ​ ​គាត់​ប្រើ​ន័យបង្កប់​ច្រើន។​ គាត់​និយាយ​អំពីអំពើ​ពុក​រលួយ ​និយាយ​ពីដី​ធ្លី»។​

ទស្សនីយ៍ភាព​នៃ​ខ្សែ​ភាព​យន្ត​«ចេតិយ​សម្រាប់​ឃុនស្រ៊ុន»បាន​លើក​អំពី​ដំណើរ​ជួប​ជុំ​បង​ប្អូន​របស់​កូន​ស្រី​តែមួយគត់​របស់​លោក​ឃុន​ ស្រ៊ុន ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​វាល​ពិឃាដ ​អម​ដោយ​សំឡេងសូត្រ​នៃ​ស្នា​ដៃ​និពន្ធ​របស់លោក​ឃុន ស្រ៊ុន​ផង​ដែរ។​

ទស្សនិកជន​ជាច្រើន​ ដែល​បានទស្សនា​ស្នាដៃនៃ​ភាពយន្ត​ស្តីពី​ប្រវត្តិ​របស់អ្នក​និពន្ធ​ខែ្មរ ​បាន​ប្រាប់​ VOA​ ថា​ ​ពួកគាត់​ចូល​ចិត្ត​និង​កោត​សរសើរ​ការ​តាក់តែង​រឿង​នេះ​ផង​ដែរ។​

កញ្ញា​រឿន លក្ខិណា​ ​ដែលជា​អ្នកផលិតកុនឯក​រាជ្យ ​វ័យ២៣​ឆ្នាំ​ ​និង​ជាទស្សនិកជន​មួយ​រូប​ផង​ដែរ​នោះ​ ​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្តចំពោះ​វិធី​សាស្ត្រ​ដែល​ផលិត​ករ​រៀប​ចំ​ខ្សែ​រឿង​នេះ​ឡើង​ ​ហើយកញ្ញា​បរិយាយថា​ ​មានលក្ខណៈគួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង។​

«ខ្ញុំ​មើល​រឿង​ឯកសារ​ច្រើន​ ប៉ុន្តែខ្ញុំ​មើល​រឿង​ដែល​គាត់​ផលិត​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ វាមាន​លក្ខណៈ​បែប​មួយ​ថ្មី​ ដែល​គួរឱ្យ​ចាប់​អារម្មណ៍។​ រឿង​ឯក​សារ​ខ្លះ​យើង​មើល​ទៅ ​យើង​ងងុយ​គេង ​យើង​ធុញ។​ តែ​រឿង​ហ្នឹង​អត់​អញ្ចឹងទេ»។​

អ្នក​ចូល​រួម​ទស្សនា​ម្នាក់​ទៀត​គឺ​លោក​អ៊ឹម លឹម​ វ័យ​៤៧​ឆ្នាំ ​ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​វាយ​តម្លៃ​ខ្សែ​ភាពយន្ត​នេះ​ថា បាន​បញ្ចូល​អារម្មណ៍​ ​មនោ​សញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​អ្នក​ទស្សនា​ផង​ដែរ។​

«រញ្ជួល​ចិត្ត​ផង ​សប្បាយ​ចិត្តផង។ ​រញ្ជួល​ចិត្ត​ដោយសារ​គាត់​លើក​ពី​សម័យ​នោះ​ផង ​សម័យ​នេះ​ផង។​ សប្បាយ​ចិត្ត​ដោយ​សារ​ដឹង​ថា ​មាន​រឿង​ហ្នឹង​កើត​ឡើង។ អញ្ចឹង​មាន​គេ​ទទួល​ស្គាល់​គាត់​ ពី​ព្រោះ​រហូ​ត​មក​ដល់​ពេល​នេះ​ ​មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​ស្គាល់គាត់ ​និង​ស្នាដៃ​របស់​ឃុន ស្រ៊ុន​ ដែល​ជា​រឿង​គួរ​ឱ្យស្ដាយ»។​

លោក​អ៊ឹម លឹម​ ដែល​ជា​អ្នក​និយម​ស្នាដៃ​និពន្ធ​របស់​លោក​ឃុន ស៊្រុន​ជា​យូរមកហើយនោះ​ បានបន្ថែមទៀត​ថា​ ខ្លឹម​សារ​ និង​ទស្សន​វិជ្ជារ​បស់​កវី​រូប​នេះ​ ​នៅ​តែ​ឆ្លុះ​បញ្ចាំងជាក់​ស្ដែង​ក្នុង​សង្គម​ខ្មែរ​ពេល​បច្ចុប្បន្ន​ បើ​ទោះ​ជាស្នាដៃ​របស់​លោក​ត្រូវ​បាន​តាក់​តែង​ឡើង​តាំង​ពី​ជាង​៤០​ឆ្នាំ​មុន​មក​ក្ដី។​

«សម្រង់​សេចក្ដី​ដែល​គាត់​និយាយនៅ​ក្នុង​ខ្សែភាពយន្ត​គឺ​តិច​ណាស់ ​បើ​ប្រៀប​ធៀបនឹង​អ្វី​ដែល​គាត់បានសរសេរមែន​ទែននោះ។ អញ្ចឹង​មេរៀន​មាន​ច្រើន​ មាន​រឿង​មាន​ ក្រ។​ ​មានរឿង​អ្នកធំធ្វើបាប​អ្នកតូច។​ អ្នក​តូចរង​គ្រោះដោយ​សារ​អ្នក​ធំ​ ​រឿង​ដី​ធ្លី»។​

យោង​តាម​អ្នក​រៀប​ចំ​ខ្សែភាពយន្តឯកសារ​បាន​ឲ្យ​ដឹង​ថា​ ភាព​យន្ត​នេះ​ទំនង​ជា​អាចទាក់​ទាញ​បាន​ទស្សនិកជន​ច្រើន​ជាង​១២០​នាក់​ទៀត​ក្នុង​រយៈ​ពេលបី​ថ្ងៃនៃ​ការ​ដាក់​បញ្ចាំង​នោះ​ ​ដោយ​សារ​ទំហំ​នៃសាលចាក់​បញ្ចាំ​ង​មាន​កំណត់​ មិន​អាច​ទទួល​អ្នក​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះ​ករ​នោះ​ទេ។​

ក្នុងកំឡុង​ពេល​មហោ​ស្រពភាព​យន្តអន្តរជាតិកម្ពុជា​ ​ដែល​ប្រព្រឹត្ត​នា​ដើម​ខែ​ធ្នូ​នេះមាន​ខ្សែ​ភាព​យន្ត​ឯកសារ​ជា​ច្រើន​ត្រូវ​បាន​គេ​ផលិត​និង​ដាក់​បញ្ចាំង​ជូន​ទស្សនា ជា​ពិសេស​ខ្សែភាព​យន្ត​ឯកសារទាក់ទិន​នឹងការ​កាប់​សម្លាប់​និង​សោកនាដ​កម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ដ៏​ឃោរឃៅ៕

XS
SM
MD
LG