ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ខ្មែរ​ម្នាក់​បាន​ជួបជុំ​គ្រួសារ​វិញ តែ​គ្រួសារ​ដទៃ​ទៀត​នៅ​តស៊ូ​បញ្ឈប់ការ​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា


លោក ជិត នីន (Ched Nin) និង​ភរិយា​ និង​កូនៗ​​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ជិត នីន (Ched Nin) និង​ភរិយា​ និង​កូនៗ​​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

ចៅក្រម​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ម្នាក់​បាន​ផ្តល់​សេចក្តី​សម្រេច​លើកលែង​ដ៏​កម្រ​មួយ​ដល់​បុរស​ដែល​មាន​សញ្ជាតិ​ខ្មែរ​ម្នាក់ ឲ្យ​រួច​ផុត​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​កាលពី​មុន។

សហគមន៍​អាស៊ី​អាមេរិកាំង​នៅ​រដ្ឋ​មីនីសូតា (Minnesota) សហរដ្ឋ​អាមេរិក បាន​នាំ​គ្នា​អបអរ​សាទរ​នៅ​ពេល​ដែល​បុរស​ម្នាក់​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ ត្រូវបាន​ចៅក្រម​តុលាការ​អន្តោប្រវេសន៍​ចេញ​សេចក្តី​សម្រេច​មួយ ដែល​ជួយ​ឲ្យ​បុរស​នោះ​បាន​រួច​ផុត​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ហើយ​បាន​ជួបជុំ​គ្រួសារ​វិញ។ ក៏​ប៉ុន្តែ គ្រួសារ​ខ្មែរ​ដទៃ​ទៀត​ដែល​មាន​សមាជិក​គ្រួសារ​កំពុង​ជាប់​ឃុំ​ខ្លួន​ត្រៀម​បញ្ជូន​ទៅ​កម្ពុជា នៅតែ​បន្ត​តស៊ូ​មតិ​ដើម្បី​ទទួល​បាន​ឱកាស​ជួបជុំ​គ្នា​វិញ។

ចៅក្រម​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ម្នាក់​បាន​ផ្តល់​សេចក្តី​សម្រេច​លើកលែង​ដ៏​កម្រ​មួយ​ដល់​បុរស​ដែល​មាន​សញ្ជាតិ​ខ្មែរ​ម្នាក់ ឲ្យ​រួច​ផុត​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​កាលពី​មុន។ បុរស​រូប​នេះ​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​១៩៨៦​ តាំងពី​លោក​នៅ​ជា​កុមារ ដោយ​បាន​រត់​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​កម្ពុជា។

លោកស្រី Susan Castro ចៅក្រម​នៃ​តុលាការ​អន្តោប្រវេសន៍​សហព័ន្ធ​នៅ​ទីក្រុង Bloomington នៃ​រដ្ឋ​មីនីសូតា បាន​ចេញ​សេចក្តី​សម្រេច​លើក​លែង​មួយ​ឈ្មោះ 212(h) waiver ដោយ​ផ្អែក​លើ​មូលហេតុ​«‍ទុក្ខលំបាក​ធ្ងន់ធ្ងរ» មក​លើ​ក្រុម​គ្រួសារ​របស់​លោក​ ជិត នីន បើ​សិន​ជា​លោក​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ជា​ទីកន្លែង​ដែល​លោក​មិន​ដែល​ស្គាល់​ពី​មុន​មក។

កើត​នៅ​ជំរុំ​ខាវអ៊ីដាង នៅ​ឆ្នាំ​១៩៨០ លោក ជិត នីន អាយុ​៣៧ឆ្នាំ ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ដោយ​អជ្ញាធរ​គយ និង​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ ​បន្ទាប់​ពី​លោក​បាន​ជាប់​ទោស​រយៈពេល​ជិត​ពីរឆ្នាំ​រួច​ហើយ​សម្រាប់​បទល្មើស​មួយ​ចំនួន​ ដែល​លោក​បាន​ប្រព្រឹត្ត​កាល​ពី​មុន ដែល​ក្នុង​នោះ​រួម​មាន​ការ​ប្រព្រឹត្ត​ការ​បំពាន​លើ​រូបរាង​កាយ និង​ការ​បោះចោល​កាក​សំណល់​ដោយ​ខុស​ច្បាប់​ជាដើម។ លោក ជិត នីន គឺជា​បុរស​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​បុរស​ជា​ជនជាតិ​ខ្មែរ​ប្រាំបី​នាក់ នៅ​រដ្ឋ​មីនីសូតា ដែល​ត្រូវបាន​ឃុំ​ខ្លួន​ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

យោង​តាម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៦​របស់​សហរដ្ឋ​អាមេរិក (Illegal Immigration and Immigrant Responsibility Act of 1996) បទល្មើស​ទាំង​អស់​នេះ​បាន​បណ្តាល​ឲ្យ​លោក ជិត នីន បាត់បង់​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់​នៅ​សហរដ្ឋ​អាមេរិក ឬ​ដែល​ត្រូវបាន​ស្គាល់​ជា​ទូទៅ​ថា (Green Card) ហើយ​បណ្តាល​ឲ្យ​លោក​ត្រូវ​ជាប់​ឃុំ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា។ យ៉ាងណាមិញ សេចក្តី​សម្រេច​លើកលែង 212(h) waiver ដែល​ចៅក្រម​បាន​សម្រេច​ឲ្យ​លោក ជិត នីន កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​កន្លង​ទៅ បាន​អនុញ្ញាត​ឲ្យ​បុរស​ជនជាតិ​ខ្មែរ​រូប​នេះ​រួច​ផុត​ពី​ការ​ឃុំខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ហើយ​មាន​សិទ្ធិ​បន្ត​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​ជួបជុំ​គ្រួសារ​វិញ។

​ក្រោយពេល​ដែល​បាន​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ដោយ​អជ្ញាធរ​គយ និង​អន្តោប្រវេសន៍​ភ្លាម លោក ជិត នីន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយល័ក្ខ​អក្សរ​ថា ស្របពេល​ដែល​លោក​សប្បាយ​រីករាយ​ដែល​បាន​ជួបជុំ​គ្រួសារ​វិញ លោក​ពិត​ជា​សោកស្តាយ​ដែល​បុរស​ខ្មែរ​ប្រាំពីរ​នាក់​ផ្សេង​ទៀត នៅ​បន្ត​ជាប់​ឃុំ​នៅ​ឡើយ។ លោក​បាន​និយាយ​ក្នុង​ខ្លឹមសារ​ដកស្រង់​ទាំង​ស្រុង​ថា៖ «‍ខ្ញុំ​ចង់​ជួយ​ឲ្យ​គ្រួសារ​ដទៃទៀត​បាន​ជួបជុំ​គ្នា​វិញ»។

លោក ជិត នីន (Ched Nin) និង​ម្តាយគឺ​លោកស្រី ជិត សេន ​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​លោក ជិត នីន។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ជិត នីន (Ched Nin) និង​ម្តាយគឺ​លោកស្រី ជិត សេន ​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​លោក ជិត នីន។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

លោក Dan Kesselbrenner នាយកប្រតិបត្តិ​នៃ​អង្គការ​អន្តោប្រវេសន៍​មួយ​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា National Immigration Project and of the National Lawyers Guild បាន​ប្រាប់ VOA ថា ជោគជ័យ​នៃ​ករណី​លោក ជិត នីន គឺជា​ក្តី​សង្ឃឹម​មួយ ដែល​ថា​ចៅក្រម​តុលាការ​អន្តោប្រវេសន៍​បំពេញ​ការងារ​ដោយ​ឯករាជ្យ​ ក្នុង​បរិបទ​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរឹង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Donald Trump។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «‍មាន​បុគ្គល​ជា​ច្រើន​នាក់​ដែល​សម​នឹង​ទទួល​បាន​សេចក្តី​សម្រេច​លើកលែង​មួយ​នេះ។ ខ្ញុំ​សង្ឃឹម​ថា ចៅក្រម​អាច​បន្ត​ចេញ​សេចក្តី​សម្រេច​ដោយ​ឯករាជ្យ​យោង​ទៅ​តាម​ករណី​របស់​ករណី​បុគ្គល​នីមួយៗ»។

សេចក្តី​សម្រេច 212(h) waiver ដ៏​កម្រ​នេះ​អាច​យក​ទៅ​អនុវត្ត​លើ​ករណី​បទល្មើស​មួយ​ចំនួន លើកលែង​តែ​ករណី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដូចជា «‍ឃាតកម្ម ឬ​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម ឬ​ការ​ប៉ុនប៉ង ឬ​ការ​សម​គំនិត​ធ្វើ​ឃាតកម្ម ឬ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម»។

កាលណា​ចៅក្រម​នៃ​តុលាការ​អន្តោប្រវេសន៍​ចេញ​សេចក្តី​សម្រេច​នេះ ​នោះ​រដ្ឋាភិបាល​សហព័ន្ធ​កម្រ​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្តី​សម្រេច​នេះ​ណាស់ បើ​ទោះបី​ជា​មាត្រា​មួយ​នៅ​ក្នុង​សេចក្តី​សម្រេច​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្តឹង​ឧទ្ធរណ៍​ក៏​ដោយ។

លោក Jayesh Rathod សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អន្តោប្រវេសន៍​នៃ​មហាវិទ្យាល័យ​ច្បាប់​នៃ​សកលវិទ្យាល័យ American University នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា៖

«‍តាម​បទពិសោធន៍​របស់​ខ្ញុំ វាជា​ករណី​កម្រ​បំផុត​ដែល​រដ្ឋាភិបាល​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​លើកលែង​នេះ»។

ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក ជិត នីន បាន​ការពារ​ក្តី​ដោយ​ផ្អែក​លើ​មូលហេតុ​«‍ទុក្ខ​លំបាក​ធ្ងន់ធ្ងរ» ដែល​មាន​មក​លើ​គ្រួសារ បើ​សិន​មាន​ការ​បញ្ជូន​ខ្លួន​លោក​ ជិត នីន ទៅ​ប្រទេស​កម្ពុជា ពីព្រោះ​ថា​បុរស​ជនជាតិ​ខ្មែរ​រូប​នេះ​គឺជា​អ្នក​ផ្គត់ផ្គង់​ស្នូល​ម្នាក់​នៅ​ក្នុង​គ្រួសារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាង Katrina Dizon Mariategue អ្នក​គ្រប់គ្រង​គោលនយោបាយ​អន្តោប្រវេសន៍​នៃ​មជ្ឈមណ្ឌល​ Southeast Asia Resource Action Center (SEARAC) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកនាង Mariategue បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កូនស្រី​ម្នាក់​របស់​លោក ជិត នីន មាន​ជំងឺ​បេះដូង​ ដែល​គ្រូពេទ្យ​បាន​សន្មត់​ថា នាង​មិន​អាច​រស់​មាន​ជីវិត​លើស​ពី​អាយុ​២៥ឆ្នាំ​ឡើយ។ ម្តាយ​របស់​លោក ជិត នីន និង​ភរិយា​របស់​លោក គឺជា​អ្នក​ថែទាំ​កូនស្រី​ដែល​មាន​ជំងឺ​ម្នាក់​នេះ​ជា​ប្រចាំ។ លោក​ ជិត នីន ក៏​ជា​អ្នក​ថែទាំ​ឪពុក​ដែល​ពិការ​ផងដែរ។ បន្ថែម​លើ​នេះ បើសិន​ជា​គ្មាន​ប្រាក់​ចំណូល​ពី​រូប​លោក​ទេ នោះ​គ្រួសារ​របស់​លោក​នឹង​ប្រឈម​ការ​បាត់បង់​ផ្ទះ​របស់​ពួកគេ។ លោក ជិត នីន រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ជា​ជាងឈើ​ម្នាក់។

លោក​សាស្ត្រាចារ្យ​ច្បាប់ Rathod បាន​លើកឡើង​ថា ការ​ការពារ​ក្តី​ដោយ​ផ្អែក​លើ​មូលហេតុ​«‍ទុក្ខលំបាក​ធ្ងន់ធ្ងន់»នេះ គឺជា​កិច្ចការ​មួយ​ដ៏​លំបាក​សម្រាប់​មេធាវី បើសិន​ជា​គ្មាន​ភស្តុតាង​ជាក់លាក់​ដែល​ថា​«សមាជិក​គ្រួសារ​ម្នាក់​[របស់​បុគ្គល​នោះ] នឹង​រង​ការ​លំបាក‍»។។

លោក​ថ្លែង​ថា៖ «‍ខ្ញុំ​គិតថា អ្វី​ដែល​ពិបាក​បំផុត​ក្នុង​ការ​ទទួល​បាន​សេចក្តី​សម្រេច​លើកលែង 212(h) waiver គឺ​ការ​អះអាង​ដោយ​ផ្អែក​លើ​មូលហេតុ​ទុក្ខ​លំបាក​នេះ»។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ការ​មាន​មេធាវី​ការពារ​ក្តី​ដែល​សមត្ថភាព​រឹងមាំ​ដើរ​តួនាទី​សំខាន់។ លោក​បាន​បន្ត​ទៀត​ថា ច្បាប់​អន្តោប្រវេសន៍​អាមេរិក​ឆ្នាំ​១៩៩៦​មិន​ធានា​ឲ្យ​មាន​មេធាវី​តំណាង​ឲ្យ​ជនជាប់​ចោទ​នោះ​ទេ ហើយ​«នេះ​គឺជា​បញ្ហា​ចោទ​មួយ»។

ក្រុមគ្រួសារ​លោក ជិត នីន និង​ពលរដ្ឋ​ក្នុង​សហគមន៍ នៅ​មុខ​តុលាការ​អន្តោប្រវេសន៍ នៅ​រដ្ឋមីនីសូតា កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៧។ (រូបថត​ដោយ៖ MK Nguyen)
ក្រុមគ្រួសារ​លោក ជិត នីន និង​ពលរដ្ឋ​ក្នុង​សហគមន៍ នៅ​មុខ​តុលាការ​អន្តោប្រវេសន៍ នៅ​រដ្ឋមីនីសូតា កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៧។ (រូបថត​ដោយ៖ MK Nguyen)

ទោះជា​យ៉ាង​ណា​ក្តី ជោគជ័យ​នៃ​ករណី​សំណុំ​រឿង​របស់​លោក ជិត នីន នៅ​តុលាការ​អន្តោប្រវេសន៍​សហព័ន្ធ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ទទួល​បាន​ការ​គាំពារ​ខាង​ផ្លូវ​ច្បាប់​ដ៏​ពេញលេញ និង​ការ​ប្រមូលផ្តុំ​របស់​សហគមន៍​ក៏​ដើរ​តួនាទី​សំខាន់​ផងដែរ។ នេះ​បើ​តាម​អ្នកនាង Mariategue នៃ​អង្គការ SEARAC។

អ្នក​នាង​បាន​ប្រាប់ VOA ថា៖ «‍ជ័យជម្នះ​នេះ​គឺជា​ការ​រួមផ្សំ​នៃ​យុទ្ធសាស្ត្រ​ខាង​ផ្លូវ​ច្បាប់​ដ៏​ល្អ​ប្រសើរ​ ជាមួយ​នឹង​ការ​គាំទ្រ​ដ៏​ច្រើន​លើសលុប​ពី​សហគមន៍​ក្នុង​តំបន់​ផងដែរ»។

អ្នកនាង Mariategua បាន​បន្ថែម​ទៀត​ថា អ្នកស្រី ចេននី ស្រី (Jenny Srey) ដែល​ជា​ភរិយា​របស់​លោក​ ជិត នីន បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ផ្តុំ​សហគមន៍​ និង​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​រដ្ឋ និង​ថ្នាក់​ជាតិ រួម​ទាំង​សមាជិក​រដ្ឋសភា​មួយ​ចំនួន​ផង ដោយ​បាន​រៀបចំ​ជា​វេទិកា​សាធារណៈ និង​ការ​តស៊ូមតិ​ និង​ការ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ តាំងពី​មាន​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នក​ស្រី​មក។

យ៉ាងណាមិញ ការ​តស៊ូ​នៅ​តែ​បន្ត ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​បុរស​ជនជាតិ​ខ្មែរ​ប្រាំពីរ​នាក់​ទៀត​នៅ​រដ្ឋមីនីសូតា ដែល​នៅ​ជាប់ឃុំ​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។ តែ​ការ​តស៊ូ​នេះ​នឹង​កាន់តែ​ពិបាក​ជាង​មុន ដោយសារ​តែ​គោល​នយោបាយ​អន្តោប្រវេសន៍​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នេះ​បើ​តាម​អ្នកស្រី Danielle Robinson Briand មេធាវី​អន្តោប្រវេសន៍​នៅ​រដ្ឋ​មីនីសូតា ដែល​តំណាង​ឲ្យ​បុរស​ខ្មែរ​ពីររូប។

អ្នកស្រី សុជាតា ផាសិត (Socheata Pharseth) ភរិយា​របស់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​នៅ​ជាប់​ឃុំ បាន​ប្រាប់ VOA ថា អ្នក​ស្រី​អបអរ​សាទរ​ដល់​ក្រុម​គ្រួសារ​របស់​លោក ជិត នីន។ ក៏ប៉ុន្តែ​អ្នក​ស្រី​ថា ស្វាមី​របស់​អ្នក​ស្រី​បាន​ចាប់ផ្តើម​អស់​សង្ឃឹម ហើយ​មិន​ចង់​តស៊ូ​តទៅ​ទៀត​ទេ។ តែ​សម្រាប់​អ្នក​ស្រី សុជាតា ផាសិត វិញ ការ​តស៊ូ​ត្រូវ​តែ​បន្ត។

អ្នកស្រី​ថ្លែង​ថា៖ «‍ខ្ញុំ​នៅតែ​បន្ត​តស៊ូ​ទៅមុខ​ទៀត ហើយ​សង្ឃឹម​ថា​ថ្ងៃណាមួយ​យើង​អាច​ជួបជុំ​គ្នា​វិញ​បាន»៕

XS
SM
MD
LG