ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនួញ​ខ្មែរ​មិន​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករនៅរោងចក្រ​កាត់ដេរ​មួយ​កន្លែង នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករនៅរោងចក្រ​កាត់ដេរ​មួយ​កន្លែង នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

បណ្តាញ​ព័ត៌មាន​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​របាយការណ៍​ជា​បន្តបន្ទាប់​ស្តីពី​បញ្ហា​រសើប​ខាង​ហិរញ្ញវត្ថុ​របស់​កម្ពុជា បន្ទាប់​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស់​កាលពី​ខែ​កក្កដា​នេះ។ បណ្តាញ​ព័ត៌មាន​នោះ​បាន​បរិយាយ​ពី​កត្តា​ប្រឈម​ខាង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ប្រសិនបើ​ប្រទេស​នៅ​លោក​ខាងលិច​ធ្វើការ​រួម​គ្នា សម្រេច​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​កម្ពុជា។

ក្នុង​ពេល​ដែល​អង្គភាព​ព័ត៌មាន​អន្តរជាតិ​នានា​បន្ត​ឃ្លាំ​មើល​ពី​អនាគត​នៃ​សុខភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​រង​ការរិះគន់​ពី​ប្រទេស​នៅ​បស្ចិម​លោក​ ​ម្ចាស់​ក្រុមហ៊ុន​និង​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​មួយ​ចំនួន​ក្នុង​ស្រុក​ បង្ហាញ​សុទិដ្ឋិនិយម​ពី​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។

សេចក្តី​រាយការណ៍​របស់​គេហទំព័រ​ Nikkei Asian Review ​បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​មួយ​ ​ដោយ​បាន​ដាក់​ចំណង​ជើង​ធំៗ​ថា​ «ជោគជ័យ​ដែល​មិន​អាច​យក​ជា​ការ​បាន​របស់​លោក​ហ៊ុន សែន​បាន​ធ្វើ​ឲ្យ​ជំនួញ​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់»។

សេចក្តី​រាយការណ៍​នោះ​បាន​លើក​ឡើង​ថា​ ការ​បារម្ភ​នានា​កំពុង​លេច​ឡើង​អំពី​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ ចំពោះ​ទណ្ឌកម្ម​ផ្សេងៗ​ដែល​អាច​នឹង​ធ្វើ​ឡើង​ពី​ដៃ​គូពាណិជ្ជកម្ម​ធំៗ​ ​បន្ទាប់​ពីការ​បោះឆ្នោត​ដែល​បាន​ផ្តល់​កៅអី​សភា​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​ក្នុង​ចំនួន​ដ៏ច្រើន​ដែល​មិន​ធ្លាប់​បាន​កត់​ត្រាទុក​ពីមុន​មក​នោះ។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី​ ​ប្រធានក្រុម​ហ៊ុន​ ម៉ុងឫទ្ធី​គ្រុប​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ថានភាព​នយោបាយ​ ​នឹង​មាន​ភាព​ធូរស្រាល​ឡើងវិញ​ ហើយ​លោក​ជឿថា​ នឹង​មិន​មាន​បញ្ហា​ណា​មួយ​ ​មក​បង្អាក់​នៃ​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​បាន​ទេ។

លោក​មាន​ប្រសាសន៍ថា៖

«តាម​ស្តាប់​ព័ត៌មាន​ហ្នឹង​ ​វា​ចេះ​តែ​បារម្ភ​អីចឹង​ទៅ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​នឹងធូរ​ស្រាល​វិញ​ មិន​អាច​តឹង​តែង​អី​ ផ្ទុយ​ចឹង​ ចេះតែ​គិត​ ចេះតែ​ថា​ ខ្ញុំថា​ មិនៗ​ចឹង។​ វា​នឹង​អាច​ធូរស្រាល​វិញ​ បើ​តាម​ក្តី​សង្ឃឹម​របស់​ខ្ញុំ»។

លោក​ ​ម៉ុង ឫទ្ធី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​មិន​អាច​បញ្ជាក់​ថា​នឹង​មាន​ភាព​លទ្ធភាព​នៃ​ការ​សម្រប​សម្រួល​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នោះ​ទេ​ ​តែ​លោក​អះអាង​ថា​ ស្ថានការណ៍​បច្ចុប្បន្ន​នេះ​មិន​លំបាក​ខ្លាំង​ដូច​ការ​ស្វែង​រក​សន្តិភាព​ពេញលេញ​ ដោយ​ការ​ផ្សះផ្សា​ជាមួយ​ក្រុម​ខ្មែរ​ក្រហម​នោះ​ទេ។

«​ខ្ញុំមិន​ទាន់​និយាយ​ដល់​ហ្នឹង​ទេ​ ប៉ុន្តែ​ខ្ញុំ​មាន​សង្ឃឹម​ថា​ វា​ វា​មិន​ពិបាក​អី​ ​ដូច​ចរចា​ ​សន្តិភាព​ជាមួយ​ខ្មែរ​ក្រហម​ […]​ ​រឿងនេះ​ ធូរ​ជាង​ឆ្ងាយ​ ខុស​គ្នា​ឆ្ងាយ​ ​ព្រោះ​ខ្ញុំ​មិន​ដែល​ចេញ​ពី​ប្រទេស​ទេ។ ខ្ញុំ​នៅតែ​ក្នុង​ប្រទេស​ ម្ល៉ោះ​ហើយ​ខ្ញុំ​គិត​ថា​ រឿងអី​ក៏យើង​អាច​ដោះស្រាយ​បាន​ដែរ»។​

សេចក្តី​រាយការណ៍​របស់​គេហ​ទំព័រ​ ​Nikkei Asian Review​ ​ចេញផ្សាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ពីរថ្ងៃ​ ​បាន​ឲ្យដឹង​ថា​ ជោគជ័យ​របស់​គណបក្ស​កាន់​អំណាច​ បាន​កើត​ឡើង​ក្នុង​ស្ថានភាព​មិន​សេរី​នោះ​ឡើយ។ គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ហាញ​ជា​កម្លាំង​ដែល​អាច​ទទួលស្គាល់​ថា​ ជា​អ្នក​ប្រជែង​យក​អំណាច​បាននោះ​ ត្រូវបាន​រំលាយ​ចោល​ទាំង​បង្ខំ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។ ជាមួយ​ហេតុ​ផលនេះ​ ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ គឺជា​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​ជាទីបំផុត​ គិត​ចាប់​តាំងពី​ប្រទេស​នេះ​ បាន​ងើប​ពីសង្គ្រាម​ក្នុង​ស្រុក​កាលពីឆ្នាំ ១៩៩១។​ សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​បោះឆ្នោត​នេះ​ថា​ «មិនអាច​យក​ជា​ការ​បាន»​ ​ហើយថា​ «ជំហាន​បន្ទាប់​ជាច្រើន​ទៀត» អាច​នឹង​មកដល់។

កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ កាសែត​ ​Financial Times​ ​បាន​រាយការណ៍​ថា​ ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​បំផុត​របស់​កម្ពុជា​នេះ​ ត្រូវ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​រដ្ឋាភិបាល​នានា​ និង​អ្នក​តស៊ូមតិ​ខាង​ប្រជាធិបតេយ្យ។​ ​ការ​ផ្សាយ​របស់​កាសែត​ដែល​មាន​មូលដ្ឋាន​នៅប្រទេស​អង់គ្លេស​នេះ​ បាន​ធ្វើ​ឡើង​ ដោយផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយ​តម្លៃ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ Moody​ ​ដែល​បាន​ព្រមាន​ថា​ ​ការណ៍​រិះគន់​ទាំង​ឡាយ​ណា​ បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​ដែល​អន្តរជាតិ​អាច​ដក​ការ​គំាទ្រ​របស់​ពួកគេ​ខាង​ជំនួយ​ និង​ខាង​ហិរញ្ញប្បទាន។

កាសែត​ ​Financial Times​ ​បាន​រាយការណ៍​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Moody ​ថា​ ប្រសិន​បើ​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ទាំងនោះ​ បាន​ដក​ការ​ជួយ​ជា​ជំនួយ​ ឬ​ក៏ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ ការណ៍​នេះ​នឹង​បង្ក​ការ​លំបាក​នៃការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ និង​តុល្យភាព​នៃ​ការ​ចំណាយ និង​ធ្វើ​ឲ្យ​មាន​ការបារម្ភ​ទៅលើ​កំណើន​ផលិតផល​ក្នុងស្រុក។ ពួក​អ្នក​វិភាគ​បាន​បញ្ជាក់​ទៀត​ថា​ ការវិវត្តន៍​បែបនេះ​ នឹង​បង្កផល​ប៉ះពាល់​ជាលក្ខណៈ​អវិជ្ជមាន​លើ​បំណុល​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ​លោក​ឧកញ៉ា​ ​ម៉ុង ឫទ្ធី​ ​មិន​បាន​គិត​ដល់​រឿង​អវិជ្ជមាន​យ៉ាង​ដូច្នេះ​ទេ ហើយ​លោក​មាន​សុទិដ្ឋិ​និយម​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​មិនបណ្តោយ​ប្រទេស​របស់​លោក​ឲ្យ​ធ្លាក់ក្នុង​ភាព​វឹកវរ​ខាង​ហិរញ្ញវត្ថុ​នោះ​ឡើយ។

«លោក​គិត​ខ្លាំងណាស់​ បើ​និយាយ​ពី​ បើ​គិត​វិញ​លោក​គីត​គូរ​ ខ្លាំង​លោក​មិន​បណ្តោយ​ឲ្យ​ស្រុក​ទេស​យើង​ ធ្លាក់​មក[​ដូច]ដើមវិញ​ទេ​ មិន​អីចឹង​ទេ»។

សេចក្តី​រាយការណ៍​ដដែល​របស់​គេហទំព័រ​ ​Nikkei Asian Review​ ​បាន​លើក​ឡើង​ពី​ហានិភ័យ​នានា​ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ឈប់​ផ្តល់​ការ​អនុ​គ្រោះពន្ធ​នាំ​ចូល​របស់​ទំនិញកម្ពុជា​ទៅ​ទីផ្សារ​ខ្លួន​តាម​គម្រោង​ពាណិជ្ជកម្ម​ ​«អ្វីៗ​ទាំងអស់​វៀរលែង​តែ​អាវុធ» ហៅកាត់​ថា​ EBA​ និង​វិធានការ​របស់​សហរដ្ឋ​អាមេរិក​តាមរយៈ​របប​អនុ​គ្រោះពន្ធ​ដែល​គេស្គាល់​ថា​Generalized System of Preferences​ ​ហៅ​កាត់​ថា​ ​(GSP)។

សេចក្តីរាយការណ៍​បាន​បន្តថា​ ប្រសិនបើ​ទណ្ឌកម្ម​កើត​មាន​មែន​នោះ​ ​ទណ្ឌកម្ម​ទាំងនោះ​អាច​រាប់​បញ្ចូល​ទាំង​ការ​លុបចោល​ជា​ផ្លូវការ​លទ្ធភាព​ទទួល​បាន​ការ​មិន​យក​ពន្ធ​លើ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​នៅ​លោក​ខាងលិច។ ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យមាន​ការ​បក់បោក​ខ្លាំងមួយ​ទៅ​លើ​ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា​ ដែល​ទំនិញ​នៃ​ឧស្សាហកម្ម​នេះមាន​ជាង​ពាក់​កណ្តាល​នៃ​ការនាំ​ចេញ​របស់​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ ១១ពាន់​លាន​ដុល្លារ​អាមេរិក។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក ​កាំង ម៉ូនីកា​ អគ្គលេខាធិកា​រង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​ តែលោក​មិន​លើក​ទូរសព្ទនៅ​ថ្ងៃ​អង្គារនេះ។

​ក៏ប៉ុន្តែ​លោក​បាន​ប្រាប់​គេហទំព័រ​ Nikkei Asian Review​ ថា៖​

«ឧស្សាហកម្ម​របស់​យើង​បាន​រីកចម្រើន​យ៉ាង​លឿន​ជាមួយ​ EBA»។​ ​លោក​បាន​បន្ថែម​ថា​ ឧស្សា​ហកម្ម​នេះ​ ​នឹង​រង​ផល​ប៉ះពាល់​ ប្រសិន​បើ​ប្រទេស​កម្ពុជា​បាត់​បង់​ការ​អនុគ្រោះពន្ធ​នោះ។

អ្នក​ជំនាញ​ក្នុងវិស័យ​មីក្រូ​ហរិញ្ញវត្ថុ​ ​ក៏​មិនទាន់បាន​មើល​ឃើញ​ពី​តម្រុយ​នៃ​ផល​ប៉ះពាល់​លើ​វិស័យនេះ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​នោះ​ឡើយ។

លោក​ ​យុន សុវណ្ណា​ ​នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ​បានប្រាប់​ ​VOA​ ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ឬក៏​ការ​ដក​កិច្ច​អនុគ្រោះ​ពន្ធ​មិន​អាច​ធ្វើ​ឡើង​ ភ្លាម​ៗ​នោះ​ឡើយ​ ​ដោយ​ហេតុតែ​វា​ទាមទារ​ឲ្យ​មាន​ការ​ចរចា​គ្នា​ជា​មុនសិន។

«រហូត​មកដល់​ពេលនេះ​ ខ្ញុំ​ជឿថា​ ការ​ដាក់​ទណ្ឌកម្ម​ ឬ​មួយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អី​ណាមួយ​នោះ​ វា​ចំណាយ​ពេល​វេលា​ ហើយវា​ទាមទារ​នូវការ​ចរចា​ ជជែក​ វែកញែក​រវាង​ថ្នាក់​ដឹកនាំ​នៃ​បេសកកម្ម​នៅ​កម្ពុជា​ ហើយ​និង​ភាគីពាក់​ព័ន្ធ។ អីចឹង​ បើទោះបី​ជា​វា​នឹង​កើត​ឡើង​ ក៏យើង​អាច​នឹង​ដឹង​មុន​ដែរ​នៅ​ពេលនោះ។ ប៉ុន្តែ​នៅក្នុង​ពេល​ឥឡូវនេះ​ ដូចជា​មិនទាន់​មាន​អី​ដេញ​ សញ្ញា​វិជ្ជមាន​ថា​ វា​នឹង​កើត​ឡើង​នោះ​ទេ»។​

រឿង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ឬ​ក៏ដក​ការ​អនុគ្រោះពន្ធ​ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ មិន​សូវ​ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ លើក​មក​អធិប្បាយ​ក្នុង​ពេល​លោក​ធ្វើ​សេចក្តីថ្លែងការណ៍​ខាង​នយោបាយ​ នៅ​ក្រោយ​ការបោះឆ្នោត​កាលពីថ្ងៃ​ ​អាទិត្យ​ទី២៩​ ខែ​កក្កដា​ ​កន្លង​ទៅ​នេះ​ទេ។​ ​តែ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ ​លោក​នឹង​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប្រាំឆ្នាំ​ទៅមុខ​ទៀត ​បន្ថែម​លើ​ការ​គ្រប់គ្រង​អំណាច​របស់​លោក​អស់​រយៈពេល​៣៣​ឆ្នាំមកនេះ។

នៅ​ថ្ងៃ​អង្គារ​នេះ ទំព័រហ្វេស​ប៊ុក​របស់​លោក​ ​ហ៊ុន សែន​ ​បាន​សរសេរ​ថា​មិនយូរ​ទេ​ ​រាជ​រដ្ឋាភិបាល​ថ្មី​អាច​នឹងត្រូវ​បង្កើត​ឡើង​ ក្រោយពី​ការ​ប្រកាស​លទ្ឋផល​ផ្លូវកា​រពី​គណៈកម្មធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ​ ​ប្រសិន​បើគ្មាន​បញ្ហាអ្វីទេ​នោះ។​

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«​រាជរដ្ឋាភិបាលថ្មី​អាណត្តិ​ទី៦ដែល​មាន​ខ្ញុំជា​អ្នកដឹកនាំ​ ​គឺ​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ឲ្យ​សមទៅ​នឹង​ទឹក​ចិត្ត​ស្រឡាញ់​គាំទ្រ​របស់​បងប្អូន​និង​កូនក្មួយ​ដើម្បី​កម្ពុជា​យើង​រីក​ចម្រើន​ទៅ​មុខ​ទាំង​អស់​គ្នា»៕

XS
SM
MD
LG