សហភាពអឺរ៉ុបនៅថ្ងៃច័ន្ទនេះ បានសម្រេចចិត្តចូលរួមជាមួយបណ្ដាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក កាណាដានិងអូស្ត្រាលីជាដើម ក្នុងការច្រាលចោលលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកកិច្ចការបរទេសនិងការទូតនៃសហភាពអឺរ៉ុប (European External Action Service) ដែលVOA ទទួលបាននៅថ្ងៃនេះ។
សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា កង្វះការប្រកួតប្រជែងដ៏ពិតប្រាកដនៅក្នុងការបោះឆ្នោត និងអវត្តមាននៃដំណើរការដាក់បញ្ចូលគណបក្សនយោបាយទាំងអស់នៅក្នុងការបោះឆ្នោត មានន័យថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដានេះ មិនបានតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលជាអ្នកបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ។ ដូច្នេះ លទ្ធផលនៃការបោះឆ្នោតនេះ ខ្វះភាពគួរឱ្យជឿជាក់បាន។
សហភាពអឺរ៉ុប បានបដិសេធ ចូលរួមសង្កេតការណ៍បោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ហើយក៏បានផ្អាកជំនួយហិរញ្ញវត្ថុរបស់ខ្លួនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ផងដែរ។
លទ្ធផលបឋមនៃការបោះឆ្នោតដែលចេញដោយគ.ជ.ប. នៅថ្ងៃច័ន្ទនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាច បានឈ្នះដាច់ ដោយទទួលបានសំឡេងឆ្នោតសរុបជិត៧៧ភាគរយ៕