អាជ្ញាធរមានសមត្ថកិច្ចបានចាប់ផ្តើមបិទផ្លូវតភ្ជាប់ពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានា ដែលជាការអនុវត្តបទបញ្ជាកំហិតការធ្វើដំណើរនៅទូទាំងប្រទេស ក្នុងគោលដៅមួយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាដើម្បីទប់ស្កាត់ការត្រឡប់ទៅស្រុកកំណើតរបស់កម្មករ។
ប្រជាពលរដ្ឋមួយចំនួនដែល VOA សាកសួរ បានសាទរការបិទផ្លូវនេះ តែពួកគេចង់ឃើញការបន្ធូរបន្ថយសម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ។ ពលរដ្ឋខ្លះបារម្ភពីការធ្លាក់ចុះប្រាក់ចំណូល ដោយសារការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់រាជធានី និងខេត្តនានា។
លោក យស់ ស័ក្តិ វ័យ៤៧ឆ្នាំ ជាកម្មករសំណង់និងជាពលរដ្ឋរស់នៅ ខេត្តតាកែវ បានប្រាប់ VOA នៅត្រង់តំបន់រង្វង់មូលគួរស្រូវ ឆ្ពោះទៅខេត្តតាកែវ ថា លោកខកខានមិនបានទៅជួបប្រពន្ធកូននៅស្រុកកំណើត ដោយសារលោកមិនបានដឹងពីបទបញ្ជារបស់រដ្ឋាភិបាល ដែលហាមការធ្វើដំណើរឆ្លងពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត។
«ទើបឃើញលើកទីមួយហ្នឹង! រួចហើយអត់ដឹង។ បើដឹងពីថ្ងៃមុន ខ្ញុំទៅបាត់តាំងពីម្សិលអីទៅ។ ម្សិលអត់ទាន់បិទផងហ្នឹង! ហើយអានេះពីព្រឹក គេបិទ តែអ្នកមានបង្វេចមានអីទេណ៎ា។ ម៉ូតូទទេរៗអី ឌុបគ្នាអីទៅបាន។ ឥឡូវបិទទាំងម៉ូតូ ទាំងអស់ម៉ូតូក៏មិនឲ្យទៅ»។
លោកបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចគួរតែមានការបន្ធូរបន្ថយឲ្យអ្នកបើកបរដោយម៉ូតូអាចធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីបានជួបសាច់ញាតិក្នុងពេលចូលឆ្នាំខ្មែរ។
«បើម៉ូតូពីរៗនាក់ម្នាក់អី សមតែឲ្យគ្នាទៅ ហើយអានេះមិនដឹងម៉េចបើគេអត់ឲ្យទៅតែម្តងមិនដឹងថាម៉េចអីចឹង!»
នៅកំណាត់ផ្លូវជាតិលេខ៣ កងកម្លាំងនគរបាល បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ទៅតាមខេត្តមួយចំនួន ដូចជាខេត្តតាកែវ កំពត និងកែបជាដើម។ ការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់រាជធានីខេត្តនេះ មិនមានការតវ៉ាណាមួយរវាងអ្នកធ្វើដំណើរ និងកងកម្លាំងនគរបាលនោះទេ។
អាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលឈរជើងនៅតាមផ្លូវជាតិលេខ៣ ប្រាប់ VOA ថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីបទបញ្ជារបស់រដ្ឋាភិបាល ដែលរឹតបន្តឹងការធ្វើដំណើរតាំងពីម៉ោង ១២យប់ ថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃទី៩ ខែមេសានេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញបទបញ្ជាមួយដែលកំហិតការធ្វើដំណើរក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ តែមិនប៉ះពាល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ។
រដ្ឋាភិបាលក៏ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយផងដែរ។ ប៉ុន្តែ នៅថ្ងៃទី១០ ខែមេសានេះលោក ហ៊ុន សែន បានកែសម្រួលបទបញ្ជារបស់លោក ដោយអនុញ្ញាតការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវបានចាត់ទុកថាជាតំបន់តែមួយ។
នៅក្នុងសំឡេងដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃសុក្រនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា គោលបំណងសំខាន់នៃការដាក់កំហិតនេះ គឺដើម្បីទប់ស្កាត់ការធ្វើដំណើររបស់កម្មករដែលរដ្ឋាភិបាលសម្រេចឲ្យពួកគេបន្តធ្វើការនៅរោងចក្រ ក្នុងឱកាសចូលឆ្នាំ ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណាទៅបណ្តាខេត្ត។
លោក ហ៊ុន សែន បន្តថា មន្រ្តីរាជការមានផ្ទះសម្បែងនៅខេត្តកណ្តាល ដូច្នេះពួកគេត្រូវធ្វើដំណើរ។
ស្របពេលជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីណែនាំឲ្យអាជ្ញាធរភ្នំពេញ បង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ។
លោក ឋាន ចំរើន អាយុ៥៩ឆ្នាំ អ្នករត់ម៉ូតូឌុប ក្នុងសង្កាត់រលស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រសាសន៍ថា វិធានការបិទផ្លូវនេះនឹងរួមចំណែកដល់ការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូរ៉ូណា។ តែលោកថាចំណូលប្រចាំថ្ងៃរបស់លោកនឹងធ្លាក់ចុះ។
«វាត្រឹមត្រូវហើយ ក៏ប៉ុន្តែអារឿងជីវភាពប្រជាពលរដ្ឋដែលអ្នកក្រ។ នែ!អ្នកអត់ដូចខ្ញុំអ៊ីចឹងនែ!។ អ៊ីចឹងវាមានប៉ះពាល់កន្លែងហ្នឹងដែរក្មួយ។ ដូចខ្ញុំរកស៊ីដូចខ្ញុំលើកនិយាយថា ម្តងទៀតទៅឃើញទេមួយថ្ងៃហ្នឹងអត់ទាន់បានមួយសេនទេ»។
ដោយឡែកកម្មការិនីរោងចក្រក្នុងទីក្រុងភ្នំពេញមួយរូប គឺកញ្ញា សាធ ចន្ទថេន អាយុ២៣ឆ្នាំ និយាយថា កញ្ញាមិនជំទាស់នឹងបទបញ្ជារបស់រដ្ឋាភិបាលទេ ព្រោះវានឹងជួយទប់ស្កាត់បន្ថែមទៀតការចម្លងមេរោគកូរ៉ូណាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ កម្មការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ បន្ថែមថា កម្មករនឹងធ្វើដំណើរកម្សាន្តពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត បើពួកគេត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។
«ហ្នឹងហើយ! បើសិនជាធ្វើការគេគិតលុយឲ្យនាំគ្នាធ្វើទៅ! ព្រោះអីគេការពារអ៊ីចឹងក៏វាល្អដែរ ព្រោះអីយើងខ្លាចឆ្លងអ៊ីចឹងណា៎ ព្រោះអីតែទៅគឺយើងដើរហើយ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា វិធានការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់រាជធានីទៅខេត្ត ជាការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលមេរោគកូរ៉ូណា។ លោកបញ្ជាក់ថា ការណ៍នេះមិនបានធ្វើឲ្យពលរដ្ឋអាក់អន់ស្រពន់ចិត្តនោះទេ។
យ៉ាងណាក្តី លោកបានស្នើឲ្យរដ្ឋាភិបាលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទបញ្ជានេះ ដើម្បីបញ្ចៀសការមិនយោគយល់គ្នា ហើយរដ្ឋាភិបាលក៏គួរពិចារណាបញ្ឈប់ការជួបជុំគ្នានៅតាមមូលដ្ឋាន ដែលលោកសំដៅដល់ការជួបជុំទទួលទានគ្រឿងស្រវឹង។
«សម្រាប់អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងនៅតាមភូមិឃុំឬសហគមន៍មួយចំនួនហ្នឹងបាទ គឺពេលដែលមិនទាន់ស្រវឹង គាត់ដូចជាប្រយ័ត្នប្រយែងណាស់។ កាលណាដល់ស្រវឹងហើយ រាងធ្លាក់ភ្នែកហើយ គាត់លែងបានប្រយ័ត្នហើយបាទ គឺប្រឡូកប្រឡាក់ពេញណាពេញណីជាមួយគ្នាហ្នឹង គឺដែលអាចបង្កហានិភ័យខ្ពស់ហើយ ដែលអាចនឹងមានហានីភ័យនៃការឆ្លងកូវីដ-១៩ហ្នឹងងាយ ដែលវាមានលក្ខណៈងាយហ្នឹង»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិប្រាប់ VOA ថា លោកមិនទាន់ដឹងថា តើនឹងមានការពន្យារពេលកំហិតធ្វើដំណើរ ក្រោយផុតសុពលភាពនៅយប់ ម៉ោង១២យប់ ថ្ងៃទី១៦ខែមេសា ឬយ៉ាងណាទេ៕